ការប្រារព្ធទិវាកុមារពិភពលោកនៅខេត្ត មណ្ឌលគិរី ពង្រឹងសិទ្ធិអំណាចដល់យុវជន និងជំរុញនូវសកម្មភាពឆ្លើយតបនឹងវិបត្តិអាកាសធាតុ
- English
- Khmer
ខេត្តមណ្ឌលគិរី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ – កុមារ យុវជន អាជ្ញាធរ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍មកពីគ្រប់វិស័យ ព្រមទាំងសិល្បករ សិល្បការនីនានាបានមកជួបជុំគ្នានៅខេត្តមណ្ឌលគិរី ដែលជាខេត្តមួយនៅភាគឦសាននៃប្រទេសកម្ពុជា ដើម្បីអបអរសាទរទិវាកុមារពិភពលោក និងរំលឹកខួបនៃការអនុម័តអនុសញ្ញាស្តីពីសិទ្ធិកុមារ។
នៅឆ្នាំនេះ យូនីសេហ្វប្រចាំកម្ពុជា មានគោលបំណងបន្តលើកកម្ពស់ការចូលរួម និងសំឡេងរបស់កុមារ និងយុវជនក្នុងនាមជាអ្នកតស៊ូមតិគាំទ្រសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា។ ដោយចាប់ដៃគូជាមួយក្រុមយុវជន ភ្លើងគប់ យូនីសេហ្វធ្វើការសហការរៀបចំកម្មវិធី បុណ្យភូមិមានជើង ដែលជាព្រឹត្តិការណ៍រយៈពេលបីថ្ងៃដែលដឹកនាំដោយយុវជន ផ្តោតលើការបន្សាំនឹងវិបត្តិអាកាសធាតុ និងការថែរក្សាបរិស្ថាន។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរទិវាកុមារពិភពលោក នៅសាលាបឋមសិក្សាពូលូង និងដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តថា «ពួកយើងមកជួបជុំគ្នានៅទីនេះក្នុងខេត្តមណ្ឌលគិរី ដើម្បីអបអរសាទរនូវកិច្ចខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យរបស់កុមារ និងយុវជននៅ កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះក៏ជាថ្ងៃរំលឹកយើងអំពីបញ្ហាប្រឈមពិបាកៗ ដែលកុមារនៅតំបន់ដាច់ស្រយាលកំពុងប្រឈមមុខ ដែលមិនបានទទួលបានសេវាសំខាន់ៗ និងកាន់តែងាយរងគ្រោះទៅនឹងផលប៉ះពាល់ដែលបំផ្លិចបំផ្លាញ និងគំរាមកំហែងដល់អាយុជីវិតពីបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងកម្រិតមិនសមាមាត្រគ្នា។»
ថ្វីបើប្រទេសកម្ពុជាបានសម្រេចនូវសមិទ្ធផលគួរជាទីមោទនភាព ក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែបន្តកើតមាន ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាខេត្តមណ្ឌលគិរីជាដើម។ កុមារជាច្រើននៅក្នុងខេត្តនេះប្រឈមនឹងវិសមភាពសំខាន់ៗ និងកង្វះខាតជាច្រើន។ ជិតមួយភាគបី (២៩ ភាគរយ) នៃកុមារអាយុក្រោម ៥ ឆ្នាំមានជំងឺក្រេះក្រិន ហើយកុមារប្រហែល ១ នាក់ក្នុងចំណោម ១០ នាក់ (១១ ភាគរយ) នៅខេត្តមណ្ឌលគិរី មិនទាន់បានទទួលថ្នាំបង្ការណាមួយទេ ដែលលើសពីមធ្យមភាគជាតិ ៣ ភាគរយ។ គួរឱ្យព្រួយបារម្ភ មួយភាគបីនៃស្ត្រីដែលមានអាយុចន្លោះពី ២០-២៤ ឆ្នាំ បានរៀបការមុនពេលពួកគេមានអាយុ ១៨ ឆ្នាំ ដែលជាអត្រាខ្ពស់បំផុតទីពីរនៅក្នុងប្រទេស។[1]
កុមារនៅក្នុងខេត្តមណ្ឌលគិរីក៏កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយសារកំណើននៃការបំពុលអាការធាតុ និងបរិស្ថានដែលមិនអាចស្មានទុកមុន ដែលបង្កផលប៉ះពាល់ក្នុងកម្រិតមិនសមាមាត្រគ្នាទៅលើសុខុមាលភាពរបស់កុមារ។ យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ សម្រាប់ប្រទេសកម្ពុជា នាពេលថ្មីៗនេះ ៩២% នៃចំនួនប្រជាជនដែលមានអាយុក្រោម ១៨ ឆ្នាំ គឺមានភាពងាយរងគ្រោះខ្លាំង ឬខ្លាំងខ្ពស់ ចំពោះគ្រោះថ្នាក់ ការតក់ស្លុត និងភាពតានតឹងពីបញ្ហាអាកាសធាតុ និងបរិស្ថាន ដោយសារពួកគេមានកម្រិតក្នុងការទទួលបានសេវាសង្គមសំខាន់ៗ។
ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ អ្នកស្ម័គ្រចិត្តវ័យក្មេងជាង ១០០ នាក់នឹងដឹកនាំការរៀបចំព្រឹត្តិការណ៍ បុណ្យភូមិមានជើង នៅភូមិជនជាតិដើមភាគតិច នៃខេត្តមណ្ឌលគិរី។ យុវជន រួមទាំងអ្នកដែលមកពីជនជាតិដើមភាគតិច នឹងធ្វើសិក្ខាសាលាស្តីពីសិទ្ធិកុមារ ការបន្ស៊ាំនឹងវិបត្តិអាកាសធាតុ សុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ និងបំណិនជីវិតសំខាន់ៗផ្សេងទៀត។ នៅថ្ងៃសៅរ៍ ទី ២៣ ខែវិច្ឆិកា សិល្បករល្បីៗជាច្រើនដូចជា កញ្ញា ឆាឆា អ្នកនាង មិន ចេនី កញ្ញា កេសរ កញ្ញា ស៊ីន យូប៊ីន នាយ ពាក់មី អ្នកនាង ម៉េង កែវពេជ្ជតា កញ្ញា កេសរ កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា រ៉ក់ស៊្សី និងតារាល្បីៗជាច្រើនទៀតនឹងសម្តែងនៅទីតាំងដំរីដែក ក្រុងសែនមនោរម្យ ដើម្បីអបអរនូវសិទ្ធិកុមារ និងលើកទឹកចិត្តយុវជន។
លោកបណ្ឌិត វីល ផាកស៍ មានប្រសាសន៍ថា «ខណៈយើងកំពុងប្រារព្ធពិធីនេះក្នុងពេលកុមារស្ថិតក្នុងស្ថានភាពទាំងអស់នេះក៏ដោយ ខ្ញុំសូមចែករំលែកនូវសារនៃក្ដីសង្ឃឹម។ តាមរយៈការពង្រឹងសិទ្ធិអំណាចដល់យុវជន និងកុមារឱ្យក្លាយជាអ្នកដឹកនាំ និងធ្វើសកម្មភាពទប់ទល់នឹងបញ្ហាដែលជះឥទ្ធិពលដល់ជីវិត សហគមន៍ និងអនាគតរបស់ពួកគេ យើងទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ពីសក្ដានុពលដ៏ធំធេងរបស់ពួកគេ ដែលជាកត្តាជំរុញធ្វើឲ្យសង្គមមានភាពរីកចម្រើន»។
លោកវេជ្ជបណ្ឌិត ក៏បានសង្កត់ធ្ងន់ទៀតថា «នាទិវាកុមារពិភពលោកនេះ សូមយើងទាំងអស់លើកទឹកចិត្តអ្នកដឹកនាំវ័យក្មេងទាំងនេះ ដើម្បីកសាងអនាគតកាន់តែល្អប្រសើរ និងប្រកបដោយភាពធន់សម្រាប់កុមារ និងប្រទេសកម្ពុជាទាំងមូល»។
ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានសហគមន៍ជនជាតិដើមភាគតិចពូនងចំនួនច្រើន ហើយកម្មវិធីអប់រំពហុភាសាបានដើរតួនាទីយ៉ាងសំខាន់។ តាមរយៈការបង្រៀនកុមារជាភាសាកំណើតរបស់ពួកគេជាមួយនឹងភាសាខ្មែរ កម្មវិធីនេះធានាថា កុមារអភិវឌ្ឍជំនាញអក្ខរកម្មមូលដ្ឋាន ខណៈពេលដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ពួកគេសម្រាប់អនាគតដ៏ត្រចះត្រចង់។
កុមារី ភា ម៉ានី ជាសិស្សថ្នាក់ទី ៦ក រៀននៅសាលាបឋមសិក្សាពូលូង បាននិយាយថា «ទិវាកុមារពិភពលោក គឺជាថ្ងៃសម្រាប់កុមារដូចជារូបខ្ញុំ ដែលរំលឹកពីសិទ្ធិរបស់កុមារទាំងអស់ សិទ្ធិទទួលបានការអប់រំ ការរីកលូតលាស់ និងការថែទាំជាដើម។ ខ្ញុំរីករាយណាស់ ដែលនៅសាលារបស់ខ្ញុំបានបង្រៀនខ្ញុំទាំងភាសាកំណើតរបស់ខ្ញុំ និងភាសាខ្មែរផងដែរ។ លោកគ្រូ អ្នកគ្រូមានម៉ោងបង្រៀនជាពីរភាសា ដែលជួយឱ្យខ្ញុំ និងមិត្តភក្កិទាំងអស់ស្គាល់ភាសារបស់យើង និងចេះភាសាខ្មែរ។ ការរៀននេះធ្វើឱ្យយើងចេះអាន សរសេរ និងស្តាប់បានល្អ»។
ទិវាកុមារពិភពលោក គឺជាទិវាជាសកល ដើម្បីធ្វើសកម្មភាពគាំទ្រកុមារ និងអនុវត្តដោយកុមារ។ ទិវានេះរំលឹកដល់ការអនុម័តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ ១៩៩២។ យូនីសេហ្វ និងដៃគូរបស់ខ្លួនសូមអំពាវនាវឱ្យមានការរួបរួមគ្នាមួយ ដែលគ្មានកុមារណាម្នាក់ត្រូវបានគេទុកចោល សិទ្ធិរបស់ពួកគេត្រូវបានការពារ និងសំឡេងរបស់ពួកគេត្រូវបានគេទទួលស្គាល់ក្នុងការបង្កើតអនាគតមួយដ៏ភ្លឺស្វាង។
[1] ការអង្កេតសុខភាព និងប្រជាសាស្ដ្រកម្ពុជា (CDHS), 2021–2022.
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.