សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

កិច្ចការពារកុមារ

សម្រាប់កុមារគ្រប់រូប កិច្ចគាំពារ

© UNICEF Cambodia/2024/Bunsak But
UNICEF Cambodia/2024/Bunsak But

ទិដ្ឋភាពរួម

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការលើកកម្ពស់សិទ្ធិ និងការផ្តល់កិច្ចគាំពារដល់កុមារ។ សមិទ្ធផលទាំងនោះរួមមាន៖

  • អត្រាកុមារដែលបានចុះបញ្ជីកំណើតបានកើនឡើងដល់ ៩២% ដែលធានាថាកុមារនៅក្នុងប្រទេសកម្ពុជាមានអត្តសញ្ញាណច្បាស់លាស់1
  • ចំនួនកុមារដែលរស់នៅក្នុងមណ្ឌលថែទាំតាមស្ថាប័ន បានថយចុះ ៧៣% ក្នុងចន្លោះឆ្នាំ ២០១៥ ដល់ ២០២៤2
  • អត្រាអាពាហ៍ពិពាហ៍កុមារ បានថយចុះ ៤០% ក្នុងចន្លោះឆ្នាំ ១៩៩៩ ដល់ ២០២២3
  • ក្នុងឆ្នាំ ២០២១ កុមារដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំ ដែលចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចបានថយចុះមកត្រឹមប្រមាណ ១៧% បើធៀបនឹង ៣៧% ក្នុងឆ្នាំ ២០១០4

បញ្ហាប្រឈម

នៅក្នុងប្រទេសកម្ពុជា កុមារនៅតែបន្តប្រឈមនឹងទម្រង់ផ្សេងៗនៃអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច ។ អំពើហិង្សាទាំងនេះអាចកើតឡើងលើរាងកាយ ផ្លូវចិត្ត ឬផ្លូវភេទ ដែលជាញឹកញាប់កើតឡើងនៅក្នុងទីកន្លែងដែលកុមារគួរទទួលបានការការពារខ្លាំងបំផុត ដូចជា ផ្ទះ សាលារៀន និងសហគមន៍របស់ពួកគេជាដើម ហើយអំពើហិង្សាទាំងនេះច្រើនបង្កឡើងដោយមនុស្សដែលពួកគេទុកចិត្ត។ ដោយសារតែបច្ចុប្បន្ននេះ កុមារចំណាយពេលកាន់តែច្រើននៅលើប្រព័ន្ធអ៊ីនធឺណិត ពួកគេកាន់តែងាយរងគ្រោះថែមទៀតចំពោះការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ រួមទាំងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រសិនបើគ្មានប្រព័ន្ធគាំពារសង្គម និងច្បាប់ដ៏រឹងមាំ កុមារជាច្រើនអាចនឹងក្លាយជាជនរងគ្រោះនៃការជួញដូរ ត្រូវគេបង្ខំឱ្យធ្វើការ បែកពីក្រុមគ្រួសារ និងត្រូវគេដាក់ឲ្យរស់នៅក្នុងមណ្ឌលថែទាំដោយគ្មានការចាំបាច់ផងដែរ។

ការប្រែប្រួលអាកាសធាតុ ជាកត្តាមួយដែលកំពុងតែបង្កើនហានិភ័យចំពោះកិច្ចការពារកុមារងាយរងគ្រោះ ដោយសារគ្រួសារជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេដោយសារគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

  • កុមារដែលមានអាយុពី ១ ដល់ ១៤ ឆ្នាំ ប្រមាណ ៦៦% បានទទួលរងនូវវិន័យដែលមានលក្ខណៈហិង្សា។ ក្នុងចំណោមកុមារប្រមាណ ៣ នាក់ ក្នុងចំណោម ៥ នាក់ (៥៩%) បានទទួលរងការឈ្លានពានផ្លូវចិត្ត5
  • ក្មេងជំទង់ ១១% ដែលប្រើប្រាស់អ៊ីនធឺណិតបានរងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ6
  • ស្ត្រីដែលមានវ័យចន្លោះ ២០ ដល់ ២៤ ឆ្នាំ ចំនួន ១៨% បានរៀបការ ឬនៅក្នុងសហព័ទ្ធមុនអាយុ ១៨ ឆ្នាំ។ អត្រាគួរឱ្យបារម្ភនៅខេត្តមណ្ឌលគិរី និងរតនគិរី ដោយមានរហូតដល់ទៅ ៣៤% នៃស្ត្រីក្នុងក្រុមអាយុនេះបានរៀបការមុនអាយុ ១៨ ឆ្នាំ7

ដំណោះស្រាយ

កម្មវិធីគាំពារកុមាររបស់យូនីសេហ្វ ប្រចាំប្រទេសកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ មានគោលដៅដោះស្រាយបញ្ហាប្រឈមដ៏ស្រួចស្រាល់នៃអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ចដែលប៉ះពាល់កុមារ និងក្មេងជំទង់នៅទូទាំងប្រទេស។ តាមរយៈផែនការនេះ យូនីសេហ្វខិតខំពង្រឹងសិទ្ធិកុមារក្នុងការទទួលបានកិច្ចគាំពារដូចមានចែងក្នុង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) ទន្ទឹមគ្នានោះ រួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅត្រឹមឆ្នាំ ២០៣០ ។ [LE1]

មិនថាកាលៈទេសៈយ៉ាងណាក៏ដោយ កុមារគ្រប់រូបមានសិទ្ធិទទួលបានកិច្ចការពារពីអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច និងចូលរួមក្នុងការសម្រេចចិត្តទាំងឡាយដែលប៉ះពាល់ជីវិតរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ យូនីសេហ្វនៅកម្ពុជាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនានារបស់រដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍ និងកុមារផ្ទាល់តែម្តង ដើម្បីធានាថា សេវាបង្ការ និងឆ្លើយតប មានគ្រប់គ្រាន់សម្រាប់កុមារដែលរងគ្រោះ ឬប្រឈមនឹងអំពើហិង្សា និងការរំលោភបំពាន និងប្រាកដថាបរិយាកាសច្បាប់ និងគោលនយោបាយ កំណត់ស្តង់ដារខ្ពស់បំផុតសម្រាប់កិច្ចគាំពារ​កុមារ។ កិច្ចខិតខំប្រឹងប្រែងរបស់យើង គឺផ្តោតលើការពង្រឹងប្រព័ន្ធគាំពារកុមារដើម្បីជួយកុមារឱ្យទទួលបានសេវាថែទាំជាសារវន្ត ចាប់ពីពេលចាប់កំណើត រហូតដល់វ័យជំទង់។ បន្ថែមពីនេះ យើងក៏ខិតខំបណ្តុះវប្បធម៌អហិង្សាដោយការផ្លាស់ប្តូរអាកប្បកិរិយា និងជំនឿសង្គមដែលជាដើមចមនៃអំពើហិង្សា និងការប្រតិបត្តិប្រកបដោយគ្រោះថ្នាក់។

កសាងប្រព័ន្ធគាំពារដែលផ្តោតជាចម្បងលើ​កុមារ

យូនីសេហ្វ ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងក្របខណ្ឌច្បាប់ និងគោលនយោបាយ ដែលធានាថាកុមារគ្រប់រូប ជាពិសេសកុមារងាយរងគ្រោះបំផុត ទទួលបានសេវាសារវន្ត និងយុត្តិធម៌ ។ យើងបានគាំទ្រឱ្យមានកំណែទម្រង់ច្បាប់ដែលហាមឃាត់ការដាក់ទោសដោយវាយដំនៅក្នុងគ្រប់ទីកន្លែង ផ្តល់អាទិភាពដល់ការថែទាំនៅតាមគ្រួសារ ជំនួសឱ្យការថែទាំនៅតាមស្ថាប័ន លើកកម្ពស់ជម្រើសជំនួសក្រៅពីការឃុំឃាំង និងឆ្លើយតបទៅនឹងហានិភ័យតាមប្រព័ន្ធអនឡាញដែលកំពុងកើតឡើងចំពោះកុមារ និងយុវជន។ យូនីសេហ្វ ក៏បានអំពាវនាវឲ្យមាន ធនធានគ្រប់គ្រាន់ដើម្បីទប់ស្កាត់អំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ្ច ទាំងតាមប្រព័ន្ធអនឡាញ និងក្រៅអនឡាញ និងដើម្បីធានាបានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព រួមទាំងការគាំទ្រដល់កុមារដែលមានទំនាស់ជាមួយច្បាប់ ។

បង្កើត​បរិយាកាស​សុវត្ថិភាព​សម្រាប់​កុមារ​ដែលងាយរងគ្រោះ

បុគ្គលិកសង្គមកិច្ចដែលមានសមត្ថភាព គឺជាឆ្អឹងខ្នងដ៏សំខាន់នៃប្រព័ន្ធគាំពារកុមារប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ននេះ ចំនួនបុគ្គលិកសង្គមកិច្ចនៅកម្ពុជានៅមិនទាន់គ្រប់គ្រាន់នៅឡើយដើម្បីបំពេញតម្រូវការរបស់កុមារ និងក្រុមគ្រួសារដែលត្រូវការជំនួយ។ ដើម្បីដោះស្រាយបញ្ហានេះ យូនីសេហ្វ បានសហការជាមួយក្រសួងស្ថាប័នសាមីដើម្បីផ្តល់ចំណេះដឹង និងធនធានចាំបាច់ដល់បុគ្គលិកសង្គមកិច្ច។ ធនធាននេះមានគោលបំណងជួយពួកគេក្នុងការ កំណត់អត្តសញ្ញាណ ទប់ស្កាត់ និងគ្រប់គ្រងហានិភ័យដែលកុមារអាចប្រឈម និងបញ្ជូនគ្រួសារទៅរកសេវាកម្មសំខាន់ៗដែលពួកគេត្រូវការ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងករណីឌីជីថល «Primero» ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២០ ដើម្បីជួយសម្រួលដល់បុគ្គលិកសេវាសង្គមកិច្ចក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពកាន់តែប្រសើរ និងទាន់ពេលវេលាដល់កុមារ និងគ្រួសាររបស់ពួកគេ ។

ជំរុញវប្បធម៌អហិង្សា អត់ឱន និង​ការថែរក្សាគ្រួសារ

រួមជាមួយសហគមន៍ យើងបានពន្លឿនការលុបបំបាត់ទង្វើគ្រោះថ្នាក់ចាក់ស្រេះនានាដូចជា អាពាហ៍ពិពាហ៍កុមារ និងបានដោះស្រាយបញ្ហាបទដ្ឋានសង្គម វប្បធម៌ និងយេនឌ័រដែលចាក់ឫសយ៉ាងជ្រៅ ដែលបង្កឱ្យមានអំពើហិង្សា ការរើសអើង និងបំបែកបំបាក់កុមារពីគ្រួសាររបស់ពួកគេ។ យើងបានចូលរួមជាមួយឪពុកម្តាយ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងមេដឹកនាំសាសនា ទាំងតាមប្រព័ន្ធអនឡាញ និងនៅក្នុងសហគមន៍ ដើម្បីពង្រឹងសមត្ថភាព និងជម្រុញឲ្យពួកគេអនុវត្តការចិញ្ចឹមកូនបែបវិជ្ជមាន និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបរិយាកាសគ្រួសារដែលមានស្ថិរភាព ។ ពីឆ្នាំ ២០១៩ ដល់ ២០២៤ ឪពុកម្តាយ អ្នកថែទាំ និងសមាជិកសហគមន៍ជាង ១១៨.០០០ នាក់ រួមទាំងព្រះសង្ឃជិត ១.៥០០ អង្គ បានចូលរួមផ្សព្វផ្សាយតាមរយៈកម្មវិធីតាមទីវត្តអារាម។ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងនៅតាមវត្ត និងសហគមន៍របស់ពួកគេអំពីវិធីសាស្ត្រក្នុងការទប់ស្កាត់អំពើហិង្សា។

ការធានាថា កុមារត្រូវបានការពារក្នុងអំឡុងពេលមានវិបត្តិអាកាសធាតុ

យូនីសេហ្វ កំពុងធ្វើការដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកសេវាសង្គមសម្រាប់កិច្ចគាំពារកុមារ ដើម្បីឱ្យពួកគេអាចទប់ទល់ និងឆ្លើយតបទៅនឹងហានិភ័យនានាលើកុមារ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ហានិភ័យទាំងនេះរួមមាន ការធ្វើចំណាកស្រុកទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន អាពាហ៍ពិពាហ៍កុមារ និងអំពើហិង្សាផ្អែកលើយេនឌ័រ ។

