យូនីសេហ្វ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន អំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីវិនិយោគបន្ថែមទៀតលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេសកម្ពុជា

ទស្សនៈរបស់យូនីសេហ្វ (UNICEF) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅក្នុងប្រទេសកម្ពុជា

10 តុលា 2023
© UNICEF Cambodia/2015/Giacomo Pirozzi
UNICEF Cambodia/2015/Giacomo Pirozzi

ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំនេះ ជាមួយនឹងប្រធានបទ សុខភាពផ្លូវចិត្ត គឺជាសិទ្ធិ​មនុស្ស​​សកលយើងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់កុមារ ក្មេងជំទង់ និងយុវជននៅកម្ពុជា ។ ជំងឺរាតត្បាតជាសកលកូវីដ-១៩ បានធ្វើឱ្យសុខភាពផ្លូវចិត្តក្លាយជាបញ្ហាសកលមួយ ដោយបង្ហាញពីវិបត្តិមួយដែលពិភពលោកមិនធ្លាប់មានពីមុនមក ។ ជំងឺរាតត្បាតជាកលនេះ គឺគ្រាន់តែជាដុំតូចមួយនៃផ្ទាំងទឹកកកតែប៉ុណ្ណោះ ។ យោងតាមយូនីសេហ្វ ក្មេងជំទង់ម្នាក់ក្នុងចំណោម ៧ នាក់ ដែលមានអាយុពី ១០ ទៅ ១៩ ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្ត ។ នៅទូទាំងសកលលោក អត្តឃាតគឺជាមូលហេតុនាំមុខគេទីបួននៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ ឆ្នាំ ។[1]

យូនីសេហ្វ និង UNFPA ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលប្តេជ្ញាយ៉ាងពេញលេញដើម្បីផ្តល់ការថែទាំសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ដល់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេសនេះ ។ ទោះជាយ៉ាងណាក៏ដោយ វិបត្តិផ្លូវចិត្ត ឬការថប់បារម្ភ មិនគួរជាបញ្ហាសុខភាពសាធារណៈតែមួយនោះទេ ប៉ុន្តែគួរតែត្រូវបានគេទទួលស្គាល់ថា ជាក្តីបារម្ភរបស់សង្គមមួយផងដែរ ។ ​វិបត្តិ​នេះបានបង្កផលប៉ះពាល់​យ៉ាងធំធេងបំផុតមកលើ​កុមារ ក្មេង​ជំទង់ និង​យុវជន ដែលគេ​មិន​ធ្លាប់បានជួបប្រទះនាពេលកន្លង​មក ។

នៅក្នុងឆ្នាំ ២០២២ មនុស្សយ៉ាងតិច ៨៧៣ នាក់ បានស្លាប់ដោយសារការធ្វើអត្តឃាត[2] ដែលភាគច្រើនមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ ។ ប្រជាជន​កម្ពុជា​ប្រមាណ​កន្លះ​លាន​នាក់ ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​បាក់​ទឹកចិត្ត ឬ​ការ​ថប់​បារម្ភ ដែល​ជា​កត្តា​រួម​ចំណែក​ដ៏ធំចំពោះ​ការ​ធ្វើ​អត្តឃាត[3] ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ ប្រមាណ ៥៨ ភាគរយនៃសិស្សនៅថ្នាក់មធ្យមសិក្សា បានរាយការណ៍ឱ្យដឹងថា បានទទួលរងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់ចំនួនមួយករណី បន្ទាប់ពីមានការបិទសាលាយ៉ាងយូរដោយសារតែជំងឺកូវីដ-១៩ ។[4]

ជំងឺរាតត្បាតជាសកលនេះ បានធ្វើឱ្យគ្រួសារជិតកន្លះលានធ្លាក់ខ្លួនក្នុងភាពក្រីក្រ[5] ដោយធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ ហើយករណីរំលោភបំពាន និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រកើនឡើងកាន់តែច្រើន ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺកុមារ និងក្មេងជំទង់ប្រមាណ ៤០% បានទទួលរងអំពើហិង្សា និងការបំពានផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការរំលោភបំពានផ្លូវភេទ និងការគំរាមកំហែងផងដែរ ។[6]

ដូចកុមារជាច្រើនក្នុងពិភពលោកដែរ ក្មេងជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃក៏ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ផងដែរ ដោយសារតែវិបត្តិអាកាសធាតុដែលមនុស្សជំនាន់មុនបន្សល់ទុកឱ្យពួកគេ ដែលអាចធ្វើឱ្យពួកគេគ្មានទីពឹង ឬងាយរងគ្រោះ ។

ជំងឺរាតត្បាតជាសកលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព​ផ្លូវចិត្ត ប៉ុន្តែ​ក៏បានជួយបំបែកភាពស្ងៀមស្ងាត់ផងដែរ

យើងបានចូលរួមក្នុងកិច្ចសន្ទនានេះ ។ កាលពីឆ្នាំកន្លងទៅ យូនីសេហ្វ និង UNFPA បានវិនិយោគលើវេទិកាឌីជីថល និងទូរសព្ទចល័ត ដើម្បីបង្កើតកាលានុវត្តភាពបន្ថែមទៀតសម្រាប់កិច្ចសន្ទនា និងផ្តល់ព័ត៌មានអំពីសុខភាពផ្លូវចិត្ត ក៏ដូចជាមធ្យោបាយសម្រាប់ស្វែងរកការគាំទ្រ ។ UNFPA រួមជាមួយនឹងអាជ្ញាធរជាតិ បានដាក់ឱ្យអនុវត្តកម្មវិធីទូរសព្ទចល័ត
សុខភាពយុវជន (Youth Health mobile App) ដើម្បីផ្សារភ្ជាប់ក្មេងវ័យជំទង់និងយុវជនទៅនឹងការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ ដោយអនុញ្ញាតឱ្យពួកគេទទួលបានព័ត៌មាន និងសេវាប្រឹក្សាតាមបណ្តាញទូរសព្ទជំនួយ ២៤ ម៉ោងក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃ ។ យូនីសេហ្វ បានចាប់ផ្តើមធ្វើយុទ្ធនាការ #IFeelBetterWhen ដោយបានគ្របដណ្តប់លើយុវជន និងក្មេងជំទង់ប្រមាណ ១,៤ លាននាក់ ជាមួយនឹងការណែនាំតាមប្រព័ន្ធអនឡាញដើម្បីជួយដោះស្រាយបញ្ហាថប់បារម្ភ ។

យើងបានចាត់វិធានការ ។ នៅតាមសាលារៀន យូនីសេហ្វ និង UNFPA បានចូលរួមយ៉ាងសកម្មក្នុងការអប់រំបំណិនជីវិត ដែលជួយសិស្សទទួលបានសុខភាពផ្លូវចិត្តវិជ្ជមាន បង្កើតបន្ទប់សុខភាពនៅក្នុងសាលាដែលអាចផ្តល់សេវាថែទាំ និងបណ្តុះបណ្តាលអ្នកអប់រំ ដែលជាយុវជន ។ លើសពីនេះទៀត យើងសហការជាមួយស្ថាប័នជាតិ ដើម្បីផ្តល់ការគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម (MHPSS) នៅក្នុងសេវាសាធារណៈ និងគំនិតផ្តួចផ្តើមស្តីពីការចិញ្ចឹមកូន ដែលគាំទ្រសេវាសាធារណៈតាមរយៈការផ្តល់ប្រឹក្សាដល់ឪពុកម្តាយ និងអ្នកថែទាំ ។

កម្ពុជាកំពុងតែជំរុញធនធានមនុស្ស និងការអភិវឌ្ឍរបស់ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ (២០២៤-២០២៨) ដែលផ្តល់ទិសដៅដល់ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDCF ២០២៤-២០២៨) ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចបានគោលដៅប្រកបដោយមហិច្ឆតាជាច្រើនរបស់ប្រទេសនេះ នឹងមានការពិបាក ប្រសិនបើមិនមានការសម្រេចបានសិទ្ធិកុមារ និងយុវជន រួមទាំង
ការវិនិយោគលើការពង្រីកសេវាថែទាំសុខភាពផ្លូវចិត្ត ដែលចាំបាច់នៅទូទាំងប្រទេសទេនោះ ។ ជំនាន់មួយដែលមិនអាចទទួលបានការគាំទ្រដែលចាំបាច់ នឹងក្លាយជាជំនាន់ដែលបាត់បង់សក្តានុពល ។ 

ការវិភាគនាពេលថ្មីៗនេះ បានរកឃើញថា អត្ថប្រយោជន៍សេដ្ឋកិច្ចនៃការវិនិយោគនៅក្នុងអន្តរាគមន៍គាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម (MHPSS) គឺលើសពីការចំណាយលើការអនុវត្ត[7] ។ សម្រាប់រាល់ប្រាក់ ១ ដុល្លារអាមេរិក ដែលវិនិយោគលើការអប់រំជំនាញសង្គមនិងផ្លូវអារម្មណ៍ គេអាចបញ្ជៀសបាននូវការខាតបង់ប្រាក់ចំណូលពេញមួយជីវិតចំនួន ២២៥ ដុល្លារអាមេរិក[8]

មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ។


យើងសូមអំពាវនាវដល់រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូវិស័យសាធារណៈ និងឯកជន ឱ្យប្តេជ្ញាចិត្ត ផ្សព្វផ្សាយ និងចាត់វិធានការរួមគ្នាដើម្បីគាំទ្រសុខភាពផ្លូវចិត្តឱ្យកាន់តែប្រសើរឡើង និងលើកកម្ពស់សុខុមាលភាពរបស់កុមារ ក្មេងជំទង់ និងអ្នកថែទាំ
ទាំងអស់ ។ យើងត្រូវរួមគ្នាចាត់វិធានការចំនួនប្រាំជាបន្ទាន់ ៖

  1. បំបែកភាពស្ងៀមស្ងាត់ជុំវិញបញ្ហាសុខភាពផ្លូវចិត្ត, ប្រយុទ្ធប្រឆាំងការមាក់ងាយ និងផ្តល់អំណាចដល់សហគមន៍ ដែលមានការយល់ដឹង និងសមត្ថភាពកាន់តែប្រសើរក្នុងការនិយាយអំពីសុខភាពផ្លូវចិត្តនៅផ្ទះ នៅសាលារៀន នៅកន្លែងធ្វើការ និងនៅគ្រប់វេទិកា និងការពិភាក្សាទាំងអស់ ។ យើងត្រូវលើកកម្ពស់សុខភាពផ្លូវចិត្តតាមរយៈការអប់រំ និងក្រុមគាំទ្រមិត្ត គាំទ្រយុទ្ធនាការផ្សព្វផ្សាយនៅសហគមន៍ ប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយធំៗ ដើម្បីផ្តួចផ្តើមកិច្ចសន្ទនា និងផ្តល់ព័ត៌មាន និងការណែនាំល្អៗអំពីរបៀបដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និងវិធីស្វែងរកការគាំទ្រ ។
  2. ផ្តល់ឲ្យកុមារ ក្មេងជំទង់ យុវជន និងអ្នកថែទាំ ទទួលបានការគាំទ្រប្រកបដោយគុណភាព និងទាន់ពេលវេលា នៅគ្រប់ពេល និងគ្រប់ទីកន្លែងដែលពួកគេត្រូវការ តាមរយៈការវិនិយោគសាធារណៈ និងឯកជនជាបន្ទាន់ក្នុងសេវាគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម និងបុគ្គលិកនៅគ្រប់វិស័យ ជាពិសេសសុខាភិបាល អប់រំ កិច្ចការពារកុមារ និងកិច្ចគាំពារសង្គម ។ កម្មវិធី និង
    សេវាកម្មដែលមានស្រាប់សម្រាប់សុខភាពផ្លូវចិត្ត ចាំបាច់ត្រូវតែពង្រីកដោយមានការសម្របសម្រួលល្អរវាងវិស័យ
    សាធារណៈ និងឯកជន ។ សេវាគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម ត្រូវរួមបញ្ចូលទៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា រួមទាំងសេវាថែទាំសុខភាពមាតា និងទារកទូទាំងប្រទេស និងតំបន់​ដាច់ស្រយាល និង​ជនបទ ដើម្បី​ធានា​ថា​គ្មាន​នរណា​ម្នាក់​ត្រូវបានគេទុកចោលឡើយ។ សេវាកម្មគាំទ្រតាមតម្រូវការ និងគ្រប់ជ្រុងជ្រោយគួរតែមានសម្រាប់ក្រុមងាយរងគ្រោះនានា រួមទាំងជនមានពិការភាព ជនជាតិភាគតិច ជនចំណាកស្រុក ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) និងជនរងគ្រោះដោយការរំលោភបំពាន និងអំពើហិង្សា ផងដែរ ។
  3. លើកទឹកចិត្តសហគមន៍ និងក្រុមគ្រួសារឱ្យចូលរួមក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពផ្លូវចិត្ត តាមរយៈកម្មវិធីចិញ្ចឹមកូនដែលផ្តល់ដល់អ្នកថែទាំនូវឧបករណ៍ដែលពួកគេត្រូវការដើម្បីគាំទ្រខ្លួនឯង និងកូនរបស់ពួកគេ ការអប់រំបំណិនជីវិតដែលជួយក្មេងជំទង់កសាងភាពធន់ផ្នែកផ្លូវអារម្មណ៍ និងមធ្យោបាយសម្រាប់ការចូលរួមយ៉ាងសកម្ម និងប្រកបដោយអត្ថន័យនៅក្នុងការគាំទ្រផ្លូវចិត្តនិងចិត្តសង្គម ។  
  4. បង្កើតទិន្នន័យបន្ថែម និងធ្វើការស្រាវជ្រាវបន្ថែមទៀតលើការគាំទ្រផ្លូវចិត្តនិងចិត្តសង្គម ដើម្បីជំរុញការអភិវឌ្ឍគោលនយោបាយជាបន្ត និងការសម្រេចចិត្តវិនិយោគ ។
  5. ពង្រីកការទទួលបានការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ព័ត៌មានដល់យុវជនកាន់តែច្រើនថែមទៀត អំពីធនធានអប់រំ និងសេវាសុខភាពផ្លូវចិត្ត ។

ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះទេ យើងបំផ្លាញឱកាសរបស់មនុស្សជំនាន់ក្រោយក្នុងការសិក្សា អភិវឌ្ឍ កសាងទំនាក់ទំនងប្រកបដោយអត្ថន័យ និងរួមចំណែកដល់ពិភពលោក ។ ហើយនៅពេលយើងមិនយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់ឪពុកម្តាយ និងអ្នកថែទាំទេនោះ មានន័យថា យើងមិនបានជួយពួកគេក្នុងការចិញ្ចឹមបីបាច់ និងថែទាំកូនរបស់ពួកគេឱ្យអស់ពីសមត្ថភាពរបស់ពួកគេឡើយ ។

សុខភាពផ្លូវចិត្តគឺជាសិទ្ធិមនុស្សសកលមួយ ហើយវាក៏ជាសិទ្ធិរបស់កុមារសកលផងដែរ ដែលគាំទ្រដល់ការគោរពតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ។ ចូរយើងស្រមៃមើលប្រទេសកម្ពុជា ដែលក្នុងនោះសុខភាពផ្លូវចិត្ត គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងអនាគតដ៏ត្រចះត្រចង់មួយ ។ ការ​បញ្ចេញ​សក្ដានុពល​របស់​យុវជន​កម្ពុជា ​មាន​ន័យ​ថាជា​ការលើកស្ទួយ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​របស់​ពួកគេ ។ ហើយកាលណា​ចិត្តយើងរីក​ចម្រើន ប្រទេសជាតិយើង​ក៏​រីកចម្រើន​ដែរ​។

 

ពេលវេលាដែលត្រូវចាត់វិធានការរួមគ្នាគឺ ឥឡូវនេះ ។


[1] The State of the World’s Children Report, UNICEF, 2021.

[4] Joint assessment, Ministry of Education, Youth and Sport, Education sector Working Group, UNICEF, 2021.

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
ចាន់ ទី
មន្ត្រីទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: tchan@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook