បំបាត់ការមាក់ងាយចំពោះការមករដូវជាមួយកញ្ញា ទំរង់ពេជ្រ
អ្នកបង្កើតមាតិកា កញ្ញា សៅ សូត្រទំរង់ពេជ្រ ចុះទៅខេត្តសៀមរាប ជាមួយយូនីសេហ្វ ដើម្បីផ្តល់ភាពអង់អាចដល់ក្មេងស្រី និងក្មេងប្រុសជាមួយនឹងចំណេះដឹងអំពីសុខភាព និងអនាម័យពេលមករដូវ
- English
- Khmer
ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ សៀមរាប – កញ្ញា សៅ សូត្រទំរង់ពេជ្រ អ្នកបង្កើតមាតិកា បាននិយាយថា “សំឡេងរបស់យើងគឺមានឥទ្ធិពលខ្លាំងណាស់”។ កញ្ញាបានមកខេត្ត សៀមរាប ជាមួយយូនីសេហ្វដើម្បីលើកទឹកចិត្តកុមារឲ្យហ៊ាននិយាយដោយចំហអំពីការមករដូវ ។
កញ្ញាបានបន្តទៀតថា “អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះគឺថា សិស្សភាគច្រើនបំផុតមានភាពក្លាហាន និងមានចំណេះដឹងច្រើនអំពីអនាម័យពេលមករដូវ” ។
ទំរង់ពេជ្រ បានជួបជាមួយសិស្សនៅវិទ្យាល័យ គោកដូង ដែលនៅទីនោះទាំងក្មេងប្រុស និងក្មេងស្រី បាននិងកំពុងសិក្សាអំពីការពេញវ័យ និងសុខភាព និងអនាម័យនៃការមករដូវ។ កញ្ញាបានមើលឃើញពីរបៀបដែលយូនីសេហ្វជួយបំបែកតំណម ឬ ជំនឿ ផ្តល់ភាពអង់អាចដល់ក្មេងស្រីជាមួយចំណេះដឹងអំពីវិធីថែរក្សាសុខភាពដោយមិនមានការខ្មាសអៀន និងបង្រៀនក្មេងប្រុសអំពីមូលហេតុដែលពួកគេគួរដឹងអំពីការមករដូវផងដែរ ។
“នេះគឺជាអ្វីដែលយើងចង់ឃើញ។ យើងចង់ឃើញទាំងក្មេងប្រុស និងក្មេងស្រី មានភាពក្លាហានក្នុងការបញ្ចេញសំឡេងរបស់ពួកគេ និងនិយាយអំពីការមករដូវ។ ជាការសំខាន់ដែលយើងអាចនិយាយអំពីរឿងនេះដោយចំហ” ។
នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ភាពខ្មាសអៀន ការអត់ទ្រាំចំពោះការយល់ខុសអំពីការមករដូវ និងកង្វះការទទួលបានព័ត៌មាន ឬ បរិក្ខាទឹកស្អាត និងអនាម័យគ្រប់គ្រាន់នៅតាមសាលារៀន នៅតែរារាំងក្មេងស្រីពីការរៀនសូត្រពីរបៀបគ្រប់គ្រងរដូវរបស់ពួកគេប្រកបដោយអនាម័យ។ នៅទូទាំងប្រទេសកម្ពុជា ៦៣ ភាគរយនៃសាលារៀនមិនមានបង្គន់អនាម័យជាមូលដ្ឋាន ដែលបែងចែកទៅតាមភេទ និងអាចប្រើប្រាស់បាន (មានន័យថា មានសម្រាប់ប្រើបាន មានដំណើរការ និងមានភាពជាឯកជន) 1 ។ សម្រាប់ស្ត្រីក្រីក្រ និងក្មេងស្រីជាច្រើន ការចំណាយលើសម្ភារៈអនាម័យអាចធ្វើឲ្យពួកគេអនុវត្ត និងគ្រប់គ្រងការមករដូវរបស់ពួកគេដោយមិនមានអនាម័យផងដែរ ។
ការយល់ខុស និងតំណម ឬ ជំនឿ បង្រៀនក្មេងស្រីថា ការមករដូវគួរត្រូវលាក់កំបាំងជាពិសេសនៅចំពោះមុខក្មេងប្រុស។ ក្មេងស្រីខ្លះឮថា ពួកគេអាចមានផ្ទៃពោះប្រសិនបើពួកគេប៉ះក្មេងប្រុសអំឡុងពេលមករដូវ ឬ ថាឈាមរដូវអាចត្រូវបានគេប្រើជាវេទមន្ត។
កញ្ញា ទម្រង់ពេជ្រ និយាយថា ៖ «កាលនៅពីក្មេង ខ្ញុំមិនដែលឮគេនិយាយអំពីការមករដូវដោយចំហនោះទេ។ ក្មេងស្រីគិតថា រឿងនេះត្រូវបានគេហាមឃាត់ វាគឺជារឿងអៀនខ្មាស និងគួរឲ្យរអើម។ ការមាក់ងាយបែបនេះ មានន័យថាក្មេងស្រីមិនអាចទទួលបានការគាំទ្រនោះឡើយ។ ហើយនៅពេលដែលពួកគេរៀនសូត្រអំពីអ្វីដែលខុស ពួកគេនឹងមិនបានថែរក្សាអនាម័យរបស់ពួកគេឲ្យបានត្រឹមត្រូវនោះទេ។ វាអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ។”
យូនីសេហ្វបាននឹងកំពុងគាំទ្រនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បី
ផ្តល់ការបណ្តុះបណ្តាលស្តីពីសុខភាព និងអនាម័យពេលមករដូវ សម្រាប់គ្រូបង្រៀន និងសមាជិកក្រុមប្រឹក្សាយុវជននៅក្នុងសាលារៀនចំនួនប្រាំក្នុងខេត្តសៀមរាប។ បន្ទាប់មក អ្នកទទួលបានការបណ្តុះបណ្តាលត្រូវបានលើកទឹកចិត្តឲ្យចែករំលែកចំណេះដឹងរបស់ពួកគេជាមួយសិស្ស និងបុគ្គលិកទាំងអស់នៅក្នុងសាលា។ យូនីសេហ្វបានគាំទ្រដល់ការបណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៣៤ នាក់ (ស្រី ១៨ នាក់) និងសមាជិកក្រុមប្រឹក្សាយុវជនចំនួន ៧៨ នាក់ (ស្រី ៥៥ នាក់) ហើយពួកគេបានបង្រៀនបន្តដល់សិស្សចំនួន ២.១៣០ នាក់ ក្នុងនោះស្រី ១.២៩០ នាក់ និងសិស្សមានពិការភាពចំនួន ៤នាក់ ។
ជាផ្នែកមួយនៃវគ្គអប់រំបន្តទាំងក្មេងប្រុស និងក្មេងស្រីរៀនពីរបៀបធ្វើខ្សែដៃវដ្តរដូវ និងកំណាត់អនាម័យដែលអាចបោកគក់បាន។ វាជាជម្រើសមួយជំនួសផលិតផលសំឡីអនាម័យដែលប្រើម្តងបោះចោល និងជួយក្មេងស្រី និងស្ត្រីសន្សំលុយ ហើយលើកទឹកចិត្តឲ្យមានអនាម័យកាន់តែប្រសើរ បន្ថែមពីលើអត្ថប្រយោជន៍ចំពោះបរិស្ថាន ។