សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការអប់រំបែបបរិយាបន្ននៅប្រទេសកម្ពុជា៖ ភាពជោគជ័យ និងបញ្ហាប្រឈម

សាលារៀនជាច្រើននៅប្រទេសកម្ពុជាកំពុងតែធ្វើការងារ ដើម្បីស្វាគមន៍សិស្សានុសិស្សមានពិការភាព។ នេះជាការងារដ៏ពិបាកមួយ ប៉ុន្តែការផ្ដល់ឱកាសដោយស្មើភាពគ្នាទៅដល់សិស្សានុសិស្សទាំងអស់ គឺជារឿងសំខាន់

Botumroath Keo Le Bun
UNICEF Cambodia/2024/Botumroath Keo Le Bun
UNICEF Cambodia/2024/Botumroath Keo Le Bun
01 មេសា 2024

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្ត សៀមរាប - ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រាយនៅក្នុងថ្នាក់រៀន កុមារា ហាក់​ សាស្ដា អាយុ៧ឆ្នាំ បានចូលទៅក្នុងថ្នាក់រៀនរបស់គាត់នៅសាលាបឋមសិក្សា សសស្ដម្ភ​នៅខេត្តសៀមរាប ដែលត្រូវចំណាយពេលមួយម៉ោងធ្វើដំណើរពីប្រាង្គប្រាសាទអង្គរវត្ត។​ ថ្វីបើមានបញ្ហាប្រឈមពាក់ព័ន្ធនឹងពិការចលករខួរក្បាលក្ដី ការប្ដេជ្ញាចិត្តរបស់ សាស្ដា ស្ដែងឱ្យឃើញតាមរយៈការចាប់កាន់ខ្មៅដៃយ៉ាងជាប់ និងការចូលរួមនៅក្នុងល្បែងបែបអប់រំដោយយកចិត្តទុកដាក់។​ នៅពេលដែលគាត់ផ្គូផ្គង​កាតផ្លែឈើជា​មួយពាក្យជាភាសាខ្មែរ សំណើចរបស់គាត់សាយភាយ​ពេញថ្នាក់រៀន ជាមួយនឹងកាយវិការលើកកណ្ដាប់ដៃឡើង​ ដែលបង្ហាញអំពី​ការអបអរសាទរចំពោះចម្លើយត្រឹមត្រូវនីមួយៗ ។

“សាស្ដា យល់អំពីមេរៀនទាំងឡាយបានយ៉ាងល្អ។​ ភាពយកចិត្តទុកដាក់របស់គាត់ក្នុងការចូលរួមសកម្មភាពផ្សេងៗ​មានឥទ្ធិពលលើអារម្មណ៍របស់យើងយ៉ាងជ្រាលជ្រៅ។” នេះជាការចែករំលែក​របស់​អ្នកគ្រូ យន់ ភាន អ្នកគ្រូអប់រំពិសេស​របស់ សាស្ដា ដែលជាអ្នករៀបចំល្បែង និងសកម្មភាពផ្សេងៗទៅតាមសមត្ថភាពសិក្សារបស់ សាស្ដា​។​

“ខ្ញុំចង់ក្លាយជាប៉ូលីសពីងពាងម្នាក់ ដែលបង្កើតសំណាញ់ដ៏រឹងមាំដើម្បីជួយម្តាយរបស់ខ្ញុំ”​ សាស្ដាបង្ហាញតាមរយៈកាយវិការប្រកបដោយចំណាប់អារម្មណ៍ ដែលបង្ហាញអំពីការបាញ់សំណាញ់ពីងពាងជាមួយនឹងដៃទាំងពីររបស់គាត់។​ កែវភ្នែករបស់គាត់បង្ហាញនូវពន្លឺនៃក្ដីស្រមៃអំពីវីរបុរសដ៏អស្ចារ្យរបស់គាត់ ដែលបំប្លែងខ្លួនឯងចូលការពារម្ដាយជាទីស្រឡាញ់របស់គាត់។​

នៅខាងឆ្វេង គឺកុមារា ហាក់ សាស្ដា អាយុ៧ឆ្នាំ នៅក្នុងថ្នាក់រ់ៀនបែបបរិយាប័ន្នរបស់គាត់នៅសាលាបឋមសិក្សាសរសរស្ដម្ភ នៅខេត្តសៀមរាប ជាមួយអ្នកគ្រូ យន់ ភាន ។
UNICEF Cambodia/2024/Botumroath Keo Le Bun នៅខាងឆ្វេង គឺកុមារា ហាក់ សាស្ដា អាយុ៧ឆ្នាំ នៅក្នុងថ្នាក់រ់ៀនបែបបរិយាប័ន្នរបស់គាត់នៅសាលាបឋមសិក្សាសរសរស្ដម្ភ នៅខេត្តសៀមរាប ជាមួយអ្នកគ្រូ យន់ ភាន

នៅក្រុងសៀមរាប មានវិទ្យាល័យអប់រំពិសេសសៀមរាប ដែលគេស្គាល់​ដោយសារកម្មវិធីអប់រំពិសេស​ដែលល្អលើសពីធម្មតារបស់វិទ្យាល័យនេះ។​ នៅទីនោះ កុមារី ឌីម ណារ័ត្ន អាយុ៩ឆ្នាំ ជាសិស្សមានកម្សោយ​ការមើលឃើញ នាងមានចំណង់ចំណូលចិត្តដែលមិនអាចប្រកែកបានទៅលើដូរតន្រ្តីខ្មែរ នាងចូលរួម​ទាំងស្រុង​នៅក្នុងពិភពនៃសៀវភៅអក្សរស្ទាប។​ នាងអូសម្រាមដៃរបស់នាងថ្នមៗកាត់​តាមទំព័រនានា ដើម្បីស្វែងយល់អំពីពិភព​នៃសាច់រឿង និងជំរុញឱ្យក្ដីសុបិន្តរបស់នាង​​ក្នុងការក្លាយទៅជា​អាយដូល​​បន្ទាប់របស់កម្ពុជា។

“ការអានធ្វើឱ្យនាងមានទំនុកចិត្ត នេះគឺជាដំណាក់កាលរបស់នាង។” នេះជាការកត់សម្គាល់របស់​អ្នកគ្រូ ហេង គ្រត ដែលមានភាពស្ញប់ស្ញែងចំពោះ​សមត្ថភាពរបស់​ ណារ័ត្ន​ ក្នុង​ការផាត់ពណ៌រូបភាពដ៏រស់រវើកនៅក្នុងចិត្តរបស់នាង។ “នាងអាចអានអស់រយៈពេលជាច្រើនម៉ោង ដោយជាប់នៅក្នុង​ពិភពប្រកបដោយភាពច្នៃប្រឌិតរបស់នាងផ្ទាល់” អ្នកគ្រូ ហេង និយាយបន្ថែមជាមួយនឹងស្នាមញញឹម។

ចំពោះណារ័ត្ន អក្សរស្ទាបនីមួយៗ គឺជាអក្សរភ្លេងនៃបទចម្រៀង​របស់នាង ទំព័រនីមួយៗ​​គឺជាជំហានមួយឆ្ពោះទៅរកក្ដីសុបិន្នរបស់នាង។ នាងថ្លែងដោយញញឹមចេញធ្មេញថា “ខ្ញុំអាចមិនមើលឃើញ​ពិភពលោកនេះដូចអ្នក ប៉ុន្តែតាមរយៈតន្រ្តី និងសាច់រឿងផ្សេងៗ ខ្ញុំបង្ហាញអារម្មណ៍​របស់ខ្ញុំ​អំពីពិភព​លោកនេះ”។

ដោយអូសម្រាមដៃរបស់នាងថ្នមៗកាត់តាមទំព័រអក្សរស្ទាប ណារ័ត្ន ថ្លែងថា “ខ្ញុំមានបំណងក្លាយជាតារា - ជាតារាចម្រៀងរ៉ុកដ៏មានប្រជាប្រិយ​។​ អ្នកណានិយាយថា ដើម្បីច្រៀង ឬក្លាយជាតារាបាន អ្នកត្រូវតែមើលឃើញនោះ? ពេលដែលខ្ញុំចាប់ផ្ដើមច្រៀង ខ្ញុំមានអារម្មណ៍សប្បាយរីករាយ!”​

សាស្ដា និងណារ័ត្ន គ្រាន់តែជាឧទាហរណ៍ពីរប៉ុណ្ណោះនៃសិស្សានុសិស្សមានពិការភាព ដែលមានភាព​រីកច​ម្រើន​នៅក្នុងការរៀនសូត្រនៅទូទាំងប្រទេសកម្ពុជា និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំបែបបរិយាបន្ន ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ​។ សាច់រឿងរបស់ពួកគេគូសបញ្ជាក់នូវការបោះជំហានយ៉ាងវែងទៅរកការពង្រីកលទ្ធភាព និងបរិយាបន្នសម្រាប់កុមារមានពិការភាព​នៅក្នុងការនៅប្រទេសកម្ពុជា។​

ចាប់តាំងពីឆ្នាំ២០១៨ ដោយមានការគាំទ្រពីយូនីសេហ្វ ក្រសួងអប់រំ យុវជន​​ និងកីឡាកម្ពុជា បានផ្ដល់ការបណ្ដុះបណ្ដាលអំពី​ការអប់រំបែបបរិយាបន្ន​ទៅដល់គ្រូបង្រៀន ហើយការបណ្ដុះបណ្ដាលនេះ​មានផលប៉ះពាល់វិជ្ជមានទៅលើសិស្សានុសិស្សមានពិការភាពចំនួន ១៧.០០០នាក់ ជារៀងរាល់ឆ្នាំ។​ បន្ថែមលើនេះ កម្មវិធីសិក្សា​ដែលមានការគាំទ្រពីយូនីសេហ្វ បានគ្របដណ្ដប់ទៅដល់​សិស្សានុសិស្ស​ដែលមិនសូវទទួលបាន​ការចិត្តទុកដាក់​ចំនួន ៥០០នាក់ នៅឆ្នាំដំបូងនៃការអនុវត្តកម្មវិធីសិក្សានេះ ហើយវិទ្យាស្ថានជាតិសម្រាប់ការអប់រំពិសេស (NISE) ត្រូវបានបង្កើតឡើងនៅឆ្នាំ​២០១៧ ដើម្បីបង្កើនជំនាញរបស់គ្រូបង្រៀនពាក់ព័ន្ធនឹងការអប់រំបែបបរិយាបន្ន។

លីប៊ុន កុមារី ឌីម ណារ័ត្ន អាយុ៩ឆ្នាំ ជាសិស្សមានកម្សោយការមើលឃើញ កំពុងអានសៀវភៅអក្សរស្ទាបនៅវិទ្យាល័យអប់រំពិសេសសៀមរាប
UNICEF Cambodia/2024/Botumroath Keo Le Bun លីប៊ុន កុមារី ឌីម ណារ័ត្ន អាយុ៩ឆ្នាំ ជាសិស្សមានកម្សោយការមើលឃើញ កំពុងអានសៀវភៅអក្សរស្ទាបនៅវិទ្យាល័យអប់រំពិសេសសៀមរាប

ទោះជាយ៉ាងណាក្ដី បញ្ហាប្រឈមនៅតែមាន ជាពិសេស នៅខេត្តជនបទ ដែលនៅតែមានបញ្ហា​ពាក់ព័ន្ធនឹង​ហេដ្ឋារចនាសម្ព័ន្ធ និងឥរិយាបថចាស់គំរឹល​ដែលពិបាកកែប្រែ។​ កុមារមានពិការភាពកម្ពុជាជាង ៥៧ភាគរយ នៅតែមិនអាចទទួលបានការអប់រំ បើធៀបនឹងកុមារគ្មានពិការភាព ដែលមានចំនួនតែ ៧ភាគរយ ដែលមិន​បានចូលរៀន។​

យោងលើទិន្នន័យចុងក្រោយគេរបស់ក្រសួងអប់រំ យុវជន​​ និងកីឡា សម្រាប់ឆ្នាំ២០២៤ ចំនួន​សិស្សានុសិស្សនៅក្នុងសាលារៀនអប់រំពិសេសដោយបែងចែកទៅតាមប្រភេទនៃកម្សោយ បង្ហាញថា សិស្សានុសិស្សចំនួន ១៩៩នាក់មានកម្សោយការមើលឃើញ ១៨៤នាក់មានពិការភាពសតិបញ្ញា និង៦៣៥នាក់មានកម្សោយការស្ដាប់។ តួលេខទាំងនេះគូសបញ្ជាក់នូវតម្រូវការបន្ទាន់ក្នុងការពង្រីកការអនុវត្ត​ការអប់រំបែបបរិយាបន្ន។​

ដោយគូសបញ្ជាក់​អំពីសារសំខាន់​នៃការផ្ដល់ឱកាសស្មើៗគ្នា​ទៅដល់​កុមារគ្រប់រូប លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ជំរុញថា “បរិយាបន្ន ​គឺជាកិច្ចការបន្ទាន់យ៉ាងខ្លាំង។ កុមារគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ដើម្បី​ផ្ដល់ភាពអង់អាចទៅដល់​កុមារងាយរងគ្រោះបំផុត​ទាំងអស់នៅក្នុងសង្គម”។