ការតស៊ូរស់នៅលើទឹក
ឧបសគ្គ និងក្ដីសង្ឃឹមនៃជីវិតអណ្តែតលើទឹក

- Available in:
- English
- Khmer
ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ទន្លេសាប ខេត្តពោធិ៍សាត់ – នៅថ្ងៃដែលមានអាកាសធាតុល្អ សូម៉ារ៉ា ពិសិដ្ឋ ភ្ញាក់ពីដំណេកនៅលើផ្ទៃទឹកដ៏ស្ងប់ស្ងាត់នាព្រលឹមស្រាងៗ ដើម្បីរៀបចំខ្លួនអុំទូកទៅសាលារៀនរបស់នាង ដែលស្ថិតនៅចម្ងាយប្រហែលជា ១០ម៉ែត្រពីផ្ទះរបស់នាង។ ប្រសិនបើមានព្យុះនៅពេលយប់ នាងប្រាកដជាភ្ញាក់ដឹងខ្លួនអស់ជាច្រើនម៉ោងរួចទៅហើយមុនពេលស្រាងៗមកដល់ ដើម្បីទប់ផ្ទះលើទឹករបស់នាងឲ្យស្ថិតនៅនឹងកន្លែង។ ជារឿយៗ បើភ្លៀងខ្លាំង នោះនាងប្រាដជាត្រូវលោតចូលក្នុងទឹក និងតតាំងជាមួយកម្លាំងទឹកដើម្បីទប់ផ្ទះអណ្ដែតទឹករបស់នាងឲ្យនៅជាប់ជាមួយបំពង់ឫស្សី។
សូម៉ារ៉ា ជាសិស្សថ្នាក់ទីប្រាំ រៀននៅសាលាបឋមសិក្សាជលសារស្ថិតនៅលើផ្ទៃបឹងទន្លេសាប ដែលជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍។ ចាប់តាំងពីនាងមានអាយុប្រាំបួនខែមក សូម៉ារ៉ា និងគ្រួសាររបស់នាងបានរស់នៅសហគមន៍កំពង់ហ្លួង ជាមួយនឹង ១.៣០០គ្រួសារផ្សេងទៀត។ ជីវភាពគ្រួសារទាំងនេះសុទ្ធតែពឹងអាស្រ័យទាំងស្រុងទៅលើការនេសាទ។ មិនខុសពីសហគមន៍ដទៃទៀតដែរ ពួកគេជួបការលំបាកប្រហាក់ប្រហែលគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងវដ្ដរស់នៅប្រចាំថ្ងៃ ដូចជាចម្អិនអាហារ ទទួលទានអាហារ ធ្វើការងារ សម្អាត ចិញ្ចឹមថែទាំកូន និងបញ្ជូនកូនទៅសាលារៀន។ សហគមន៍នេះធ្វើកិច្ចការទាំងអស់នោះខណៈកំពុងអណ្ដែតត្រសែតនៅលើផ្ទៃបឹងទន្លេសាប។
ទឹកដែលផ្ដល់ត្រី ក៏ជាទឹកដែលសូម៉ារ៉ា ប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីចម្អិនអាហារ ងូត និងបន្ទោរបង់។ ទឹកសម្រាប់ទទួលទានត្រូវដឹកជញ្ជូនមកពីដីគោក ដែលចំណុះ ២០លីត្រមានតម្លៃប្រមាណ ៣០០០រៀល ឬ ប្រហែល ៧៥សេនដុល្លារ។
សូម៉ារ៉ាបានប្រាប់ឲ្យដឹងថា “ពេលងូតទឹក ខ្ញុំតែងតែប្រើសាច់ជូរ (អាលុយមីញូមស៊ុលហ្វាត) ដើម្បីបន្សុទ្ធទឹក។ បើមិនដូច្នោះទេ ខ្ញុំនឹងកើតកន្ទួលរមាស់លើស្បែក។ ខ្ញុំជួយឪពុករបស់ខ្ញុំនេសាទត្រី ទៅតាមរដូវកាល ប៉ុន្តែខ្ញុំសង្កេតឃើញថាបច្ចុប្បន្នលែងសម្បូរត្រីទៀតហើយ ជាពិសេសនៅរដូវប្រាំង”។


យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុទៅលើកុមារ សិក្សាស្រាវជ្រាវដោយយូនីសេហ្វ ដែលត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ២០២១បានរកឃើញថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសលំដាប់កំពូលចំនួនបីនៅក្នុងពិភពលោក ដែលកុមារងាយរងគ្រោះបំផុតដោយសារបញ្ហាបំរែបំរួលអាកាសធាតុ។ កុមារកម្ពុជាប្រឈមមុខយ៉ាងខ្លាំងចំពោះភាពខ្វះខាតទឹក ទឹកជំនន់ទន្លេ និងជំងឺដែលបង្កឡើងដោយសត្វល្អិត។ ការប៉ាន់ប្រមាណ និងរបាយការណ៍សកលចុងក្រោយនេះក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងហានិភ័យសុខភាព ដែលបង្កឡើងដោយបរិស្ថានទៅលើកុមារនៅកម្ពុជាផងដែរ ជាពិសេសពាក់ព័ន្ធនឹងការប្រឈមនឹងសារធាតុសំណ និងការបំពុលខ្យល់នៅក្នុងបរិស្ថានគ្រួសារ។

ហានិភ័យអាកាសធាតុប៉ះពាល់ដល់គ្រប់ជ្រុងនៃជីវិតប្រចាំថ្ងៃ និងទំនងជាមានផលប៉ះពាល់ទៅលើជនងាយរងគ្រោះបំផុតក្នុងកម្រិតមិនសមាមាត្រគ្នា។ កង្វល់នេះមិនត្រឹមតែទៅលើផ្នែកជាច្រើនដូចជា ប្រភពទឹក និងសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់លើការទទួលបានការអប់រំនៅកន្លែងដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារបំរែបំរួលអាកាសធាតុទៀតផង។ ដូចគ្នាទៅនឹងកុមារជាច្រើននាក់ផ្សេងទៀតដែលកំពុងសិក្សានៅលើផ្ទៃទឹកដែរ កត្តាអាកាសធាតុដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់ភាពទៀងទាត់នៃការអប់រំ។ ប្រសិនបើមានពពកខ្មៅ និងភ្លៀងខ្លាំង កុមារត្រូវតែបញ្ឈប់ការសិក្សា រួចហើយអុំទូកតូចៗរបស់ពួកគេយ៉ាងប្រញាប់ប្រញាល់ត្រលប់ទៅផ្ទះវិញ ដើម្បីជៀសវាងហានិភ័យ ទូកក្រឡាប់ ឬគ្រោះថ្នាក់ដទៃទៀតដែលបង្កដោយព្យុះភ្លៀង។ ទោះជាយ៉ាងនេះក្ដី សូម៉ារ៉ាប្តេជ្ញាចិត្តនៅតែបន្តការអប់រំរបស់ខ្លួន។
សូម៉ារ៉ា បាននិយាយថា “ខ្ញុំស្រឡាញ់ការរៀនសូត្រ ព្រោះថានៅពេលខ្ញុំធំឡើង វានឹងជួយខ្ញុំស្វែងរកការងារល្អធ្វើ និងផ្ដល់ជីវភាពប្រសើរសម្រាប់គ្រួសាររបស់ខ្ញុំ”។


នៅពេលផ្ទេរផលត្រីដែលបានពីនេសាទនៅថ្ងៃនេះទៅសូម៉ារ៉ា ឲ្យនាងលាងសម្អាត ឪពុករបស់នាងគឺលោក វើត វើង រៀបរាប់ដោយសង្ខេបអំពីជីវិតនៅលើផ្ទៃទឹក។
“យើងសម្រេចចិត្តមកនៅទីនេះ ដោយសារតែយើងគ្មានដីជាកម្មសិទ្ធិរបស់ខ្លួននឹងគេទេ។ ការរស់នៅលើសម្បត្តិរដ្ឋ [ផ្ទៃទឹក] យើងមិនចាំបាច់ខ្វល់ខ្វាយអំពីទំនាស់ដីធ្លីឡើយ។” នេះជាសម្ដីរបស់លោក វើត។ ជាប្រជាជនក្រីក្រ ជីវភាពរស់នៅរបស់យើងពឹងផ្អែកទាំងស្រុងលើបឹងទន្លេសាប ប៉ុន្តែការប្រកបរបរចិញ្ចឹមជីវិត គឺជាពិតជាលំបាកពីព្រោះយើងខ្វះដើមទុន។ អ្នកមានដែលមានឧបករណ៍នេសាទថ្លៃៗអាចនឹងបំផ្លាញសំណាញ់របស់យើង។ យើងមិនអាចប្រកួតប្រជែងនឹងពួកគេបានឡើយ ហើយយើងមុខតែចាប់ត្រីបានតិច។ បន្ថែមពីលើនេះ ការរស់នៅលើផ្ទៃទឹកពិតជានឿយកម្លាំងកាយខ្លាំងណាស់។”
ប្រាក់ចំណូលរួមគ្នារបស់ឪពុកម្ដាយរបស់សូម៉ារ៉ាបានជាមធ្យមពី ៥ ទៅ ៧ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងនេះក្ដី នៅថ្ងៃខ្លះ ការនេសាទមិនសូវបានផលល្អ ធ្វើឲ្យពួកគាត់គ្មានសល់លុយមួយរៀលសោះ បន្ទាប់ពីទូទាត់ថ្លៃសាំងហើយ។ ថ្វីបើពួកគេជួបប្រទះនឹងស្ថានភាពលំបាកយ៉ាងនេះក្ដី លោក វើត នៅតែមានក្ដីសង្ឃឹមចំពោះកូនៗរបស់គាត់។
“ខ្ញុំសង្ឃឹមថា ពួកគេនឹងមានអនាគតល្អជាងជំនាន់យើង ដោយសារតែការអប់រំ។ យើងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីឲ្យពួកគេបានរៀនសូត្រពេញលេញ។”

សូម៉ារ៉ា និងលោក វើត មិនមែនជាប្រជាជនក្នុងមូលដ្ឋានតែមួយគ្រួសារដែលបានសម្គាល់ឃើញការធ្លាក់ចុះបរិមាណត្រីយ៉ាងគំហុកនៅក្នុងបឹងទន្លេសាបនោះទេ។ លោកស្រី ង៉ា សេង អាយុ ៤៣ឆ្នាំ គឺជាអតីតអ្នកបើកបរទូក និងជាអ្នករស់នៅលើបឹងទន្លេសាបតាំងពីកំណើត។ គាត់ដឹងរឿងច្រើនអំពីការប្រែប្រួលនៃប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាបនេះ រួមទាំងស្ថានភាពត្រី និងទឹកនារយៈពេលជាច្រើនឆ្នាំមកនេះ។
“កម្រិតទឹកនៅរដូវប្រាំងទាបជាងមុនយ៉ាងខ្លាំង។ តំបន់នេះធ្លាប់តែគ្របដណ្ដប់ទៅដោយព្រៃលិចទឹក ដែលជាជម្រកធម្មជាតិសម្រាប់ត្រីទឹកសាប និងសត្វដទៃទៀត។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានភ្លើងឆេះព្រៃនៅជិតនេះ ហេតុនេះហើយនៅពេលដែលសត្វបាត់បង់ជម្រករបស់វា ត្រី និងសត្វដទៃទៀតបាត់លែងឃើញ ឬ ផ្លាស់ទីទៅកាន់តំបន់ផ្សេងទៀត។ ការនេសាទខុសច្បាប់ និងការនេសាទច្រើនហួសហេតុពេកធ្វើឲ្យត្រីមិនអាចឆ្លងកាត់វដ្ដនៃការបន្តពូជយ៉ាងពេញលេញបានឡើយ។” នេះជាសម្ដីរបស់លោកស្រី ង៉ា។

ការបំផ្លិចបំផ្លាញជាឥតឈប់ឈរដែលបង្កឡើងដោយមនុស្សចំពោះបរិស្ថានធម្មជាតិធ្វើឲ្យស្ថានភាពនឹងកាន់តែអាក្រក់ខ្លាំងឡើងៗ។ ភ្លើងឆេះព្រៃ ដោយចៃដន្យ និងទាំងដោយចេតនា ព្រមទាំងការនេសាទខុសច្បាប់ និងការបំពុលទឹក សុទ្ធតែជាកត្តាចម្បងៗដែលអាចនាំរកការបំផ្លិចបំផ្លាញទាំងស្រុងនូវប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។ មិនចាំបាច់វែកញែកឡើង ផលវិបាកទាំងនោះនឹងបង្កមហន្តរាយដល់ប្រជាជនជិតមួយលាននាក់ដែលកំពុងរស់នៅលើ និងជុំវិញបឹងធម្មជាតិនេះ។ ប៉ុន្តែនេះមិនមែនជារឿងថ្មីឡើយ ប្រជាជនក្នុងមូលដ្ឋានបាន និងកំពុងតែទទួលរងឥទ្ធិពលដែលបង្កដោយការបំផ្លាញនេះជាហូរហែមកហើយ។


លោកស្រី ង៉ា បានឲ្យដឹងថា “ប្រជាជនខ្លះបានធ្វើចំណាកស្រុករួចទៅហើយ ដោយសារពួកគេនេសាទត្រីលែងបាន។ ខ្ញុំក៏ចង់ធ្វើចំណាកស្រុកដែរប៉ុន្តែខ្ញុំគ្មានដើមទុន។ ខ្ញុំត្រូវតែបន្តរស់នៅទីនេះ ហើយបន្តអត់ធ្មត់ស៊ូទ្រាំនឹងជីវភាពដូចរាល់ថ្ងៃហ្នឹង”។
នៅពេលដែលត្រូវបានសួរថា ចំពោះគាត់តើជីវិតនៅលើផ្ទះទឹកមានលក្ខណៈយ៉ាងដូចម្តេច លោកស្រី ង៉ា បាននិយាយថា “រស់នៅទីនេះ ខ្ញុំមានអារម្មណ៍ដូចជាត្រីទឹកសាបមួយក្បាល។ យើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានភាពច្បាស់លាស់។ ត្រីទាំងនោះក៏ប្រហែលជាភ័យខ្លាចខ្យល់ព្យុះ និងសំណាញ់ ដែលចាប់ពួកវា និងសម្លាប់ពួកវាអ៊ីចឹងដែរ។”

ទោះជាយ៉ាងនេះក្តី ជាទូទៅ អ្នកស្រី ង៉ា នៅតែមានទស្សនៈវិជ្ជមានអំពីអនាគតនៃបឹងទន្លេសាប និងជីវិតទាំងឡាយដែលពឹងពាក់ទៅលើបឹងនេះផងដែរ។
“ខ្ញុំនៅតែជឿជាក់ថា វាមិនទាន់យឺតពេលទេក្នុងការសង្គ្រោះបឹងទន្លេសាប ប៉ុន្តែយើងត្រូវធ្វើសកម្មភាពឥឡូវនេះដើម្បីដោះស្រាយការបំផ្លិចបំផ្លាញនេះ។ យើងត្រូវដាំដើមឈើឲ្យច្រើន និងលុបបំបាត់ការនេសាទខុសច្បាប់។”
យូនីសេហ្វកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកិច្ចការដែលអ្នកស្រីង៉ាលើកឡើងនេះ ពោលគឺ ធ្វើសកម្មភាពឥឡូវនេះដើម្បីដោះស្រាយបញ្ហាប្រឈមនៃបំរែបំរួលអាកាសធាតុ និងការពារបរិស្ថាន។ សរសរស្ដម្ភសំខាន់មួយនៃការងារនេះ គឺសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីវាយតម្លៃហានិភ័យនានា និងកសាងសេវា និងប្រព័ន្ធភាពធន់ចំពោះអាកាសធាតុ ស្របពេលដែលធានាផងដែរថាយុវជនគឺជាស្នូលនៃចម្លើយសម្រាប់ការសិក្សា និងវាយតម្លៃនោះផងដែរ។ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីសិក្សាអំពីបំរែបំរួលអាកាសធាតុកំពុងត្រូវបានរចនាឡើងសម្រាប់កម្មវិធីបំណិនជីវិតនៅទូទាំងប្រទេស ហើយតាមរយៈកម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វ យុវជនកំពុងទទួលបានភាពអង់អាចក្នុងការចាត់វិធានការវិជ្ជមានដើម្បីការពារសហគមន៍របស់ពួកគេពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងភាពរិចរឹលនៃបរិស្ថាន។
ប្រសិនបើមានមនុស្សគ្រប់គ្រាន់ដែលនឹងចាត់វិធានការឲ្យបានឆាប់រហ័សក្នុងការការពារធនធាន ដែលចិញ្ចឹមជីវិតគ្រួសារ អ្នកជិតខាង និងសហគមន៍ទាំងមូល ចក្ខុវិស័យប្រកបដោយក្ដីសង្ឃឹមរបស់អ្នកស្រី ង៉ា នៅតែអាចធ្វើទៅបាន។
