សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការឆ្លងទន្លេ៖ ការសម្រាលរឹតតែសុវត្ថិភាពសម្រាប់ម្ដាយ និងទារក

លើកោះដាច់ស្រយាលមួយនៅទន្លេមេគង្គ អគ្គិសនីពុំជាប់លាប់មានន័យថា ពេទ្យឆ្មបរមែងពឹងលើអំពូលពាក់នឹងក្បាលនៅពេលសម្រាល។ បច្ចុប្បន្ន ថាមពលសូឡាកំពុងធ្វើឱ្យការសម្រាលកូនកាន់តែមានសុវត្ថិភាពសម្រាប់ម្ដាយ និងទារក

Cristyn Lloyd
© UNICEF Cambodia/2025/Cristyn Lloyd
UNICEF Cambodia/2025/Cristyn Lloyd
10 កក្កដា 2025

ថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥ ខេត្តក្រចេះ – នៅលើកោះផ្ដៅ ដែលជាកោះនេសាទដ៏ស្ងប់ស្ងាត់​មួយនៅទន្លេមេគង្គ ស្រ្តីដែលជាម្ដាយ​មានភាពធន់ខ្លាំងណាស់។

លោកស្រី ជា សុខខា អាយុសាមសិបប្រាំឆ្នាំ កំពុងត្រៀមខ្លួន​ស្វាគមន៍​កូនទីបីរបស់គាត់ ហើយគាត់​សើច នៅពេលដែលគាត់​គិតទៅដល់​របៀបដែលគាត់សម្រាលកូនទាំងពីរនាក់ដំបូងរបស់គាត់នៅផ្ទះ​ដោយពុំស្មានដល់។

គាត់ថ្លែងថា “វាពិតជាលឿន និងងាយស្រួល” ដោយគាត់បានប្រៀបធៀប​ការសម្រាលកូន​ជាមួយនឹង​ការចូលបន្ទប់ទឹកផងដែរ។ កាលពីដប់បួនឆ្នាំមុន គាត់​នៅក្មេង និងអង់អាច។ “ខ្ញុំ​បានត្រៀមអ្វីៗគ្រប់យ៉ាង​ដើម្បីទៅកាន់មន្ទីរពេទ្យស្រុក។ ខ្ញុំបានខ្ចីលុយ និងទូករបស់គេ ខ្ញុំឈឺពោះ ហើយកន្លះម៉ោងក្រោយមក កូនបានកើតមក។”

ជាភាសាខ្មែរ ឆ្លងទន្លេ មានន័យថា សម្រាលកូន ដែលជាពាក្យធៀប​ជាទូទៅមួយ​ចំពោះ​ហានិភ័យ​នៃការឈឺពោះសម្រាលកូន​នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ជាពិសេស នៅពេលដែល​សេវាសុខភាពស្ថិតនៅឆ្ងាយ ពិបាកទៅដល់ ឬ​មានការបំពាក់បរិក្ខារពុំបានល្អ។ កាលពីមួយទសវត្សរ៍មុន ស្រ្តីមានផ្ទៃពោះមួយចំនួន​នៅកោះផ្ដៅ​ប្រថុយធ្វើដំណើររយៈពេលមួយម៉ោង​តាមទូក​នៅពេលកំពុងឈឺពោះសម្រាល​កូន ប្រសិនបើ​ពួកគេមានបំណង​សម្រាលកូន​នៅមូលដ្ឋានសុខាភិបាល។ ស្រ្តីមួយចំនួន​អាចទៅដល់ដីគោក ដោយធ្វើដំណើរឆ្លងកាត់ទឹកដែលពោរពេញទៅដោយរលកដោយសារ​ភ្លៀង ព្យុះលាយឡំនឹងផ្គររន្ទះ ឬភាពងងឹតគ្មានពន្លឺ ស្របពេលដែលស្រ្តីដទៃទៀត​សម្រាលកូន​នៅកណ្ដាលទន្លេ។ ស្រ្តីមួយចំនួន​ស្នាក់នៅផ្ទះ ដោយពឹងផ្អែកលើអ្នកផ្ដល់សេវាសម្រាលកូនបុរាណ។

លោកស្រី ជា សុខខា អាយុសាមសិបប្រាំឆ្នាំ ទទួលការពិនិត្យផ្ទៃពោះ​នៅមណ្ឌលសុខភាព​កំពង់ចាម ជាកន្លែងដែលគាត់គ្រោងនឹងសម្រាលកូនទីបីរបស់គាត់ បន្ទាប់​ពីការសម្រាលកូនពីរនាក់ដំបូង​នៅផ្ទះ​កាលពីជាងមួយទសវត្សរ៍មុន
UNICEF Cambodia/2025/Cristyn Lloyd លោកស្រី ជា សុខខា អាយុសាមសិបប្រាំឆ្នាំ ទទួលការពិនិត្យផ្ទៃពោះ​នៅមណ្ឌលសុខភាព​កំពង់ចាម ជាកន្លែងដែលគាត់គ្រោងនឹងសម្រាលកូនទីបីរបស់គាត់ បន្ទាប់​ពីការសម្រាលកូនពីរនាក់ដំបូង​នៅផ្ទះ​កាលពីជាងមួយទសវត្សរ៍មុន

បើទោះបីបន្ទាប់ពី​មានការបើកមណ្ឌលសុខភាពមួយ​នៅលើកោះនេះដែលផ្ដល់ជម្រើសថែទាំវេជ្ជសាស្រ្តកាន់តែមានសុវត្ថិភាព​សម្រាប់ប្រជាជនរស់នៅលើកោះនេះ​ក្ដី ចរន្តអគ្គិសនីរអាក់រអួលបានធ្វើឲ្យស្រ្តីជាច្រើន​សម្រាលកូននៅក្នុងទីងងឹត និងមិនមានកង្ហារ​នៅក្នុងពេលមានអាកាសធាតុក្ដៅ​។

“ពីមុន នៅពេលដែល​ពុំមានអគ្គិសនីនៅពេលយប់ ខ្ញុំត្រូវប្រើប្រាស់អំពូលពាក់នឹងក្បាល ដើម្បីសម្រាលកូន”​ នេះជាពន្យល់របស់អ្នកគ្រូពេទ្យ ប៉ាន់ សុជាតិ ដែលជាពេទ្យឆ្មប​នៅមណ្ឌលសុខភាព​កំពង់ចាម។ ការតម្លើងផ្ទាំងសូឡាមួយផ្ទាំង​តូច​ពុំគ្រប់គ្រាន់​ដើម្បីផ្ដល់ថាមពល​ដល់មូលដ្ឋានសុខាភិបាល​នេះ​ពេញមួយយប់បានឡើយ។ “ពុំមានកង្ហារ​នៅក្នុងបន្ទប់សម្រាលឡើយ ហេតុនេះ វាក្ដៅ និងពុំមានអារម្មណ៍ស្រួល​ឡើយ។”

ដោយសារគ្មានពន្លឺ ការអនុវត្តការព្យាបាលថែទាំ​ជាទូទៅនៅក្រោយពេលសម្រាល ដូចជា ការដេរ​​ចំពោះ​ការដាច់ក្រោយពេលសម្រាលកូន ក៏កាន់តែពិបាក និងត្រូវការកម្លាំងចិត្តកាយច្រើន​ផងដែរ។ អ្នកគ្រូពេទ្យ សុជាតិ ថ្លែងថា “ខ្ញុំត្រូវមានការផ្ដោតខ្លាំង ដើម្បីមើលឃើញកន្លែងដែលខ្ញុំត្រូវដេរ”។

បើទោះជាជីវិតនៅជនបទនៅតាមដងទន្លេមេគង្គដ៏មានសារសំខាន់នេះ​បង្រៀនសហគមន៍​របស់ខ្លួន​ឱ្យមានភាពរឹងមាំក្ដី គ្រោះថ្នាក់នៃការសម្រាលកូន​ធ្លាប់កើតមាន​ចំពោះ​វេជ្ជបណ្ឌិត និងពេទ្យឆ្មប ដែលពុំអាចផ្ដល់​ដល់អ្នកជំងឺនូវការថែទាំ​ដែលពួកគេសមនឹងទទួលបាន ថ្វីបើ​ពួកគេកិច្ចខិតខំប្រឹងប្រែងយ៉ាង​ខ្លាំងហើយក៏ដោយ។ បើទោះជា​ការសម្រាលរមែងតែង​មានរយៈពេលជាច្រើនម៉ោងក្ដី កង្វះ​អគ្គិសនី​ដើម្បី​ផ្ដល់ថាមពលដល់​បរិក្ខារ​មូលដ្ឋាន ដូចជា កង្ហារ ឬភ្លើងបំភ្លឺ​ ធ្វើឱ្យ​ដំណើរការសម្រាល​កាន់តែពិបាក​សម្រាប់​ស្រ្តីមានផ្ទៃពោះ និងបុគ្គលិកថែទាំសុខភាព។ ហើយដោយគ្មាន​អគ្គិសនីដើម្បីផ្ដល់ថាមពល​ដល់បរិក្ខារវេជ្ជសាស្រ្តចាំបាច់ ការព្យាបាល និងការថែទាំជាប្រចាំ​ ដូចជា ការសម្រាលកូនដែលពុំមានភាពស្មុគស្មាញ អាចក្លាយទៅជាភាពប្រថុយប្រថាន និងសូម្បីតែអាចគំរាមកំហែងដល់ជីវិតផងដែរ។

មុនពេលមណ្ឌលសុខភាពទទួលបានការតម្លើងបន្ទះសូឡា ដែលមានសមត្ថភាពផ្ដល់ថាមពលជាប់លាប់ឥតដាច់នៅទូទាំងមូលដ្ឋានសុខាភិបាល គ្រូពេទ្យឆ្មបមួយចំនួនរមែងតែងពឹងផ្អែកលើអំពូលពាក់នឹងក្បាលដើម្បីមើល នៅពេលសម្រាលទារកនៅពេលយប់
UNICEF Cambodia/2025/Cristyn Lloyd មុនពេលមណ្ឌលសុខភាពទទួលបានការតម្លើងបន្ទះសូឡា ដែលមានសមត្ថភាពផ្ដល់ថាមពលជាប់លាប់ឥតដាច់នៅទូទាំងមូលដ្ឋានសុខាភិបាល គ្រូពេទ្យឆ្មបមួយចំនួនរមែងតែងពឹងផ្អែកលើអំពូលពាក់នឹងក្បាលដើម្បីមើល នៅពេលសម្រាលទារកនៅពេលយប់
អ្នកគ្រូពេទ្យឆ្មប ប៉ាន់ សុជាតិ ថ្លែងថា ការមានអគ្គិសនីជាប់លាប់ឥតដាច់បានផ្ដល់ទំនុកចិត្តដល់គាត់នៅក្នុងការផ្ដល់ការថែទាំដែលមានគុណភាពល្អជូនអ្នកជំងឺ ជាពិសេស នៅពេលផ្ដល់ការសម្រាលកូននៅពេលយប់
UNICEF Cambodia/2025/Cristyn Lloyd អ្នកគ្រូពេទ្យឆ្មប ប៉ាន់ សុជាតិ ថ្លែងថា ការមានអគ្គិសនីជាប់លាប់ឥតដាច់បានផ្ដល់ទំនុកចិត្តដល់គាត់នៅក្នុងការផ្ដល់ការថែទាំដែលមានគុណភាពល្អជូនអ្នកជំងឺ ជាពិសេស នៅពេលផ្ដល់ការសម្រាលកូននៅពេលយប់

នៅកម្ពុជា ស្រ្តីចំនួន ១៥៤នាក់ក្នុងចំណោមស្រ្តី ១០០.០០០នាក់ បាត់បង់ជីវិត​ដោយសារ​ផលវិបាកសុខភាព​នៅក្នុងពេលមានផ្ទៃពោះ ឬ សម្រាលកូន ហើយចំនួន​នេះ គឺជាចំនួន​ដែល​នៅតែមានកម្រិតខ្ពស់នៅឡើយ​នៅក្នុងរយៈពេលពីរទសរត្សរ៍​កន្លងមក ថ្វីបើមាន​ការរីកចម្រើនជាច្រើនចំពោះអត្រា​មរណភាពរបស់ទារកទើបនឹងកើត និងកុមារអាយុក្រោមប្រាំឆ្នាំក្ដី។1

ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ នៅពេលនេះ ការសម្រាលកូន​នៅលើកោះផ្ដៅ​មានសុវត្ថិភាពកាន់ខ្លាំងសម្រាប់ស្រ្តីជាម្ដាយ និងទារក។ នៅពេលនេះ មណ្ឌលសុខភាពនេះ​ទទួលបាន​ថាមពលទាំងស្រុងពីពន្លឺព្រះអាទិត្យ ដែលកត្តានេះជួយដល់បុគ្គលិក​ក្នុងការផ្ដល់​ការថែទាំដែលមានគុណភាពល្អបំផុតតាមដែលអាចធ្វើបានរយៈពេល ២៤ម៉ោង​ក្នុងមួយថ្ងៃ ដោយពុំមានការដាច់ចរន្តអគ្គិសនីឡើយ។ ជាមួយនឹងភ្លើងបំភ្លឺគ្រប់គ្រាន់ គ្រូពេទ្យឆ្មបទាំងឡាយ ដូចជា អ្នកគ្រូពេទ្យ សុជាតិ អាចអនុវត្តការងាររបស់ខ្លួន​ក្នុងបរិយាកាសមួយដែលកាន់តែមានសុវត្ថិភាព និងផាសុកភាព។

អ្នកគ្រូពេទ្យ សុជាតិ ថ្លែងថា “នៅពេលនេះ ខ្ញុំអាចមើលឃើញច្បាស់ ដោយសារមានភ្លើងបំភ្លឺ។ ខ្ញុំមានអារម្មណ៍​កាន់តែមានទំនុកចិត្ត​នៅក្នុងការសម្រាល ហើយមិនតានតឹងដោយសារកម្ដៅឡើយ។ ខ្ញុំមានអារម្មណ៍​ធូរស្រាលក្នុងខ្លួន ហេតុនេះ ខ្ញុំអាចផ្ដល់​ការថែទាំកាន់តែល្អ។”


1 ការអង្កេតប្រជាសាស្រ្ត និងសុខភាពនៅកម្ពុជា ឆ្នាំ២០២១-២២

លោកស្រី សុខ សុភា និងស្រីភីន ជាកូនស្រីអាយុមួយថ្ងៃរបស់គាត់ ដែលបានសម្រាលមកដោយពុំមានផលវិបាកសុខភាពនៅមណ្ឌលសុខភាពដែលទទូលបានថាមពលទាំងស្រុងពីពន្លឺព្រះអាទិត្យនៅកោះផ្ដៅ
UNICEF Cambodia/2025/Cristyn Lloyd លោកស្រី សុខ សុភា និងស្រីភីន ជាកូនស្រីអាយុមួយថ្ងៃរបស់គាត់ ដែលបានសម្រាលមកដោយពុំមានផលវិបាកសុខភាពនៅមណ្ឌលសុខភាពដែលទទូលបានថាមពលទាំងស្រុងពីពន្លឺព្រះអាទិត្យនៅកោះផ្ដៅ

នៅក្នុងប្រទេសនានានៅតំបន់ត្រូពិច ដូចជា ប្រទេសកម្ពុជា ការផ្ដល់ថាមពលពន្លឺព្រះអាទិត្យជូន​មូលដ្ឋានសុខាភិបាល គឺជាដំណោះស្រាយ​ប្រកបដោយចីរភាព មានប្រសិទ្ធភាពសមនឹងតម្លៃ និងមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយ​បុគ្គលិកថែទាំសុខភាព​ក្នុងការផ្ដល់សេវាថែទាំសុខភាពដែលមានគុណភាពកាន់តែល្អ​នៅតំបន់ដាច់ស្រយាល។ ជាទូទៅ មណ្ឌលសុខភាពនានា ដែលពុំមានការភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ពឹងផ្អែកលើ​បន្ទះសូឡាតូចៗ ដែលអាចផ្ដល់ថាមពលចំពោះមុខងារមួយចំនួនតូច ឬពឹងផ្អែកលើម៉ាស៊ីនភ្លើងប្រើប្រេងម៉ាស៊ូតដែល​បញ្ចេញឧស្ម័នគ្រោះថ្នាក់ ដែលបង្កផលប៉ះពាល់អវិជ្ជមានចំពោះ​សុខភាពរបស់សហគមន៍ និងបរិស្ថានជុំវិញ។

នៅកោះផ្ដៅ នៅពេលនេះ ថាមពលពន្លឺព្រះអាទិត្យ​អាចគាំទ្រគ្រប់មុខងាររបស់មណ្ឌលសុខភាព ដែល​ត្រូវការអគ្គិសនី រួមទាំង បរិក្ខារមូលដ្ឋាន ដូចជា ភ្លើងបំភ្លឺ និងអំពូលវេជ្ជសាស្រ្ត កង្ហារលើពិដាន និងបរិក្ខារវេជ្ជសាស្រ្តចាំបាច់ ដូចជា ឧបករណ៍ផលិតអ៊ីកស៊ីសែន និងឧបករណ៍សម្លាប់មេរោគ ដែលជាធម្មតា​ ត្រូវបានប្រើប្រាស់ ដើម្បីសម្លាប់មេរោគលើ​បរិក្ខារនានា​នៅក្នុងអំឡុងពេលសម្រាលកូន។ ប្រព័ន្ធសូឡា​ក៏ផ្ដល់​ថាមពល​ចំពោះទូរទឹកកកសម្រាប់ថ្នាំបង្ការ និងឱសថវេជ្ជសាស្រ្តសង្គ្រោះជីវិតដទៃទៀត ដូចជា ឱសថ​អុកស៊ីតូស៊ីន (oxytocin) សម្រាប់​ការប្រើប្រាស់លើ​ការព្យាបាល​ការហូរឈាមក្រោយពេលសម្រាលកូន ដែលជាប្រភេទ​នៃការហូរឈាមធ្ងន់ធ្ងរ​ក្រោយពេលសម្រាលកូន និងជាបុព្វហេតុនាំមុខមួយ​ក្នុងចំណោមបុព្វហេតុនាំមុខនានានៃមរណភាពមាតា​នៅប្រទេសកម្ពុជា និងនៅទូទាំងសកលលោក។

“ចាប់តាំងពី​មណ្ឌលសុខភាពនេះ​ទទួលបាន​ថាមពលសូឡា យើងអាច​ផ្ដល់​សេវា​ជូនដល់ប្រជាជនកាន់តែច្រើន។” នេះជាសម្ដីរបស់​វេជ្ជបណ្ឌិត វ៉ា កាទីយ៉ា ប្រធានមណ្ឌលសុខភាព​កំពង់ចាម​។ “ថាមពលពន្លឺព្រះអាទិត្យ​អាចប្រើប្រាស់បានរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃ​ក្នុងមួយសប្ដាហ៍។ ប្រជាជន​នៅក្នុងសហគមន៍​មានភាពសប្បាយរីករាយ នៅពេលទទួលបាន​សេវារបស់យើង។”

តាមរយៈការជួយដល់បុគ្គលិក​ក្នុងការផ្ដល់​ការថែទាំ​ដែលកាន់តែអាចជឿជាក់បាន និងមានគុណភាព ថាមពលពន្លឺព្រះអាទិត្យ​ក៏​កសាងទំនុកចិត្ត​រវាង​អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាពផងដែរ ដែលនេះជាការលើកទឹកចិត្តសហគមន៍ឱ្យស្វែងរកសេវាថែទាំសុខភាពនៅជិតផ្ទះរបស់ពួកគេ និងនៅពេលណាដែលពួកគេត្រូវការសេវានេះ។ ដោយសារ​ការកាត់បន្ថយ​ពេលវេលាធ្វើដំណើរ​សម្រាប់ម្ដាយ និងកុមារ ដើម្បីស្វែងរកការថែទាំសុខភាពចាំបាច់ រួមទាំងការសម្រាលកូន និងការផ្ដល់ថ្នាំបង្ការជាប្រចាំ ម្ដាយ និងទារកចំនួនកាន់តែតិចទៅ​នឹងបាត់បង់ជីវិត​ ដោយសារមូលហេតុដែលអាចបង្ការបាន។

វេជ្ជបណ្ឌិត វ៉ា កាទីយ៉ា ប្រធានមណ្ឌលសុខភាពកំពង់ចាម ថ្លែងថា សមត្ថភាពថាមពលពន្លឺព្រះអាទិត្យថ្មីដែលគាំទ្រដោយយូនីសេហ្វ អាចផ្ដល់ថាមពលដល់មូលដ្ឋានសុខាភិបាលនេះរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ
UNICEF Cambodia/2025/Cristyn Lloyd វេជ្ជបណ្ឌិត វ៉ា កាទីយ៉ា ប្រធានមណ្ឌលសុខភាពកំពង់ចាម ថ្លែងថា សមត្ថភាពថាមពលពន្លឺព្រះអាទិត្យថ្មីដែលគាំទ្រដោយយូនីសេហ្វ អាចផ្ដល់ថាមពលដល់មូលដ្ឋានសុខាភិបាលនេះរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ

“នៅពេលនេះ ខ្ញុំ​ពុំចាច់ត្រូវធ្វើដំណើរឆ្ងាយឡើយ” ជាសម្ដីរបស់លោកស្រី សុខខា ដែលជិតនឹងក្លាយ​ជាម្ដាយរបស់កូនបីនាក់។ “មណ្ឌលសុខភាពនៅជិត ហេតុនេះ វាងាយស្រួល។ មានភ្លើងបំភ្លឺ មានកន្លែងស្នាក់ មានអ្វីៗគ្រប់យ៉ាង។”

អគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ​នៅមូលដ្ឋានសុខាភិបាលនេះ ក៏ជាផ្នែកមួយ​នៃ​កិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ​ក្នុងការពារ​កុមារ និងសហគមន៍ ព្រមទាំង​ក្នុងការកាត់បន្ថយផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុផងដែរ។ មានការប៉ាន់ស្មានថា ថាមពលពីពន្លឺព្រះអាទិត្យ​ជួយកាត់បន្ថយ​ការបញ្ចេញកាបូន​ចំនួន ២៥ភាគរយ។ ដោយទទួលបានមូលនិធិពី​យូនីសេហ្វ និងរដ្ឋាភិបាលអូស្រ្តាលី មណ្ឌលសុខភាពចំនួន ៣០ នៅទូទាំងខេត្តដែលពិបាកទៅដល់ទាំង ៨ នៅប្រទេសកម្ពុជា បានភ្ជាប់ជាមួយនឹងថាមពលពីពន្លឺព្រះអាទិត្យ។

នៅពេលថ្ងៃអស្ដង្គតដ៏ស្រទន់​នៅលើដងទន្លេមេគង្គ សត្វក្របី​កំពុងលេងទឹកនៅក្នុងទឹកទន្លេដ៏ត្រជាក់ ហើយស្រមោលពណ៌មាស​នៃ​ទូកវែងៗ​ធ្វើដំណើរយឺតៗឆ្លងកាត់​កោះផ្ដៅ។

នៅពេលផ្ទៃមេឃពណ៌ទឹកក្រូចប្រែក្លាយទៅជាពណ៌ខៀវ បន្ទាប់មកពណ៌ខ្មៅ ភាគច្រើន​នៃដែនកោះនេះ​ប្រែក្លាយទៅជាងងឹត ហើយ​មានតែពន្លឺភ្លឺមួយចំនួនតូចប៉ុណ្ណោះ​ដែលលេចឡើងនៅជើងមេឃដ៏ឆ្ងាយ។ ប៉ុន្តែត្រឹមប៉ុន្មានជំហានពី​ច្រាំងទន្លេដ៏ចោទ ពន្លឺភ្លើង​នៃមណ្ឌលសុខភាពកំពង់ចាម គឺមិនអាចខ្វះបានឡើយ។

លោកស្រី សុខខា ថ្លែងថា “ខ្ញុំចង់ឱ្យម្តាយជំនាន់ក្រោយសម្រាលកូន​នៅមណ្ឌលសុខភាព ដោយសារវាមានសុវត្ថិភាព។”