កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុ លើកុមារសម្រាប់កម្ពុជាជាលើកដំបូង និងចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី ១៤ មករា ២០២៥ – ថ្ងៃនេះ ក្រសួងបរិស្ថាន សហការជាមួយយូនីសេហ្វ មានមោទកភាពក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា (CCRI) ជាលើកដំបូង។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះគោលនយោបាយអាកាសធាតុដែលផ្តោតលើកុមារ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ព័ត៌មានសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជាផែនទីបង្ហាញផ្លូវបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាពអាទិភាពដែលគិតគូរដល់សុខមាលភាព និងកិច្ចការពារកុមារដែលងាយរងគ្រោះបំផុត ដោយធានាថាការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និងយុវជន។” “ព័ត៌មានទាំងនេះក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពីហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែមពីការគំរាមកំហែងដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។”
CCRI ផ្តល់នូវការវិភាគស៊ីជម្រៅអំពីភាពងាយរងគ្រោះដែលកុមារកំពុងប្រឈមទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ វាគឺជាឧបករណ៍ដែលប្រមូលផ្តុំទិន្នន័យ ការវិភាគស៊ីជម្រៅ និងលម្អិតនៅថ្នាក់ឃុំ ដែលបង្ហាញពីភាពងាយរងគ្រោះរបស់កុមារទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងហានិភ័យបរិស្ថានដែលកុមារកំពុងប្រឈម។ វាបង្ហាញពីហានិភ័យលើសុខភាពកុមារ ការអប់រំ និងកិច្ចការពារកុមារ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់បរិស្ថាន ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត រលកកម្តៅ ខ្យល់កន្ទ្រាក់ និងជំងឺឆ្លងតាមភ្នាក់ងារចម្លងនានា។ ឯកសារសន្ទស្សន៍នេះ ក៏បានផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបាន ដើម្បីពង្រឹងភាពធន់ និងធានាថា កុមារគឺជាស្នូលនៃយុទ្ធសាស្រ្តកាត់បន្ថយ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ យើងប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារមួយ ដែលលើសពីរបាយការណ៍។ សន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា គឺជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីសកម្មភាពរួម ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសកល ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកុមារប្រឈមនឹងហានិភ័យខ្ពស់បំផុតទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈទិន្នន័យស៊ីជម្រៅ និងលម្អិតនៅថ្នាក់ឃុំ របាយការណ៍នេះផ្តល់នូវទិដ្ឋភាពទូលំទូលាយនៃហានិភ័យអាកាសធាតុដែលកុមារកំពុងប្រឈមក្នុងប្រទេសកម្ពុជា។
សន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា៖
- កុមារកម្ពុជាប្រមាណជិត ២លាននាក់ ដែលមានចំនួនច្រើនជាង មួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅក្នុងឃុំដែលមានសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ខ្ពស់ ឬខ្ពស់ខ្លាំង។ ភាគច្រើននៃឃុំទាំងនោះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល។
- ជិតមួយភាគបីនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងគ្រោះរាំងស្ងួត ។
- ជាងពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់។
- ស្ទើរតែពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងជំនន់ទឹកទន្លេ។
- ពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងការបំពុលបរិយាកាស ដែលលើសពីកម្រិតស្តង់ដាដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។
យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ កុមារកម្ពុជាដែលងាយរងគ្រោះបំផុតរស់នៅឃុំនានាក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាប។
កុមារទាំងនេះប្រឈមមុខនឹងហានិភ័យអាកាសធាតុកាន់តែខ្លាំង ដោយសារតែសេវាសង្គមជាមូលដ្ឋានមិនទាន់អាចឆ្លើយតបនឹងតម្រូវការ ជាពិសេសផ្នែកសុខភាពនិងអាហារូបត្ថម្ភ គួបផ្សំនឹងកង្វះខាតផ្នែកជីវភាពនិងការផ្តល់សេវាគាំពារសង្គម ការផ្តល់នូវទឹកស្អាត និងអនាម័យ កិច្ចការពារកុមារ និងការអប់រំ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានបន្តមានប្រសាសន៍ថា៖ "ការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជន និងកុមារ ឱ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់ និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ទាំងអស់គ្នា យើងអាចចូលរួមក្នុងសកម្មភាពអាកាសធាតុយ៉ាងម៉ឺងម៉ាត់ដើម្បីការពារកុមារ និងធានាបាននូវអនាគតមួយប្រកបដោយសុវត្ថិភាព និងស្រស់បំព្រងសម្រាប់មនុស្សជំនាន់ក្រោយ។"
តាមរយៈការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់យូនីសេហ្វស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ កម្ពុជាបានដើរតួនាទីជាអ្នកដឹកនាំក្នុងតំបន់អាស៊ាន លើគោលនយោបាយអាកាសធាតុដែលផ្តោតលើកុមារ។ ការប្តេជ្ញាចិត្តនេះនឹងជួយគាំទ្រដល់ការផ្តល់សិទ្ធិអំណាចដល់យុវជន ដើម្បីដឹកនាំគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពយ៉ាងសកម្មស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ តាមរយៈការចូលរួមកិច្ចខិតខំប្រឹងប្រែងជាសាកល ប្រទេសកម្ពុជាមានគោលដៅបញ្ចូលសំឡេងយុវជន និងកុមារទៅក្នុងដំណើរការការសម្រេចចិត្តនានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ដំណោះស្រាយប្រកបដោយសមធម៌ និងពង្រឹងភាពធន់របស់កម្ពុជាទៅនឹងបញ្ហាប្រឈមបរិស្ថាននានា។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.