បញ្ចប់អំពើហិង្សានៅតាមសាលារៀន តាមរយៈការដាក់វិន័យបែបវិជ្ជមាន
អត្ថបទរូបថតពិពណ៌នាពីលទ្ធផលដែលបច្ចេកទេសដាក់វិន័យបែបវិជ្ជមានមានលើសិស្សានុសិស្សតាមសាលារៀនក្នុងប្រទេសកម្ពុជា។

- Available in:
- English
- Khmer
កាលពីឆ្នាំ ២០១៥ គ្រូបង្រៀននៅសាលាបឋមសិក្សាពាមរក៏ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការដាក់វិន័យបែបវិជ្ជមានជាលើកដំបូងក្នុងប្រទេសកម្ពុជា។ អត្ថបទអដោយ រូបថតខាងក្រោមនេះ បង្ហាញពីរបៀបដែលសាលារៀនប្រែក្លាយជាទីកន្លែងដែលផ្ដល់នូវបរិយាកាសកាន់តែវិជ្ជមានដល់គ្រូបង្រៀន និងសិស្សានុសិស្ស។

“ខ្ញុំធ្លាប់តែខ្លាចគ្រូ និងមិនចង់ទៅសាលារៀនឡើយ ប៉ុន្តែឥលូវនេះ ខ្ញុំឈប់ខ្លាចគ្រូ និងគេចសាលារៀនទៀតហើយ”។ នេះជាសម្ដីរបស់កុមារា វុទ្ធី (អាយុ ១១ឆ្នាំ) ដែលបង្ហាញពីការផ្លាស់ប្ដូរក្នុងសាលារៀនរបស់គាត់ ចាប់តាំងពីគ្រូរបស់គាត់បានទទួលវគ្គបណ្ដុះបណ្ដាលអំពីជំនាញដាក់វិន័យបែបវិជ្ជមានរួចមក។
លោក កែវ សារ៉េន ជានាយកសាលាបឋមសិក្សាពាមរក៏។
កន្លងមកនៅសាលាបឋមសិក្សាពាមរក៏ វត្តមានរបស់សិស្សបន្តថយចុះជាលំដាប់ ហើយសិស្សជាច្រើននាក់ដែលមករៀន ទទួលបាពិន្ទុ ទាប។ លោក សារ៉េន បានប្ដេជ្ញារិះរកវិធី ដើម្បីផ្លាស់ប្ដូរនិន្នាការនេះ។ គាត់ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងឱ្យចុះឈ្មោះគ្រូបង្រៀនរបស់គាត់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បងស្តីពីការដាក់វិន័យបែបវិជ្ជមាន ក្រោមការឧបត្ថម្ភថវិកាពីយូនីសេហ្វ តាមរយៈដៃគូរបស់ខ្លួន គឺ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA), ទីភ្នាក់ងារអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រុមហ៊ុន ព្រីម៉ាក (Primark)។


នៅសាលាបឋមសិក្សាពាមរក៏ កុមារទទួលរងការដាក់ទណ្ឌកម្មរាងកាយជាច្រើនប្រភេទ ព្រមទាំងការដាក់វិន័យក្នុងទម្រង់ផ្សេងទៀត ដែលបង្កផលប៉ះពាល់អវិជ្ជមានខាងផ្លូវកាយ និងផ្លូវចិត្ត ទៅលើសិស្ស។ ទម្រង់មួយនៃការដាក់វិន័យបែបនេះគឺ ការឱ្យសិស្សឈរជើងមួយ និងលើកដៃទៅលើ។ ចាប់តាំងពីគ្រូចាប់ផ្ដើមអនុវត្តបច្ចេកទេសដាក់វិន័យតាមបែបវិជ្ជមានរួចមក ឥឡូវនេះគេច្រើនតែសង្កេតឃើញកុមារឈរជើងមួយបែបនេះ ពេលដែលលេងលោតមឹកទៅវិញ ជាជាងក្នុងទម្រង់ជាការដាក់ទណ្ឌកម្ម។
លោក សារ៉េន នាយកសាលាបាននិយាយថា៖ “មានពេលមួយនោះ មានឪពុកម្ដាយរបស់សិស្សម្នាក់បានរាយការណ៍ថា ពេលត្រឡប់ទៅផ្ទះវិញ កូនរបស់គាត់មានចេញឈាមត្រចៀក ដោយសារតែគ្រូមួលខ្លាំងពេករហូតដល់ដាច់ទងត្រចៀក”។ សាលាបឋមសិក្សាពាមរក៏បានបង្កើតក្រុមផ្ដល់ប្រឹក្សានៅក្នុងឃុំ ដើម្បីផ្សព្វផ្សាយពីបច្ចេកទេសដាក់វិន័យបែបវិជ្ជមានក្នុងសហគមន៍ទាំងមូល។ ឪពុកម្ដាយទាំងឡាយបានកត់សម្គាល់ពី លទ្ធផលជាវិជ្ជមានចេញពីការអនុវត្តបច្ចេកទេសទាំងនេះ ហើយក៏យកបច្ចេកទេសទាំងនេះទៅអនុវត្តនៅក្នុងផ្ទះរបស់ពួកគេ។ ក្នុងរូបភាពនេះ ឡុង សុខណា (អាយុ ១២ឆ្នាំ) កំពុងធ្វើកិច្ចការដែលសាលាដាក់ឱ្យធ្វើនៅផ្ទះ ជាមួយនឹងម្ដាយរបស់នាង ខណៈពេលដែលប្អូនប្រុសរបស់នាងឈ្មោះ កក្កដា (អាយុ ៤ឆ្នាំ) កំពុងលេងជាមួយនឹងប្រដាប់លេង។


លោក ម៉ក់ កូយ បានធ្វើជាគ្រូបង្រៀនអស់រយៈពេល៣០ឆ្នាំហើយ។ លោកបានរៀបរាប់ពីបទពិសោធន៍នៃការដាក់វិន័យនៅក្នុងថ្នាក់រៀនរបស់គាត់ ថា៖ “ខ្ញុំវាយសិស្សជាមួយនឹងសៀវភៅយ៉ាងខ្លាំងរហូតដល់គេចុះក្អួត។ ប្រសិនបើកុមារណាម្នាក់ធ្វើខុសអ្វីមួយ ខ្ញុំចាប់ផ្ដើមវាយគេភ្លាម។ ឥឡូវនេះខ្ញុំមានអារម្មណ៍មិនល្អឡើយ នៅពេលដែលនឹកឃើញរឿងនេះឡើងវិញ។ ខ្ញុំខ្មាសខ្លួនឯង ដោយសារតែអ្វីដែលខ្ញុំធ្លាប់ធ្វើដាក់សិស្សរបស់ខ្ញុំ”។ ឥឡូវនេះ លោកគ្រូ ម៉ក់ កូយ គឺជាអ្នកជំរុញឱ្យមានការដាក់វិន័យបែបវិជ្ជមាននៅក្នុងសាលារៀន ហើយក៏ជាអ្នកដឹកនាំគណៈកម្មការវិន័យរបស់សាលារៀននេះផងដែរ។
លោកនាយកសាលា កែវ សារ៉េន បានពន្យល់ថា៖ “ចំនួនករណីការសំឡុតធ្វើបាប និងអំពើហិង្សារវាងសិស្ស និងសិស្សត្រូវបានថយចុះគួរឱ្យកត់សម្គាល់ ព្រោះតែគ្រូឈប់ប្រើប្រាស់ការដាក់ទណ្ឌកម្មលើរាងកាយ និងទម្រង់នៃការដាក់វិន័យផ្សេងទៀត ដែលបង្កផលប៉ះពាល់អវិជ្ជមានខាងផ្លូវកាយ និងផ្លូវចិត្តទៅលើសិស្ស”។


សំណើចក្អាកក្អាយ និងភាពញញឹមស្រស់ស្រាយ បានមកជំនួសសេចក្ដីភ័យខ្លាច និងទឹកភ្នែកនៅក្នុងថ្នាក់រៀន។ បច្ចេកទេសដាក់វិន័យតាមបែបវិជ្ជមាននាំឱ្យទំនាក់ទំនងរវាងគ្រូ និងសិស្សក្នុងសាលាពាមរក៏កាន់តែមានភាពល្អប្រសើរជាងមុន។ គ្រូបង្ហាញជាគំរូពីឥរិយាបថវិជ្ជមាន ដើម្បីឱ្យសិស្សរបស់ខ្លួនអនុវត្តតាម ដូចជាការប្រើប្រាស់ពាក្យសម្ដីល្អៗ និងការមិនវាយតប់ជាដើម។
ឡុង សុខណា គឺជាសិស្សរៀនពូកែម្នាក់នៅក្នុងសាលាពាមរក៏។ នាងក៏ធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយពីគ្រូបង្រៀនរបស់នាងផងដែរ។ នាងរំឭកឡើងវិញថា “ខ្ញុំធ្លាប់ជួបនឹងបញ្ហានៅក្នុងសាលារៀន ដោយសារតែខ្ញុំមិនយកចិត្តទុកដាក់ស្ដាប់គ្រូ និងលេងក្នុងម៉ោងសិក្សា។ ដោយសារតែទង្វើបែបនេះ ខ្ញុំត្រូវបានគ្រូវាយ។ ខ្ញុំមានអារម្មណ៍មិនល្អឡើយ ហើយនៅពេលដែលមិត្តរួមថ្នាក់របស់ខ្ញុំ ត្រូវបានគ្រូវាយដែរនោះ ខ្ញុំមានអារម្មណ៍អាណិតពួកគេខ្លាំងណាស់។
បច្ចុប្បន្ននេះ ខ្ញុំយល់ឃើញថា ខ្ញុំងាយស្រួលនិយាយទៅកាន់គ្រូរបស់ខ្ញុំជាងមុន។ នៅពេលដែលខ្ញុំមិនយល់ពីលេខនព្វន្ត ខ្ញុំមិនខ្លាចនឹងសួរនោះឡើយ។ ខ្ញុំចូលចិត្ត នៅពេលដែលគ្រូរបស់ខ្ញុំនិយាយដោយប្រើពាក្យពេចន៍សុភាពរាបសាមករកខ្ញុំ និងជួយពន្យល់ឱ្យខ្ញុំយល់។ ខ្ញុំមានអារម្មណ៍ក្លាហានក្នុងការនិយាយទៅកាន់គាត់ ខ្ញុំដឹងថា គាត់នឹងមិនវាយខ្ញុំឡើយ”។


លោក ម៉ក់ កូយ ពន្យល់ពីប្រព័ន្ធប័ណ្ណដាក់វិន័យបែបវិជ្ជមានទៅកាន់សិស្សនៅក្នុងថ្នាក់រៀន។ កុមារដែលមានឥរិយាបថមិនល្អ នឹងទទួលបាន “ប័ណ្ណពណ៌លឿង” ដែលតំណាងឱ្យការព្រមានផ្ទាល់មាត់ពីគ្រូ។ ប្រសិនបើស្ថានភាពនេះនៅតែបន្តកើតឡើងទៀត ពួកគេនឹងទទួលបានប័ណ្ណមួយទៀត ហើយនឹងត្រូវដាក់ឱ្យនៅដោយឡែកពីមិត្តភក្តិរបស់ពួកគេ។ ប្រសិនបើចាំបាច់ ស្ថានភាពនេះនឹងនាំឱ្យមានការចេញ “ប័ណ្ណពណ៌ក្រហម” ពេលនោះ សិស្សនឹងត្រូវបញ្ជូនទៅកាន់ការិយាល័យរបស់នាយកសាលាដែលនឹងមានការចាប់ផ្ដើមអនុវត្តដំណើរការដាក់វិន័យបែបផ្លូវការ ដោយមានការចូលរួមពីគណៈកម្មការវិន័យ។
សមាសភាពគណៈកម្មការវិន័យរួមមាន៖ តំណាងក្រុមប្រឹក្សាកុមារចំនួនបីនាក់ និងបុគ្គលិកសិក្សាចំនួនប្រាំបីនាក់ ដែលនៅក្នុងនោះលោក ម៉ក់ កូយ ជាសហប្រធានក្រុមប្រឹក្សានេះ រួមជាមួយនឹងលោក កែវ សារ៉េន។ ករណីវិន័យធ្ងន់ធ្ងរ ត្រូវបានលើកយកមកធ្វើការពិភាក្សាជាមួយនឹងសមាជិក គ.ក.ន.ក (ក្រុមប្រឹក្សាស្ត្រី និងកុមារឃុំ) ដែលមានតួនាទីលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារនៅក្នុងសហគមន៍។


សាលាពាមរក៏ បានក្លាយជាសាលាដែលកាន់តែមានលក្ខណៈមេត្រីភាព និងផ្ដល់នូវភាពសប្បាយរីករាយដល់កុមារ បើធៀបនឹងកាលពីបីឆ្នាំមុន។ កុមារចូលចិត្តមកសាលារៀន ហើយទំនាក់ទំនងរវាងសិស្ស និងគ្រូ កាន់តែមានភាពវិជ្ជមាន និងផ្ដល់នូវលក្ខណៈអំណាយផលដល់កុមារកាន់តែច្រើនជាងមុន។
សាលាពាមរក៏ ត្រូវបានឆ្លងកាត់ការផ្លាស់ប្ដូរជាវិជ្ជមាន ហើយសិស្សចូលចិត្តសិក្សារៀនសូត្រនៅក្នុងបរិយាកាសថ្មីបែបនេះ។ ការបណ្ដុះបណ្ដាលជាវិជ្ជមាន ក៏មានលទ្ធផលជាវិជ្ជមានដល់ទំនាក់ទំនងរវាងសិស្ស និងសិស្សផងដែរ ហើយចុងក្រោយសាលារៀននេះបានប្រែក្លាយជាកន្លែងមេត្រីភាពដែលគេចង់ទៅ។


កាលពីបីឆ្នាំមុន វាជារឿងធម្មតាដែលមានសិស្សបោះបង់ចោលការសិក្សាពី១០ ទៅ ១៥នាក់ ក្នុងមួយឆ្នាំ។ ចាប់តាំងពីមានការអនុវត្តការដាក់វិន័យតាមបែបវិជ្ជមានរួចមក មានតែសិស្សម្នាក់ប៉ុណ្ណោះដែលលែងមកសាលារៀនទៀត និងបីនាក់ទៀតបានផ្ទេរទៅកាន់សាលារៀនផ្សេង ដោយសារតែគ្រួសាររបស់ពួកគេផ្លាស់ប្ដូរទីលំនៅ។ ដោយមមានការគាំទ្រពី គ.ក.ន.ក មានការធ្វើសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យឪពុកម្ដាយសិស្សដែលបោះបង់ចោលការសិក្សា យកកូនរបស់ពួកគេមកចុះឈ្មោះចូលរៀនឡើងវិញ។
សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក្នុងសាលាបឋមសិក្សាពាមរក៏បានទទួលបទពិសោធន៍ល្អប្រសើរពីកម្មវិធីដាក់វិន័យតាមបែបវិជ្ជមាននៅក្នុងសាលា។ គ្រប់គ្នាសុទ្ធតែឯកភាពថា ការបញ្ចប់អំពើហិង្សាលើកុមារនៅតាមសាលារៀន គឺជារឿងសំខាន់។
បីឆ្នាំក្រោយពីការចាប់ផ្ដើមអនុវត្តកម្មវិធីដាក់វិន័យតាមបែបវិជ្ជមានរួចមក សាលារៀនចំនួន ៤០៩ កន្លែង ដែលមានគ្រូជាង ៣.៤០០ នាក់ និងសិស្សប្រមាណ ១២០.៣០០ បានចូលរួមនៅក្នុងកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជា។ ដោយសារការគាំទ្រពី SIDA, Primark និង USAID គ្រូបង្រៀនកាន់តែច្រើននាក់ នៅកម្ពុជា អាចមានលទ្ធភាពចូលរួមនៅក្នុងកម្មវិធីនេះ និងបានបញ្ចប់អំពើហិង្សាលើកុមារនៅតាមសាលារៀន។