ការវាយតម្លៃរួមគ្នាជួយយើងឱ្យយល់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើអ្នកពាក់ព័ន្ធអប់រំទាំងអស់
បទសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធចំនួន ១៥,០០០នាក់ ជួយឱ្យយើងយល់កាន់តែច្បាស់ពីផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងការផ្អាកដំណើរការគ្រឹះស្ថានជាបន្តបន្ទាប់ មានមកលើអ្នកពាក់ព័ន្ធអប់រំទាំងអស់ រួមទាំងកុមារផងដែរ។
- English
- Khmer
Highlights
បទសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធចំនួន ១៥,០០០នាក់ ដើម្បីវាស់វែងផលប៉ះពាល់មកលើការសិក្សារបស់សិស្សានុសិស្សដែលទទួលរងឥទ្ធិពលពីការបិទគ្រឹះស្ថានសិក្សា និងដើម្បីវាស់វែងពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើគ្រូបង្រៀន សិស្សានុសិស្សដែលជាកុមារ និងអាណាព្យាបាលរបស់គេ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់ក្នុងប្រទេស ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការផ្អាកដំណើរការគ្រឹះស្ថានសិក្សានេះបង្កឱ្យមានការរំខានមកលើដំណើរការសិក្សា និងសាលារៀនទាំងអស់នៅក្នុងប្រទេសកម្ពុជា និងមានផលប៉ះពាល់ដល់សិស្សានុសិស្សចំនួន ៣.២ លាននាក់។ ជាការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្នានឹងដៃគូអភិវឌ្ឍន៍ បាន និងកំពុងខិតខំប្រឹងប្រែងក្នុងការផ្តល់ឱកាសសិក្សាពីចម្ងាយដល់សិស្សានុសិស្សគ្រប់រូបនៅកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមការងារវិស័យអប់រំ (ESWG) បានធ្វើការវាយតម្លៃរួមគ្នាលើតម្រូវការអប់រំនៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងការផ្អាកដំណើរការគ្រឹះស្ថានជាបន្តបន្ទាប់ មានមកលើអ្នកពាក់ព័ន្ធអប់រំទាំងអស់ រួមទាំងកុមារផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារវិស័យអប់រំ (ESWG) បានកំណត់ទំហំនៃការស្រាវជ្រាវ គោលបំណង និងវិធីសាស្ត្រ នៃការធ្វើការវាយតម្លៃនេះ ដើម្បីរាយការណ៍ និងពង្រឹងការឆ្លើយតប ផ្សារភ្ជាប់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងស្តារប្រព័ន្ធអប់រំកម្ពុជាឡើងវិញនាពេលអនាគត។
ការវាយតម្លៃនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការវាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារវិស័យអប់រំ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងការរៀបចំកិច្ចសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធជាង ១៥,០០០ នាក់ ដែលក្នុងនោះមាន សិស្សានុសិស្ស និងអាណាព្យាបាល គ្រូបង្រៀន នាយក/នាយិកាសាលា គរុសិស្ស មន្ត្រីអប់រំ និងអាជ្ញាធរមូលដ្ឋាន។ ព័ត៌មានដែលរកឃើញតាមរយៈការវាយតម្លៃនេះ ជួយឱ្យយើងយល់កាន់តែច្បាស់ពីការបាត់បង់ការសិក្សា នឹងផ្តល់ជាភស្តុតាងក្នុងការរៀបចំគោលនយោបាយ ហើយថែមទាំងរាយការណ៍ទៅលើការផ្តល់សេវាអប់រំ និងកម្មវិធីអប់រំឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់កុមារងាយរងគ្រោះ។