គម្រោងដឹកនាំដោយយុវជន ក្រោមកិច្ចគាំទ្ររបស់យូនីសេហ្វ ជំរុញទឹកចិត្តសិស្សចំនួន ៩០០នាក់ ក្នុងខេត្តសៀមរាប
គម្រោងយុវជន គាំទ្ររបស់យូនីសេហ្វ ជំរុញទឹកចិត្តសិស្សចំនួន ៩០០នាក់ ក្នុងខេត្តសៀមរាប ជាផ្នែកនៃកម្មវិធីបំណិនជីវិតមូលដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា

- Available in:
- English
- Khmer
បន្ទាប់ពីបានចូលរួមសិក្ខាសាលាស្ដីពីអាហារូបត្ថម្ភ និងសួនសរីរាង្គដែលដឹកនាំដោយយុវសិស្ស ជា ពលៈរក្សារ យុវសិស្ស សុទ្ធ វាសនា បាននិយាយដោយចាប់អារម្មណ៍យ៉ាងខ្លាំងថា៖
“ការទទួលបានការបង្រៀនពីបុគ្គលដែលក្មេងដូចខ្ញុំ ធ្វើឲ្យខ្ញុំឲ្យកាន់តែខិតខំរៀនថែមទៀត។” វាសនា អាយុ ១៣ឆ្នាំ គឺជាសិស្សម្នាក់នៅក្នុងសៀមរាប រីឯ រក្សាអាយុ ១៧ឆ្នាំ គឺជាយុវវតីម្នាក់នៅក្នុងកម្មវិធីជំនាន់ថ្មីគាំទ្រដោយយូនីសេហ្វ។ វាសនាបានបន្តទៀតថា “ខ្ញុំស្រឡាញ់ការសិក្សានៅក្នុងថ្នាក់រៀនណាស់ ហើយក៏ចូលចិត្តឱកាសដើរទៅក្រៅផងដែរ រួចប្រើប្រាស់ចំណេះដឹងទាំងនោះក្នុងការអនុវត្តជាក់ស្ដែង តាមរយៈការដាំបន្លែជាមួយនឹងរក្សា និងមិត្តភក្ដិផ្សេងទៀតរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំត្រូវតែផ្លាស់ប្ដូរទម្លាប់ចាស់របស់ខ្ញុំចេញ។ កាលពីមុន ខ្ញុំចូលចិត្តញ៉ាំនំចំណីសម្រន់ជាងអាហារប្រចាំ!”។
រក្សារំភើបណាស់ដោយបានឮអំពីការប្ដេជ្ញាចិត្តរបស់វាសនាក្នុងការផ្លាស់ប្ដូរដូច្នេះ។ នាងបាននិយាយថា “អ្វីដែលខ្ញុំចង់សម្រេចគឺជួយសិស្សឲ្យយល់ដឹងអំពីអាហារូបត្ថម្ភឬអាហារជីវជាតិនេះ ហើយងាកមកគិតឲ្យបានម៉ត់ចត់អំពីអ្វីដែលពួកគេទទួលទានជារៀងរាល់ថ្ងៃ ដូចជាមីកញ្ចប់ ឬភេសជ្ជៈប៉ូវកម្លាំងជាដើម។ ពួកគេត្រូវតែដឹងថាអាហារ និងភេសជ្ជៈទាំងនេះមិនល្អសម្រាប់ពួកគេទេ នាងបានបន្ថែមទៀតថាបន្លែសរីរាង្គនាំមកនូវសុខភាពល្អជាង។ ដូច្នេះរឹតតែល្អជាងនេះគឺ ខ្ញុំចង់លើកទឹកចិត្តពួកគេឲ្យដាំដុះបន្លែសរីរាង្គទាំងនេះ។”
វាសនាគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សចំនួន ៨៩៨នាក់ មកពីសាលារៀនចំនួន ១៨ នៅក្នុងខេត្តសៀមរាប ដែលបានចូលរួមនៅក្នុងសិក្ខាសាលាអប់រំ ដែលបង្រៀនដោយអ្នកដឹកនាំគម្រោងវ័យក្មេងចំនួនប្រាំមួយនាក់មកពីកម្មវិធីជំនាន់ថ្មីកាលពីខែកញ្ញា។ យូនីសេហ្វបានចាប់ផ្ដើមអនុវត្តកម្មវិធីជំនាន់ថ្មីនេះតាំងពីឆ្នាំ២០២១មក ជាគម្រោងសាកល្បងមួយដែលបានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាវ័យក្មេង បន្ទាប់ពីដំណាក់នៃជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩បានស្រាកស្រាន ដែលជំងឺនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការសិក្សា ជីវិតសង្គម និងឱកាសការងាររបស់យុវវ័យ។ កម្មវិធីជំនាន់ថ្មីបានអញ្ជើញយុវជនវ័យនៅទូទាំងប្រទេស ឲ្យដាក់ស្នើនូវគម្រោងរបស់ពួកគេ ដែលនឹងនាំមកនូវការផ្លាស់ប្ដូរវិជ្ជមានចំពោះសង្គម ហើយបានជ្រើសរើសគម្រោងណាដែលមានគុណសម្បត្តិគ្រប់គ្រាន់យកមកអនុវត្ត ជាមួយនឹងការគាំទ្រពីយូនីសេហ្វ រួមមានផ្តល់ការបណ្ដុះបណ្ដាល ការបង្រៀនផ្ទាល់ និងថវិកាចាប់ផ្តើមគម្រោងផងដែរ។

នៅអំឡុងពេលអនុវត្តសាកល្បងឆ្នាំ២០២១ មានគម្រោងជាច្រើនត្រូវបានដាក់ឲ្យដំណើរការ ដែលក្នុងនោះលទ្ធផលសំខាន់ៗនៅក្នុងសហគមន៍ និងនៅលើបណ្ដាញសង្គម បានធ្វើឲ្យមានការគាំទ្រពីដៃគូនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា
វិស័យឯកជន និងពីរដ្ឋាភិបាលបរទេស។ ជាលទ្ធផល កម្មវិធីជំនាន់ថ្មីកំពុងត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនដល់យុវជនវ័យក្មេង។ ប្រជាជនកម្ពុជាចំនួន ១០លាននាក់មានអាយុតិចជាង ២៥ឆ្នាំ ដែលនេះគឺជាតួលេខនេះស្ថិតក្នុងចំណោមប្រទេសមានប្រជាជនវ័យក្មេងច្រើនបំផុតនៅលើពិភពលោក។ ដូច្នេះការផ្ដល់ឱកាសដល់ពួកគេគឺមានសារសំខាន់ណាស់ដល់អនាគតប្រទេសជាតិ។
វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តសំខាន់ៗ ដែលកម្មវិធីជំនាន់ថ្មីកំពុងពង្រីកនូវលទ្ធផលរបស់ខ្លួន គឺការសហប្រតិបត្តិការជាមួយនឹងគម្រោងយុវវ័យជោគជ័យផ្សេងៗទៀត។ ឧទាហរណ៍ ឆ្នាំនេះ គម្រោងបានចូលរួមជាមួយនឹងកម្មវិធីបំណិនជីវិតតាមមូលដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងបានទទួលស្គាល់ជាយូរមកហើយថាការងារជាច្រើនទៀតត្រូវតែធ្វើ ដើម្បីគាំទ្រយុវជនកម្ពុជាអភិវឌ្ឍនូវជំនាញទន់ ដូចជាការគិតដោយវិភាគ និងជំនាញទំនាក់ទំនង ដំណាលពេលគ្នានឹងការសិក្សាបន្ថែមអំពីរបៀបឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសង្គមដែលពួកគេត្រូវជួបប្រទះ ។ល។ ជាលទ្ធផល កម្មវិធីបំណិនជីវិតតាមមូលដ្ឋានបានគាំទ្រឲ្យមានអ្នកជំនាញទៅលើមុខវិជ្ជាជាច្រើន នៅក្នុងការដាក់បញ្ចូលវាទៅក្នុងសាលារៀន ដើម្បីផ្ដល់នូវការរៀនសូត្រដ៏មានតម្លៃក្រៅកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលដល់សិស្ស។
កម្មវិធីជំនាន់ថ្មីមានគោលដៅដូចគ្នា នៅក្នុងការលើកកម្ពស់ជំនាញទន់ និងការផ្ដល់ភាពអង់អាចដល់យុវវ័យឲ្យធ្វើសកម្មភាព ដូច្នេះកម្មវិធីចំនួនពីរមានភាពស៊ីចង្វាក់គ្នាល្អណាស់។ សិក្ខាសាលាថ្មីៗនេះ នៃកម្មវិធីជំនាន់ថ្មីនៅក្នុង ខេត្តសៀមរាបត្រូវបានធ្វើឡើងជាផ្នែកមួយនៃកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន ជាមួយនឹងអ្នកដឹកនាំគម្រោងវ័យក្មេង ដោយប្រើប្រាស់សិក្ខាសាលាជាវេទិកាមួយដើម្បីជំរុញយុវវ័យឲ្យចូលរួម។
ពាក់ព័ន្ធនឹងប្រធានបទអាហារូបត្ថម្ភ អ្នកដឹកនាំគម្រោងពីកម្មវិធីជំនាន់ថ្មីនេះ ក៏បានចែករំលែកចំណេះដឹង និងកត្តាជំរុញទឹកចិត្តពួកគេ ទៅលើប្រធានបទជាច្រើន រួមមានឱកាសលើកស្ទួយខ្លួនឯងសម្រាប់យុវយុវវ័យ សារសំខាន់នៃអក្ខរកម្មឌីជីថល ការអាន និងគំនិតច្នៃប្រឌិតសម្រាប់យុវវ័យ និងរបៀបសម្អាត និងថែទាំសុខភាពមាត់ធ្មេញឲ្យល្អ។
ប្អូនស្រី លី សុគន្ធបញ្ញា អាយុ១៥ឆ្នាំ មកពីខេត្តកំពង់ធំ ដែលជាយុវជនម្នាក់នៅក្នុងកម្មវិធីជំនាន់ថ្មីនេះដែរ បានបង្រៀនសិស្សរបស់គាត់អំពីសារសំខាន់នៃសត្វឃ្មុំនៅក្នុងប្រព័ន្ធអេកូកម្ពុជា និងការគំរាមកំហែងចំពោះការរស់រានរបស់ សត្វឃ្មុំ រួមទាំងជំនាញជាក់ស្ដែងផ្សេងៗទៀតអំពីរបៀបការពារឃ្មុំដើម្បីការពារបរិស្ថាន។ ប្អូនស្រី លី សុគន្ធបញ្ញា បាននិយាយថា “ខ្ញុំចាប់អារម្មណ៍លើឃ្មុំអស់រយៈពេលយូរមកហើយ ហើយតាមរយៈកម្មវិធីជំនាន់ថ្មី និងដោយមានគ្រូបង្ហាត់បង្ហាញខ្ញុំ ពេលនេះខ្ញុំរៀនចេះដឹងច្រើនណាស់។ យូនីសេហ្វបានជួយខ្ញុំក្នុងការរៀបចំគម្រោង តាមរយៈការរៀនអំពីរបៀបធ្វើផែនការថវិកា រៀនអំពីបណ្ដាញសង្គម ហើយនិងរៀនអំពីការធ្វើទីផ្សារ ដែលចំណេះដឹងទាំងនេះមានសារសំខាន់ណាស់ ប្រសិនបើគម្រោងត្រូវអនុវត្តដើម្បីឲ្យមានការយល់ដឹងបន្ថែមទៀតអំពីឃ្មុំ”។
ឆ្លើយទៅនឹងសំណួរដែលបានសួរថាតើអ្វីទៅជាចំណុចលេចធ្លោនៃសិក្ខាសាលា ប្អូនស្រី បញ្ញា បាននិយាយថាគឺនៅពេលដែលនាងបានស្នើសុំសិស្សរបស់នាងឲ្យធ្វើការជាក្រុម ដោយប្រើប្រាស់ជំនាញទន់របស់ពួកគេមកអនុវត្តជាក់ស្ដែង តាមរយៈការធ្វើបទបង្ហាញត្រឡប់វិញទៅលើអ្វីដែលគេបានរៀនចេះ។ ខ្ញុំសប្បាយចិត្តណាស់ ដែលពួកគេយល់ដឹងគ្រប់គ្រាន់អំពីមេរៀន អាចប្ដូរវេន បង្រៀនពួកយើងខ្ញុំបានវិញ។” នាងក៏បានឆ្លុះបញ្ចាំងទៅលើជំនាញផ្សេងៗទៀត ដែលនាងបានទទួលតាមរយៈកម្មវិធីជំនាន់ថ្មីផងដែរ។ ជាមួយនឹងការធ្វើឲ្យកាន់តែស៊ីជម្រៅទៅលើចំណេះដឹងរបស់នាងអំពីសត្វឃ្មុំ និងតួនាទីរបស់ពួកវានៅក្នុងប្រព័ន្ធអេកូកម្ពុជា បញ្ញា ក៏បានធ្វើកាន់តែល្អទៅលើជំនាញរៀបចំ និងសហការគ្នារបស់នាង ដោយធ្វើការជាមួយនឹងសាលារៀនចំនួនបីផ្សេងទៀតនៅក្នុងខេត្តសៀមរាប ដើម្បីអនុវត្តសិក្ខាសាលារបស់នាង។
ប្អូនស្រី បញ្ញា មានមោទនភាពណាស់ចំពោះការណ៍ដែលនាងបានអភិវឌ្ឍសមត្ថភាពដឹកនាំរបស់នាង រួមទាំងភាពជឿជាក់លើខ្លួនឯង ដែលបញ្ជាក់ថានាងអាចបង្រៀនសិស្សមួយចំនួនដែលមានអាយុច្រើនជាងអាយុនាងទទៀត។
“មុនចូលរួមកម្មវិធី ខ្ញុំមិនមានអារម្មណ៍ក្លាហាន និយាយទៅកាន់សិស្សបែបនេះទេ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំបានកសាងភាពជឿជាក់របស់ខ្ញុំ ហើយឥឡូវនេះខ្ញុំយល់ថាខ្ញុំមានសមត្ថភាពបង្រៀនអ្នកដទៃទៀតអំពីគោលបំណងដែលជំរុញចិត្តខ្ញុំ។”
លទ្ធផលពីកិច្ចសហការរវាងកម្មវិធីជំនាន់ថ្មី និងកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន នៅក្នុងខេត្តសៀមរាប នឹងមិនឈប់ដោយសារតែសិក្ខាសាលាបានបញ្ចប់ទ្បើយ។ នៅសាលារៀនមួយក្នុងឃុំដានរុន ដែលប្អូនស្រី រក្សា បានបង្រៀនអំពីសួនសរីរាង្គ នាយកសាលានៃសាលារៀនេះបានសម្រេចចិត្តកសាងសួនបន្លែនៅសាលាតែម្ដង ដើម្បីឲ្យសិស្សានុសិស្សដទៃទៀតអាចបន្តចំណេះដឹងអំពីអាហារជីវជាតិចំពោះពួកគេ សម្រាប់បណ្ដាឆ្នាំខាងមុខទៀត។ លោកគ្រូ/អ្នកគ្រូ និងសិស្សនានាមានអារម្មណ៍ចង់ចេះចង់ដឹងទៅលើអ្វីដែលពួកគេបានរៀនពីអ្នកដឹកនាំវ័យក្មេងពីកម្មវិធីជំនាន់ថ្មីរបស់យើង ហើយបានប្រាប់ថាពួកគេបានចុះឈ្មោះដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែមតាមប្រព័ន្ធអនឡាញរួចហើយ ដែលដឹកនាំធ្វើដោយយុវជនទាំងនោះ ដែលនៅក្នុងការបណ្ដុះបណ្ដាលនោះ លោកគ្រូ/អ្នកគ្រូ រួមទាំងសិស្សានុសិស្សនៅក្នុងខេត្តសៀមរាប នឹងរៀនអំពីរបៀបដំណើរការសិក្ខាសាលាផ្ទាល់របស់ពួកគេ។ ការលើកទឹកចិត្ត និងការអប់រំយុវជន គឺគ្រាន់តែជាជំហានដំបូងសម្រាប់កម្មវិធីជំនាន់ថ្មីតែប៉ុណ្ណោះ។ មានតែតាមរយៈការផ្ដល់ភាពអង់អាចដល់យុវជនទាំងនោះឲ្យបន្តការងាររបស់ពួកគេតទៀត និងចេះលើកទឹកចិត្ត ហើយនិងចេះអប់រំយុវវ័យដទៃទៀតប៉ុណ្ណោះ នឹងធ្វើឲ្យលទ្ធផលពីគម្រោងនេះ ត្រូវបានគេមើលឃើញជាក់ស្ដែង ហើយនឹងអាចកំណត់ជាវិជ្ជមាននូវជោគវាសនាសហគមន៍ទាំងមូលបាន។
