រាជរដ្ឋាភិបាលកម្ពុជា និងដៃគូគាំទ្រការអប់រំប្រកបគុណភាព នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញពីជំងឺរាតត្បាតកូវីដ

- Available in:
- English
- Khmer
ខេត្តកំពង់ឆ្នាំង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមដំណើរដោយដៃគូអភិឌ្ឍន៍នៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III) បានចូលរួមអបអរសាទរការបើកសាលារៀនទ្បើងវិញនៅក្នុងខេត្តកំពង់ឆ្នាំង និងពិនិត្យមើលនូវការប្រើប្រាស់សម្ភារសិក្សាតាមផ្ទះ ដែលកំពុងត្រូវបានចែកចាយទៅដល់សិស្សានុសិស្សកម្ពុជា ថ្នាក់ទី១ និងទី២ ចំនួន ៧៦០.១៨០ នាក់នៅតាមសាលារដ្ឋ។ ដៃគូនានារួមមានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអ៊ែត (SIDA) និងតំណាងនាយិកាមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។
គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅសាលារៀនមួយនៅខេត្តកំពង់ឆ្នាំង ដែលទើបតែបានបើកឱ្យសិស្សចូលរៀនឡើងវិញនាពេលថ្មីៗនេះ។ ក្រុមគណៈប្រតិភូបានជួបជាមួយនាយកសាលា និងគ្រូបង្រៀននៅសាលាបឋមសិក្សា ប៊ុន រានី ហ៊ុន សែន រមាស នៅក្នុងឃុំអភិវឌ្ឍន៍ និងបានទទួលការអញ្ជើញឱ្យសង្កេតមើលសិស្សានុសិស្សក្មេងៗកំពុងរៀនសូត្រដោយប្រើប្រាស់កញ្ចប់សម្ភារសិក្សាទាំងនោះ។ គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយគ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារ អំពីវឌ្ឍនភាពនៃការបើកសាលារៀនឡើងវិញ និងវិធីដែលពួកគេប្រើប្រាស់កញ្ចប់សម្ភារសិក្សានៅតាមផ្ទះសម្រាប់គាំទ្រកុមារក្នុងការរៀនបំប៉នបន្ថែម ឱ្យតាមទាន់ការរៀនសូត្រទាំងនៅសាលារៀន និងទាំងនៅផ្ទះ។
កញ្ចប់សម្ភារសិក្សាតាមផ្ទះ ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡាជាមួយនឹងការផ្ដល់មូលនិធិពីដៃគូ CDPF ដើម្បីគាំទ្រដល់ការរៀនសូត្រនៅក្នុងអំឡុងពេលនៃការបិទសាលារៀន និងនៅខណៈដែលសាលារៀនចាប់ផ្ដើមបើកឡើងវិញ។ កញ្ចប់សិក្សាតាមផ្ទះនេះរួមមានសម្ភារស្វ័យសិក្សាដែលសមស្របទៅតាមអាយុ ដើម្បីជួយពង្រឹងការអាន ការសរសេរ ការប្រកប និងគណិតវិទ្យា ដែលសុទ្ធតែសម្ភារជួយបំពេញបន្ថែមទៅដល់កម្មវិធីសិក្សាថ្នាក់ទី១ និងថ្នាក់ទី២ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ព័ត៌មានស្ដីពី វិធីសាស្រ្តដែលឪពុកម្ដាយអាចជួយដល់ការរៀនសូត្ររបស់កូនខ្លួន និងការពារពួកគេពីជំងឺកូវីដ-១៩ ក៏ត្រូវបានបញ្ចូលទៅក្នុងថង់ប្រើប្រាស់ឡើងវិញដែលមិនមានផលប៉ះពាល់បរិស្ថាន រួមជាមួយនឹងសាប៊ូមួយដុំផងដែរ។

បើទោះជាសាលារៀនភាគច្រើននៅកម្ពុជា បានបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា
ឆ្នាំ២០២១ ក្ដី សាលារៀនជាច្រើនកំពុងប្រើប្រាស់អភិក្រមរួមបញ្ចូលគ្នានូវការរៀនសូត្រនៅសាលារៀន និងការរៀនសូត្រតាមផ្ទះ។ កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ អាចប្រើប្រាស់បានទាំងនៅក្នុងថ្នាក់រៀន និងនៅផ្ទះ ជាមួយការគាំទ្រពីសំណាក់គ្រូបង្រៀន ឬឪពុកម្ដាយ។ សម្ភារសិក្សាតាមផ្ទះនឹងជួយសិស្សានុសិស្ស
ថ្នាក់ទី១ និងថ្នាក់ទី២ ឱ្យរៀនទាន់នូវកម្មវិធីសិក្សានានា ដែលពួកគេមិនបានរៀនក្នុងរយៈពេលប៉ុន្មានខែកន្លងមក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ក្នុងពេលដែលប្រទេសកំពុងងើបឡើងវិញពីជំងឺរាតត្បាតជំងឺកូវីដ-១៩ និងសាលារៀនបានបើកឡើងវិញ ការអប់រំកុមារតូច គឺជាអាទិភាពចម្បងរបស់យើង។ សម្ភារសិក្សាតាមផ្ទះនេះ នឹងធានាថា កុមារអាចរៀនសូត្រប្រកបដោយប្រសិទ្ធភាព។ យើងសូមថ្លែងអំណរគុណដល់ដៃគូដ៏មានតម្លៃនានា ដូចជា SIDA, USAID, យូនីសេហ្វ ភាពជាដៃគូសកលសម្រាប់វិស័យអប់រំ (GPE) និងសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់ក្រសួង ដើម្បីជួយគាំទ្រដល់សិស្សានុសិស្សនៅក្នុងគ្រាដ៏លំបាកនេះ។ សម្ភារទាំងនេះគឺជាភស្តុតាងចុងក្រោយបំផុតនៃកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅក្នុងរយៈពេលវែងរវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនានា”។
លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ជំនួសមុខឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិកថា “សិទ្ធិទទួលបានការអប់រំ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ សម្ភារសិក្សាទាំងនេះ គាំទ្រយ៉ាងខ្លាំងក្លាចំពោះការស្ដារឡើងវិញនៅក្រោយការរាតត្បាតពីជំងឺកូវីដ។ សម្ភារទាំងនេះ គឺជាភស្តុតាងបន្ថែម បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមប្រទេសអឺរ៉ុប ក្នុងការប្រឆាំងនឹងជំងឺរាតត្បាត”។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការអប់រំរបស់កុមារ គឺជាគន្លឹះឈានទៅរកការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេស ហេតុនេះយើងពិតជារីករាយខ្លាំងណាស់ ដោយឃើញសាលារៀនបើកឡើងវិញម្ដងទៀត។ យើងនឹងបន្តកិច្ចសហការជាមួយក្រសួងអប់រំ និងដៃគូមូលនិធិ CDPF ទាំងអស់ ដើម្បីជួយកុមារ ជាពិសេសកុមារងាយរងគ្រោះបំផុត ក្នុងការបំពេញទ្បើងវិញនូវការសិក្សា ដែលពួកគេបានបាត់បង់នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ កិច្ចការនេះរួមមានគំនិតផ្ដួចផ្ដើមសំខាន់ៗ ដូចជាការផ្តាល់កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ។ យើងក៏នឹងគាំទ្រក្រសួងអប់រំយុវជន និងកីឡា នៅក្នុងការតាមដានត្រួតពិនិត្យការអនុវត្តវិធានការបង្ការ រួមទាំងតាមរយៈការបង្កលក្ខណៈសម្រាប់ការចូលរួមរបស់គ្រូបង្រៀន ឪពុកម្ដាយ និងសហគមន៍ ដើម្បីឱ្យសាលារៀនបន្តប្រតិបត្តិការដោយសុវត្ថិភាព”។
លោកស្រី ហាន ង្វៀន នាយិកាបេសកកម្មរង USAID ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “USAID គឺជាអ្នកគាំទ្រក្នុងរយៈពេលជាយូរមកហើយ និងប្រកបដោយមោទនភាពចំពោះប្រជាជនកម្ពុជា។ កិច្ចសហការរបស់យើងជាមួយដៃគូចម្រុះដែលមានវត្តមាននៅថ្ងៃនេះ រួមទាំងលោកគ្រូ អ្នកគ្រូបឋមសិក្សា និងសិស្សានុសិស្សកម្ពុជាប្រកបដោយការតាំងចិត្តខ្ពស់ គឺជាភស្តុតាងនៃការគាំទ្ររបស់យើង។ USAID ជឿជាក់ថា ក្រុមការងារប្រកបដោយការតាំងចិត្តខ្ពស់ ដែលកំពុងចែករំលែកចំណេះ និងជំនាញបច្ចេកទេសរបស់ពួកគេ អាចផលិតនូវលទ្ធផលយ៉ាងរឹងមាំ ដែលផ្តល់នូវគុណប្រយោជន៍ដល់មនុស្សជាច្រើន។ សម្ភារ ដែលត្រូវបានបែងចែកនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយអ្នកជំនាញអប់រំកម្ពុជា មន្រ្តីជំនាញរបស់ក្រសួង អ្នកនិពន្ធនៅក្នុងប្រទេស និងវិចិត្រករ។ សម្ភារទាំងនេះដើរតួនាទីជាធនធានយ៉ាងមានតម្លៃ សម្រាប់សាលារៀន និងសហគមន៍ មិនត្រឹមតែក្នុងអំឡុងនៃការរំខានពីជំងឺកូវីដ-១៩ ប៉ុណ្ណោះឡើយ ប៉ុន្តែសម្រាប់សិស្សជំនាន់ខាងមុខៗផងដែរ”។

លោក ម៉ាកនុស សេមិនសិន លេខាទីមួយនៃស្ថានទូតស៊ុយអែត បានមានប្រសាសន៍ថា “យើងមានមោទនភាពខ្លាំងណាស់ ដែលអាចចូលរួមជាមួយដៃគូដទៃទៀតនៃមូលនិធិ CDPF របស់យើង ដើម្បីគាំទ្រក្រសួងអប់រំ យុវជន និងកីឡាក្នុងការកាត់បន្ថយផលប៉ះពាល់នានាពីការបិទសាលារៀន ទៅលើការរៀនសូត្រនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ការបាត់បង់ការរៀនសូត្រសម្រាប់សិស្សានុសិស្សនៅកម្ពុជាមានទំហំធំធេងណាស់ បើទោះបីជាមានការឆ្លើយតបប្រកបដោយនវានុត្តន៍ និងការឆ្លើយតបបែប
ឌីជីថលជាបន្ទាន់របស់ក្រសួងអប់រំ យុវជន និងកីឡា បានជួយកាត់បន្ថយការបាត់បង់ទាំងនោះក្ដី។ កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ គឺជាអន្តរាគមន៍យ៉ាងសំខាន់មួយទៀត ដែលនឹងផ្តល់គុណប្រយោជន៍រយៈពេលវែងទៅលើការអាន និងការរៀនសូត្រ”។
សាវតា៖
មូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍន៍សមត្ថភាពវិសយ័អប់រំ (CDPF) គឺជាភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។ តាមរយៈយន្តការប្រមូលផ្ដុំថវិការួមគ្នា CDPF ផ្ដល់ការគាំទ្រដល់ការអនុវត្តសកម្មភាពអាទិភាពអភិវឌ្ឍន៍សមត្ថភាពសម្រាប់វិស័យអប់រំ។ CDPF បានឈានចូលដល់ដំណាក់កាលទីបីកាលពីឆ្នាំ២០១៨ ដែលនឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងទឹកប្រាក់សរុបប្រមាណ ៣២លានដុល្លារ។ ដំណាក់កាលថ្មីនេះផ្អែកតាមជោគជ័យនៅក្នុងដំណាក់កាលទាំង២មុនៗដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០១១ មក។
CDPF បានបន្តគាំទ្រក្រសួងអប់រំ យុវជន និងកីឡានៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ រួមទាំងតាមរយៈការបែងចែកសម្ភារអនាម័យនៅក្នុងឆ្នាំ២០២០ ទៅដល់សាលារៀនទាំងអស់ សម្ភារផ្សព្វផ្សាយសមស្រប ការរៀបចំសម្ភាររៀនសូត្រជាបន្តបន្ទាប់ និងគម្រោងកសាងសមត្ថភាពដទៃទៀត។
អំពីសហភាពអឺរ៉ុប៖
សហភាពអឺរ៉ុប គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយនៃបណ្តាប្រទេសអឺរ៉ុបចំនួន២៧។ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់កម្ពុជា ហើយរួមជាមួយនឹងរដ្ឋជាសមាជិករបស់ខ្លួន ក៏ជាដៃគូអភិវឌ្ឍន៍ដ៏ធំជាងគេ ក្នុងចំណោមដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសកម្ពុជា។
សហភាពអឺរ៉ុប គឺជាអ្នករួមវិភាគទានធំបំផុតចំពោះវិស័យអប់រំនៅកម្ពុជា។ សហភាពអឺរ៉ុប និងរដ្ឋសមាជិក វិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់វិស័យអប់រំច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោករួមបញ្ចូលគ្នា។ សូមបន្តទទួលបានព័ត៌មានអំពីប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពជានៅលើ Facebook.
អំពី USAID /កម្ពុជា
ដោយគ្របដណ្ដប់ទៅដល់រាជធានីខេត្តទាំង ២៥ របស់ប្រទេសកម្ពុជា USAID ធ្វើការងារជាមួយដៃគូកម្ពុជា និងអន្តរជាតិក្នុងការអនុវត្តកម្រងកម្មវិធីជាច្រើន ដែលផ្ដល់ផលអត្ថប្រយោជន៍ទៅដល់ពលរដ្ឋកម្ពុជាទាំងអស់។ ការងាររបស់យើងផ្ដោតលើការពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការពង្រឹងវិស័យសុខាភិបាល និងអាហារូបត្ថម្ភ ការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍកុមារ ការបង្កើនផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង ការអភិរក្សព្រៃឈើ និងជម្រាលទឹកភ្លៀង និងការជួយ កសិករ និងគ្រួសារក្នុងការបន្ស៊ាំខ្លួន និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះថ្នាក់ធម្មជាតិ។
ប្រទេសស៊ុយអែតនៅកម្ពុជា
ប្រទេសស៊ុយអែត បាននឹងកំពុងគាំទ្រការអភិវឌ្ឍរបស់កម្ពុជា អស់ជាច្រើនទសវត្សមកហើយ ជាពិសេស វិស័យអប់រំនៅគ្រប់កម្រិត។ គោលបំណងចម្បងនៃការគាំទ្ររបស់ស៊ុយអែត គឺដើម្បីរួមចំណែកបង្កើនការយល់ដឹង និងការគោរពសិទ្ធិមនុស្ស គាំទ្រដំណើរការប្រជាធិបតេយ្យ និងការចូលរួមយ៉ាងសកម្មរបស់ពលរដ្ឋនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងលើកកម្ពស់នីតិរដ្ឋ។ សម្រាប់ព័ត៌មានបន្ថែមអំពី ការងាររបស់ប្រទេសស៊ុយអែតនៅកម្ពុជា សូមចូលទៅកាន់ Facebook និង Twitter
អំពីដៃគូសកលសម្រាប់វិស័យអប់រំ
ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) គឺជាការប្តេជ្ញាចិត្តរួមដើម្បីបញ្ចប់វិបត្តិការសិក្សារបស់ពិភពលោក។ យើងកៀរគរដៃគូ និងមូលនិធិ មកគាំទ្រប្រទេសមានចំណូលទាបចំនួន៧៦ ក្នុងគោលបំណងកែលមុ្អប្រព័ន្ធអប់រំ ដើម្បីឱ្យកុមារី និងកុមារាគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយគុណភាពដែលពួកគេត្រូវការ សម្រាប់ឈានទៅសម្រេចសក្តានុពលពេញលេញរបស់ខ្លួន និងចូលរួមចំណែកកសាងពិភពលោកឱ្យល្អប្រសើរជាងមុន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន កីទ្បា
ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦ ឬសារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com - អ្នកស្រី ប៉ុក ពូន មន្ត្រីព័ត៌មាន ប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ៖ (+៨៥៥) ១២ ៣៤៧ ៧១៦ ឬសារអេឡិកត្រូនិក៖ Pok.POUN@eeas.europa.eu
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
មាតិកាពហុព័ត៌មាន
About UNICEF
យូនីសេហ្វនៅកម្ពុជា បំពេញការងារដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខមាលភាពសម្រាប់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយគាំទ្រការសម្រេចនូវសក្ដានុពលពួកគេចាប់ពីវ័យកុមារតូច រហូតដល់ក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារយូនីសេហ្វដើម្បីកុមារ
សូមចូលទៅកាន់គេហទំព័រ www.unicef.org.kh ឬតាមរយៈ Twitter និង Facebook។