សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សូមជួបជាមួយប្អូនប្រុស បញ្ញា

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនប្រុស បញ្ញា ពេលអនាគត ខ្ញុំនឹងប្រកបរបរកសិកម្ម ហើយដាំដើមឈើឲ្យបានច្រើន

Jaime Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ឆ្នាំ២០២០ គឺជាឆ្នាំដ៏ចម្លែក។ ឪពុកម្ដាយខ្ញុំបាត់បង់ប្រាក់ចំណូលភាគច្រើនដោយសារតែជំងឺកូវីដ-១៩ ហើយពួកគេខ្លាចឆ្លងមេរោគនេះ។ ដូច្នេះគ្រួសារខ្ញុំទាំងមូលត្រូវរើពីភ្នំពេញទៅរស់នៅតំបន់ជនបទក្នុងខេត្តព្រៃវែង។ ខ្ញុំលែងបានទៅរៀន និងមានការបារម្ភណាស់ ព្រោះថាការអប់រំមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ។ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំអាចត្រឡប់ទៅនៅជនបទវិញ ខ្ញុំពិតជាស្រលាញ់ធម្មជាតិខ្លាំងណាស់។

តាមពិតខ្ញុំជាអ្នកខេត្តព្រៃវែង ប៉ុន្តែឪពុកម្ដាយខ្ញុំបានផ្លាស់ចេញកាលខ្ញុំអាយុ១០ឆ្នាំ ព្រោះពួកគេធ្វើស្រែចម្ការមិនទទួលបានចំណូលគ្រប់គ្រាន់។ យើងក៏មករស់នៅក្នុងតំបន់ក្រីក្រមួយកន្លែងក្នុងក្រុងភ្នំពេញ គឺតំបន់ស្ទឹងមានជ័យ ហើយពួកគាត់ក៏ចាប់ផ្តើមមុខរបរលក់ដំឡូង។ មុនមកនៅទីក្រុង ខ្ញុំមិនដែលខ្វល់ពីរឿងរៀនសូត្រឡើយ។ ខ្ញុំមិនសូវបានទៅរៀនទេ ខ្ញុំចូលចិត្តលេងជាមួយមិត្តភក្តិ ហើយពេលទំនេរក៏ជួយការងារស្រែចម្ការម៉ែឪ។ ប៉ុន្តែពេលខ្ញុំមកដល់ភ្នំពេញ ខ្ញុំចាប់ផ្ដើមទៅរៀនជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា ISF។ សាលារៀននោះមានគ្រូល្អៗ ហើយខ្ញុំបានចាប់ផ្ដើមគិតគូរពីការអប់រំរបស់ខ្ញុំ។ តាមពិតខ្ញុំផ្លាស់ប្តូរគំនិតរបស់ខ្ញុំស្ទើរតែទាំងស្រុង។ ឥឡូវនេះ រឿងរៀនសូត្រគឺជាអាទិភាពធំជាងគេរបស់ខ្ញុំ ហើយខ្ញុំថែមទាំងអាចជួយបង្រៀនភាសាអង់គ្លេសគ្រូរបស់ខ្ញុំ ឈ្មោះ Josh ទៀតផង។ ដូច្នេះនៅពេលខ្ញុំត្រឡប់មកខេត្តព្រៃវែងវិញនៅឆ្នាំនេះ ខ្ញុំសង្កេតឃើញថាកុមារមួយចំនួននៅទីនេះមិនបានទទួលការអប់រំល្អនោះឡើយ ខ្ញុំក៏បានបង្កើតសាលារៀនតូចមួយ ហើយបង្រៀនពួកគេជារៀងរាល់ថ្ងៃ។ ខ្ញុំចូលចិត្តបង្រៀន។ ខ្ញុំរៀនសូត្រពីការបង្រៀននេះបានច្រើនណាស់ ហើយវាគឺជាសមិទ្ធផលដ៏ធំមួយសម្រាប់ខ្ញុំ។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

មានរឿងសំខាន់មួយទៀតដែលខ្ញុំបានរៀនសូត្រនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គឺខ្ញុំបានយល់ថាការអប់រំមិនគ្រាន់តែផ្តោតលើចំណេះវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងជំនាញទន់ផងដែរដែរ។ ខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះជំនាញគ្រប់គ្រង ហើយខ្ញុំរឹតតែចូលចិត្តជំនាញនេះទៀតនៅពេលដែលសាកលវិទ្យាល័យមួយនៅសិង្ហបុរីបានមកណែនាំយើង ហើយពន្យល់ប្រាប់ពីរបៀបដំណើរការអាជីវកម្មឲ្យជោគជ័យ។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងក្លាយជាធុរជននាពេលអនាគត។ ខ្ញុំនឹងប្រឹងប្រែងសិក្សា និងព្យាយាមរកកន្លែងដើម្បីបន្តសិក្សាវគ្គគ្រប់គ្រង ដូចជាខ្ញុំសង្ឃឹមថានឹងរៀននៅប្រទេសិង្ហបុរីជាដើម ហើយបន្ទាប់មកខ្ញុំនឹងបង្កើតអាជីវកម្មលក់រាយមួយ។ ខ្ញុំមានមហិច្ឆតាចង់ផ្តល់ការងារដល់មនុស្ស ១០០នាក់ និងជួយប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍបន្ថែមទៀត។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ក្រៅពីការសិក្សា ខ្ញុំចូលចិត្តលេងបាល់ទាត់ និងប្រើប្រាស់កុំព្យូទ័រ។ ខ្ញុំខានបានប្រើកុំព្យូទ័រស្ទើរតែមួយឆ្នាំ ទៅហើយ។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាងគេគឺទៅជនបទ។ ទីក្រុងគឺជាកន្លែងពោរពេញដោយភាពតានតឹងសម្រាប់ខ្ញុំ។ ខ្ញុំគិតថាអ្វីៗនឹងបានប្រសើរ ប្រសិនបើយើងថែទាំបរិស្ថាន។ យើងគួរកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅគ្រប់ទីកន្លែងទាំងអស់។ មានសិក្ខាសាលាមួយដែលបង្រៀនពីរបៀបរស់នៅដោយមិនប្រើថង់ប្លាស្ទិក។ ដូច្នេះ ខ្ញុំជឿលើអ្វីដែលគេបង្រៀននៅពេលនោះ។ សូម្បីតែនៅក្នុងខេត្តព្រៃវែង ឥឡូវមិនសូវជាមានដើមឈើដូចមុនឡើយ។ ខ្ញុំចង់មានអាជីវកម្មទី២ នោះគឺអាជីវកម្មដែលពាក់ព័ន្ធនឹងការងារកសិកម្ម គឺដាំដើមឈើឲ្យបានច្រើន។ ខ្ញុំគិតថា យើងទាំងអស់គ្នាជាយុវជនកម្ពុជា ត្រូវគិតគូរពីបរិស្ថាន យើងត្រូវថែទាំបរិស្ថាន ដើម្បីអនាគតយើង។