ឈុតសម្ភារៈលេង និងសិក្សាជម្រុញឲ្យកុមារមត្តេយ្យចូលរៀនកាន់តែទៀតទាត់
ទោះបីប្រឈមនឹងឧបសគ្គអាកាសធាតុ និងផ្លូវលំបាកយ៉ាងណាក្តី ឈុតសម្ភារៈសិក្សា និងលេងកម្សាន្តដែលផ្តល់ជូនដល់សហគមន៍ជនជាតិដើមភាគតិចដាច់ស្រយាលក្នុងខេត្តរតនគិរី បានជួយឲ្យកុមារតូចៗចូលរៀនមត្តេយ្យសិក្សាកាន់តែទៀងទាត់
- English
- Khmer
ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ខេត្តរតនគិរី – រយៈពេលដប់ឆ្នាំកន្លងមក ស្ទើរតែរៀងរាល់ព្រឹក អ្នកគ្រូ វ៉ាន់ ស្រីលីន តែងតែធ្វើដំណើរដោយថ្មើរជើងលើផ្លូវចម្ងាយមួយគីឡូម៉ែត្រ ពីផ្ទះទៅកាន់សាលាមត្តេយ្យសិក្សាសហគមន៍ភូមិល្អឺនក្រែន ក្នុងខេត្តរតនគិរី។ ភាគច្រើន ការធ្វើដំណើរនេះពិតជាមិនមានឧបសគ្គអ្វីធ្ងន់ធ្ងរឡើយ ប៉ុន្តែនៅពេលណាមានភ្លៀងធ្លាក់ខ្លាំងរួចមក ផ្លូវក្រួសក្រហមនោះក៏ប្រែក្លាយជាផ្លូវភក់រអិល និងមានជង្ហុកជ្រៅៗលាក់ខ្លួនក្រោមផ្ទៃទឹកដក់។ ពេលដែលអ្នកគ្រូដើរទៅដល់ថ្នាក់រៀន គាត់តែងដឹងទុកជាមុនថា សិស្សរបស់គាត់ខ្លះ ក្នុងចំណោមសិស្សសរុប ២១ នាក់ នឹងត្រូវអវត្តមានមិនបានមកចូលរួម។
អ្នកគ្រូ ស្រីលីន វ័យ ៣១ឆ្នាំ បានពន្យល់ថា «ការគ្រប់គ្រង និងទប់ស្កាត់កុំឲ្យកុមារអវត្តមានច្រេីនពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំង គឺជាផ្នែកដ៏លំបាកបំផុតនៃការងារជាគ្រូមត្តេយ្យសហគមន៍» ។ កុមារខ្លះរស់នៅចម្ងាយត្រឹមតែពីរគីឡូម៉ែត្រប៉ុណ្ណោះពីសាលា ប៉ុន្តែស្ថានភាពផ្លូវបន្ទាប់ពីភ្លៀងធ្លាក់ អាចធ្វើឲ្យការធ្វើដំណើរចម្ងាយខ្លីនេះមានភាពពិបាក។
ភូមិល្អឺនក្រែន មានចម្ងាយប្រហែល ១៣ គីឡូម៉ែត្រពីទីប្រជុំជនស្រុក ដែលជាភូមិរបស់គ្រួសារជនជាតិដើមភាគតិចទំពួន និងគ្រឹង។ ក្រុមគ្រួសារភាគច្រើនធ្វើការជាកម្មករឈ្នួល និងធ្វើស្រែចម្ការនៅទីវាលឆ្ងាយពីភូមិ។ នៅពេលដែលឪពុកម្តាយចេញទៅធ្វើការឆ្ងាយ ពួកគេតែងតែនាំកូនតូចៗទៅជាមួយ ដោយខ្លាចទុកកូនចោលគ្មានអ្នកមើលនៅផ្ទះ។
បញ្ហាអវត្តមានរបស់សិស្សក៏តែងកើតមានឡើងផងដែរ នៅពេលពួកគេឈឺថ្កាត់ ដែលជារឿងធម្មតា ជាពិសេសចំពោះកុមារមានពិការភាព ដែលងាយនឹងធ្លាក់ខ្លួនឈឺជាងកុមារដទៃ។ សម្រាប់អ្នកគ្រូ ស្រីលីន បញ្ហានេះជួនកាលធ្វើឲ្យគាត់ដើរចូលទៅដល់ថ្នាក់រៀនទាំងគ្មានសិស្សសោះតែម្ដង។
អាជីពជាគ្រូបង្រៀនទាមទារនូវចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ អ្នកគ្រូ បានលើកឡើង ថា៖ «ខ្ញុំស្រឡាញ់អាជីពជាគ្រូបង្រៀននេះខ្លាំងណាស់»។ អ្វីដែលជាកម្លាំងជំរុញទឹកចិត្តដ៏ធំបំផុតរបស់គាត់ គឺការបានឃើញស្នាមញញឹមដ៏រីករាយរបស់សិស្សានុសិស្សតូចៗ។ គាត់បានបន្ថែមថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលដឹងថាកុមារទាំងនេះបានទទួលការអប់រំទាន់ពេលវេលា ដើម្បីជួយជំរុញការអភិវឌ្ឍផ្នែកទាំងប្រាំរបស់ពួកគេឲ្យបានល្អប្រសើរ។»
កុមារដែលមានអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំ ដែលពីមុននៅបៅដោះម្តាយប៉ុណ្ណោះ បន្ទាប់ពីបានចូលរៀនសាលាមត្តេយ្យបានចាប់ផ្តើមមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើជំនាញស្នូលដូចជា ផ្នែកគិត ផ្នែកភាសា និងផ្នែកសង្គម-អារម្មណ៍។ អ្នកគ្រូក៏បាននិយាយដោយមោទនភាពថា៖ «កុមារដែលបានឆ្លងកាត់ការសិក្សាពីថ្នាក់មត្តេយ្យសិក្សាមកគឺពួកគេមានទម្លាប់ល្អចេះគួរសមរៀនឆាប់ចេះឆាប់ចាំឆាប់យល់បានរហ័សជាងកុមារដែលពុំធ្លាប់បានឆ្លងកាត់ការសិក្សាពីសាលាមត្តេយ្យ។»
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមក្នុងការរក្សាវត្តមានសិស្សឲ្យមានភាពទៀងទាត់នៅតែបន្តកើតមានជាច្រើនឆ្នាំ។ ជាក់ស្តែង នៅទូទាំងប្រទេសកម្ពុជា កុមារដែលមានអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំ គឺមានប្រមាណតែ ៤៣ ភាគរយប៉ុណ្ណោះដែលបានចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សា ហើយអត្រាចូលរៀនក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចដាច់ស្រយាលគឺនៅតែទាបជាងកម្រិតជាតិ ដូចជានៅក្នុងខេត្តរតនគិរីជាដើម។ ពេលខ្លះ សិស្សរបស់ អ្នកគ្រូ ស្រីលីន ស្ទើរតែពាក់កណ្តាលក៏បានអវត្តមានផងដែរ។
ដោយឡែក ចាប់តាំងពីសាលាមត្តេយ្យរបស់អ្នកគ្រូ ស្រីលីន ទទួលបានឈុតសម្ភារៈសិក្សា និងលេងកម្សាន្តសម្រាប់ការអភិវឌ្ឍន៍កុមារតូច កាលពីខែសីហា ឆ្នាំ ២០២៥ មក អត្រាអវត្តមានសិស្សក៏បានថយចុះគួរឲ្យកត់សម្គាល់។ ឈុតសម្ភារៈនេះជាជំនួយរបស់ យូនីសេហ្វ សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការឧបត្ថម្ភថវិកាពី ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA)។ សម្ភារៈទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានាថា កុមារតូចៗអាចបន្តពង្រឹងជំនាញសំខាន់ៗរបស់ពួកគេ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តី។ គិតចាប់ពីខែសីហា ឆ្នាំ ២០២៥ មក ឈុតសម្ភារៈអប់រំកុមារតូចនេះត្រូវបានចែកចាយដល់សាលាមត្តេយ្យសហគមន៍ចំនួន ៣.២៩០ កន្លែង ដែលផ្តល់ប្រយោជន៍ដល់សិស្សមត្តេយ្យសិក្សាប្រមាណ ៨២.០០០ នាក់។
ឈុតសម្ភារៈនេះរួមបញ្ចូលទាំងសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងថ្នាក់រៀន រួមមាន ក្ដារខៀន ក្រដាស ហ្វឺត ប៊ិច ខ្មៅដៃ និងកន្ត្រៃ ព្រមទាំងសម្ភារៈលេងកម្សាន្តដូចជា ឈើប្លុកពណ៌ បាល់ទាត់ និងបាល់ទះ។
ថ្នាក់រៀនដែលធ្លាប់តែស្ទើរតែទទេរនោះ បានប្រែក្លាយជាទីតាំងដ៏រស់រវើក និងមានភាពទាក់ទាញ ដែលលើកទឹកចិត្តកុមារឲ្យមកចូលរៀនជាប្រចាំ។ ពេលនេះ ជញ្ជាំងត្រូវបានតុបតែងដោយពណ៌ស្រស់ឆើតឆាយ និងរៀបចំជាជ្រុងសិក្សាបានយ៉ាងមានរបៀបរៀបរយ ព្រមទាំងការរៀបចំហ្គេម និងសកម្មភាពផ្សេងៗក្នុងថ្នាក់រៀនក៏មានភាពងាយស្រួលជាងមុនផងដែរ។
អ្នកគ្រូ ស្រីលីន បានចែករំលែកអារម្មណ៍ថា៖ «ឈុតសម្ភារៈទាំងនេះបានជួយសម្រួលដល់ការបង្រៀនរបស់ខ្ញុំឲ្យកាន់តែមានភាពរលូន និងរហ័សជាងមុន។ ខ្ញុំអាចតុបតែងថ្នាក់រៀន រៀបចំជ្រុងសិក្សាទាំងប្រាំបានយ៉ាងស្អាត និងត្រឹមត្រូវ។ វាក៏ងាយស្រួលផងដែរក្នុងការរៀបចំសកម្មភាពលេងល្បែង សិល្បៈ និងគូរគំនូរ ព្រោះខ្ញុំមានសម្ភារៈគ្រប់គ្រាន់»។
ដោយប្រើប្រាស់ឈើប្លុកចម្រុះពណ៌ អ្នកគ្រូបានបង្រៀនកុមារតូចៗអំពីពណ៌ និងលេខ។ ប៉ុន្តែអ្វីដែលសិស្សរបស់គាត់ចូលចិត្តលេងជាងគេ គឺល្បែងជាក្រុមមួយដែលពួកគេហៅថា «ភ្លើងឆេះលើភ្នំ»។ សំឡេងសើចក្អាកក្អាយរបស់ពួកគេបានលាន់ឮពេញបន្ទប់ពេលកំពុងលេងជាមួយគ្នា។ លុះដល់ពេលចេញលេង ពួកគេក៏រត់ចេញទៅទីធ្លាសាលា ដើម្បីលេងបាល់ទាត់ និងបាល់ទះជាក្រុម។
អ្នកគ្រូ ស្រីលីន បាននិយាយថា៖ «សិស្សរបស់ខ្ញុំចេះពីរភាសា» ខណៈពេលដែលគាត់កំពុងបង្រៀនពួកគេឱ្យរាប់លេខជាភាសាទំពួន និងភាសាខ្មែរ។ «ពួកគេអាចនិយាយ និងច្រៀងចម្រៀងទាំងពីរភាសា»។
ថ្នាក់រៀនរបស់អ្នកគ្រូក៏បានទទួលនូវ ធុងចម្រោះទឹកស្អាតផងដែរ ដែលអ្នកគ្រូ ស្រីលីន បានប្រើប្រាស់វាជាឧបករណ៍សម្រាប់បង្រៀន។ គាត់បានណែនាំសិស្សអំពីអត្ថប្រយោជន៍នៃការផឹកទឹកស្អាត ដោយភ្ជាប់សារៈសំខាន់នៃសុខភាពទៅនឹងជម្រើសប្រចាំថ្ងៃ។ អ្នកគ្រូក៏បាននិយាយដែរថា៖ «ឥឡូវនេះ កុមារបានយល់ដឹង និងឈប់យកទឹកដបប្លាស្ទិកមកសាលា ដែលជួយទប់ស្កាត់ការកកើតសំរាមបំពុល និងការពារបរិស្ថានផងដែរ»។
សព្វថ្ងៃនេះ សាលាមត្តេយ្យរបស់អ្នកគ្រូ ស្រីលីន មានភាពរស់រវើក ហើយកុមារមករៀនពោរពេញដោយថាមពល។ ឪពុកម្តាយសិស្សក៏បានកត់សម្គាល់ឃើញពីភាពខុសគ្នានេះផងដែរ ព្រោះសូម្បីតែនៅថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង ក៏កូនៗរបស់ពួកគេទទូចចង់មកសាលាដែរ។ ថ្នាក់រៀនដែលធ្លាប់តែស្ងាត់ជ្រងំស្ទើរតែទទេរនោះ ឥឡូវនេះបានក្លាយជាទីកន្លែងដែលគ្រប់ជ្រុងទាំងអស់អូសទាញចិត្តកុមារឲ្យមកសិក្សា និងលេងកម្សាន្ត។
សូមអរគុណចំពោះភាពច្នៃប្រឌិត និងការលះបង់ទាំងកម្លាំងកាយ និងចិត្តរបស់អ្នកគ្រូ វ៉ាន់ ស្រីលីន។ ការលះបង់របស់អ្នកគ្រូ រួមជាមួយនឹងការគាំទ្រពីសហគមន៍ភូមិល្អឺនក្រែន រួមជាមួយនឹងយូនីសេហ្វ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) បានធ្វើឲ្យកុមារជនជាតិដើមភាគតិចកាន់តែច្រើននៅក្នុងតំបន់ដាច់ស្រយាលនៃខេត្តរតនគិរី អាចទទួលបានការអប់រំកុមារតូចដែលពួកគេសមនឹងទទួលបាន។
«សិស្សរបស់ខ្ញុំសប្បាយចិត្តនឹងមកសាលា ព្រោះថ្នាក់រៀនត្រូវបានរៀបចំយ៉ាងស្អាតជាមួយនឹងការតុបតែងចម្រុះពណ៌ដ៏ស្រស់ស្អាត»។