គោលនយោបាយស្តីពីថែទាំជំនួសចំពោះកុមារថ្មី ផ្តល់អាទិភាពដល់ការថែទាំតាមគ្រួសារសម្រាប់កុមារគ្រប់រូបនៅកម្ពុជា

29 កក្កដា 2024
© UNICEF Cambodia/2024/Seavhong Liv
UNICEF Cambodia/2024/Seavhong Liv

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គោលនយោបាយ​ស្តីពីការថែទាំ​ជំនួសចំពោះ​កុមារ ដែល​បាន​កែសម្រួលថ្មី ត្រូវ​បាន​ប្រកាសដាក់​ឱ្យ​ប្រើប្រាស់នា​ថ្ងៃ​នេះ គឺជា​ព្រឹត្តិការណ៍ដ៏​សំខាន់​​ក្នុង​ការលើកកម្ពស់​សិទ្ធិ​កុមារដើម្បីទទួលការគាំពារ និងឧត្តមប្រយោជន៍ពេញលេញ។ គោលនយោបាយនេះត្រូវបានកែសម្រួលឡើងវិញ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្រពីយូនីសេហ្វ និងអង្គការដៃគូពាក់ព័ន្ធ ក្នុងគោលដៅធានាថា កុមារដែលពុំទទួលបានការថែទាំពីឪពុកម្តាយអាចរស់នៅក្នុងបរិយាកាសគ្រួសារដែល​មានស្ថិរភាព លើកកម្ពស់ការលូតលាស់ និងសុខុមាលភាពរបស់ពួកគេ និងកំណត់ថា ការថែទាំនៅតាមមណ្ឌលគួរត្រូវបានប្រើប្រាស់ជាជម្រើសចុងក្រោយ នៅពេលដែលគ្មានជម្រើសថែទាំនៅតាមគ្រួសារ និងសហគមន៍។

នៅឆ្នាំ២០២២ របាយការណ៍បានបង្ហាញថា មានកុមារ និងយុវជន ចំនួនជាង ៩,០០០នាក់ បានរស់នៅតាមកន្លែងថែទាំចំនួន ២៧០កន្លែង ដែលរួមមានមណ្ឌលថែទាំកុមារ​ ផ្ទះស្នាក់នៅបណ្តោះអាសន្ន ផ្ទះស្នាក់នៅជាក្រុម វត្តអារាម និងអគារសានា និងអន្តេវាសិកដ្ឋាន។ តួលេខនេះបានបង្ហាញពីការថយចុះយ៉ាងខ្លាំងគួរឱ្យ​កត់សម្គាល់ពីតួលេខកុមារ និងយុវជនចំនួនជាង ៣៥.០០០នាក់ ដែលរស់នៅតាមកន្លែងថែទាំចំនួន ៦៣៩កន្លែងនៅក្នុងឆ្នាំ២០១៥ ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍នៅក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយនេះថា៖ “គោលនយោបាយស្តីពីការថែទាំជំនួសថ្មីនេះ គឺជា វឌ្ឍនៈភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ ដែលខ្ញុំសូមចាត់ទុកថា វាជាបរិបទមួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នាដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌល​ថែទាំកុមារ ការលើកកម្ពស់ថែទាំកុមារនៅតាមគ្រួសារ និងសហគមន៍ ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសគោលការណ៍នៃការថែទាំជំនួសចំពោះកុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេសហត្ថលេខី នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា “តាមរយៈគោលនយោបាយនេះ ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីធានាថាកុមារកំព្រា កុមារត្រូវបានគេបោះបង់ ក៏ដូចជាកុមាររងគ្រោះនិងងាយរងគ្រោះដ៏ទៃទៀត ទទួលបានការការពារ និងផលប្រយោជន៍ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ”។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយនេះថា៖ “ថ្ងៃនេះយើងបានចាប់ផ្តើមទំព័រថ្មីមួយនៅក្នុងការងាររបស់យើង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា”។ ការថែទាំនៅតាមគ្រួសារ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូប ព្រោះវាជំរុញឱ្យមានការលូតលាស់ល្អទាំងផ្លូវអារម្មណ៍ ផ្លូវចិត្ត និងសង្គមរបស់កុមារ។ គោលនយោបាយដ៏សំខាន់នេះ​មានលក្ខណៈស្របតាមស្តង់ដារសកលលោក និងត្រូវបានរៀបចំឡើងដោយមានកិច្ចខិតខំប្រឹងប្រែង និងសហប្រតិបត្តិការជាមួយស្ថាប័នជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់កិច្ចការពារកុមារគ្រប់រូប និងសិទ្ធិរបស់ពួកគេក្នុងការលូតលាស់នៅក្នុងបរិយាកាសមានការគាំទ្រ ថែរក្សា និងស្ថិរភាព ។”

បន្ថែមពីលើការផ្តល់អាទិភាពដល់ការថែទាំតាមគ្រួសារ ជាជាងការថែទាំតាមមណ្ឌល គោលនយោបាយ ដែលបានកែសម្រួលថ្មីនេះ បានដាក់បញ្ចូលចំណុចថ្មីៗ និងអាទិភាពសំខាន់ៗមួយចំនួន រួមទាំងការកែលម្អសេវាថែរក្សាកុមារនៅក្នុងគ្រួសារ និងសេវាបញ្ជូន ការកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាថែទាំជំនួសដល់កុមារ ការបង្កើនថវិកាសម្រាប់កំណែទម្រង់ការថែទាំសុខភាព និងការកែលម្អការសម្របសម្រួលរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ 

 

#####

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ទូរសព្ទ៖​ +៨៥៥​ ៩២ ៤៦២ ២៦៣ ឬ​ សារអេឡិកត្រូនិក៖ phino.cwd@gmail.com

លោក អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
ទូរសព្ទ៖ +៨៥៥ ៩២​ ៥៥៥ ២៩៤ ឬសារអេទ្បិកត្រូនិក៖ hbonnaud@unicef.org 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook