សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សហភាពអឺរ៉ុប និងយូនីសេហ្វ ផ្តល់ជំនួយជាសម្ភារមនុស្សធម៌សង្គ្រោះជីវិត ជូនដល់កុមារ និងគ្រួសារភៀសសឹកដោយសារវិបត្តិនៅតាមព្រំដែនក្នុងប្រទេសកម្ពុជា

08 កុម្ភៈ 2026
20260208 BMC-EU Visit-0776.webp
UNICEF Cambodia/2026/Seavhong Liv

ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦៖ នៅថ្ងៃនេះ ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូនីសេហ្វប្រចាំកម្ពុជា ដើម្បីប្រគល់សម្ភារសង្គ្រោះបន្ទាន់ជានិមិត្តរូបជូនដល់គ្រួសារភៀសសឹកនៅជំរំភៀសសឹក វត្តកណ្តោល។ សម្ភារសង្គ្រោះបន្ទាន់ទាំងអស់មានប្រមាណ ៣០តោន ដែលជាសកម្មភាពរួមគ្នានេះ បង្ហាញពីការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះវិបត្តិនៅតាមព្រំដែន សម្រាប់ការជួយគាំទ្រដល់ប្រជាជនប្រមាណ ១៥,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នៅតាមបណ្តាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ។

សម្ភារទាំងនោះរួមមាន តង់ និងកៅស៊ូតង់សម្រាប់ប្រើប្រាស់ជាកន្លែងសិក្សាបណ្តោះអាសន្ន និងទីកន្លែងកុមារមេត្រី ដើម្បីធានាថាកុមារអាចបន្តការសិក្សារបស់ពួកគេក្នុងបរិយាកាសដែលមានសុវត្ថិភាព។ ការផ្តល់ជូននេះក៏រួមបញ្ចូលផងដែរនូវកញ្ចប់អនាម័យ អំពូលសូឡា សម្ភារសុខភាព អនាម័យ និងទឹកស្អាតផ្សេងទៀត ដើម្បីជួយឱ្យគ្រួសារនីមួយៗអាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ ក្នុងអំឡុងពេលស្នាក់នៅជំរំបណ្តោះអាសន្នទាំងនោះ។

ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងមានមោទកភាពក្នុងការផ្តល់ជូនសម្ភារចាំបាច់តាមរយៈភាពជាដៃគូជាមួយយូនីសេហ្វប្រចាំកម្ពុជា បន្ថែមពីលើការគាំទ្រផ្នែកសុខភាពផ្លូវចិត្តដែលកំពុងអនុវត្តដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) ដើម្បីផ្តល់សេវាកម្មប្រឹក្សាផ្លូវចិត្តដែលបង្កដោយជម្លោះប្រដាប់អាវុធដល់ប្រជាជនភៀសសឹក ។ សហភាពអឺរ៉ុបប្តេជ្ញាគាំទ្រកម្ពុជា និងដៃគូក្នុងការការពារសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់កុមារ និងគ្រួសារភៀសសឹកគ្រប់រូប»។

លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កុមារ និងគ្រួសារជនភៀសសឹកក្នុងអំឡុងពេលមានវិបត្តិនេះដែលផ្តល់ឲ្យពួកគេទទួលបាននូវសេវាចាំបាច់នានា និងឱកាសក្នុងការកសាងអនាគតឡើងវិញ។ ការគាំទ្រនេះនឹងជួយធានាថាកុមារតូចៗនៅតែអាចបន្តការរៀនសូត្រ គ្រួសារសម្ភារបរិក្ខាទឹកស្អាត និងអនាម័យប្រើប្រាស់ ហើយសហគមន៍អាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងអំឡុងពេលដែលពួកគេកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ»។

សហភាពអឺរ៉ុប និងយូនីសេហ្វ នៅតែបន្តប្តេជ្ញាចិត្តក្នុងការធានាថាកុមារ និងគ្រួសារពួកគេទទួលបានជំនួយចាំបាច់ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងការស្តារឡើងវិញសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិនៅតាមព្រំដែននេះ។

ទាញយករូបភាពនៅទីនេះ៖ https://drive.google.com/drive/folders/11E_8QAnvFAKy4fHrdjVjkRJFVRhuTUB_?usp=sharing (credits: © UNICEF Cambodia/2026/Seavhong Liv)

###

 

អំពី ReliefEU

ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមរយៈ ReliefEU Capacities ដែលជាឧបករណ៍ឆ្លើយតបមួយរបស់នាយកដ្ឋានកិច្ចការពារស៊ីវិល និងប្រតិបត្តិការជំនួយមនុស្សធម៌ (ECHO) នៃគណៈកម្មការអឺរ៉ុប។ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងប្រ៊ុចសែល និងបណ្តាញការិយាល័យប្រចាំតំបន់ទូទាំងពិភពលោក សហភាពអឺរ៉ុបជួយដល់ជនរងគ្រោះដោយសារជម្លោះ និងគ្រោះមហន្តរាយរាប់លាននាក់ជារៀងរាល់ឆ្នាំ ដោយផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះបំផុត ដោយផ្អែកលើតម្រូវការមនុស្សធម៌ជាក់ស្តែង។

ReliefEU Capacities គឺជាឧបករណ៍ឆ្លើយតបគ្រោះអាសន្នមនុស្សធម៌ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ការគាំទ្ររហ័ស ប៉ុន្តែជាបណ្តោះអាសន្ន ដល់ដៃគូនៅក្នុងការឆ្លើយតបមនុស្សធម៌ នៅកន្លែងដែលសហគមន៍មនុស្សធម៌ជួបការលំបាកក្នុងការផ្តល់ជំនួយឲ្យបានទាន់ពេលវេលា។

ហេតុដូច្នេះ ReliefEU Capacities ជួយបំពេញតម្រូវការបន្ទាន់របស់ប្រជាជនដែលរងផលប៉ះពាល់ បំពេញចន្លោះខ្វះខាតនៃប្រតិបត្តិការ និងពង្រឹងលទ្ធភាពក្នុងកិច្ចការមនុស្សធម៌ តាមរយៈការផ្តល់ដំណោះស្រាយលើការដឹកជញ្ជូន ភស្តុភារ និងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងជំនាញ និងសេវាកម្ម ដែលមានសុវត្ថិភាពនិងអាចទុកចិត្តបាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 

លោកស្រី ចាន់ ផល្គុណ មន្ត្រីផ្នែកព័ត៌មាន និងទំនាក់ទំនង នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា 

អ៊ីមែល៖ [email protected]

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

អំពីយូនីសេហ្វ  

យូនីសេហ្វ​ធ្វើការងារ​នៅតាមទីកន្លែងលំបាកបំផុត​មួយចំនួន​នៅក្នុងពិភពលោក ដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារ​ដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បី​កសាងពិភពលោក​មួយ​កាន់តែល្អ​សម្រាប់មនុស្ស​គ្រប់រូប។ សម្រាប់ព័ត៌មានបន្ថែម​អំពី យូនីសេហ្វ និងការងារនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh

សូមតាមដាន​យូនីសេហ្វប្រចាំកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok