ការការពារកុមារ

កិច្ចការពារសម្រាប់កុមារគ្រប់រូប

Country Programme 2019-2023, Child Protection.
UNICEF Cambodia/2015/Charles Fox

ចំណុចសំខាន់

កុមារគ្រប់រូបពុំគួរទទួលរងអំពើហិង្សា ការរំលោភបំពាន និងការទុកចោលមិនអើពើនោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជា ស្ថានភាពបែបនេះកំពុងមានកម្រិតធ្ងន់ធ្ងរសម្រាប់កុមារជាច្រើននាក់។ កុមារម្នាក់ ក្នុងចំណោមកុមារពីរនាក់ ទទួលរងការ វាយដំធ្ងន់ធ្ងរ។ កុមារម្នាក់ ក្នុងចំណោមកុមារបួននាក់ ទទួលរងការរំលោភបំពានផ្លូវចិត្ត និងកុមារី និងកុមារាម្នាក់ ក្នុងចំណោម ២០ នាក់ ធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទ។ កុមារជាច្រើននាក់ ត្រូវបានគេជួញដូរ បង្ខំឱ្យធ្វើការងារ រាប់ទាំងការងារធ្ងន់ធ្ងរបំផុតនៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវបានគេបំបែកចេញពីគ្រួសារ និងយកទៅដាក់ឱ្យរស់នៅតាមមណ្ឌលថែទាំកុមារទាំងមិនចាំបាច់។

កុមារទទួលរងអំពើហិង្សា និងទណ្ឌកម្មលើរាងកាយនៅក្នុងផ្ទះ សាលារៀន មណ្ឌលថែទាំកុមារ និងសហគមន៍របស់ពួកគេ។ អំពើហិង្សាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ បន្ថែមពីលើផលប៉ះពាល់រយៈពេលខ្លី ដូចជាការរងរបួសលើរាងកាយ និងការប៉ះទង្គិចផ្លូវចិត្ត ការទទួលរងអំពើហិង្សានៅវ័យកុមារ អាចបង្កឱ្យមានបញ្ហាផ្លូវចិត្ត និងបញ្ហាឥរិយាបថជាច្រើន នៅពេលពួកគេក្លាយជាក្មេងជំទង់ និងមនុស្សពេញវ័យ។

ថ្វីបើមានការថយចុះជាបន្តបន្ទាប់ពី ២៨ភាគរយ ក្នុងឆ្នាំ១៩៨៩ ដល់ ១៩ភាគរយ ក្នុងឆ្នាំ ២០១៤ ក៏ដោយ កុមារីជាច្រើននាក់នៅតែបន្តរៀបការក្នុងវ័យជាក្មេងជំទង់នៅឡើយ ជាពិសេស កុមារីជនជាតិភាគតិច ដែលរស់នៅខេត្តមណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា។ ដោយបានចាក់ឫសក្នុងតួនាទីយេនឌ័រ និងបទដ្ឋានសង្គម និងជំរុញបន្ថែមដោយសារភាពក្រីក្រ និងលទ្ធភាពទទួលបានសេវាសុខភាព និងសេវាអប់រំ នៅមានកម្រិតផងនោះ ការរៀបអាពាហ៍ពិពាហ៍របស់កុមារ ធ្វើឱ្យក្មេងស្រីបាត់បង់ឱកាស និងមិនអាចចូលរួមក្នុងសកម្មភាពនានានៅក្នុងសង្គមបាន។

ការបំបែកចេញពីគ្រួសារ គឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាធំៗពាក់ព័ន្ធនឹងការការពារកុមារ។ កុមារជាច្រើននាក់ ដែលរស់នៅក្នុងមណ្ឌលថែទាំកុមារ មានប្រភពពីគ្រួសារដែលពុំមានលទ្ធភាពផ្តល់អាហារសម្លៀកបំពាក់ ឬការអប់រំដល់ពួកគេ ឬមានប្រភពពីគ្រួសារដែលពុំដឹងផលវិបាកអវិជ្ជមានកើតឡើងពីការរស់នៅបែកពីគ្រួសារបែបនេះ។ ក្នុងឆ្នាំ ២០១៨ របាយការណ៍អធិការកិច្ចរបស់រដ្ឋាភិបាល បានរកឃើញថាមានកុមាររហូតដល់ ៦៨ ភាគរយដែលរស់នៅតាមមណ្ឌលថែទាំកុមារ នៅមានឪពុក ឬម្តាយនៅរស់។ ការស្រាវជ្រាវរាប់ទសវត្សរ៍មកហើយ បង្ហាញថាការរស់នៅក្នុងមណ្ឌលថែទាំកុមារ អាចបង្កគ្រោះថ្នាក់ដល់ការអភិវឌ្ឍសង្គម រាងកាយ បញ្ញាស្មារតី និងផ្លូវចិត្តរបស់កុមារ។

ការគាំទ្រពីគ្រួសារ និងសេវាថែទាំតាមគ្រួសារមិនគ្រប់គ្រាន់ គឺជាកត្តាចម្បង ដែលនាំឱ្យមានការបំបែកកុមារចេញពីក្រុមគ្រួសារ។ កុមារមកពីគ្រួសារដែលបែកបាក់គ្នា ប្រឈមនឹងអំពើហិង្សា និងការកេងប្រវ័ញ្ចក្នុងកម្រិតមួយខ្ពស់ ដូចជាការជួញដូរ ការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ និងការបង្ខំឱ្យសុំទានជាដើម ហើយពួកគេក៏ប្រឈមមុខខ្ពស់ អាចក្លាយជាកុមាររស់នៅ ឬធ្វើការនៅតាមចិញ្ចើមថ្នល់ ដូចគ្នានឹងកុមារជាច្រើនពាន់នាក់ផ្សេងទៀតផងដែរ។

នៅចុងក្នុងឆ្នាំ ២០១៨ មានកុមារប្រមាណជា ១.៦៤១ នាក់ កំពុងជាប់ឃុំឃាំង។ កុមារដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺជាក្រុមងាយរងគ្រោះខ្លាំង ហើយប្រព័ន្ធយុត្តិធម៌ដែលពុំទាន់ត្រូវបានកែសម្រួល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារទាំងនេះបែរជាអាចបង្កការឈឺចាប់បន្ថែមទៀតដល់ពួកគេទៅវិញ។ ខណៈពេលដែលការឃុំឃាំងគួរប្រើប្រាស់ជាជម្រើសចុងក្រោយ និងក្នុងរយៈពេលខ្លីបំផុត កុមារដែលជាប់សង្ស័យ ឬត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស ជារឿយៗត្រូវបានគេឃុំខ្លួន។ នៅមន្ទីរឃុំឃាំង ពួកគេត្រូវប្រឈមនឹងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត។

នៅក្នុងប្រទេសកម្ពុជា មានការជំរុញកាន់តែច្រើនឡើងឱ្យមានការអនុវត្តនូវច្បាប់ការពារ។ច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ និងកំណត់ពន្យល់នៃច្បាប់នេះ ច្បាប់ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិជនពិការ ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ និងច្បាប់ស្តីពីយុត្តិធម៌អនីតិជន គឺជាសមិទ្ធផលធំៗ ដែលសម្រេចបានកន្លងមក។

លើសពីនេះ ក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ក្នុងប្រព័ន្ធថែទាំជំនួសផងដែរ។ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកំណែទម្រង់ច្បាប់ ទិន្នន័យ និងកម្មវិធី ដើម្បីត្រួតពិនិត្យចំនួនកុមារដែលរស់នៅតាមកន្លែងថែទាំកុមារ ក្នុងប្រទេស ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស និងគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ឧទាហរណ៍ កាលពីឆ្នាំ២០១៥  មានការអនុម័តអនុក្រឹត្យស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងគោលបំណងគ្រប់គ្រងវិស័យថែទាំកុមារ ហើយក៏មានការសិក្សាកំណត់ទីតាំងមណ្ឌលថែទាំកុមារទាំងអស់នៅទូទាំងប្រទេស។ ផ្អែកតាមលទ្ធផលនៃការសិក្សានេះ ផែនការសកម្មភាពសម្រាប់លើកកម្ពស់ការថែទាំកុមារត្រូវបានរៀបចំឡើង និងកំពុងអនុវត្ត។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានចាប់ផ្តើមទទួលនូវលទ្ធផលជាបណ្តើរៗហើយ។ កម្មវិធីសមាហរណកម្មសម្រាប់កុមាររស់នៅក្នុងមណ្ឌលថែទាំ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៥ ហើយជាលទ្ធផលចំនួនមណ្ឌលថែទាំកុមារនៅកម្ពុជាបានថយចុះ ៣៥ភាគរយស្របពេលដែលចំនួនកុមាររស់នៅតាមមណ្ឌលបានថយចុះ ៥៤ភាគរយ។ ប្រទេសកម្ពុជាក៏បានបង្កើតនូវប្រព័ន្ធឌីជីថលមានលក្ខណៈច្បាស់លាស់ និងតឹងរ៉ឹងជាងមុន ដើម្បីត្រួតពិនិត្យមណ្ឌលថែទាំកុមារ និងតាមដានដំណើរការសមាហរណកម្មកុមារ។

បើទោះជាមានការសម្រេចបាននូវវឌ្ឍនភាពបែបនេះក៏ដោយ ប្រទេសកម្ពុជានៅខ្វះប្រព័ន្ធច្បាប់ និងប្រព័ន្ធស្ថាប័ន ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ផ្តល់ការការពារដល់កុមារ និងប្រើប្រាស់ជាមូលដ្ឋានសម្រាប់បង្កើតនូវក្របខ័ណ្ឌជាតិ ដើម្បីការពារកុមារី និងកុមារាពីគ្រោះថ្នាក់នានា។

ភ្នាក់ងារសង្គមកិច្ច គឺជាឆ្អឹងខ្នងនៃប្រព័ន្ធការពារកុមារដែលដំណើរការទៅបានល្អ។ នៅកម្ពុជាវិញ ភ្នាក់ងារសង្គមកិច្ចភាគច្រើន ពុំបានទទួលការបណ្តុះបណ្តាលជាផ្លូវការនោះឡើយ ហើយភ្នាក់ងាសង្គមកិច្ចក៏មានចំនួនតិចតួចតែប៉ុណ្ណោះ។ ការពង្រីកវិសាលភាពការងារសង្គម បន្ថែមលើសេវាសុខុមាលភាពសង្គម ដើម្បីបញ្ចូលបន្ថែមនូវវិស័យមុខងារសាធារណៈ វិស័យសុខភាព វិស័យអប់រំ និងវិស័យយុត្តិធម៌ គឺជាការងារដែលចាំបាច់ដែលត្រូវធ្វើបន្ទាន់ ដើម្បីឱ្យការចាត់ចែងករណីពាក់ព័ន្ធនឹងអំពើហិង្សា បទល្មើសរបស់អនីតិជន និងការថែទាំតាមមណ្ឌលថែទាំកុមារ ឱ្យមានប្រសិទ្ធភាពបំផុត។

កត្តាដែលធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅទៀតនោះ គឺកង្វះព័ត៌មានសំខាន់ៗ៖ ប្រទេសនេះ មានទិន្នន័យស្តីពីការការពារកុមារយ៉ាងច្រើន ប៉ុន្តែនៅរាយប៉ាយពីគ្នា និងពុំមានប្រព័ន្ធគ្រប់គ្រងព័ត៌មានស្តីពីការការពារកុមារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ។

បទដ្ឋានច្បាប់ សង្គម និងវប្បធម៌ ក៏ដូចជាឧបសគ្គពេលអនុវត្តជាក់ស្តែង ធ្វើឱ្យការផ្តល់យុត្តិធម៌ដល់កុមារនៅកម្ពុជា ក្លាយទៅជាបញ្ហាដ៏ស្មុគស្មាញ។ ដើម្បីធានាយ៉ាងណាឱ្យកុមារី និងកុមារា មានសេរីភាពរួចផុតពីការឈឺចាប់នានាជាបណ្តើរៗ ចាំបាច់ត្រូវមានការបណ្តុះនូវប្បធម៌ការពារកុមារ។ កត្តានេះរួមមានការផ្តល់មូលនិធិ និងការពង្រឹងប្រព័ន្ធ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីជួយការពារកុមារពីការឈឺចាប់នានា និងផ្តល់ការគាំទ្រឱ្យបានសមស្របដល់កុមារ ដែលប្រឈមនឹងគ្រោះថ្នាក់។

Child protection
អ្នកនិពន្ធ
UNICEF Cambodia, Independent consultant
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ

ទាញយករបាយការណ៍

(PDF, 8,58 MB) (PDF, 7,15 MB)