យូនីសេហ្វកម្ពុជាប្រកាសចាប់ផ្តើមយុទ្ធនាការថ្មីឈ្មោះថា “ខ្ញុំធូរចិត្ត ពេល…” ដែលបង្កើតរួមគ្នាជាមួយ យុវជន ដើម្បីដោះស្រាយវិបត្តិសុខភាពផ្លូវចិត្តកំពុងកើនឡើង

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃ១៥ ខែមិថុនា៖ នៅថ្ងៃនេះ យូនីសេហ្វកម្ពុជាបានប្រកាសចាប់ផ្តើមយុទ្ធនាការថ្មីមួយដែលមានឈ្មោះថា “ខ្ញុំធូរចិត្ត ពេល…” ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ យុទ្ធនាការនេះទទួលបានមូលនិធិគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំកម្ពុជា និងសហការជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) កម្ពុជា និងបណ្តាញទូរសព្ទជំនួយកុមារកម្ពុជា។
យុទ្ធនាការនេះអនុវត្តដោយផ្អែកលើព័ត៌មានពីការស្រាវជ្រាវដែលបានរកឃើញថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យវិបត្តិសុខភាពផ្លូវចិត្តដែលកំពុងមានបញ្ហារួចជាស្រេចនោះ កាន់តែមានសភាពធ្ងន់ធ្ងរប៉ះពាល់ដល់យុវជននៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ របាយការណ៍យូនីសេហ្វស្ដីពីស្ថានភាពពិភពលោកនៅឆ្នាំ២០២១ បានរកឃើញថា យុវវ័យម្នាក់ក្នុងចំណោម ៧នាក់ នៅទូទាំងសកលលោកត្រូវបានគេរកឃើញថាកំពុងរស់នៅជាមួយវិបត្តិផ្លូវចិត្ត។
នៅកម្ពុជា ការសិក្សារបស់យូនីសេហ្វ និងដៃគូស្ដីពីផលប៉ះពាល់សេដ្ឋកិច្ចសង្គម បានរកឃើញថា ៤៥% នៃយុវវ័យដែលបានចូលរួមនៅក្នុងការអង្កេត បានព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនក្នុងអំឡុងនៃជំងឺរាតត្បាតនេះ និង ១៦% មានអារម្មណ៍ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត ចាប់តាំងពីពេលចាប់ផ្ដើមនៃវិបត្តិនេះ។ បន្ថែមលើនេះ ការវាយម្លៃរួមគ្នាស្ដីពីតម្រូវការការអប់រំ ដែលត្រូវបានធ្វើរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារវិស័យអប់រំ និងយូនីសេហ្វ បានរកឃើញថា ៥៨% នៃសិស្សមធ្យមសិក្សាបានត្រូវបានរាយការណ៍ថាបានជួបប្រទះនឹងបញ្ហាផ្លូវចិត្តយ៉ាងហោចណាស់មួយ។ អង្គការសម្ព័ន្ធរួមកម្លាំងគ្នាដើម្បីកុមារ ដែលជាសម្ព័ន្ធភាពចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិផ្នែកសិទ្ធិកុមារធំបំផុតចំនួនប្រាំ បានបញ្ជាក់អំពីទំហំនៃវិបត្តិនេះនៅខែនេះ និងបានអំពាវនាវឲ្យមានចំណាត់ការឆ្លើយតបនៅទូទាំងប្រទេស។
ជាលទ្ធផលនៃរបកគំហើញបែបនេះ យូនីសេហ្វបានដាក់បញ្ហាសុខភាពផ្លូវចិត្តក្លាយជាអាទិភាពមួយនៃអាទិភាពសកលសំខាន់ៗរបស់ខ្លួន ស្របពេលពិភពលោកកំពុងស្ដារឡើងវិញពីជំងឺរាតត្បាតនេះ។
លោក អានៀរបាន ឆាតឺរជី នាយករងយូនីសេហ្វទទួលបន្ទុកផ្នែកកម្មវិធី បានមានប្រសាសន៍ថា៖ “កុមារមានវិបត្តិសុខភាពផ្លូវចិត្តរួចហើយ ប៉ុន្តែការរាតត្បាតជំងឺនេះពិតជាបានធ្វើឲ្យស្ថានភាពនេះកាន់តែអាក្រក់ឡើង”។ សាលារៀនបានបិទទ្វារ បម្រាមនានាបានរារាំងទំនាក់ទំនងសង្គមវិជ្ជមាន ហើយគ្រួសារបានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចសង្គមដ៏ធំសម្បើម ដែលទាំងអស់នេះសុទ្ធតែមានឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន។ យូនីសេហ្វកំពុងធ្វើការងារ ដើម្បីដាក់បញ្ហានេះនៅជួរមុខនៃរបៀបវារៈស្ដារឡើងវិញពីជំងឺកូវីដ-១៩។ ការពង្រឹងសុខភាពផ្លូវចិត្តនឹងត្រូវការចំណាត់ការនៅគ្រប់កម្រិតរបស់រដ្ឋាភិបាល និងសង្គម រួមទាំងយុវជនផងដែរ។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីជួយពួកគេជម្នះលើការមាក់ងាយ និងផ្ដល់ដល់ពួកគេនូវឧបករណ៍ចាំបាច់បំផុតដើម្បីផ្តល់អាទិភាពលើសុខុមាលភាពរបស់ខ្លួន។”
យុវជនគឺជាកម្លាំងជំរុញនៅពីក្រោយយុទ្ធនាការនេះ។ យូនីសេហ្វបានពិគ្រោះយោបល់ជាមួយក្រុមគោលដៅកុមារ និងយុវជនមកពីទីក្រុង និងទីជនបទនៃប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីការយល់ដឹង និងបទពិសោធរបស់ពួកគេទាក់ទងនឹងសុខភាពផ្លូវចិត្ត។ បន្ទាប់មកក្រុមការងារដែលមានទេពកោសល្យនៃស្ទូឌីយ៉ូច្នៃប្រឌិតកម្ពុជារបស់អង្គការហ្វារពន្លឺសិល្បៈ បានរៀបចំគោលគំនិតនៃយុទ្ធនាការនេះដោយផ្អែកលើចំណេះដឹងស៊ីជម្រៅរបស់យុវជន ដែលត្រូវបានសាកល្បង និងអភិវឌ្ឍបន្ថែមទៀតជាមួយពួកគេ។
ក្រុមពិភាក្សានានាបានបង្ហាញថាយុវជនកម្ពុជាមានការយល់ច្រើនអំពីសុខភាពផ្លូវចិត្តទន់ខ្សោយ និងវិធីសាស្រ្តពង្រឹងសុខភាពផ្លូវចិត្ត។ ពួកគេជឿជាក់ថា ភាពក្រីក្រ និងការខ្វះការថែទាំពីឪពុកម្ដាយ គឺជាបុព្វហេតុនាំមុខគេដែលបង្កឲ្យមានសុខភាពផ្លូវចិត្តទន់ខ្សោយ ហើយថាការនិយាយជាមួយមិត្តភក្ដិ គឺជាវិធីល្អមួយចំពោះការដោះស្រាយភាពតានតឹងក្នុងចិត្ត។ ទោះបីជាយ៉ាងនេះក្ដី ពួកគេបាននិយាយថា ពួកគេភ័យខ្លាចនឹងនិយាយជាមួយមិត្តភកិ្ដ ដោយសារអាចមានភាពមាក់ងាយ និងការរើសអើង។ ពួកគេបានប្រកាន់យកទស្សនទាននៃយុទ្ធនាការ “ខ្ញុំ ធូរចិត្ត ពេល...” ដូចដែលអ្នកចូលរួមម្នាក់បានលើកទ្បើងថា “ប្រសិនបើអ្នកមិនចង់និយាយ ក៏វាមិនអីដែរ។ អ្នកអាចរកដំណោះស្រាយផ្សេងទៀតចំពោះភាពតានតឹងក្នុងចិត្តអ្នកដោយធ្វើសកម្មភាពវិជ្ជមាន។”
យុទ្ធនាការ “ខ្ញុំធូរចិត្ត ពេល...” ត្រូវបានប្រកាសចាប់ផ្តើមជាមួយវីដេអូបង្ហាញអំពីយុវជនកម្ពុជាកំពុងប្រើប្រាស់យន្តការដោះស្រាយបែបវិជ្ជមានដូចជា កីឡា មិត្តភាព និងសកម្មភាពច្នៃប្រឌិតដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់ពួកគេ និងបន្តរយៈពេល៣ខែ ជាមួយនឹងសកម្មភាពអនទ្បាញជាប្រចាំដើម្បីលើកកម្ពស់ការយល់ដឹង និង ផ្ដល់គន្លឹះ និងសេចក្ដីណែនាំដល់យុវជន។
យូនីសេហ្វកម្ពុជាសូមអញ្ជើញដៃគូ សាលារៀន និងអង្គការទាំងអស់នៅកម្ពុជា ដែលមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់យុវជនឲ្យប្រើប្រាស់មាតិកា និងសម្ភារនានាដែលខ្លួនកំពុងផលិតសម្រាប់យុទ្ធនាការនេះ។ មាតិកា និងសម្ភារទាំងនេះនឹងមានផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់យូនីសេហ្វកម្ពុជា។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ៖
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/ ។
សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook