ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥”

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និង ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ ”ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥” តាមរយៈកម្មវិធីអនឡាញ ZOOM។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់វិស័យកិច្ចការពារកុមារ អ្នកធ្វើការពាក់ព័ន្ធ ជាពិសេសសម្រាប់កុមារ និងយុវជនគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការការពារសុវត្ថិភាពកាន់តែប្រសើរ នៅពេលកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប នាយុគ្គសម័យឌីជីថលនេះ ។
ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល និងកំពុងបង្កហានិភ័យដល់កុមារគួរព្រួយបារម្ភ ។ នាឆ្នាំ ២០២០ របាយការណ៍របស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួននិងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិក បានបង្ហាញពីចំនួនករណីនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញដែលកើនឡើងដល់ជាង ២១.៧លាន ករណី ក្នុងនោះ ជនល្មើសភាគច្រើនជាមនុស្សដែលកុមារមិនស្គាល់។ ទន្ទឹមគ្នានេះ របាយការណ៍របស់សមាគមន៍បណ្តាញរាយការណ៍បន្ទាន់អន្តរជាតិ (INHOPE) ឆ្នាំ២០២០ បានបង្ហាញថា ៧៦% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទមានអាយុពី ៣ ទៅ ១៣ឆ្នាំ ១%ជាកុមារមានអាយុពី ០ ទៅ ២ឆ្នាំ និង ៩៣% ជាក្មេងស្រី ។
ដោយឡែក នៅកម្ពុជា មិនទាន់មានទិន្នន័យផ្លូវការជាក់លាក់បញ្ជាក់ពីទំហំនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ នៅឡើយទេ ប៉ុន្តែតាមរយៈការរាយការណ៍ពីសាធារណៈជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធើណិត (Internet Hotline) ជាមធ្យម មានចំនួនរាយការណ៍ជាង ១៥០ករណី ក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាព- សម្ភារអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទ ជាដើម។ យោងតាមការសិក្សាស្រាវជ្រាស្តីពីការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅកម្ពុជា ឆ្នាំ២០២០ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានដឹកនាំ និងសម្របសម្រួល ប្រមាណ ៦០% នៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេតត្រូវបានរាយការណ៍ថា ធ្លាប់បានជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត ដូចជាការលួងលោមក្នុងគោលបំណងផ្លូវភេទ និងការបង្ខំផ្ញើរូបអាក្រាតរបស់កុមារជាដើម។
ឆ្លើយតបនឹងបញ្ហាខាងលើ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ នៅក្នុងបរិបទនៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) និងកំណើននៃការប្រើប្រាស់ កម្ពុជាបានបោះជំហានទៅមុខក្នុងការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងខិតខំប្រឹងប្រែង ធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពអ៊ីនធឺណិត ដើម្បីផ្តល់បិរយាកាសឌីជីថលវិជ្ជមាន និងប្រកបដោយសុវត្តិភាព ដល់អ្នកប្រើប្រាស់ ជាពិសេសកុមារ ដែលជាអ្នកប្រើប្រាស់យ៉ាងសកម្ម រួមទាំងការប្រើប្រាស់សម្រាប់ការសិក្សាអប់រំរបស់ពួកគេទាំងនៅទីក្រុង និងទីជនបទ ដែលធ្វើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មានមួយនេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ការទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។ ក្រោមការឆ្លើយតបជាសកល រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍សកម្មភាពសកល)WePROTECT) ដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃ ជាអ្នកសម្របសម្រួល។ សេចក្តីថ្លែងការណ៍សកម្មភាពសកលនេះបានបង្កើតយន្តការឆ្លើយតបថ្នាក់ជាតិគំរូ (MNR) ដែលកម្ពុជាបានទទួលយកមកបញ្ចូលក្នុងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥នេះ។ កម្ពុជាក៏បានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ (PathFinding Country) កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ និងបានរៀបចំផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដែលបានលើកទឹកចិត្តមានសកម្មភាពទប់ស្កាត់អំពើហិង្សា និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ផងដែរ។ លើសពីលើនេះទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអនុម័តសេចក្តីថ្លែងការណ៍រួមរបស់សមាគមន៍អាស៊ាន នាកិច្ចប្រជុំកំពូលនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងអំពាវនាវរដ្ឋជាសមាជិកអាស៊ានទាំងអស់ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវ័ញ្ច និងរំលោភបំពានតាមប្រព័ន្ធអនឡាញ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ដោយមានការឧបត្ថម្ភថវិកា និងបច្ចេកទេសពីអង្គការដែនដីមនុស្ស-ហូឡង់ដ៍ (Terre des Homme Netherlands) អង្គការសកម្មភាពដើម្បីកុមារ (APLE) ។ ផែនការសកម្មភាពនេះគឺជាការចូលរួមចំណែកដ៏ធំ បង្ហាញអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង ជាពិសេស ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារកុមារពីគ្រោះថ្នាក់ និងការកេងប្រវ័ញ្ចគ្រប់រូបភាពមកលើកុមារ។ ផែនការនេះបានកំណត់នូវគោលដៅយុទ្ធសាស្រ្តសំខាន់ៗ រួមមាន៖
- ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងអភិបាលកិច្ច
- លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ
- លើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ
- ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ
- ពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត
- បង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ មានសារៈសំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជដ្ឋាភិបាលសំដៅ៖
- ការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ រួមទាំងការពារផលប្រយោជន៍របស់ជនរងគ្រោះ សហគមន៍ និងសង្គម
- បង្កើននូវការអប់រំ ទប់ស្កាត់ និងកាត់បន្ថយនូវភាពអសកម្ម ឆ្លើយតបទៅនឹងវិធានការនានា ដែល រាជរដ្ឋាភិបាល រួមជាមួយគ្រួសារ សហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ក្នុងការអភិវឌ្ឍអនីតិជនឱ្យក្លាយជាពលរដ្ឋល្អ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ
- បង្កើនកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការនីតិប្រតិបត្តិ និងតុលាការ ក្នុងការដោះស្រាយបញ្ហាអនីតិជនឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិកុមារ
- បំពេញកាតព្វកិច្ចជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័នអន្តរជាតិផ្សេងៗ ក្នុងការការពារសិទ្ធិកុមារ។
ផែនការសកម្មភាពនេះ ក៏បានរួមបញ្ចូលនូវភាគីពាក់ព័ន្ធ ស្ថាប័នពហុជំនាញដែលទទួលខុសត្រូវលើកិច្ចការការពារកុមារលើប្រព័ន្ធអនទ្បាញ ដែលមានដូចជាសង្គមស៊ីវិល និងវិស័យឯកជន ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា “ពិធីប្រកាសជាផ្លូវការនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសតួអង្គ យុត្តិធម៌ព្រហ្មទណ្ឌ អ្នកអនុវត្តន៍ច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ទទួលយកផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ មកអនុវត្ត ដោយផ្សារភ្ជាប់និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងស្ថាប័នសាម៉ី។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។ ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតមានការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។”
លោកស្រី ហ្សូអ៊ី ឌឺ ម៉ែលទ្បូ អ្នកគ្រប់គ្រងគម្រោងប្រចាំកម្ពុជារបស់អង្គការ Terre des Hommes Netherlands បានមានប្រសាសន៍ថា “អង្គការ Terre des Hommes Netherlands មានមោទកភាពយ៉ាងខ្លាំងក្នុងការជួយគាំទ្រក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចាប់តាំងពីចាប់ផ្តើមដំបូង រហូតមកដល់ការអនុម័តលើផែនការសកម្មភាព OCSE នេះ។ ដោយសារភាពស្មុគស្មាញនៃការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត និងការគិតគូរពីបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាថ្មីៗដើម្បីកំណត់ រាយការណ៍ និងស៊ើបអង្កេតការរំលោភបំពានទាំងនោះ វាយទាមទារយើងមាននូវការឆ្លើយតបច្បាស់លាស់ មួយ។ ផែនការសកម្មភាពជាតិដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា គឺជាជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងគោលបំណងរបស់យើងទាំងអស់គ្នា បង្កើតនូវការប្រើប្រាស់អ៊ីនធឺណិតប្រកដោយសុវត្ថិភាពសម្រាប់កុមារ។”
លោក ចាទ្បាក់ អាប់ឌុលវ៉ាហាប់ នាយកស្តីទីយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យូនីសេហ្វជឿជាក់យ៉ាងម៉ុតមាំទៅលើសារៈសំខាន់នៃកិច្ចសហការគ្នា ដើម្បីបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ និងការកេងប្រវ័ញ្ច ការរំលោភបំពាន ហើយយូនីសេហ្វសង្ឃឹមថានឹងបន្តធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ស្ថាប័នអង្គការសហប្រជាជាតិដទៃទៀត វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល តំណាងក្មេងជំទង់ និងយុវជនដែលមានវត្តមាននៅថ្ងៃនេះ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវចម្រើនវ័យជាមួយនឹងការរំលោភបំពាន និងភាពភ័យខ្លាចទ្បើយ ទោះនៅលើប្រព័ន្ធអនទ្បាញ ឬក្រៅប្រព័ន្ធនេះក៏ដោយ។ យើងអាចសម្រេចនូវគោលដៅនេះបានតាមរយៈការធ្វើការរួមគ្នា ដើម្បីពន្លឿននូវការអនុវត្តផែនការសកម្មភាពទាំងពីររបស់ប្រទេសកម្ពុជា គឺផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១ និងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥។”
ចំនួនថវិកាប៉ាន់ស្មានសម្រាប់អនុវត្តផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញគឺប្រមាណជាង ៣,៨លានដុល្លារអាមេរិក សម្រាប់រយៈពេលជាង៥ឆ្នាំ ដែលគ្របដណ្តប់ទៅលើវិស័យយុទ្ធសាស្រ្តទាំង៦។ ថវិកាចំនួន ៣៦ភាគរយ គឺជាថវិកាផ្តល់ដោយរាជរដ្ឋាភិបាល និងថវិកា ៦៤ភាគរយទៀត គឺជាការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា។
កម្មវិធីដាក់ប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាព OCSE នេះគឺបានប្រព្រឹត្តទៅតាមរយៈអនទ្បាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមទាំងមានការចូលរួមប្រមាណជាង៥០០នាក់ ដែលអញ្ជើញមកពី៖ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា អគ្គព្រះរាជអាជ្ញានៃមហាអ្យការអមសាលាឧទ្ធរណ៍ សមាជិក សមាជិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ, សាលាបណ្ឌិតសភានគរបាលកម្ពុជា អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ចៅក្រម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ត និងគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងតំណាងកុមារ។
សម្រាប់ព័ត៌មានសូមទាក់ទង៖
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក)
លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង
សារអេឡិកត្រូនិក៖ sambathsokunthea@gmail.com ទូរសព្ទចល័ត៖ (+៨៥៥) ១២ ៩៨៩ ១៥៦
អង្គការ Terre des Hommes Netherlands
លោកស្រី ហ្សូអ៊ី ឌឺ ម៉ែលទ្បូ អ្នកគ្រប់គ្រងគម្រោង និងជាតំណាងប្រចាំកម្ពុជា
សារអេឡិកត្រូនិក៖ z.demelo@tdh.nl ទូរសព្ទចល័ត៖ (+៨៥៥) ៩២ ២១១ ២៦០
យូនីសេហ្វប្រចាំកម្ពុជា
លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង
សារអេឡិកត្រូនិក៖ bmeas@unicef.org ទូរសព្ទចល័ត៖ (+៨៥៥) ១២ ៧៣៣ ៩០៩
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.