ធ្វើឲ្យអ៊ីនធឺណិតមានសុវត្ថិភាពជាងមុន

សូមរៀនអំពីការការពារខ្លួនជាមួយនឹងគន្លឹះប្រាំចំណុចខាងក្រោមនេះ!

Nadja Linke
Innovation
UNICEF Cambodia/2014/Issabelle Lesser

24 កញ្ញា 2019

ជារៀងរាល់់ព្រឹក យើងភ្ញាក់ពីដំណេកដើម្បីរៀបចំខ្លួនសម្រាប់ថ្ងៃថ្មី។ ប៉ុន្តែមុនពេលយើងចាប់ផ្តើមថ្ងៃថ្មីនោះ តើអ្វីអ្នកចាប់យកមុនគេបង្អស់? និយាយដោយស្មោះត្រង់ អ្នកចាប់យកទូរស័ព្ទមុនគេ!​

ការប្រើអ៊ីនធឺណិត និងមើលគណនីបណ្តាញសង្គមរបស់អ្នក បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងមនុស្សជាច្រើនទៀតនៅជុំវិញពិភពលោក។ ជាក់ស្តែង យោងតាមរបាយការណ៍សន្ទស្សន៍ប្រព័ន្ធផ្សព្វផ្សាយឆ្នាំ ២០១៧ ប្រជាជនកម្ពុជាអាយុចន្លោះពី១៥ ទៅ៣០ឆ្នាំ ចំណាយពេលលើអ៊ិនធឺណិតប្រមាណ ៤,៥ ម៉ោងក្នុងមួយថ្ងៃ។ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកបានកើនឡើងទ្វេដងរហូតដល់ ៦,៨ លាននាក់។ ក្នុងនោះ ពាក់កណ្តាលនៃពួកគេ គឺជាយុវវ័យអាយុចន្លោះពី១៣ ទៅ២៤ឆ្នាំ។ ហ្វេសប៊ុកនៅតែជាវេទិកាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកគឺ អ៊ីនស្តាក្រាម (Instagram) និងយូធូប (YouTube)។

យើងមានមូលហេតុរាប់មិនអស់ ដែលនាំឲ្យយើងភ្ជាប់ទៅនឹងអ៊ិនធឺណិតដោយផ្តាច់មិនបាន៖ កម្សាន្ត ស្វែងរកឱកាសការងារ រក្សាទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិ ទទួលបានព័ត៌មានផ្សេងៗ លេងហ្គេម ហើយពេលខ្លះគ្រាន់តែមើលមុខសត្វគួរដែលឱ្យស្រលាញ់ប៉ុណ្ណោះ។

ប៉ុន្តែទោះបីជាមានលទ្ធភាពទាំងអស់នេះក៏ដោយ ការប្រើប្រាស់អ៊ីនធឺណិត ក៏នាំឲ្យយើងប្រឈមនឹងហានិភ័យមួយចំនួនផងដែរ។ ដើម្បីធ្វើឱ្យប្រាកដថាអ្នកតែងតែមានសុវត្ថិភាពនៅលើអ៊ីនធឺណិត ខាងក្រោមនេះគឺជាគន្លឹះដ៏មានប្រយោជន៍ចំនួន៥ ដែលអ្នកត្រូវចងចាំមុនពេលប្រើប្រាស់វា៖

. គិតមុនពេលបង្ហោះអ្វីមួយ!

ខ្ញុំដឹង - ប៉ុន្តែវាគួរឲ្យចង់បង្ហោះណាស់។ អ្នកទើបឆ្លងកាត់នូវបទពិសោធដ៏អស្ចារ្យមួយ ដូច្នេះវាជារឿងធម្មតាដែលអ្នកចង់ចែករំលែកសុភមង្គលនេះទៅកាន់ពិភពលោកទាំងមូល។ ប៉ុន្តែមុនពេលអ្នកចុចលើប៊ូតុង “បង្ហោះផ្សាយ” សូមចំណាយពេលមួយវិនាទី ហើយគិតអំពីមនុស្សដែលនឹងអាចឃើញព័ត៌មានដែលអ្នកនឹងចែកចាយ។

សូមស្រមៃថា បើអ្នកជួបអ្នកណាម្នាក់ជាលើកដំបូង តើអ្នកនឹងប្រាប់គេគ្រប់យ៉ាងអំពីអ្នកដែរឬទេ? ប្រហែលជា​មិនប្រាប់ទេ។ មុនពេលអ្នកបង្ហោះអ្វីមួយ ចូរសួរខ្លួនឯងថាតើអ្នកមានអារម្មណ៍សុខស្រួលដែរឬទេ ក្នុងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ជាមួយមនុស្សដែលមិនដែលស្គាល់ទាល់តែសោះ?

សូមចាំថា នៅពេលអ្នកបង្ហោះអ្វីមួយ អ្នកមានលទ្ធភាពតិចតួចបំផុតគ្រប់គ្រងលើអ្វីដែលអ្នកផ្សេងនឹងយកព័ត៌មាននោះទៅប្រើប្រាស់បន្ទាប់។ សូម្បីតែមិត្តភក្តិអ្នក ក៏អាចថតអេក្រង់ទូរស័ព្ទ ហើយចែករំលែកអ្វីដែលអ្នកមិនចង់ចែករំលែកយ៉ាងទូលំទូលាយផងដែរ។ អ្នកខ្លះអាចទាញយកខ្លឹមសាររបស់អ្នក ហើយកែសម្រួលវាតាមការចូលចិត្តរបស់ពួកគេ ហើយដាក់សាររបស់អ្នកនៅក្នុងបរិបទខុសគ្នាទាំងស្រុងដែលអ្នកមិនពេញចិត្តទាល់តែសោះ។

. រក្សាភាពឯកជន

ទោះបីជាយ៉ាងណា ក្នុងករណីខ្លះការបញ្ជូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាភាពចាំបាច់មួយ ក្នុងការចុះឈ្មោះគណនីអនឡាញ។ ប៉ុន្តែអ្នកត្រូវបដិសេធមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនដូចជាអាស័យដ្ឋាន លេខទូរស័ព្ទ ឬព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកប្រើប្រាស់អ៊ីនធឺណិតដទៃទៀត! មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយមានការគោរពនោះទេ។

វាដូចគ្នានឹងសំណួរមួយដែលអ្នកសួរខ្លួនឯងថា តើអ្នកនឹងអញ្ជើញនរណាម្នាក់ដែលអ្នកមិនធ្លាប់ជួបពីមុន ឲ្យមកផ្ទះរបស់អ្នកឬទេ?

កំណត់ភាពឯកជនភាព ដោយដំណើរការមុខងារឯកជនភាព នៅលើគណនីរបស់អ្នកទាំងអស់។ តាមរយៈវិធីនេះ អ្នកអាចកំណត់ថាអ្នកណាខ្លះអាចមើលឃើញប្រវត្តិរូប និងខ្លឹមសារដែលអ្នកបង្ហោះ។

. គ្រោះថ្នាក់បង្កដោយមនុស្សមិនស្គាល់គ្នា

វាពិតជាល្អណាស់ដែលអ្នកបានជួបមនុស្សថ្មី និងទំនាក់ទំនងជាមួយពួកគេតាមរយៈបណ្តាញសង្គម។ ប៉ុន្តែពេលខ្លះ អ្នកនឹងទទួលបានសារ ឬសំណើរសុំជាមិត្តពីមនុស្សដែលអ្នកមិនធ្លាប់បានជួបកន្លងមក។ មុនពេលអ្នកយល់ព្រមទទួលយកនរណាម្នាក់ជាមិត្ត ឬឆ្លើយត​បសាររបស់ពួកគេ សូមគិតម្តងហើយម្តងទៀតថាអ្នកពិតជាចង់អនុញ្ញាតឱ្យមនុស្សនេះដឹងពីជីវិតរបស់អ្នកមែនឬ។ សូមចាំថា ពួកគេនឹងអាចមើលឃើញអ្វីៗទាំងអស់ដែលអ្នកបង្ហោះ និងព័ត៌មានលម្អិតជាច្រើនអំពីជីវិតអ្នក។

នៅលើប្រព័ន្ធអ៊ីនធឺណិត មនុស្សតែងតែមិនបង្ហាញពីការពិតរបស់ពួកគេនោះទេ។ ប្រសិនបើនរណាម្នាក់ដែលអ្នកមិនស្គាល់នៅសាលារៀន ឬសហគមន៍របស់អ្នក សុំជួបអ្នកដោយផ្ទាល់ សូមប្រាប់ឪពុកម្តាយអ្នក ឬមនុស្សពេញវ័យដែលអ្នកទុកចិត្តបំផុត។ ការជួបមនុស្សដែលអ្នកស្គាល់លើប្រព័ន្ធអ៊ីនធឺណិតក្នុងជីវិតពិត អាចមានគ្រោះថ្នាក់ខ្លាំងណាស់។

. បញ្ឈប់ការរករឿងឈ្លោះ

ដោយសារតែប្រព័ន្ធអ៊ីនធឺណិតកាន់តែមានប្រជាប្រិយភាពឡើង នោះការរករឿងឈ្លោះនៅលើប្រព័ន្ធអ៊ីនធឺណិតបានកើតទ្បើងកាន់តែច្រើន។ ជារៀងរាល់ថ្ងៃ ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី ៥នាក់ និងក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស ១០នាក់ ត្រូវបានគេធ្វើបាបនៅតាមប្រព័ន្ធអ៊ីនធឺណិត។

ការរករឿងឈ្លោះ ឬធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) សម្តៅលើការបង្ហោះ ឬផ្ញើសារ រូបភាព ឬវីដេអូដោយមានបំណងធ្វើឲ្យអ្នកណាម្នាក់ខ្មាសអៀន គំរាមកំហែង ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីមនុស្សម្នាក់ តាមរយៈវេទិកាឌីជីថលផ្សេងៗដូចជាបណ្តាញសង្គម កម្មវិធីជជែក (chatroom) ប្លុក ការផ្ញើសារខ្លីៗ និងការផ្ញើសារជាអក្សរ។

ជនរងគ្រោះដោយសារការរករឿងឈ្លោះ ឬធ្វើបាបលើប្រព័ន្ធអ៊ីនធឺណិត តែងតែមិនឲ្យតម្លៃខ្លួនឯង មានបញ្ហាសុខភាពផ្លូវចិត្ត និងស្ថានភាពនាំទៅរកការធ្វើអត្តឃាត។

ប្រសិនបើអ្នកជាជនរងគ្រោះនៃការរករឿងឈ្លោះ ឬធ្វើបាបលើប្រព័ន្ធអ៊ីនធឺណិត សូមកុំឆ្លើយឆ្លងនឹងអ្នកវាយប្រហារអ្នក! ស្វែងរកមនុស្សពេញវ័យដែលគួរឱ្យទុកចិត្តហើយប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើង ហើយអ្នកអាចរកដំណោះស្រាយជាមួយពួកគេបាន។ អ្នកក៏អាចហៅទូរស័ព្ទទៅ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។ ពួកគេអាចផ្តល់ការប្រឹក្សា ២៤ម៉ោងដោយឥតគិតថ្លៃ និងចាត់ទុករាល់ព័ត៌មានទាំងអស់របស់អ្នកជាការសម្ងាត់។ គ្រាន់តែចុចលេខ ១២៨០ អ្នកនឹងជួបអ្នកផ្តល់ប្រឹក្សា។

សូមកុំខ្មាសអៀនក្នុងការចែករំលែកអារម្មណ៍របស់អ្ន​ក ព្រោះអ្នកកំពុងធ្វើរឿងមួយដ៏ត្រឹមត្រូវ។ អ្នកមានសិទ្ធិទទួលបានអារម្មណ៍សុវត្ថិភាព។ ការនិយាយពីបទពិសោធរបស់អ្នក គឺជាជំហានដ៏សំខាន់មួយដើម្បីបញ្ចប់ការសម្លុតធ្វើបាប!

អ្នកក៏អាចដើរតួនាទីដ៏សំខាន់មួយ ដើម្បីបញ្ឈប់ការរករឿងឈ្លោះ ឬធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

នៅពេលអ្នកប្រើអ៊ីនធឺណិត ឬមើលហ្វេសប៊ុករបស់អ្នក អ្នកនឹងឃើញមតិដែលផ្ទុយពីមតិរបស់អ្នក។ សូមចងចាំថាមនុស្សគ្រប់រូបមានសិទ្ធិបញ្ចេញយោបល់ផ្ទាល់ខ្លួន។ កុំរិះគន់នរណាម្នាក់ចំពោះទស្សនៈ ឬការយល់ឃើញរបស់ពួកគេ។

សូមព្យាយាមយល់ពីអារម្មណ៍អ្នកដទៃ ដោយសួរខ្លួនឯងថាអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើមានគេជេរប្រមាថអ្នកនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្នុងករណីដែលអ្នកមិនយល់ស្របខ្លាំងជាមួយអ្នកណាម្នាក់ សូមផ្តល់មតិត្រលប់បែបស្ថាបនាក្នុងលក្ខណៈគួរឱ្យគោរព ជំនួសឱ្យការប្រាប់ពួកគេពីអ្វីដែលអ្នកមិនពេញចិត្ត។ អ្នកអាចធ្វើបានប្រសើរជាងនោះ។

អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ចាប់ផ្តើមពីអ្នក!

. រាយការណ៍សកម្មភាពដែលគួរឱ្យសង្ស័យ

ប្រសិនបើអ្នកមានអារម្មណ៍គ្មានសុវត្ថិភាព ឬឃើញអ្វីដែលអ្នកគ្មានអារម្មណ៍ស្រណុកចិត្តនៅពេលអ្នកប្រើអ៊ិនធឺណិត សូមបិទគេហទំព័រនោះភ្លាម ហើយនិយាយជាមួយមនុស្សពេញវ័យដែលអ្នកទុកចិត្ត។

រួមគ្នា អ្នកអាចចាត់វិធានការដើម្បីការពារអ្នកដទៃកុំឲ្យជួបរឿងទាំងនេះ ដោយរាយការណ៍អំពីមនុស្សនោះ ឬគេហទំព័រនោះ។ វេទិកាបណ្តាញសង្គមភាគច្រើនមានជម្រើសក្នុងការរាយការណ៍ប្រឆាំងនឹងខ្លឹមសារដែលមានលក្ខណៈមិនសមរម្យ។ ប្រសិនបើមនុស្សណាម្នាក់គំរាមកំហែង​អ្នក ជាធម្មតាអ្នកអាចប្លក់ (block) ពួកគេបាន។ ការធ្វើបែបនេះ ពួកគេមិនអាចមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬផ្ញើសារជាលក្ខណៈឯកជនមកអ្នកបានទៀតឡើយ។

សូមអនុវត្តតាមគន្លឹះទាំងប្រាំនេះ និងរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត!

សម្រាប់ព័ត៌មានបន្ថែមស្តីពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត សូមចូលមើលគេហទំព័ររបស់អង្គការយូនីសេហ្វ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត

ច្រើនទៀតដើម្បីស្វែងយល់