បំណិនជីវិត ជួយឲ្យសិស្សអាចតាមទាន់សម័យកាល
សាលារៀននៅខេត្តសៀមរាប បង្ហាញពីតួនាទីនៃបំណិនទន់ និងការជួយជ្រោមជ្រែងគ្នាសម្រាប់អនាគតនៃការអប់រំ
- English
- Khmer
“បំណិនទន់ ពិតជាមានសារៈសំខាន់ណាស់។ តាមរយៈជំនាញនេះ មនុស្សជំនាន់ក្រោយអាចសម្របខ្លួនបានយ៉ាងល្អប្រសើរទៅនឹងការសិក្សាតាមបែបឌីជីថល និងតម្រូវការឧស្សាហកម្ម ៤.០”។ នេះបើតាមប្រសាសន៍របស់ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ។
ក្រោមការជួយគាំទ្រពីយូនីសេហ្វ ចាប់តាំងពីឆ្នាំ២០១៥មក កម្មវិធីបំណិនជីវិតតាមមូលដ្ឋាន បានជួយដល់សិស្សានុសិស្សពីថ្នាក់ទី៤ ដល់ទី៩ ឲ្យចេះដោះស្រាយបញ្ហាប្រឈមនានាក្នុងជីវិតប្រចាំថ្ងៃ មិនថាតែជាបញ្ហាកើតឡើងនៅក្នុងសាលារៀន នៅផ្ទះ ឬនៅក្នុងសហគមន៍ប៉ុណ្ណោះទេ។ កម្មវិធីសិក្សានេះ ប្រើប្រាស់វិធីសាស្ត្រនៃការបង្រៀន និងរៀនតាមបែបរិះរក ដែលអាចឲ្យសិស្សសិក្សាពីបំណិនទន់ តាមរយៈការឈ្វេងយល់ពីបញ្ហា ដែលកើតឡើង និងស្វែងរកដំណោះស្រាយ។ នៅពេលដែលពួកគេរិះរកប្រធានបទណាមួយ តាមរយៈការស្រាវជ្រាវ និងសម្ភាសន៍ សិស្សានុសិស្សចាប់ផ្តើមរៀនឈ្វេងយល់អំពីខ្លួនឯង កាន់តែមានទំនុកចិត្ត និងចាប់ផ្តើមយកអ្វីៗដែលខ្លួនបានរៀនសូត្រទៅប្រើប្រាស់ក្នុងពិភពជុំវិញខ្លួនពួកគេតែម្តង។
រាល់ការបង្រៀន និងរៀនពីបំណិនជីវិតម្តងៗ ចាប់ផ្តើមជាមួយនឹងចំណោទជីវិតជាក់ស្តែង ដែលទាក់ទងនឹងសិស្ស និងសហគមន៍។ សិស្ស អាចធ្វើការសហការគ្នាជាមួយគ្រូ នាយកសាលា និងសមាជិកសំខាន់ៗក្នុងសហគមន៍លើការជ្រើសរើសប្រធានបទសម្រាប់យកមកសិក្សា។ លោក ណុប សាវ៉ត នាយករងអនុវិទ្យាល័យអរញ្ញរង្សី បានមានប្រសាសន៍ថា៖ “ដើម្បីអាចដោះស្រាយបញ្ហាណាមួយបាន សិស្សត្រូវតែសហការជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត។ នៅពេលណាដែលសិស្សអាចដោះស្រាយបញ្ហាតូចតាច ប្រកបដោយភាពច្នៃប្រឌិតបាន តាមរយៈការកសាងទំនាក់ទំនងល្អ នោះពួកគេនឹងអាចដោះស្រាយបញ្ហាធំៗបានដោយជោគជ័យនាពេលអនាគតជាក់ជាមិនខាន។”
ការព្រួយបារម្ភជាច្រើន និងជាសកលទៅហើយចំពោះ ‘ការបាត់បង់ការសិក្សា’ ក្នុងអំឡុងពេលដែលការបង្រៀនពីចម្ងាយកាន់តែអូសបន្លាយពេលដែលទាមទារឲ្យគ្រូបង្រៀនត្រូវតែខិតខំប្រឹងប្រែងបន្ថែមក្នុងការជួយដល់សិស្សានុសិស្សឲ្យរៀនតាមប្រព័ន្ធអនឡាញ។ ចំពោះវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរកដែលមានភាពសកម្ម និងដោយមានការការចូលរួមនេះវិញ ពិតជាអាចជួយពង្រឹងការសិក្សាដោយខ្លួនឯងនៅក្រៅថ្នាក់រៀន ហើយវិធីសាស្ត្រនេះ រឹតតែសំខាន់ក្នុងអំឡុងពេលបិទសាលាដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ពេត បានមានលើកឡើងថា៖ “ ‘អ្នកដែលបញ្ចប់ការសិក្សា’ ពីកម្មវិធីបំណិនជីវិត អាចធ្វើការស្រាវជ្រាវដោយខ្លួនឯង ដែលអាចឲ្យពួកយើងសម្របខ្លួនទៅនឹងការសិក្សាពីចម្ងាយបាន។ ការសិក្សាតាមប្រព័ន្ធអនឡាញ ពិតជាលំបាកមែនហើយ ប៉ុន្តែប្រសិនបើយើងចេះអត់ធ្មត់និងមិនចុះចាញ់ នោះយើងនៅតែអាចជំរុញខ្លួនយើងឲ្យបន្តការសិក្សាបានជាធម្មតា ទោះបីជាមានការបិទសាលាក៏ដោយ។”
បច្ចុប្បន្ននេះ មានសាលារៀនចំនួន ១៨៥ នៅក្នុងខេត្តចំនួន ៥ ដែលកំពុងអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មីនេះ។ ចំពោះកម្មវិធីបំណិនជីវិតនៅអនុវិទ្យាល័យព្រៃជ្រូក និងអនុវិទ្យាល័យអរញ្ញរង្សីវិញ ទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន ហើយអនុវិទ្យាល័យទាំងពីរនេះបានពន្យល់ថា មួយផ្នែកធំនៃភាពជោគជ័យរបស់សាលា គឺទាក់ទងនឹងរបៀបដែលពួកគាត់ចេះជួយជ្រោមជ្រែងគ្នា តាមរយៈការជួយគ្នាពីស្រុកមួយទៅស្រុកមួយ ពីវិទ្យាល័យទៅអនុវិទ្យាល័យ និងពីគ្រូទៅគ្រូជាដើម។
ទោះជាយ៉ាងណាក្តី នាយកសាលានិងគ្រូបង្រៀនផ្ទាល់ ត្រូវតែយល់ដឹងជាមុននិងអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក មុនពេលដែលពួកគាត់ណែនាំទៅដល់សិស្សានុសិស្ស។ នាយកសាលា និងគ្រូបង្រៀនជាច្រើន នៅមិនទាន់យល់នៅឡើយកាលពីដំបូង ប៉ុន្តែមួយជំហានម្តងៗតាមរយៈជំនួយគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងជំនួយគាំទ្រពីអង្គការយូនីសេហ្វ ក៏ដូចជាការជួយខ្លួនឯងក្នុងចំណោមនាយកសាលា និងគ្រូបង្រៀនផ្ទាល់ ពួកគាត់ពិតជាអាចមើលឃើញច្បាស់ពីគុណតម្លៃនៃការប្រើប្រាស់វិធីសាស្រ្តបង្រៀនបែបផ្សេងមួយនេះ។
“កាលខ្ញុំនៅជាសិស្ស ពួកយើងត្រឹមតែចេះស្តាប់និងសរសេរតែប៉ុណ្ណោះ។ ឥឡូវនេះខ្ញុំយល់ថា គ្រាន់តែស្តាប់និងសរសេរ គឺមិនគ្រប់គ្រាន់ទេ។” នេះគឺជាប្រសាសន៍របស់ លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី “កាលដំបូងឡើយ ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលរបស់អង្គការយូនីសេហ្វ ខ្ញុំមិនធ្លាប់បានឮពីបំណិនទន់ស្អីនោះទេ។ នៅពេលដែលខ្ញុំបានប្រើប្រាស់អ្វីៗដែលខ្ញុំបានរៀនសូត្រពីវគ្គបណ្តុះបណ្តាលនោះ ដើម្បីដោះស្រាយបញ្ហានៅក្នុងសាលា ខ្ញុំក៏មានទំនុកចិត្តនិងកម្លាំងចិត្តច្រើនជាងមុន។”
ចំណែក លោក ណុប សាវ៉ត នាយករងអនុវិទ្យាល័យអរញ្ញរង្សី បានគូសបញ្ជាក់ពីសារៈសំខាន់របស់បំណិនត្រិះរិះពិចារណានៅក្នុងវិស័យអប់រំ ដោយលោកបានមានប្រសាសន៍ថា៖ “ប្រសិនបើមានសិស្សណាម្នាក់អាចធ្វើលំហាត់មួយបាន នោះមិនមែនមានន័យថាសិស្សនោះយល់នោះទេ។ សិស្សអាចយល់បាន លុះណាតែពួកគេចេះដឹងពីអ្វីដែលពួកគេបានស្រាវជ្រាវ វិភាគភស្តុតាង និងសំយោគគំនិតនានា យកទៅអនុវត្តក្នុងជីវិតពិត។” លោកនាយករងរូបនេះ បានណែនាំដល់សាលានានាដែលទើបតែចាប់ផ្តើមកម្មវិធីនេះឲ្យ “ចាប់ផ្តើមពីតូចឡើងទៅ រួចចាំបន្ថែមសកម្មភាពបន្តបន្ទាប់តាមក្រោយ ពោលគឺដូចទៅនឹងវ័យរបស់សិស្សដូច្នេះដែរ ដែលត្រូវតែចាប់ផ្តើមពីតូចសិន។ ក្នុងមួយប្រធានបទ សិស្សត្រូវស្វែងរកបញ្ហាមួយសម្រាប់បង្កើតឲ្យទៅជាដំណោះស្រាយ។ ដរាបណាអ្នកសម្លឹងឃើញថាក្មេងៗទាំងនេះមានការផ្លាស់ប្តូរ នោះអ្នកនឹងចូលរួមជាមួយពួកគេជាពុំខាន។” លើសពីនេះទៅទៀត គាត់បានសង្កត់ធ្ងន់លើសារៈសំខាន់ចំពោះការគាំទ្រយ៉ាងខ្លាំងក្លាពីគណៈគ្រប់គ្រងសាលា ដើម្បីអាចឲ្យលោកគ្រូ-អ្នកគ្រូទទួលជោគជ័យបាន។
លោក ថាន់ ប៊ុនថង គ្រូមុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ចំពោះការដែលមានការគាំទ្រជាប្រចាំ។ “ដំបូងឡើយ ខ្ញុំមិនយល់នោះទេ។ នៅពេលដែលខ្ញុំមកដល់ឃើញសាលាអរញ្ញរង្សីធ្វើបទបង្ហាញអំពីវិធីសាស្រ្តបង្រៀនកម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋាន ខ្ញុំក៏បានយល់ដឹងប្រសើរជាងមុន។ បន្តិច ម្តងៗ ខ្ញុំបានយកអ្វីដែលខ្ញុំបានយល់ដឹងនេះទៅអនុវត្តជាក់ស្តែងតែម្តង។ ការទទួលបានការជួយគាំទ្រជាប្រចាំ ពិតជាបានជួយឲ្យខ្ញុំអាចបន្តទៅមុខទៀតបាន។”
លោក រឿន ខន យល់ថា បើទោះបីជាកម្មវិធីបំណិនជីវិតតាមមូលដ្ឋានមានប្រយោជន៍យ៉ាងណាក៏ដោយ ក៏មិនមែនងាយស្រួលនោះដែរនៅដំណាក់កាលដំបូង។ “បំណិនជីវិត ហាក់មានលក្ខណៈអរូបីបន្តិច។ ឧទាហរណ៍មួយអំពី ‘ទំនុកចិត្ត’ នៅពេលដែលអ្នកសង្កេតមើលសិស្សក្នុងសកម្មភាពបំណិនជីវិត អ្នកពិតជាអាចសម្លឹងឃើញថា ពួកគេមានទំនុកចិត្តពីមួយពេលទៅមួយពេល។ ដរាបណាអ្នកឃើញសិស្សរបស់អ្នកមានការផ្លាស់ប្តូរបែបនេះហើយ ទើបអ្នកចាប់ផ្តើមជឿជាក់កាន់តែច្រើនឡើងលើកម្មវិធីបំណិនជីវិតនេះតែម្តង។”
ការជួយជ្រោមជ្រែងរវាងសិស្សនិងសិស្ស ពិតជាមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃកម្មវិធីមួយនេះ។ នៅក្នុងថ្នាក់រៀនបំណិនជីវិតតាមមូលដ្ឋាន សិស្សសិក្សាអំពីទំនួលខុសត្រូវរបស់បុគ្គលម្នាក់ៗ និងរៀនអំពីរបៀបធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅកាន់គោលដៅរួមមួយ។ នៅក្នុងដំណើរការសិក្សានេះហើយដែលសិស្សចាប់ផ្តើមមានទំនុកចិត្ត និងចូលរួមយ៉ាងសកម្មភាពជាមួយមិត្តរួមថ្នាក់ ជាមួយលោកគ្រូ-អ្នកគ្រូ ជាមួយក្រុមគ្រួសារ និងជាមួយសហគមន៍ទាំងមូល។
“ភាពរីកចម្រើនដ៏ធំបំផុតនោះគឺ សិស្សចេះឲ្យតម្លៃខ្លួនឯង។ ឥរិយាបថវិជ្ជមានចាប់ផ្តើមពីពួកគេ រួចទើបរីករាលដាលទៅអ្នកដទៃតាមក្រោយ។ ពួកគេ ចាប់ផ្តើមមានទំនាក់ទំនងល្អក្នុងចំណោមសមាជិកក្រុម ដោយបង្ហាញពីការគោរព និងចេះគួរសមទៅវិញទៅមក។ នៅពេលដែលពួកគេមានសំនួរ ឬត្រូវការជំនួយ ពួកគេចេះសាកសួរគ្នាទៅវិញទៅមក។” នេះជាប្រសាសន៍របស់ លោក វុន វឿង នាយកនៃអនុវិទ្យាល័យព្រៃជ្រូក។ ចំណែកនាយកសាលាដទៃទៀត ក៏បានឆ្លុះបញ្ចាំងរឿងស្រដៀងគ្នានេះដែរ ដោយពួកគាត់បានមានប្រសាសន៍ថា ឥឡូវនេះសិស្សានុសិស្ស ចេះតស៊ូមតិដោយភាពក្លាហានទៀតផង។
សិស្សានុសិស្សមកពីអនុវិទ្យាល័យអរញ្ញរង្សីបានចែករំលែកយ៉ាងរីករាយថា តាមរយៈការសិក្សាបំណិនទន់ ពួកគេកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្ថែមទៀត “ពេលដែលខ្ញុំមិនយល់អ្វីមួយ ខ្ញុំសួរគ្រូ ឬមិត្តភ័ក្ត្រភ្លាម។” នេះជាសម្តីរបស់សិស្ស កុយ លីសា សិស្សថ្នាក់ទី៩។ ចំណែក ណន ស្រីណុច សិស្សថ្នាក់ទី៦ បានបន្តថា៖ “កាលពីមុន ខ្ញុំមិនចង់ចែករំលែកគំនិតយោបល់របស់ខ្ញុំនោះទេ។ ឥលូវនេះខ្ញុំក្លាហានហ៊ាននិយាយស្តី និងមានទំនាក់ទំនងយ៉ាងរស់រាយទៅកាន់មិត្តភ័ក្ត្ររបស់ខ្ញុំ ទោះបីជាពេលណាដែលខ្ញុំមិនសប្បាយចិត្តក៏ដោយ។” រីឯ ស៊ីន សូនី សិស្សថ្នាក់ទី៨ បានលើកឡើងថា៖ “ខ្ញុំចាប់ផ្តើមចេះនិយាយទៅកាន់មនុស្សដែលខ្ញុំមិនដែលស្គាល់សោះ ហើយខ្ញុំតែងតែញញឹមស្វាគមន៍ភ្ញៀវ និងសាច់ញាតិរបស់ខ្ញុំ។ ខ្ញុំថែមទាំងអាចគ្រប់គ្រងកំហឹងឆេវឆាវរបស់ខ្លួនឯងបានយ៉ាងល្អទៀតផង។”
អ្នកស្រី ម៉ុន រុន ជាម្តាយរបស់សិស្សទាំងពីរដែលមកពីអនុវិទ្យាល័យអរញ្ញរង្សី បានរៀបរាប់ពីភាពខុសប្លែកគ្នាដែលគាត់បានសង្កេតឃើញចំពោះកូនៗរបស់គាត់ ពោលគឺចាប់តាំងពីពេលដែលពួកគេចាប់ផ្តើមរៀនកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន ជាពិសេសក្នុងបរិបទនៃការបិទសាលាដោយសារការរីករាលដាលនៃជំងឺកូវីដនេះតែម្តង។ អ្នកម្តាយរូបនេះបានលើកឡើងថា៖ “ខ្ញុំសង្កេតឃើញថា កូនស្រីខ្ញុំទាំងពីរនាក់នេះកាន់តែចេះគួរសម និងធ្វើកិច្ចការងារផ្ទះដោយមិនចាំបាច់ស្តីប្រាប់ដូចពេលមុនៗទេ។ ពួកគេអាចគ្រប់គ្រងកាលវិភាគរបស់ខ្លួនបាន ដែលមានដូចជា៖ ម៉ោងសម្រាប់សិក្សា ម៉ោងសម្រាប់ធ្វើកិច្ចការងារផ្ទះ និងម៉ោងសម្រាប់សម្រាកកាយជាដើម។ រដ្ឋា មេសា កំពុងធ្វើបានល្អខាងផ្នែកសិក្សាពីចម្ងាយ។ នៅពេលដែលគាត់មិនយល់មេរៀនណាមួយ គាត់តែងតែព្យាយាមរៀនសូត្រដោយខ្លួនគាត់។ ប្រសិនបើគាត់នៅតែមិនយល់ទៀត គាត់ទាក់ទងផ្ទាល់ទៅគ្រូរបស់គាត់ភ្លាម។”
លោក ថាន់ ប៊ុនថង គ្រូមុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ បានគូសបញ្ជាក់ពីចំណុចផ្លាស់ប្តូរ ដែលគាត់សង្កេតឃើញកើតមានចំពោះសិស្សរបស់គាត់។ “បន្ទាប់ពីឆ្លងកាត់វិធីសាស្ត្របង្រៀនផ្សេងៗទាក់ទងនឹងថ្នាក់បំណិនជីវិតតាមមូលដ្ឋានរួចមក សិស្សរបស់ខ្ញុំមានការចូលរួមច្រើនជាងមុនក្នុងការសិក្សា និងក្នុងសហគមន៍ផងដែរ។ ឧទាហរណ៍ នៅពេលដែលពួកយើងយក ‘សំរាម’ មកធ្វើជាប្រធានបទសម្រាប់សិក្សា សិស្សរបស់ខ្ញុំបានយល់ច្បាស់ពីផលប៉ះពាល់របស់សំរាម និងចាប់ផ្តើមចេះទុកដាក់ និងប្រមូលសំរាម។ វាបានក្លាយទៅជាទម្លាប់ថ្មីមួយ។ សូម្បីតែពេលធ្វើដំណើរទៅផ្ទះនាថ្ងៃនេះ ក៏ពួកគេបានចូលរួមរើសសំរាម ដោយមិនចាំបាច់ស្តីប្រាប់នោះទេ។” បន្ថែមពីលើនេះ លោក វុន វឿង នាយកនៃអនុវិទ្យាល័យព្រៃជ្រូក បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “នៅពេលដែលសិស្សចាប់យកទម្លាប់ថ្មីៗ នោះគ្រួសារនិងអ្នកជិតខាង ក៏ចាប់ផ្តើមធ្វើតម្រាប់តាមផងដែរ។ សិស្សបានក្លាយជាជនគំរូ។ ទង្វើល្អនេះហើយ ដែលធ្វើឲ្យបញ្ហាកើតមាននៅក្នុងសហគមន៍ថមថយចុះ។”
សិស្សានុសិស្សជាច្រើនក៏បាននិយាយផងដែរថា នៅទីបំផុត ថ្នាក់បំណិនជីវិតតាមមូលដ្ឋានបានធ្វើឲ្យពួកគេចេះគិតគូរពីសុខទុក្ខរបស់អ្នកដទៃ រួមទាំងមានការភ្ញាក់រឮកក្នុងការជួយដល់សហគមន៍របស់ពួកគេថែមទៀតផង។ “កាលពីមុន ខ្ញុំអាត្មានិយម និងមិនចង់ចែករំលែកស្អីនោះទេ។ ឥលូវនេះខ្ញុំមានផ្នត់គំនិតថា សាលារៀនក៏ជាកម្មសិទ្ធរបស់ខ្ញុំផងដែរ មិនមែនជារបស់លោកគ្រូ-អ្នកគ្រូប៉ុណ្ណោះទេ ដូច្នេះទោះជានៅសាលា ឬនៅក្នុងសហគមន៍ ខ្ញុំត្រូវតែធ្វើការងារស្ម័គ្រចិត្ត ដូចជាជួយជួសជុលផ្លូវ ឬស្ពានដែលខូចខាតជាដើម។”
បើទោះបីជា ស្រីនូ ពេត មេសា និងសិស្សដទៃទៀត អាចប្រើប្រាស់ចំណេះដឹងបានពីការសិក្សាបំណិនទន់របស់ពួកគេ ដើម្បីរៀនឲ្យទាន់ក្នុងអំឡុងពេលបិទសាលាក៏ដោយ ការសិក្សាតាមអនឡាញនៅតែជាឧបសគ្គមួយសម្រាប់ទាំងសិស្សនិងគ្រូ។ សាលាទាំងពីរខាងលើបានលើកឡើងថា សិស្សយ៉ាងច្រើនបំផុតប្រហែល៥០% ប៉ុណ្ណោះ ដែលមានទូរសព្ទស្មាតហ្វូនសម្រាប់ជាជំនួយដល់ការសិក្សាតាមអនឡាញ ហើយដែលមានភ្ជាប់សេវាអ៊ីនធើណេតដែលដំណើរការល្អតិចតួចតែប៉ុណ្ណោះ។ ដូច្នេះគ្រូបង្រៀននៅអនុវិទ្យាល័យអរញ្ញរង្សី បានផ្តល់ជូនជាជំនួយបន្ថែមទាំងក្នុងលក្ខណៈអនឡាញ និងមិនអនឡាញ ទៅដល់ថ្នាក់បំណិនជីវិតតាមមូលដ្ឋាន និងថ្នាក់រៀនផ្សេងៗទៀត។ គ្រូបង្រៀន បានប្រើប្រាស់ប្រព័ន្ធហ្ស៊ូម (Zoom) ឆ្លើយសារសំណួរតាមតេឡេក្រាម (Telegram) និងលើកទឹកចិត្តសិស្សឲ្យផ្ញើវីដេអូបទបង្ហាញអំពីការស្រាវជ្រាវរបស់ពួកគេផងដែរ។ គ្រូបង្រៀន ក៏បានផ្តល់ជូននូវសេចក្តីណែនាំអំពីការសម្ភាសន៍ ដើម្បីអនុវត្តបំណិនទំនាក់ទំនងនិងប្រមូលព័ត៌មានតាមរយៈការសម្ភាសន៍សាច់ញាតិ ជុំវិញមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានដែលកំពុងបង្រៀន។ គ្រូនិងសិស្សទាំងអស់ បានបង្ហាញពីសេចក្តីរំភើបរីករាយក្នុងការវិលត្រឡប់មករៀននៅក្នុងថ្នាក់រៀនដោយផ្ទាល់វិញ ដរាបណាស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ជាប្រក្រតីល្មមអាចមករៀនបាន ដោយបានលើកឡើងពីភាពងាយស្រួលជាងក្នុងពេលរៀនផ្ទាល់នៅក្នុងថ្នាក់។
វិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក ដែលសិស្សានុសិស្សកម្ពុជាកំពុងរៀនតាមរយៈកម្មវិធីបំណិនជីវិតនេះ ពិតជាអាចធ្វើឲ្យសិស្សមានការរីកចម្រើន ប្រែក្លាយខ្លួនជាមនុស្សដែលចាប់ផ្តើមធ្វើកិច្ចការងារដោយមិនចាំបាច់មានការដាស់តឿនច្រើន និងក្លាយជាមនុស្សដែលចេះទំនាក់ទំនងល្អប្រកបដោយទំនុកចិត្ត ចេះសហការជាមួយអ្នកដទៃ និងចេះសិក្សារៀនសូត្រយ៉ាងល្អប្រសើរ ទោះបីពួកគេនៅទីណាក៏ដោយ។ វិធីសិក្សាដោយឯករាជ្យនេះហើយ ដែលសំខាន់ជាងពេលណាៗទាំងអស់ ជាពិសេសគឺក្នុងអំឡុងពេលដែលមានការសិក្សាពីចម្ងាយ ឬពីផ្ទះដែលជាទម្លាប់ថ្មីមួយក្នុងពិភពលោក ហើយទាមទារឲ្យអ្នកសិក្សាគ្រប់រូបចេះដឹកនាំខ្លួនឯងក្នុងការសិក្សារៀនសូត្រ។
បន្ថែមលើការសិក្សាដោយខ្លួនឯង កម្មវិធីបំណិនជីវិតនេះពិតជាបាននិងកំពុងផ្លាស់ប្តូររបៀបដែលគ្រូបង្រៀន ចូលរួមសកម្មភាពជាមួយសិស្សានុសិស្ស ហើយតាមរយៈកម្មវិធីនេះផងដែរ ដែលធ្វើឲ្យពលរដ្ឋកម្ពុជាមានចិត្តសណ្តោសប្រណី ចេះសាកសួរពីអ្វីដែលពួកគេត្រូវការ ចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងចេះផ្តួចផ្តើមគំនិតធ្វើអំពើល្អសម្រាប់សហគមន៍របស់ខ្លួនផងដែរ។
នៅពេលដែលយើងចេះជួយគ្នាទៅវិញទៅមក យើងនឹងឈ្នះៗទាំងអស់គ្នា។ ក្នុងពេលវេលាមួយដែលអនាគតមានលក្ខណៈស្រពេចស្រពិលនៅទូទាំងសកលលោក យើងទាំងអស់គ្នាចាំបាច់ត្រូវតែរឹងមុំាជាងមុន។
យូនីសេហ្វ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តធ្វើការជាមួយបណ្តាខេត្ត ស្រុក និងសាលារៀននានា ដើម្បីពង្រឹងនិងពង្រីកការអប់រំបំណិនជីវិតតាមមូលដ្ឋាន តាមរយៈកិច្ចសហការពីសាលាមួយទៅសាលាមួយ និងពីខេត្តមួយទៅខេត្តមួយ។ អង្គការយូនីសេហ្វកម្ពុជា សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ទីភ្នាក់ងារប្រទេសស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងគណៈកម្មការអូស្ត្រាលីសម្រាប់អង្គការយូនីសេហ្វ ចំពោះជំនួយសប្បុរសធម៌សម្រាប់អនុវត្តកម្មវិធីមួយនេះ៕