សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ស៊ីន យូប៊ីន

ទូតសុឆន្ទៈរបស់យូនីសេហ្វប្រចាំកម្ពុជា

Yubin Shin Visited to Takeo Province_July 01, 2025_150
105_A7V04361 (1).webp
UNICEF Cambodia/2026/Antoine Raab

កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្តែងកម្ពុជាម្នាក់ ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ បន្ទាប់ពីបានឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រឡងសមត្ថភាព Freshie Girls & Boys ក្នុងឆ្នាំ២០១៤ ដែលជួយឲ្យកញ្ញាទទួលបានតួនាទីជាតួឯកស្រីជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍។ ចាប់តាំងពីពេលនោះមក កញ្ញាបានកសាងអាជីពយ៉ាងរឹងមាំនៅក្នុងវិស័យភាពយន្ត និងទូរទស្សន៍ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនលើស្នាដៃសម្តែងជាច្រើន។ កញ្ញាក៏ទទួលបានការទទួលស្គាល់ជាអន្តរជាតិផងដែរ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោក រួមទាំងមហោស្រពភាពយន្តទីក្រុងកាន (Cannes Film Festival) ដែលជាទីកន្លែងដែលកញ្ញាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលកញ្ញាតំណាងឲ្យប្រទេសកម្ពុជា។ នៅដើមឆ្នាំនេះ កញ្ញាត្រូវបានតែងតាំងជាទូតវប្បធម៌កម្ពុជាសម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ី (Asian Art Film Festival) ផងដែរ។ កញ្ញា ស៊ីន យូប៊ីន គឺជានិមិត្តរូបនៃសិល្បករកម្ពុជាជំនាន់ថ្មី។

ចាប់តាំងពីឆ្នាំ២០២២ មក កញ្ញា ស៊ីន យូប៊ីន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយយូនីសេហ្វ ដោយបានចូលរួមគាំទ្រដល់ការតស៊ូមតិជុំវិញសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ការអប់រំ ការថែទាំសុខភាព ការអបអរទិវាកុមារពិភពលោក និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការខិតខំប្រឹងប្រែងកៀរគរថវិកា ដើម្បីជួយដល់កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារវិបត្តិផ្សេងៗក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។

Embedded video follows

ក្នុងនាមជាទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា កញ្ញា យូប៊ីន បានប្រើប្រាស់សំឡេង និងបណ្តាញផ្សព្វផ្សាយនានារបស់នាង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបានការអប់រំ សុខភាព ការគាំពារ និងការចូលរួមប្រកបដោយអត្ថន័យ។ នាងបានចូលរួមផ្សព្វផ្សាយនូវរឿងរ៉ាវ និងបទពិសោធន៍នានាពីសហគមន៍ ដែលជួយកែប្រែឥរិយាបថរបស់សាធារណជន និងផ្តល់ជាទុនដល់កិច្ចពិភាក្សាលើការតាក់តែងគោលនយោបាយផ្សេងៗ។ តាមរយៈភាពជឿជាក់ និងឥទ្ធិពលរីកសាយភាយរបស់នាង កញ្ញាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពង្រីកការចូលរួមរបស់យូនីសេហ្វ ជាមួយសាធារណជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ។

ទន្ទឹមនឹងនេះ កញ្ញា យូប៊ីន តែងតែគាំទ្រដល់កម្មវិធីអាទិភាព និងយុទ្ធនាការនានារបស់យូនីសេហ្វ រួមមាន៖ ការឆ្លើយតបផ្នែកមនុស្សធម៌ និងការស្តារឡើងវិញ ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍ក្នុងវ័យកុមារ អំពើហិង្សា ការលើកកម្ពស់បរិយាកាសអនឡាញប្រកបដោយសុវត្ថិភាព សុខភាពផ្លូវចិត្ត បរិយាបន្នពិការភាព ព្រមទាំងការលើកកម្ពស់ការអប់រំ បំណិនជីវិត និងការចូលរួមរបស់យុវជន។