ជំរុញការចូលរួមរបស់ក្មេងជំទង់ និងយុវជន​ដើម្បីផ្សព្វផ្សាយសិទ្ធិកុមារ និងជួយ​លុបបំបាត់ទង្វើគ្រោះថ្នាក់

យូនីសេហ្វ ប្រចាំនៅកម្ពុជា កំពុងសហការជាមួយបណ្តាញយុវជននៅទូទាំងប្រទេស ដើម្បីជំរុញការចូលរួមរបស់កុមារ និងយុវជននៅក្នុងការរៀបចំបង្កើត និងផ្តល់សេវាដែលផ្តោតលើកុមារជាចម្បង។ គោលដៅ គឺដើម្បីប្រឈមមុខនឹងបទដ្ឋានវប្បធម៌ និងសង្គមទាំងឡាយណាដែលជាដើមចមនៃទង្វើគ្រោះថ្នាក់នានា។ តាមរយៈគំនិតផ្តួចផ្តើមរបស់យើង យើងផ្តល់អាទិភាពដល់ការស្តាប់សំឡេងរបស់ពួកគេ ដោយធានាថាទស្សនវិស័យ សេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ពួកគេ ត្រូវបានបំពេញនៅក្នុងកម្មវិធីរបស់យើង។ តាមរយៈការចូលរួមរបស់យុវជន យើងមានគោលដៅកសាងប្រព័ន្ធមួយឆ្លើយតបរហ័ស និងប្រកបដោយបរិយាបន្ន ដែលអាចដោះស្រាយបញ្ហាប្រឈមជាក់លាក់ដែលពួកគេជួបប្រទះ។ លើសពីនេះ យើងក៏ផ្តល់ភាពអង់អាចដល់ពួកគេដើម្បីក្លាយជាអ្នកដឹកនាំនៅក្នុងសហគមន៍របស់ពួកគេ និងជាអ្នកតស៊ូមតិដើម្បីសិទ្ធិ និងសុខុមាលភាពផ្ទាល់ខ្លួនផងដែរ។

បង្កើតសម្ព័ន្ធភាពជាមួយវិស័យឯកជន

យើងធ្វើការជាដៃគូជាមួយវិស័យឯកជន រួមទាំងក្រុមហ៊ុនទូរគមនាគមន៍ ព្រមទាំងសហការជាមួយជនមានឥទ្ធិពលនៅក្នុងសង្គម និងសិល្បករ ដើម្បីសាយភាយពីសកម្មភាពរបស់យើង។ ដោយមានការគាំទ្រពីក្រុមហ៊ុន មេតា (Meta) និងក្រុមហ៊ុនក្នុងវិស័យឌីជីថល យុទ្ធនាការតាមប្រព័ន្ធឌីជីថល ដើម្បីទប់ស្កាត់ និងការពារក្មេងជំទង់កម្ពុជាពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ រហូតមកដល់ពេលនេះ បានសាយភាយដល់អ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៦ លាននាក់។ ដើម្បីធានាសុវត្ថិភាព និងបទពិសោធន៍វិជ្ជមានសម្រាប់កុមារគ្រប់រូបនៅពេលប្រើប្រាស់អ៊ីនធឺណិត គោលការណ៍ណែនាំស្តីពី​កិច្ចគាំពារកុមារតាមប្រព័ន្ធអនឡាញសម្រាប់ឧស្សាហកម្ម​ឌីជីថល ត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០២៣។ គោលការណ៍នេះលើកទឹកចិត្តឱ្យឧស្សាហកម្មនានានៅក្នុងវិស័យនេះ ទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រោះថ្នាក់ក្នុងពេលបច្ចុប្បន្ន និងគ្រោះថ្នាក់ដែលកំពុងកើតឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យា។


  1. Cambodia Demographic Health Survey (CDHS), 2021–2022
  2. MoSVY Digital Inspection System, 2024
  3. CDHS, 2021–2022
  4. CDHS, 2021–2022
  5. CDHS, 2021–2022
  6. Disrupting Harm in Cambodia, 2022
  7. CDHS, 2021–2022