សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

វិធីសាស្រ្តគ្រូសម្រាប់បវេសនកាលថ្មីដ៏រីករាយ

រឿងរ៉ាវរបស់អ្នកគ្រូ លោកគ្រូបានខិតខំប្រឹងប្រែងធ្វើការងារដើម្បីឲ្យការបើកបវេសនកាលថ្មីនៅកម្ពុជាអាចដំណើរការបាន។

Jaime Gill
© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab
08 កុម្ភៈ 2022

“ខ្ញុំមានសង្ឃឹមខ្លាំងណាស់​អំពីអនាគត នៅពេលសាលារៀន​បានបើកឡើងវិញ។” នេះជាសម្ដីរបស់អ្នកគ្រូ ឈឹម ថនស៊ីថា ជាគ្រូបង្រៀនបឋមសិក្សា​នៅខេត្តកំពង់ឆ្នាំង។ “ទំនាក់ទំនងទល់មុខគ្នា​ដោយផ្ទាល់ ល្អខ្លាំងជាង​ការព្យាយាមបង្រៀនពីចម្ងាយ។ យើងពិតជាអាចមើលដឹងអំពីការវិវឌ្ឍនៃការរៀនសូត្ររបស់​កុមារ នៅពេល​ពួកគេ​​នៅក្នុងថ្នាក់រៀន និងដឹងអំពីតម្រូវការបន្ថែមរបស់ពួកគេ។ ហេតុនេះ ការអាចបើក​សាលារៀនឡើងវិញ ​ធ្វើឲ្យខ្ញុំរីករាយជាខ្លាំង។”

ជាការពិតអ្នកគ្រូ ស៊ីថា មិនមែនគ្រូបង្រៀនតែម្នាក់ឯងដែលមានអារម្មណ៍​រីករាយ​​ចំពោះ​ការបន្ធូរបន្ថយ​ការរិតត្បិតដោយសារជំងឺកូវី-១៩ និង​ការបើកសាលារៀនឡើងវិញ​នៅខែវិច្ឆិកាឆ្នាំមុន​ ​និងឈានដល់កម្រិតបើកពេញលេញ​នៅថ្ងៃទី១០ ខែមករា ដែលជាការចាប់ផ្ដើម​បវេសនកាល​ពេញលេញជាលើកដំបូងសម្រាប់ការសិក្សានៅសាលារៀន ចាប់តាំងពី​មានការផ្ទុះនៃជំងឺរាតត្បាតនេះ។ ជាការពិត បវេសនកាលថ្មីនេះ​បានក្លាយជា​ប្រភពនៃការអបអរថ្នាក់ជាតិមួយ​ ហើយសម្តេច​នាយក​រដ្ឋមន្រ្តី​បានសរសេរ​លិខិតអបអរសាទរដល់គ្រូបង្រៀនទាំងអស់​នៅទូទាំងប្រទេស។

“ខ្ញុំមានទំនុកចិត្តខ្លាំងណាស់ ដែលសាលារៀននឹងបន្តបើក​នៅពេលនេះ” នេះជាសម្ដីរបស់លោកគ្រូ សុខ វេង ដែលជាប្រធានគ្រប់គ្រងរបស់អ្នកគ្រូ ស៊ីថា និងជានាយក​សាលារៀនបឋមសិក្សា​ ប៊ុន រ៉ានី ហ៊ុន សែន រមាស។ “មិនដូចពីពេលមានជំងឺរាតត្បាតនេះដំបូង ខ្ញុំ​គិតថាការចាក់វ៉ាក់សាំង និង​ព័ត៌មានសុខភាពកាន់តែល្អប្រសើរ ដែលយើងមាននៅពេលបច្ចុប្បន្ននេះ នឹងអនុញ្ញាតឲ្យយើងបន្តបើកទ្វារសាលារៀនរបស់យើង។ នេះគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់គ្រូបង្រៀន និងសហគមន៍​ទាំងមូល អ្នកគ្រប់គ្នារីករាយ​ក្នុងការមើលឃើញកុមារ​វិលត្រលប់​ចូល​រៀន​នៅសាលាវិញនៅទីបំផុត។ វាជាក្ដីសោមនស្ស​យ៉ាងធំធេង​ចំពោះយើង។”

សាលារៀន​ពិតជាបានប្រឹងប្រែង​ធ្វើការងារខ្លាំងណាស់ ដើម្បីឲ្យការបើកសាលារៀនឡើងវិញនេះអាចដំណើរការទៅ​បាន។ បញ្ហាប្រឈមជាក់ស្ដែងបំផុត គឺ​ការធ្វើឲ្យប្រាកដថា សាលារៀន​ក្លាយទៅជា​លំហរប្រកបដោយសុវត្ថិភាព និងអនាម័យ និងថា កុមារ និងគ្រួសាររបស់ពួកគេសុទ្ធតែ​បានយល់​អំពី វិធីល្អបំផុត​ក្នុងការធ្វើឲ្យអ្នកគ្រប់គ្នា​មានសុវត្ថិភាពពីជំងឺឆ្លងនេះ។

“ការរក្សាអនាម័យ គឺជាការចាំបាច់ សម្រាប់ការបន្តការបើកសាលារៀននេះ” នេះជាការអះអាងរបស់អ្នកគ្រូស៊ីថា។ “ហេតុនេះហើយបានជាការអប់រំមនុស្សអំពី​អនាម័យ មានសារសំខាន់ខ្លាំង។ ខ្ញុំ​គិតថា ​នៅពេលនេះ ឪពុកម្ដាយ​ បានដឹងអំពីវិធានការការពារខ្លួនយ៉ាងត្រឹមត្រូវ។ ពួកគេមានព័ត៌មាន​ និងបរិក្ខារផ្គត់ផ្គង់​សំខាន់ៗ ដូចជាម៉ាស់ជាដើម។ យើង​ក៏មានកន្លែងលាងដៃកាន់តែច្រើន​នៅក្នុងសាលារៀនផងដែរ។ សំខាន់បំផុត ខ្ញុំមើលឃើញថា អាកប្បកិរិយា​របស់​កុមារ​បានផ្លាស់ប្ដូរ។ នៅពេលបច្ចុប្បន្ន ប្រសិនបើពួកគេប្រើប្រាស់ដីស ហើយដីសប្រឡាក់ដៃរបស់ពួកគេ ពួកគេសុំ​ការអនុញ្ញាត​ទៅលាងដៃ ដែលពីមុនពួកគេមិនដែលធ្វើបែបនេះឡើយ!”

អ្នកគ្រូឈឹម ថនស៊ីថា ខិតខំប្រឹងប្រែងធ្វើការក្នុងអំទ្បុងពេលជំងឺរាតត្បាត ដើម្បីឲ្យកូនសិស្សរបស់គាត់នៅតែអាចបន្តរៀនសូត្របាន។
UNICEF Cambodia/2021/Antoine Raab អ្នកគ្រូឈឹម ថនស៊ីថា ខិតខំប្រឹងប្រែងធ្វើការក្នុងអំទ្បុងពេលជំងឺរាតត្បាត ដើម្បីឲ្យកូនសិស្សរបស់គាត់នៅតែអាចបន្តរៀនសូត្របាន។
លោកនាយក សុខ វេង អាយុ ៥៤ឆ្នាំ បានចាប់ផ្តើមធ្វើការងារក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ១៩៨៤។
UNICEF Cambodia/2021/Antoine Raab លោកនាយក សុខ វេង អាយុ ៥៤ឆ្នាំ បានចាប់ផ្តើមធ្វើការងារក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ១៩៨៤។

លោកគ្រូ កង វ៉ាន់ណេត នាយកសាលារៀនបឋមសិក្សា​ប្រាសាទនាងទង ដែលនៅក្បែរនោះ យល់ស្របថា ការកែលម្អ​អនាម័យ គឺជាជំហានដ៏ចាំបាច់ឆ្ពោះទៅរក​ការបើកសាលារៀនឡើងវិញ និងបានថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និងកីឡា និងយូនីសេហ្វ ​ចំពោះ​ការគាំទ្រទាំងសាលារៀន និងទាំង​គ្រួសារ​ជាមួយ​បរិក្ខារអនាម័យ និងការបណ្ដុះបណ្ដាល។ “គ្រូបង្រៀនទាំងអស់របស់ខ្ញុំ​ខិតខំប្រឹងប្រែង​និយាយប្រាប់​កុមារ និងគ្រួសាររបស់ពួកគេ​អំពីរបៀបធ្វើឲ្យ​ស្អាត និងមានអនាម័យ ប៉ុន្តែ​សារនេះ​ត្រូវបានផ្ដល់ឡើងវិញជាញឹកញាប់។ កិច្ចការនេះ​ជាកិច្ចការចាំបាច់ ប្រសិនបើយើងនៅបន្តបើកសាលារៀន។”

ទោះបីជាយ៉ាងណាក្ដី លោកគ្រូវ៉ាន់ណេត បាននិយាយថា វារិតតែសំខាន់ទៀតក្នុងការធានាថា ​សិស្សានុសិស្សបន្ត​ការសិក្សា​ នៅពេល​សាលារៀនបិទទ្វារ និងថាការគាំទ្រ​របស់ក្រសួង និងយូនីសេហ្វ ជាថ្មីម្ដងទៀត​ ​គឺមានតម្លៃ​មិនអាចកាត់ថ្លៃបាន។ “ខ្ញុំ​បានរៀបចំគ្រូបង្រៀន​នៅក្នុងបណ្ដាញមួយ​នៅទូទាំង​សហគមន៍​របស់យើង ហើយយើង​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ និងបានបង្កើត​ក្រុមរៀនសូត្រក្រុមតូចៗ​សម្រាប់កុមារ។ បន្ទាប់មក ទោះបីជាកិច្ចការនោះ​មិនអាចធ្វើទៅបាន ដោយសារ​អត្រា​នៃការឆ្លង​មានកម្រិតខ្ពស់ ហើយយើង​ត្រូវបញ្ឈប់ការធ្វើដំណើរក្ដី នៅពេលនោះ​យើងបានប្រើប្រាស់​សេចក្ដីណែនាំ​ ដើម្បីបង្កើត​មេរៀនតាមវីដេអូ។ យើង​ត្រូវ​មានភាពច្នៃប្រឌិត រួមតាំងការតាំងចិត្ត។ ខ្ញុំមិនចង់ឲ្យកុមារណាម្នាក់ឈប់រៀនឡើយ ជាពិសេសកុមារដែលឪពុកម្ដាយរបស់ខ្លួន​បានចាកចេញពីសហគមន៍ ដោយសារពួកគេមិនអាចរកការងារធ្វើបាន។ ខ្ញុំ​រីករាយខ្លាំងណាស់ ដែលកុមារទាំងអស់​ពិតជាបានវិលត្រលប់​មករៀន​វិញ នៅទីបំផុត។”

អ្នកស្រី សម ចន្ថា​ បានជួបប្រទះ​នឹង​បញ្ហាប្រឈមនានា ដែលការរាតត្បាតជំងឺនេះ​បានបង្កឡើងចំពោះ​ការអប់រំ ពោលគឺ​ការយល់ឃើញ​ក្នុងនាមជាគ្រូបង្រៀនម្នាក់ និងជា​ម្ដាយម្នាក់។ គាត់ជឿជាក់ថារាជរដ្ឋាភិបាល​សម្រេចបានកិច្ចការជាច្រើន​ក្នុងអំទ្បុងពេលនៃជំងឺរាតត្បាតនេះ៖ “វាជាស្ថានភាពលំបាកខ្លាំង ហើយ​ពួកគេត្រូវ​គាំទ្រ​ដល់គ្រូបង្រៀនជាច្រើន ដែលក្នុងនោះ​ គ្រូបង្រៀនមួយចំនួន​មិនដឹងអំពីរបៀប​ប្រើប្រាស់កុំព្យូទ័រ​ទៀតផង ពីមុនមក។”

ម្យ៉ាងវិញទៀត គាត់ក៏មានអារម្មណ៍មិនសប្បាយចិត្ត សម្រាប់កូនប្រុសពៅ​គាត់ផងដែរ។ កូនប្រុសរបស់​គាត់​ឈ្មោះ លីហួរ មានអាយុប្រាំមួយឆ្នាំ ហើយរហូតដល់ពេលថ្មីៗ​នេះ ​គាត់ទទួលបានទទួលការអប់រំតិចតួច​នៅសាលារៀន ដោយសារជំងឺរាតត្បាតជំងឺនេះ។ “​ខ្ញុំ​បានលើកទឹកចិត្ត​គាត់ឲ្យអានច្រើន សំណាងណាស់ ដែលគាត់​ចូលចិត្តអាននោះ ប៉ុន្តែគាត់​មិនអាចរង់ចាំ​រហូតដល់​សាលារៀន​បើកឡើងវិញ ដើម្បីគាត់អាចរៀនបន្ថែមទៀតបានឡើយ។”

លោកនាយក កង វ៉ាន់ណេត អាយុ ៣២ឆ្នាំ គឺមាននិស្ស័យជាអ្នកអប់រំ ដោយបានចូលរៀននៅសាលាបឋមសិក្សាប្រាសាទនាងទង កាលពីតូច ហើយត្រូវបានទទួលការណែនាំពីនាយកសាលាមុន និងក្លាយជានាយកសាលានេះក្រោយមក។
UNICEF Cambodia/2021/Antoine Raab លោកនាយក កង វ៉ាន់ណេត អាយុ ៣២ឆ្នាំ គឺមាននិស្ស័យជាអ្នកអប់រំ ដោយបានចូលរៀននៅសាលាបឋមសិក្សាប្រាសាទនាងទង កាលពីតូច ហើយត្រូវបានទទួលការណែនាំពីនាយកសាលាមុន និងក្លាយជានាយកសាលានេះក្រោយមក។
រូបថតអ្នកគ្រូ សម ចន្ថា អាយុ ៣៥ឆ្នាំ ជាគ្រូបង្រៀននៅបឋមសិក្សា ប្រាសាទនាងទង ជាមួយកូនៗទាំងពីររបស់គាត់។
UNICEF Cambodia/2021/Antoine Raab រូបថតអ្នកគ្រូ សម ចន្ថា អាយុ ៣៥ឆ្នាំ ជាគ្រូបង្រៀននៅបឋមសិក្សា ប្រាសាទនាងទង ជាមួយកូនៗទាំងពីររបស់គាត់។

សម្រាប់កុមារដូចជា លីហួរ កំពុងធ្វើការងារ​យ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីវាយតម្លៃសមត្ថភាពរៀនសូត្ររបស់​សិស្សានុសិស្សដែលត្រលប់ចូលរៀនវិញ ក្នុងគោលបំណងកំណត់អំពីកម្រិតនៃការបាត់​បង់​ការរៀនសូត្រ និង​ចាត់វិធានការ​ក្នុងដោះស្រាយ​ការបាត់បង់នោះ។ បើទោះបីជា​កំពុងរង់ចាំលទ្ធផលទាំងនេះ​ក្ដី ក្រសួង​បាន​ណែនាំសាលារៀនទាំងអស់នៅកម្ពុជារួចហើយ ដើម្បី​កំណត់អាទិភាពលើ​ការសិក្សាបំប៉នបន្ថែម​នៅក្នុង​រយៈ​ពេលពីរខែដំបូង​នៃ​បវេសនកាលថ្មីនេះ។

“យើង​រីករាយខ្លាំងណាស់ ដែលកុមារកម្ពុជាបាន​ត្រលប់ចូលសាលារៀន​វិញ​” នេះជាសម្ដីរបស់លោក ហ៊ីរ៉ូយូគី ហាត់តូរី ជាប្រធានផ្នែកអប់រំ​របស់យូនីសេហ្វប្រចាំកម្ពុជា។ “យើងបានធ្វើការងារយ៉ាងច្រើន​រួមជាមួយ​នឹងក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ឱកាសរៀនសូត្រ​ពីចម្ងាយ ដែលល្អបំផុតតាមអាចធ្វើបាន ប៉ុន្តែគ្មានជម្រើសជំនួស​​ការរៀនសូត្រ​ទល់មុខគ្នាបាន​ឡើយ។ យើងនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង ដើម្បីតាមដានត្រួតពិនិត្យ​ភាពរីកចម្រើន​របស់សិស្សានុសិស្ស ហើយនៅពេល​យើងកំណត់ឃើញ​ភាពខ្វះចន្លោះនៅក្នុងការរៀនសូត្រ យើងនឹងធ្វើការងារ ដើម្បីបំពេញ​ភាពខ្វះខាតទាំងនោះ ជាមួយនឹងសម្ភាររៀនសូត្របំប៉នបន្ថែម និងការបណ្ដុះបណ្ដាលគ្រូបង្រៀន។ យើងក៏នឹង​កំពុងស្រាវជ្រាវថា តើនៅក្នុងអំឡុងពេលនៃការបិទសាលារៀន សិស្សានុសិស្សឈប់រៀនច្រើន​ជាងពេលធម្មតា ដែរឬទេ។ ប្រសិនបើពិតជាបែបនេះមែន យើងនឹងធ្វើការងារ​ជាមួយ​ក្រសួង ដើម្បីព្យាយាម និងនាំពួកគេ​មករៀនសូត្រ​វិញ ដោយសារ​កុមារទាំងអស់​មានសិទ្ធិទទួលបាន​ការអប់រំ។”

លោកគ្រូ ស ចន្ថា គឺជាគ្រូបង្រៀនម្នាក់​នៅខេត្តកំពង់ឆ្នាំងដែរ ហើយគាត់យល់ស្របអំពីសារសំខាន់​នៃការអប់រំ និង​តាំងចិត្ត​ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីជួយឲ្យ​សិស្សានុសិស្សវ័យក្មេងមួយចំនួន​មានភាពរីកចម្រើន។ គាត់បាននិយាយថា “ខ្ញុំគិតថាវាពិតជាមានប្រយោជន៍ ដែល​សិស្សថ្នាក់ទី១​ និងទី២ ទាំងអស់​ទទួលបាន​សៀវភៅពិសេស* កាលពីឆ្នាំមុន ដើម្បីជួយពួកគេឲ្យតាមទាន់​ការសិក្សារបស់ពួកគេ មានសារប្រយោជន៍ខ្លាំងណាស់។ នៅពេលបច្ចុប្បន្ន​ ខ្ញុំ​គ្រាន់តែចង់ឃើញ​សាលារៀនបន្តបើកទ្វារប៉ុណ្ណោះ និងចង់ឲ្យយើងឈប់ព្រួយបារម្ភអំពី​ការរាតត្បាតនេះ ដើម្បីឲ្យជីវិតរបស់យើង​មានភាពល្អប្រសើរឡើង។”

“ខ្ញុំ​សប្បាយចិត្ត ដែលបានវិលត្រលប់មក​សាលារៀនវិញ” នេះជាសម្ដីរបស់​សិស្សថ្នាក់ទី២ ឈ្មោះ វីឡា សម្បត្តិ។ “ខ្ញុំ​ពិតជានឹកការសិក្សាណាស់។ គោលដៅរបស់ខ្ញុំ​ គឺដើម្បី​បន្តការសិក្សា និង​បញ្ចប់ថ្នាក់វិទ្យាល័យ ខ្ញុំ​គិតថា ឪពុកម្ដាយ​របស់ខ្ញុំនឹងជួយខ្ញុំ​ក្នុងការបន្ត និងបញ្ចប់ការសិក្សា។ រឿងពីរ ដែលធ្វើឲ្យខ្ញុំ​ពិតជាសប្បាយ​ចិត្តនៅពេលនេះ។ រឿងទីមួយ គឺ​ការជួបជាមួយ​គ្រូរបស់ខ្ញុំម្ដងទៀត។ ទីពីរ គឺការរៀនសូត្រម្ដងទៀត។”

* កញ្ចប់សម្ភាររៀនសូត្រនៅផ្ទះត្រូវបានចែកចាយ​ទៅដល់សិស្សានុសិស្ស​ថ្នាក់ទី១ និងទី២ ទាំងអស់នៅក្នុងសាលារៀនរដ្ឋ​នៅកម្ពុជា។ កញ្ចប់សម្ភារនេះត្រូវបានបង្កើតឡើងដោយ​ក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការគាំទ្រ​ពីដៃគូ​​នៃ​មូលនិធិភាពជាដៃគូ​អភិវឌ្ឍន៍សមត្ថភាព (CDPF) របស់ក្រសួង សហភាពអឺរ៉ុប (EU) មូលនិធិសហប្រជាជាតិ​ដើម្បីកុមារ (UNICEF) ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់អភិវឌ្ឍន៍​អន្តរជាតិ (USAID) ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​ស៊ុយអែត (SIDA) និង​ភាពជាដៃគូសាកល​ដើម្បីវិស័យអប់រំ (GPE)