សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យូនីសេហ្វ ផលិតវីដេអូចម្រៀងថ្មីជាមួយសិល្បករកម្ពុជា កេសរ និង រ៉ក់ស្ស៊ី ដើម្បីលើកកម្ពស់សិទ្ធិកុមារ

26 មករា 2026
Embedded video follows

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ – យូនីសេហ្វ បានបញ្ចេញវីដេអូចម្រៀងមួយ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនៃការអប់រំ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាតាមរយៈវប្បធម៌។ បទចម្រៀងដែលមានចំណងជើងថា «ទំពាំងស្នងឫស្សី» ត្រូវបានផលិតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសិល្បៈ ភ្លើងគប់ និងមានការចូលរួមពីសិល្បករដ៏ល្បីល្បាញគឺ កញ្ញា កេសរ និង កញ្ញា រ៉ក់ស្ស៊ី។​ “ទំពាំងស្នងឫស្សី” គឺជាបទចម្រៀងលើកទឹកចិត្ត ដែលអំពាវនាវឱ្យមានការអប់រំសម្រាប់ទាំងអស់គ្នា ការការពារកុមារ ការស្តាប់តម្រូវការរបស់ពួកគេ និងការបន្ទរសំឡេងរបស់ពួកគេឱ្យកាន់តែទូលំទូលាយ។

បទចម្រៀង​ «ទំពាំងស្នងឫស្សី» ជាបទដែលសាទរថាមពល និងភាពធន់របស់កុមារ ហើយអត្ថន័យនៃបទចម្រៀងនេះ លើកទឹកចិត្តឱ្យកុមារហ៊ានមានក្តីស្រមៃធំ និងបន្តការសិក្សារបស់ពួកគេ ព្រមទាំងជំរុញឱ្យមនុស្សធំយកចិត្តទុកដាក់ចំពោះកុមារ បញ្ចប់អំពើហិង្សា និងការរើសអើង។ វីដេអូចម្រៀងនេះ បង្ហាញពីទិដ្ឋភាពដ៏រស់រវើករបស់កុមារ ភាពសប្បាយរីករាយ គំនិតច្នៃប្រឌិត និងការរួបរួមគ្នា ដែលពង្រឹងសាររបស់យូនីសេហ្វថា កុមារគ្រប់រូបសមនឹងទទួលបានអារម្មណ៍ថាមានសុវត្ថិភាព បិរយាបន្ន និងការគាំទ្រ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «តាមរយៈបទចម្រៀងនេះ យើងចង់ផ្តល់ក្តីសង្ឃឹមដល់កុមារ និងយុវជនគ្រប់រូប ទោះបីជាពួកគេស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ យើងចង់ឱ្យពួកគេដឹងថា យើងតែងតែនៅក្បែរដើម្បីស្តាប់ពួកគេ ព្រោះសំឡេងរបស់ពួកគេពិតជាមានតម្លៃ ហើយរាល់ក្តីស្រមៃរបស់ពួកគេ គឺសមនឹងទទួលបានការយកចិត្តទុកដាក់បំផុត។ សម្រាប់ឪពុកម្តាយ​ អាណាព្យាបាល និងមនុស្សពេញវ័យទាំងអស់នៅទូទាំងប្រទេស យើងសង្ឃឹមថា បទចម្រៀងនេះនឹងបំផុសគំនិតឱ្យពួកគេចេះស្តាប់ និងយល់ថា យើងទាំងអស់គ្នាមានតួនាទីក្នុងការគាំទ្រ និងជម្រុញកុមារ និងបណ្តុះសក្តានុពលរបស់ពួកគេ។ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនៃការអប់រំ សូមយើងរួបរួមគ្នា និងធ្វើសកម្មភាពដើម្បីគាំទ្រសិទ្ធិរបស់កុមារគ្រប់រូប។» 

ទោះបីជាកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សិទ្ធិកុមារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែឧបសគ្គជាច្រើននៅតែបន្តរារាំងកុមារ មិនឱ្យទទួលបានការរីកចម្រើនពេញលេញ ទាំងផ្នែកសុខុមាលភាព សុវត្ថិភាព និងឱកាសក្នុងការសម្រេចបាននូវសក្តានុពលពិតប្រាកដរបស់ពួកគេ។ ក្នុងចំណោមកុមារដែលមានអាយុចូលរៀនចំនួន ៣លាននាក់ កុមារ និងក្មេងជំទង់ចំនួន ៣០០.០០០នាក់ មិនបានចូលរៀនក្នុងឆ្នាំ ២០២៣1 ហើយជិតពីរភាគបី (៦១ ភាគរយ) នៃកុមារដែលមានពិការភាពក្នុងវ័យបឋមសិក្សា មិនបានចូលរៀនក្នុងឆ្នាំ ២០២៤2។ ពីរភាគបី (៦៦ ភាគរយ) នៃកុមារអាយុ ១-១៤ឆ្នាំ ធ្លាប់ទទួលរងការដាក់វិន័យដោយហិង្សា3។ កុមារ និងយុវជននៅកម្ពុជា ក៏កំពុងទទួលរងនូវបន្ទុកកាន់តែខ្លាំងឡើងពីផលប៉ះពាល់នៃបញ្ហាប្រឈមថ្មីៗ និងមិនធ្លាប់មានពីមុនមក ដូចជាការប្រែប្រួលអាកាសធាតុ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ ជម្លោះ និងការផ្លាស់ទីលំនៅ រួមទាំងអ្នកដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមព្រំដែននាពេលថ្មីៗនេះ ដែលបណ្តាលឱ្យកុមាររាប់ពាន់នាក់ត្រូវចាកចេញពីលំនៅដ្ឋាន និងប្រឈមនឹងហានិភ័យ។

កញ្ញា កេសរ ដែលគេស្គាល់ថាជាតារាចម្រៀងឈានមុខ និងជាសហស្ថាបនិកនៃមហោស្រពសិល្បៈបុណ្យភូមិ គឺជាអ្នកតស៊ូមតិដ៏សកម្មមួយរូបចំពោះតន្ត្រីស្នាដៃដើមរបស់កម្ពុជា និងវប្បធម៌យុវជន។ កញ្ញាបាននិយាយថា៖ «កុមារជាច្រើននៅកម្ពុជា ជាពិសេសអ្នកដែលភៀសសឹក ឬ បែកបាក់គ្រួសារអំឡុងពេលវិបត្តិព្រំដែន កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងភាពភ័យខ្លាច។ នៅពេលដែលខ្ញុំថតបទចម្រៀងនេះ ខ្ញុំចង់ឱ្យកុមារគ្រប់រូបទទួលបានអារម្មណ៍ថា ពួកគេត្រូវបានការពារ គាំទ្រ និងមិននៅម្នាក់ឯងឡើយ។ កុមារគ្រប់រូបសមនឹងទទួលបានសុវត្ថិភាព ការអប់រំ និងឱកាសក្នុងការស្រមៃ មិនថាពួកគេមកពីទីណា ឬ ប្រឈមមុខនឹងការលំបាកអ្វីនោះទេ។»

កញ្ញា រ៉ក់ស្ស៊ី តារាចម្រៀងរ៉េបដ៏លេចធ្លោដែលទទួលបានភាពល្បីល្បាញពីកម្មវិធី ‘The Rapper Cambodia’ តាមរយៈការនិពន្ធរៀបរាប់រឿងរ៉ាវប្រកបដោយមនោសញ្ចេតនា និងអត្ថន័យបទចម្រៀងដ៏រណ្តំ បានបន្ថែមថា៖ «មូលហេតុដែលខ្ញុំចូលរួមផលិតវីដេអូចម្រៀងនេះ ដោយសារខ្ញុំចង់ឲ្យកុមារដែលត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ឬ រងផលប៉ះពាល់ដោយវិបត្តិព្រំដែនដឹងថា ប្រទេសជាតិនៅជាមួយពួកគេ។ តន្ត្រីអាចរំលឹកពួកគេថា ពួកគេមានសារៈសំខាន់ អនាគតរបស់ពួកគេមានតម្លៃ ហើយសិទ្ធិរបស់ពួកគេក្នុងការរៀនសូត្រ ការមានអារម្មណ៍សុវត្ថិភាព និងការលូតលាស់ ត្រូវតែចាត់ទុកជាអាទិភាព។ ខ្ញុំសង្ឃឹមថា បទចម្រៀងនេះផ្តល់ឱ្យកុមារគ្រប់រូបនូវភាពក្លាហាន និងភាពជឿជាក់លើថ្ងៃស្អែកដ៏ភ្លឺស្វាង។»

លោកបណ្ឌិត វីល ផាកស៍ បានបន្ថែមថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា កេសរ និង កញ្ញា រ៉ក់ស្ស៊ី ដែលបានប្រើប្រាស់ទេពកោសល្យតន្ត្រីរបស់ពួកគេដើម្បីលើកកម្ពស់សិទ្ធិកុមារ។ តាមរយៈការប្តេជ្ញាចិត្ត និងគំនិតច្នៃប្រឌិត ពួកគេបានអង្រន់បេះដូង អារម្មណ៍ បំផុសគំនិតកុមារ និងយុវជន និងជួយជម្រុញចលករសម្រាប់បុព្វហេតុសិទ្ធិកុមារ។»

សូមទស្សនាវីដេអូចម្រៀងនៅទីនេះ៖ បទ ទំពាំងស្នងឫស្សី

 

### 

អំពីភ្លើងគប់

ភ្លើងគប់ គឺជាក្រុមហ៊ុនបង្កើតភាពច្នៃប្រឌិតដែលមានមូលដ្ឋានយ៉ាងរឹងមាំលើអត្តសញ្ញាណវប្បធម៌ សំឡេងយុវជន របស់ប្រទេសកម្ពុជា។ ភ្លើងគប់លើកកម្ពស់ការបង្កើតរូបភាព រឿងរ៉ាវកម្ពុជា តាមរយៈ ការផលិត ផ្សព្វផ្សាយ និងសហការ ដើម្បីបំផុសគំនិត ផ្តល់កំលាំងថាមពល មោទនភាព ក្តីសង្ឃឹម និងនុវានុវត្តគំនិតមនុស្ស។ 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

អំពីយូនីសេហ្វ

យូនីសេហ្វ បំពេញការងារនៅតាមតំបន់ដែលជួបការលំបាកបំផុតមួយចំនួននៅលើពិភពលោក ដើម្បីទៅដល់កុមារដែលជួបការលំបាកបំផុតក្នុងលោក។ នៅទូទាំងជាង ១៩០ ប្រទេស យើងធ្វើការដើម្បីកុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដ៏ល្អប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh 

Follow UNICEF in Cambodia on Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok