សេចក្ដីប្រកាសព័ត៌មាន ប្រទេសកម្ពុជា ស៊ុយអែត និងយូនីសេហ្វ រួមគ្នាការពារការអប់រំសម្រាប់កុមារ ដែលសាលារៀនខ្លួនត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័ក

24 កុម្ភៈ 2021

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វកំពុងរិះរកវិធីឆ្លើយតបបន្ទាន់ចំពោះតម្រូវការសិក្សារបស់សិស្សានុសិស្សដែលពុំអាចទៅរៀនបាន ដោយសារសាលារបស់ពួកគេ កំពុងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័កជំងឺកូវីដ១៩។ ទោះជាបវេសនកាលឆ្នាំសិក្សាថ្មី ត្រូវបានចាប់ ផ្តើមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក៏ដោយ មានសាលាបឋមសិក្សាចំនួន១៣ អនុវិទ្យាល័យចំនួន១៨ និងវិទ្យាល័យចំនួន១៩ ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ពុំអាចបើកដំណើរការព្រមគ្នាជាមួយនឹងសាលារៀនដទៃទៀតឡើយព្រោះសាលារៀនទាំងនោះកំពុងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌល ចត្តាឡីស័ក សម្រាប់ពលករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសថៃ។ សកម្មភាពនេះគឺជាកិច្ចខិតខំប្រឹងប្រែងបន្តរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា” យើងស្វាគមន៍ចំពោះការគាំទ្របន្ថែមពីយូនីសេហ្វ និងប្រទេសស៊ុយអែត សម្រាប់សាលារៀន និងសិស្សានុសិស្សដែលរងផលប៉ះពាល់ក្នុងខេត្តនានានៅជាប់ព្រំដែន។ ទោះបីជាយើងកំពុងជួបប្រទះការលំបាកពីការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ក៏ដោយ ក៏យើងត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីឱ្យសិស្សអាចនៅតែបន្តការសិក្សាបាន និងធានាថាពួកគេមានសុវត្ថិភាពពីជំងឺនេះ។ ដូច្នេះហើយបានជាការផ្ដល់សៀវភៅសិក្សានៅពេលនេះដល់សិស្សដែលរងផលប៉ះពាល់ គឺជាអន្តរាគមន៍ចំពោះមុខដ៏មានសារៈសំខាន់ ដើម្បីជួយឱ្យពួកគេនៅតែបន្តការសិក្សាបាន។”

ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃរហ័សមួយលើតម្រូវការរបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ ហើយបានរកឃើញថា ការខ្វះសៀវភៅសិក្សាគឺជាបញ្ហាប្រឈមធំជាងគេបំផុតមួយ ដែលសិស្សានុសិស្សកំពុងជួបប្រទះ ជាពិសេសសិស្សដែលត្រូវរៀនពីចម្ងាយនៅតាមផ្ទះ ឬដែលត្រូវទៅរៀននៅសាលាមួយទៀត នៅក្បែរសាលារៀនខ្លួន ។ ដើម្បីឆ្លើយតបចំពោះតម្រូវការនេះ យូនីសេហ្វ ដោយមានការគាំទ្រថវិកាពីប្រទេសស៊ុយអែត បានទិញសៀវភៅសិក្សាមុខវិជ្ជាគោលសម្រាប់ចែកជូនសិស្សនៅក្នុងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥០ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ ជាសរុប សៀវភៅសិក្សាចំនួន ៣៥.០៥៥ ក្បាល ត្រូវបានចែកជូនទៅដល់សាលារៀននៅតំបន់ភាគឦសាន ដែលបានជួយដល់សិស្សប្រមាណ ៣២.៤៨៦នាក់ ឱ្យអាចបន្តការសិក្សារបស់ពួកគេបាន។

ឯកឧត្តម ប៊ីយ៉ន ហ៊ែហ្កម៉ាឃ ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋានដ៏សំខាន់ ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ១៩ បានបន្តបង្អាក់ដល់ការសិក្សារបស់កុមារកម្ពុជារាប់ពាន់នាក់។ ប្រទេសស៊ុយអែតមានសេចក្ដីសោមនស្សរីករាយ ដែលអាចចូលរួមជួយដល់ការឆ្លើយតបជាបន្ទាន់ដ៏មានសារៈសំខាន់នេះ ដើម្បីធានាថាកុមារី និងកុមារដែលរស់នៅក្នុងខេត្តរងផលប៉ះពាល់ផ្ទាល់ពីជំងឺកូវីដ១៩ អាចទទួលបានធនធនសិក្សាគ្រប់គ្រាន់ ដើម្បីបន្តការសិក្សាររបស់ពួកគេ។”

នៅក្នុងឆ្នាំ២០២១ ដែលជាឆ្នាំទី២នៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ ថ្នាំបង្ការបាននាំមកនូវក្តីសង្ឃឹមថ្មីដល់យើង។ ប៉ុន្តែអត្រានៃការឆ្លងនៅតែមានកម្រិតខ្ពស់នៅទ្បើយ។ នៅក្នុងឆ្នាំ២០២០ ការអប់រំរបស់កុមារ ត្រូវបានរងប៉ះពាល់យ៉ាងខ្លាំងពីមេរោគរាតត្បាតនេះ ហើយជាលទ្ធផលមានសាលារៀនជាច្រើនត្រូវបានបិទទ្វារ។ យូនីសេហ្វ កំពុងធ្វើការតស៊ូមតិឱ្យបន្តការអប់រំនៅជុំវិញពិភពលោក និងកសាងទ្បើងវិញ និងគិតគូរសារ

ជាថ្មីនូវប្រព័ន្ធអប់រំមួយដែលផ្តល់អត្ថប្រយោជន៍ដល់កុមារទាំងអស់ និងមានភាពធន់ទៅនឹងវិបត្តិនានានៅថ្ងៃអនាគត។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “យូនីសេហ្វសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលស៊ុយអែត សម្រាប់កិច្ចសហការគាំទ្រដល់កុមារ នៅក្នុងស្ថានភាពដ៏បាកនេះ។ តម្រូវការចាំបាច់ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ បានធ្វើឱ្យមានការអាក់ខានដល់ការរៀនសូត្រ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលយើងត្រូវគិតគូរសារជាថ្មីនូវការអប់រំ ដែលសមស្របទៅនឹងស្ថានភាពផ្លាស់ប្តូរ ទាំងនេះ។ កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ហើយយើងត្រូវរួមគ្នាបំពេញនូវសិទ្ធិនោះឱ្យពួកគេ។” លោកស្រីក៏បានបន្ថែមទៀតថា “ខ្ញុំសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យនូវជម្រើសដទៃទៀតក្នុងការគាំទ្រដល់ការវិលត្រលប់ប្រកបដោយសុវត្ថិភាពរបស់កម្មករចំណាកស្រុក ដោយចាត់ទុកការប្រើប្រាស់សាលារៀនជាមជ្ឍមណ្ឌលចត្តាឡីស័ក គួរតែជាជម្រើសចុងក្រោយ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ចេញពីការបិទសាលារៀនទាំងនោះ។”

###

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • ឯកឧត្តមបណ្ឌិត រស់ សុវាចា
  • អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីទ្បា
  • ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦
  • ឬសារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook