សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ទិវាកុមារពិភពលោក​នៅខេត្តព្រះវិហារអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារ​គ្រប់រូប

21 វិច្ឆិកា 2025
© UNICEF Cambodia/2025/Bunsak But
UNICEF Cambodia/2025/Bunsak But

ខេត្តព្រះវិហារ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ – យូនីសេហ្វ​កំពុងប្រារព្វទិវា​កុមារពិភពលោក​ឆ្នាំ២០២៥ ជាមួយនឹង​បុណ្យភូមិមានជើងរយៈពេលបីថ្ងៃនៅខេត្តព្រះវិហារ។ ដោយរៀបចំរួមគ្នាជាមួយ​អាជ្ញាធរខេត្ត និងបណ្ដាញយុវជនមកពី ភ្លើងគប់ នៅក្រោមមូលបទ “យើងរួមគ្នា​ដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ” ព្រឹត្តិការណ៍​នេះមានបំណង​នាំយក​កិច្ចគាំទ្រ ឱកាសរៀនសូត្រ​ និង​ភាពសះស្បើយ​មកជូនសហគមន៍នានា ដែលរងផលប៉ះពាល់ពី​វិបត្តិនាពេលថ្មីៗ​នៅព្រំដែនកម្ពុជា។ 

ទិវាកុមារពិភពលោក គឺជាទិវាសកលនៃសកម្មភាពដើម្បីកុមារ និងធ្វើឡើងដោយកុមារ ព្រមទាំងគូសបញ្ជាក់​នូវ​ពិធីគម្រប់ខួប​អនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន​នៅឆ្នាំ១៩៩២។ ឆ្នាំនេះ យូនីសេហ្វ​​កំពុងនាំមកនូវល្បែងកម្សាន្ត និងសកម្មភាពបែបអប់រំ ដែលបង្រៀន​កុមារ​ និងយុវជន​អំពីសិទ្ធិកុមារ ការរត់ចម្ងាយប្រាំមួយគីឡូម៉ែត្រ “រត់ដើម្បីសន្តិភាព រត់​ដើម្បីកុមារ” ជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ​ ព្រមទាំងឱកាស​ភាពជាអ្នកដឹកនាំ​សម្រាប់យុវជន​ចំនួន ជាង​ ១០០នាក់ ដែលនឹងសម្របសម្រួលព្រឹត្តិការណ៍នេះ។ 

“កុមារគ្រប់រូបសមនឹងទទួលបាន​កិច្ចការពារ កុមារគ្រប់រូបសមនឹងទទួលបាន​សន្តិភាព” នេះជាសម្ដីរបស់បណ្ឌិត វីល ផាកស៍ ​នាយកយូនីសេហ្វប្រចាំកម្ពុជា។ “ឆ្នាំនេះ កុមារ និងគ្រួសារ​នៅខេត្តព្រះវិហារ​បានប្រឈមមុខ​នឹង​ផលរំខាន និងការលំបាកពុំធ្លាប់មានពីមុនមក ដែលបន្ត​មានផលប៉ះពាល់អវិជ្ជមាន​លើ​សុខុមាលភាព​ផ្លូវចិត្ត និងជីវភាពរស់នៅរបស់ពួកគេ។ យើងសង្ឃឹមថា ព្រឹត្តិការណ៍​នេះ​នឹងនាំមកនូវឱកាស ក្ដីសង្ឃឹម និងអារម្មណ៍​ប្រក្រតីភាព​ជូនដល់​សហគមន៍រងផលប៉ះពាល់។” 

គាត់បានបន្ថែមទៀតថា “ទិវាកុមារពិភពលោក​ ក៏ជាពេលវេលា​ ដើម្បីបញ្ជាក់សារជាថ្មី​អំពី​ការប្ដេជ្ញាចិត្តរបស់យើង​ចំពោះ​សិទ្ធិកុមារផងដែរ។ នៅពេលនេះ លើសពីពេលណាទាំងអស់ យើងត្រូវតែ​រួបរួមគ្នា​ដើម្បីការពារ​កុមារ និងសិទ្ធិរបស់ពួកគេ​នៅក្រោមគ្រប់កាលៈទេសៈទាំងអស់។” 

កុមារនៅក្នុងខេត្តព្រះវិហារ​បានប្រឈមមុខនឹង​ការគំរាមកំហែងជាច្រើន និងពុំធ្លាប់មានពីមុនមក ​ចំពោះសិទ្ធិរបស់ពួកគេ។ នៅខែកក្កដា ឆ្នាំ២០២៥ ប្រជាជនជាង ១៧០.០០០នាក់​នៅខេត្តបួនរបស់ប្រទេសកម្ពុជា រួមទាំងខេត្តព្រះវិហារ បានជម្លៀសចេញពី​ផ្ទះរបស់ពួកគេ បន្ទាប់ពី​ការផ្ទុះអំពើហិង្សា​នៅតាមព្រំដែនកម្ពុជា-ថៃ។ សេវាចាំបាច់នានា​ ដូចជា​ការទទួលបាន​ការថែទាំសុខភាព ការបន្តការរៀនសូត្រ អនាម័យ និង​ជម្រកសុវត្ថិភាព​ ត្រូវបានទទួលរងការកាត់សង្វាក់យ៉ាងធ្ងន់ធ្ងរ។ 

កុមារនៅខេត្តព្រះវិហារ​ក៏ស្ថិតនៅក្នុងចំណោមកុមារងាយរងគ្រោះបំផុត​នៅទូទាំងប្រទេសផងដែរ។ កុមារ អាយុក្រោមប្រាំឆ្នាំចំនួនលើសពីម្នាក់ក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំបួននាក់ (២៦ភាគរយ) ​មានភាពក្រិសក្រិន ដែលខ្ពស់​ជាងចំនួនជាមធ្យមថ្នាក់ជាតិ1។ ខេត្តនេះមាន​អត្រាមរណភាពកុមារកម្រិតខ្ពស់ជាងគេលំដាប់ទីបី​នៅកម្ពុជា2​។ កុមារអាយុ១ ទៅ ១៤ឆ្នាំចំនួនប្រមាណ ៨៤ភាគរយ​ជួបប្រទះនឹង​ការដាក់វិន័យបែបហិង្សា​នៅផ្ទះ3។ កុមារជាង ៧០.០០០នាក់​ប្រឈមមុខនឹង​ហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំង​ពី​គ្រោះអាសន្ន​ និងគ្រោះមហន្តរាយអាកាសធាតុ4។ 

ដើម្បីលើកកម្ពស់​សន្តិភាព និងសិទ្ធិកុមារ ព្រឹត្តិការណ៍​នេះនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកាជាមួយនឹង​ “ការរត់​ដើម្បីសន្តិភាព-​ការរត់ដើម្បីកុមារ” ចម្ងាយប្រាំមួយគីឡូម៉ែត្រជុំវិញរមណីយដ្ឋាន​ប្រាសាទកោះកេរ ដែលតំបន់ប្រាសាទប្រវត្តិសាស្រ្ត និងសម្បត្តិបេតិកភណ្ឌ​ពិភពលោកមួយ​របស់យូណេស្កូ។ បន្ទាប់ពីការរត់នេះ នឹងមាន​ការជួបជុំគ្នា​របស់អាជ្ញាធរខេត្ត ដៃគូអភិវឌ្ឍ កុមារ និងយុវជននៅក្នុងពិធីប្រកាសបើកដំណើរការជាផ្លូវការ។ 

នៅរវាងថ្ងៃទី២២ និងថ្ងៃទី២៣ ខែវិច្ឆិកា “ភូមិយូនីសេហ្វ” នឹងត្រូវរៀបចំឡើង​នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ដែលកុមារ និងឪពុកម្ដាយ​នឹងចូលរួម​នៅក្នុងការលេងល្បែងកម្សាន្ត និងសកម្មភាពអប់រំនានា​ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ជាមួយនឹងប្រធានបទពាក់ព័ន្ធនឹង​ការប្រែប្រួលអាកាសធាតុ អាហារូបត្ថម្ភដែលមានសុខភាពល្អ សុខភាពផ្លូវចិត្ត ការទប់ស្កាត់អាពាហ៍ពិពាហ៍​កុមារ ការអប់រំ​កុមារតូច សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងប្រធានបទជាច្រើនទៀត។ យុវជន​នឹង​ទទួលបាន​ឱកាស​ដើម្បីបន្លឺសំឡេងរបស់ពួកគេ និងដឹកនាំសកម្មភាព សិក្ខាសាលា និងវគ្គចែករំលែក។  

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

ធនធានបន្ថែម

ពី​អង្គការយូនីសេហ្វ 

អង្គការយូនីសេហ្វធ្វើការងារនៅទីកន្លែងលំបាកបំផុតមួយចំនួន​ ដើម្បីគ្របដណ្ដប់ទៅដល់​កុមារ​ស្ថិតក្នុងស្ថានភាពលំបាកបំផុត​នៅក្នុងពិភពលោក។ យើងធ្វើការងារ​នៅក្នុងប្រទេស និងដែនដីជាង ១៩០ ដើម្បីកុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកកាន់តែល្អមួយ​សម្រាប់មនុស្សគ្រប់រូប​។ 

  សម្រាប់ព័ត៌មានបន្ថែម​អំពី​អង្គការយូនីសេហ្វ និងការងាររបស់អង្គការនេះ​នៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh  

សូមតាមដានអង្គការយូនីសេហ្វ​ប្រចាំកម្ពុជា​នៅ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok