ការលើកកម្ពស់ភាពអង់អាចយុវជនមានគំនិតនវានុវត្តន៍នៅជនបទ
កម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វ គាំទ្រដល់ការអនុវត្តគម្រោងដឹកនាំដោយយុវជនក្នុងខេត្តស្ទឹងត្រែង ដោយផ្តល់ជំនាញសរសេរកូដ រចនាឌីជីថល និងភាពជាអ្នកដឹកនាំដល់សិស្ស ដើម្បីភ្ជិតគម្លាតក្នុងការអប់រំ និងគម្លាតយេនឌ័រ
- English
- Khmer
ខេត្តស្ទឹងត្រែង៖ ជាខេត្តមានទីតាំងស្ថិតលើឆ្នេរខ្សាច់ខ្ពស់ផុសពីទឹក បែរទៅរកទន្លេមេគង្គដ៏ស្រស់ស្អាត ដែលមានមជ្ឈមណ្ឌលនវានុវត្តន៍ដ៏រស់រវើកមួយកំពុងចាប់បដិសន្ធិ។
បរិយាកាសនៅវិទ្យាល័យសេសានសុវត្ថិភាពក្នុងខេត្តស្ទឹងត្រែង ដែលជាខេត្តជនបទមួយរបស់កម្ពុជា ពោរពេញដោយភាពរស់រវើក និងក្ដីរំភើប កំពុងចូលរួមក្នុងគម្រោងលើកស្ទួយភាពអង់អាចដល់យុវជនមួយដែលមានឈ្មោះថាកម្មវិធីជំនាន់ថ្មី។ យូនីសេហ្វចាប់ផ្ដើមអនុវត្តកម្មវិធីនេះកាលពីឆ្នាំ២០២១ ដោយមានគោលបំណងគាំទ្រយុវជនកម្ពុជាទូទាំងប្រទេសកម្ពុជា ឲ្យឈានទៅសម្រេចសក្ដានុពលរបស់ពួកគេ តាមរយៈការលើកទឹកចិត្តឲ្យពួកគេឲ្យប្រែក្លាយគំនិតធំៗរបស់ខ្លួនទៅជាសកម្មភាព ដែលនាំមកវិញនូវផលជះវិជ្ជមានដល់សហគមន៍។ ចាប់តាំងបានបង្កើតឡើងមក កម្មវិធីជំនាន់ថ្មីបានគាំទ្រដល់យុវជនដែលមានឆន្ទៈមោះមុតចំនួន ១៨ នាក់ ចាប់ផ្តើមអនុវត្តគម្រោងខ្លួន ផ្តល់ជាប្រយោជន៍សហគមន៍របស់ពួកគេ ដែលជាការកសាងឱកាស ដើម្បីឲ្យការរៀនសូត្រដឹកនាំដោយសហគមន៍ ផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្ស ទាំងនៅតំបន់ប្រជុំជន ទាំងនៅតំបន់ជនបទ។
ដោយមានការគាំទ្រពីយូនីសេហ្វ ក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រីកវិសាលភាពកម្មវិធីជំនាន់ថ្មី តាមរយៈការអប់រំបំណិនជីវិតមូលដ្ឋាន ដើម្បីឲ្យកម្មវិធីនេះអាចផ្តល់អត្ថប្រយោជន៍ទៅដល់សិស្សកាន់តែច្រើននាក់ នៅតាមខេត្តជនបទទូទាំងប្រទេសកម្ពុជា។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គម្រោងនវានុវត្តន៍ចំនួន៤ ត្រូវបានអនុវត្តនៅតាមសាលារៀនគោលដៅក្នុងខេត្តស្ទឹងត្រែង ដូចជា គម្រោង Code for Girls ជាគម្រោងអភិវឌ្ឍន៍ជំនាញក្មេងស្រីជំទង់លើផ្នែកការសរសេរកូដ និងការបោះពុម្ព 3D គម្រោងវិទាជិះស៊ីក្លូ (Cyclo Day) ផ្ដោតលើបញ្ហាបរិស្ថាននិងជំនាញបៃតង គម្រោង RULErs ជាគម្រោងបំណិនជំនាញសតវត្សរ៍ទី២១ ដែលលើកកម្ពស់ភាពអង់អាចរបស់យុវជន តាមរយៈការនិទានរឿង និងគម្រោងមាគ៌ា ដែលដឹកនាំការអភិវឌ្ឍជំនាញឌីជីថល តាមរយៈការរៀបចំសិក្ខាសាលា ដែលមានលក្ខណៈអន្តរកម្ម និងផ្តល់នូវដំណោះស្រាយដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងជីវិតរស់នៅ និងសហគមន៍របស់ពួកគេ។
ការរស់នៅក្នុងខេត្តស្ទឹងត្រែងអាចជួបនឹងការលំបាកមួយចំនួន ជាពិសេសចំពោះក្មេងស្រី ដែលជារឿយៗមិនអាចទទួលបានឱកាសដូចគ្នានឹងក្មេងប្រុសឡើយ ដ្បិតបទដ្ឋានយេនឌ័របែបប្រពៃណីជាកត្តាដែលមានឥទ្ធិពលលើការសម្រេចចិត្តក្នុងការអប់រំ និងការចាប់យកអាជីពការងាររបស់ពួកគេ។ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភ សម្រាប់ចាប់ផ្ដើមគម្រោងចំនួន ២.០០០ ដុល្លារ ដែលយូនីសេហ្វផ្ដល់ឲ្យគម្រោងនីមួយៗដែលដឹកនាំដោយយុវជន គម្រោងទាំង៤ បានមកដល់ខេត្តស្ទឹងត្រែង ដើម្បីជ្រើសរើស និងផ្តល់ការបណ្តុះបណ្តាលសិស្សវិទ្យាល័យ ដូចជាផ្តល់ការបំពាក់បំប៉នពួកគេនូវជំនាញ និងទំនុកចិត្តក្នុងការដឹកនាំសកម្មភាពនានាដោយខ្លួនឯង ទៅតាមប្រធានបទនៃគម្រោងទាំងនេះ។
ក្នុងចំណោមយុវជនដែលមានចិត្តត្រេកអរចង់ចូលរួមនៅក្នុងគម្រោងទាំងនេះ មានយុវតីម្នាក់ឈ្មោះ ងួន ចិន្តា សិស្សថ្នាក់ទី១២ ដែលជាប់ចិត្តនឹងមុខវិជ្ជាគណិតវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។ ចិន្ដាមានមហិច្ឆតាធំៗជាច្រើន សម្រាប់អនាគតរបស់នាង។ នាងចង់ក្លាយជាគ្រូបង្រៀន និងជាអ្នករចនាម៉ូដសម្លៀកបំពាក់ ប៉ុន្តែភ្នែករបស់នាងកាន់តែបង្ហញនូវចំណាប់អារម្មណ៍ខ្លាំងជាងមុន នៅពេលដែលនាងនិយាយពីអ្វីដែលនាងចាប់អារម្មណ៍ខ្លាំង ក្នុងមុខវិជ្ជាស្ទែម (STEM)។
នាងនិយាយថា "មុខវិជ្ជាស្ទែម ដូចជា គណិតវិទ្យា និងបច្ចេកវិទ្យាជាដើម ធ្វើឲ្យជីវិតកាន់តែមានភាពងាយស្រួល និងអាចជួយយើងរកការងារបានធ្វើ"។
ដោយសារតែកម្រទទួលបានឱកាសប្រើប្រាស់កុំព្យូទ័រ និងបង្កើតកម្មវិធីដែលមានលក្ខណៈច្នៃប្រឌិតដោយផ្ទាល់ ចិន្ដាពុំមានគន្លងផ្លូវឲ្យបានច្បាស់លាស់ ដើម្បីសម្រេចក្ដីសុបិនរបស់នាងនោះឡើយ។ នេះគឺជាអ្វីដែលគម្រោងមាគ៌ាអាចផ្តល់ឲ្យនាងបាន។
ដំណើរផ្លូវរបស់ចិន្តា ជាមួយនឹងកម្មវិធីជំនាន់ថ្មីនេះ ចាប់ផ្តើមនៅពេលដែលនាងធ្វើជាអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ១២នាក់ បានចូលរួមក្នុងគម្រោងមាគ៌ានៅក្នុងខេត្តស្ទឹងត្រែង ដោយនាងបានទទួលការបណ្ដុះបណ្ដាលជំនាញរចនាក្រាហ្វិក ដោយប្រើប្រាស់កម្មវិធី Canva តាមទូរសព្ទដៃ។ វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ឲ្យនាងនូវជំនាញច្នៃប្រឌិត និងជំនាញធ្វើការជាក្រុម។ សិស្សទាំងនេះ រាប់បញ្ចូលទាំងចិន្តាផងដែរ បានរចនាផ្ទាំងរូបភាពអំពីខ្លួនឯង និងអំពីបំណងប្រាថ្នារបស់ពួកគេ ជាលំហាត់មួយដែលបានកសាងទំនុកចិត្ត និងជំនាញឌីជីថលរបស់ពួកគេ។
ឧបសគ្គផ្នែកភាសា ក៏បង្កជាការលំបាកផងដែរ ប៉ុន្តែក្រុមយុវជនជំនាន់ថ្មីបានប្រើប្រាស់អ៊ែបបកប្រែ ដើម្បីជួយឲ្យសិស្សយល់ពីឧបករណ៍ក្នុងកម្មវិធី Canva ដែលសរសេរជាភាសាអង់គ្លេស។ ចិន្ដាយល់ថា ការរៀនសូត្រពីគ្នាទៅវិញទៅមក គឺជាអ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ នាងបានពន្យល់ថា "ការរៀនសូត្រពីគ្នាទៅវិញទៅមកមានសារសំខាន់ ដ្បិតពួកគេមានអាយុស្របាលគ្នានឹងយើង ហើយធ្វើឲ្យប្រធានបទកាន់តែជក់ចិត្ដ និងកាន់តែងាយស្រួលយល់សម្រាប់យើង។"
ចិន្ដា មានមហិច្ឆតាលើសពីការរៀនសូត្រទៅទៀត។ នាងចង់ដឹកនាំ។ "ខ្ញុំចង់ក្លាយជាអ្នកដឹកនាំនាពេលអនាគត ហើយខ្ញុំចង់ដឹកនាំក្រុមការងារគម្រោងរបស់ខ្ញុំដោយខ្លួនឯង ដើម្បីកសាងបទពិសោធផ្នែកការគ្រប់គ្រង និងការដឹកនាំគម្រោង។ គម្រោងរបស់ខ្ញុំ ផ្ដោតលើការបង្រៀនសិស្សនៅជំនាញដែលខ្ញុំបានរៀនចេះក្នុងអំឡុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយនោះគឺការប្រើប្រាស់ទូរសព្ទដៃ ដើម្បីរចនាផ្ទាំងរូបភាព។"
នៅក្នុងរយៈពេល ៦ខែបន្ទាប់ ចិន្តា និងសិស្សស្ម័គ្រចិត្តដទៃទៀតបានសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមការងារគម្រោងមាគ៌ា ដើម្បីរចនា និងរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលដោយខ្លួនឯងអំពីការរចនាក្រាហ្វិក និងការអភិវឌ្ឍជំនាញទន់ ដូចជាជំនាញច្នៃប្រឌិត និងជំនាញធ្វើបទបង្ហាញ ជាដើម។ នៅចុងខែមីនា ក្រុមយុវជនទាំងនេះ បានធ្វើដំណើរទៅតាមសាលារៀនជនបទនៅក្នុងខេត្តនេះ ដើម្បីរៀបចំសិក្ខាសាលា និងបានផ្តល់ការណែនាំដល់សិស្សសរុបចំនួន ៣៣៥ នាក់នៅក្នុងខេត្តគោលដៅចំនួន ៤។ បើទោះជាពួកគេខ្វះឧបករណ៍ និងមិនមានអ៊ីនធឺណិតប្រើប្រាស់ក៏ដោយ ចិន្តា និងក្រុមការងារពុំមានភាពរួញរា ដោយសារតែបញ្ហាប្រឈមនេះឡើយ។
ស្ថានភាពនៃការអប់រំនៅតាមតំបន់ជនបទនៅក្នុងខេត្តស្ទឹងត្រែង មានលក្ខណៈយ៉ាប់យ៉ឺន។ សិស្សជាច្រើននាក់មកពីគ្រួសារជួបការលំបាក។ ពួកគេមួយចំនួនត្រូវជិះទូកទៅរៀន ហើយជារឿយៗអាកាសធាតុ គឺជាកត្តាកំណត់ពីវត្តមានក្នុងសាលារៀនរបស់ពួកគេ។ វិទ្យាល័យមានសម្ភាររូបវន្តកម្រិតមូលដ្ឋាន ដូចជា តុកៅអីឈើ និងផ្ទាំងរូបភាពផលិតដោយខ្លួនឯងបិទនៅតាមជញ្ជាំងជាដើម។ ពុំមានកុំព្យូទ័រយួរដៃ ឬវ៉ាយហ្វាយនោះឡើយ ដូច្នេះសិស្សត្រូវប្រើប្រាស់ទូរសព្ទដៃ និងអ៊ីនធឺណិតក្នុងទូរសព្ទ ដើម្បីរៀនជំនាញឌីជីថលនានា។
ចិន្តាបាននិយាយថា "យុវជនជាច្រើនមានទូរសព្ទវៃឆ្លាត ប៉ុន្តែពេលខ្លះពួកគេមិនប្រើប្រាស់ទូរសព្ទទាំងនេះធ្វើរឿងមានប្រយោជន៍ ដើម្បីកសាងជំនាញរបស់ពួកគេឡើយ ដូច្នេះ យើងគួរជួយពួកគេឲ្យទទួលបានផលប្រយោជន៍ទាំងនេះ និងរៀនធ្វើការជាក្រុម។"
នាងមានគោលជំហរច្បាស់លាស់ ក្នុងការជំរុញឲ្យមានសមភាពយេនឌ័រក្នុងការសិក្សាជំនាញស្ទែម។
"ខ្ញុំគិតថា ជាការសំខាន់ណាស់ ដែលក្មេងស្រីត្រូវសិក្សាមុខវិជ្ជាស្ទែមដូចគ្នានឹងក្មេងប្រុសដែរ ដ្បិតក្មេងស្រីក៏មានសមត្ថភាពដូចគ្នានឹងក្មេងប្រុសដែរ ហើយការសិក្សាអាចជួយឲ្យពួកគេសម្រេចក្ដីសុបិននៅក្នុងពិភពបច្ចេកវិទ្យា។"
បើទោះជាយ៉ាងនេះក្ដី វប្បធម៌ជាក់ស្ដែងនៅកម្ពុជា ជារឿយៗ ផ្តល់ប្រយោជន៍ខាងការអប់រំដល់ក្មេងប្រុសជាងក្មេងស្រី។ កន្លងមកគ្រួសារវិនិយោគច្រើនលើក្មេងប្រុស ដូចជា ផ្តល់ឱកាសឲ្យពួកគេទៅរៀនជាដើម ខណៈពេលដែល ជារឿយៗ គេរំពឹងថាក្មេងស្រីត្រូវនៅផ្ទះ ឬជួយធ្វើកិច្ចការផ្ទះជាដើម។ ភាពលម្អៀងនៅក្នុងវប្បធម៌បែបនេះ ជាកត្តាដាក់កំហិតមិនឲ្យក្មេងស្រីមានឱកាសបន្តការអប់រំ និងសម្រេចសក្ដានុពលរបស់ពួកគេឲ្យបានពេញលេញ។ តាមរយៈកម្មវិធីជំនាន់ថ្មី យូនីសេហ្វនៅកម្ពុជា កំពុងឆ្លើយតបចំពោះបញ្ហានេះ និងបំពេញការងារ ដើម្បីភ្ជិតគម្លាតយេនឌ័រ តាមរយៈការផ្តល់ភាពអង់អាចដល់ក្មេងស្រី តាមរយៈការផ្តល់ឲ្យពួកគេនូវការអប់រំ និងជំនាញសហគ្រិនភាពជាដើម។
ចិន្តា ត្អូញត្អែរថា "សិស្សដែលរស់នៅក្នុងខេត្តនេះ មិនមានបច្ចេកវិទ្យាប្រើប្រាស់ឡើយ ហើយក៏មិនចេះភាសាបរទេសនោះដែរ [កម្មវិធីបច្ចេកវិទ្យាជាច្រើនមានតែជាភាសាអង់គ្លេស] ដូច្នេះ វាជាកត្តាដាក់កំហិតធ្វើឲ្យពួកគេមិនអាចរៀនជំនាញទាំងនេះបាន។ សិស្សនៅក្នុងខេត្តមិនមានឱកាសរៀនជំនាញស្ទែម ដូចសិស្សនៅទីក្រុងឡើយ។ សិស្សនៅក្នុងខេត្តមិនអាចរៀនមុខវិជ្ជាស្ទែមនៅវិទ្យាល័យ ដូច្នេះពួកគេក៏មិនអាចសម្រេចក្ដីសុបិនរបស់ពួកគេនៅកម្រិតឧត្តមសិក្សានោះដែរ។"
បើទោះជាបញ្ហាប្រឈមទាំងនេះក៏ដោយ ពន្លឺនៃក្ដីសង្ឃឹមនៅតែមាន។ ក្រុមយុវជនមាគ៌ានៃកម្មវិធី ជំនាន់ថ្មី ដែលដឹកនាំដោយប្រធានក្រុមវ័យ២០ឆ្នាំ ឈ្មោះ ឈឹម នព្វន្ត មកពីទីក្រុងភ្នំពេញប្ដេជ្ញាវិលត្រឡប់ទៅខេត្តស្ទឹងត្រែងវិញ ដើម្បីបន្តកសាងសមត្ថភាពសិស្សនៅក្នុងខេត្តនេះ និងរៀបចំពួកគេឲ្យចេះដឹកនាំគម្រោងដោយខ្លួនឯង។ គិតរហូតមកដល់បច្ចុប្បន្ននេះ គម្រោងមាគ៌ា មានការចូលរួមពីសិស្សនៅក្នុងខេត្តស្ទឹងត្រែងជាង ៤៣២ នាក់ តាមរយៈសិក្ខាសាលាដឹកនាំយុវជន និងក្លិបជំនាញឌីជីថលដែលជួបគ្នា២ដងក្នុងមួយសប្ដាហ៍។
ជាការឆ្លុះបញ្ចាំងលើវឌ្ឍនភាពដែលសម្រេចបាន នព្វន្តបាននិយាយថា៖ "ជារឿងដ៏អស្ចារ្យ ដែលយើងអាចមើលឃើញពីឥទ្ធិពលវិជ្ជមាននៃគម្រោងមាគ៌ានៅក្នុងខេត្តស្ទឹងត្រែង ហើយយើងខ្ញុំមានក្តីរំភើបក្នុងការអនុវត្តជំហានបន្ទាប់ ដើម្បីជួយឲ្យអ្នកស្ម័គ្រចិត្តទាំងនេះអាចកៀរគរការចូលរួមពីសិស្សានុសិស្សបន្ថែមទៀតនៅតាមសាលារៀនជនបទដទៃទៀត។ វាជាបញ្ហាប្រឈមមួយដ៏ធំ ប៉ុន្តែយើងចង់ធានាឲ្យសកម្មភាពទាំងនេះមានលក្ខណៈបរិយាបន្ន ហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់បច្ចេកវិទ្យាបានឡើយ ដូច្នេះយើងត្រូវធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ។"
ខណៈពេលដែលព្រះអាទិត្យកំពុងលិចនៅតាមដងទន្លេមេគង្គ និងជះពន្លឺពណ៌មាសមកលើបរិវេណសាលារៀននេះ ចិន្ដា និងមិត្តភក្តិរបស់នាងកំពុងមមាញឹករៀបចំគម្រោងសម្រាប់ជំហានបន្ទាប់។ ជាមួយនឹងជំនួយថ្មីៗ ក្ដីសង្ឃឹម និងការជួយគាំទ្រពីកម្មវិធីជំនាន់ថ្មី យុវជនដែលមានគំនិតនវានុវត្តន៍ទាំងនេះ កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែលនៅចំពោះមុខពួកគេ។ សម្រាប់ក្មេងស្រី និងក្មេងប្រុសនៅក្នុងខេត្តស្ទឹងត្រែង រាល់ជំហានតូចៗសុទ្ធតែជាការបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកអនាគតកាន់តែត្រចះត្រចង់ និងកាន់តែមានសមធម៌។ គ្រាប់ពូជបច្ចេកវិទ្យាត្រូវបានដាំនៅទីកន្លែងដ៏តូច នៃប្រទេសកម្ពុជាមួយនេះ ប៉ុន្តែផលដែលបានមកវិញពីនវានុវត្តន៍នេះ កំពុងបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់។