ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការដាក់ឱ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ – ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយ ធ្វើឱ្យប្រសើរទ្បើងនូវការសិក្សារបស់កុមារគ្រប់រូប។
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “ថ្នាលអភិវឌ្ឍសមត្ថភាពនេះ គឺជាជំហាននៃការផ្លាស់ប្តូរមួយ ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាព”។ “តាមរយៈការធ្វើឌីជីថលរូបនីយកម្មការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ យើងកំពុងផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំរបស់យើង ជាមួយនឹងឧបករណ៍ ចំណេះដឹង ជំនាញ និងការគាំទ្រ ដើម្បីជំរុញការសិក្សា និងធ្វើឱ្យប្រសើរទ្បើងនូវលទ្ធផលសិក្សា។ ថ្នាលអភិវឌ្ឍសមត្ថភាពនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ចំពោះនវានុវត្តន៍ សមធម៌ និងឧត្តមភាពក្នុងវិស័យអប់រំ”។
អ្នកជំនាញផ្នែកអប់រំគ្រប់រូបទូទាំងប្រទេស អាចប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំដែលផ្តល់ជូនដល់សិស្សានុសិស្ស។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “នៅពេលដែលយើងគាំទ្រគ្រូបង្រៀន យើងធានាបានថាកុមារគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត អាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ដើម្បីឈានដល់សក្ដានុពលពេញលេញរបស់ពួកគាត់ទាំងនៅក្នុងថ្នាក់រៀន និងក្នុងជីវិត »។ «ថ្នាលអភិវឌ្ឍសមត្ថភាព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ តាមរយៈការកែលម្អគុណភាពអប់រំ និងជំរុញលទ្ធភាពទទួលបានការសិក្សាប្រកបដោយសមធម៌ យើងអាចកសាងប្រព័ន្ធអប់រំមួយដែលមានភាពធន់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា”។
ថ្នាលអភិវឌ្ឍសមត្ថភាពនេះ ដើរតួជាប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយ និងជាមជ្ឈមណ្ឌលសម្រាប់កម្មវិធីបណ្តុះបណ្តាលប្រកបដោយនវានុវត្តន៍ និងការចែករំលែកធនធាន។ ថ្នាលនេះមានគោលបំណងពង្រឹងជំនាញ និងចំណេះដឹងរបស់គ្រូបង្រៀន និងបុគ្គលិកវិស័យអប់រំ តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ និងធនធានសំបូរបែប និងឱកាសសម្រាប់កិច្ចសហការ។
គោលបំណងរបស់ថ្នាលនេះ រួមមាន៖
- ការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀន៖ ផ្តល់ឱកាសអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីបំប៉នគ្រូបង្រៀននូវវិធីសាស្រ្តគរុកោសល្យថ្មីៗ បទពិសោធន៍ និងជំនាញអក្ខរកម្មឌីជីថល
- ការកែលម្អលទ្ធផលសិក្សា៖ ពង្រឹងវិធីសាស្ត្របង្រៀន ដើម្បីធានាបាននូវបទពិសោធន៍សិក្សាដែលកាន់តែទាក់ទាញ ប្រសិទ្ធភាព និងបរិយាបន្នសម្រាប់សិស្សគ្រប់រូប។
- ការជំរុញវប្បធម៌នវានុវត្តន៍៖ លើកទឹកចិត្តគ្រូបង្រៀនឱ្យប្រើប្រាស់វិធីសាស្ត្របង្រៀន និងរៀនប្រកបដោយនវានុវត្តន៍ និងការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងថ្នាក់រៀន។
- ការបង្កើតគន្លងអាជីព៖ ផ្តល់នូវគន្លងអាជីពច្បាស់លាស់សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ និងឱកាសភាពជាអ្នកដឹកនាំនៅក្នុងវិស័យអប់រំ។
- ការពង្រឹងសមត្ថភាព៖ កសាងសមត្ថភាពស្ថាប័ន ដើម្បីរៀបចំ អនុវត្ត និងវាយតម្លៃកម្មវិធីអភិវឌ្ឍគ្រូបង្រៀន ប្រកបដោយប្រសិទ្ធភាព។
ការបង្កើតថ្នាលអភិវឌ្ឍសមត្ថភាពនេះ ទទួលបានថវិកាគាំទ្រពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) សហភាពអឺរ៉ុប (EU) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF-III) ដែលសម្របសម្រួលដោយយូនីសេហ្វប្រចាំនៅកម្ពុជា និងមានការចួលរួមដោយអង្គការអប់រំពិភពលោក ជាផ្នែកមួយនៃវិទ្យស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវ JSI។
ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ សូមអំពាវនាវដល់គ្រូបង្រៀន នាយកសាលា និងបុគ្គលិកអប់រំទូទាំងប្រទេសកម្ពុជា ឱ្យស្វែងយល់ និងចូលរួមប្រើប្រាស់ថ្នាលនេះឱ្យសកម្ម។ ដៃគូអភិវឌ្ឍន៍ ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកផ្តល់មូលនិធិអន្តរជាតិ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអប់រំរបស់កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងដើម្បីចូលទៅកាន់ថ្នាលអភិវឌ្ឍសមត្ថភាពនេះ សូមចូលទៅកាន់៖https://cdp.moeys.gov.kh
សម្រាប់ព័ត៌មានបន្ថែម
អំពីក្រសួងអប់រំ យុវជន និងកីឡា សូមចូលទៅកាន់៖ www.moeys.gov.kh
តាមដានក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ Facebook | Telegram | YouTube | Instagram | TikTok
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល
ក្រសួងអប់រំ យុវជន និងកីឡា
ទូរស័ព្ទ៖ +៨៥៥ ៦៦ ៩០១ ៨០០ អ៊ីមែល៖ [email protected]
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.