តម្រូវការបន្ទាន់ដើម្បីសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ
គ្រោះថ្នាក់ចរាចរណ៍សម្លាប់កុមារ និងយុវជនអាយុពី ១០-១៩ ឆ្នាំច្រើនជាងគេ បើប្រៀបធៀបទៅនឹងមូលហេតុដទៃទៀតនៅកម្ពុជា។ ប៉ុន្តែការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អាចបញ្ឈប់បាន។ សកម្មភាពរបស់យើងអាចការពារជីវិតយើងបាន។
- English
- Khmer
រាល់ការធ្វើដំណើរគួរតែទៅដល់ទីដៅដោយសុវត្ថិភាព
នៅក្នុងប្រទេសកម្ពុជា មធ្យោបាយធ្វើដំណើរគឺមានគ្រប់ប្រភេទ។ ម៉ូតូដឹកគ្រួសារទាំងមូល ធ្វើចរាចរណ៍ខ្វាត់ខ្វែងតាមដងផ្លូវ ។ អ្នកដំណើរជិះម៉ូតូកង់បីចម្រុះពណ៌ឆ្លងកាត់ផ្លូវប្រសព្វដ៏មមាញឹក ។ រថយន្តតូច ធំ បើកលើផ្លូវដ៏ចង្អៀតប្រជែងជាមួយអ្នកជិះកង់ និងអ្នកថ្មើរជើង។ ពីយន្តមានកង់ពីរទៅកង់បួន យានជំនិះមានពេញដងផ្លូវ ធ្វើចរាចរណ៍ឥតឈប់ឈរ ដឹកជញ្ជូនអ្នកដំណើរទៅធ្វើការ កុមារទៅសាលារៀន ហើយអ្នកលក់ដូរដឹកជញ្ជូនទំនិញទៅទីផ្សារ ។
ដោយសារម៉ូតូមានប្រមាណជា ៨៥ ភាគរយនៃយានជំនិះទាំងអស់នៅតាមដងផ្លូវនានាក្នុងប្រទេសកម្ពុជា គ្រួសារកម្ពុជាប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនជាងប្រទេសផ្សេងៗទៀត ។ ពេលធ្វើដំណើរតាមដងផ្លូវអ្នកជិះម៉ូតូមានតែមួកសុវត្ថិភាពប៉ុណ្ណោះសម្រាប់ការពារ ដោយពួកគេមិនមានសំបកការពារដូចរថយន្តនោះទេ ហើយអ្នកជិះម៉ូតូដ៏យ៉ាងច្រើនសន្ធឹកសន្ធាប់ មិនទាំងមានឧបករណ៍សុវត្ថិភាពបន្តិចបន្តួចនោះផង។ ការពឹងផ្អែកដ៏លើសលប់នេះលើមធ្យោបាយដឹកជញ្ជូនប្រើកង់ពីរនេះ មានន័យថា នៅពេលគ្រោះថ្នាក់កើតឡើង ផលវិបាកជាញឹកញាប់គឺបាត់បង់ជីវិត ។
ប៉ុន្តែ មានការធ្វើដំណើរប្រចាំថ្ងៃបែបនេះជាច្រើន បានជួបនូវសោកនាដកម្ម ។
នៅក្នុងប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់កុមារ និងយុវជនអាយុពី ១០ ដល់ ១៩ ច្រើនជាងគ្រោះថ្នាក់ផ្សេងៗទៀត ។1 ជារៀងរាល់ថ្ងៃ មនុស្សប្រាំនាក់ស្លាប់នៅតាមផ្លូវក្នុងប្រទេសកម្ពុជា ។ កុមារ និងយុវជនរងគ្រោះខ្លាំងជាងគេបំផុត ។
នេះមិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ។ វាប៉ះពាល់ដល់អនាគតផងដែរ ។ ពួកគេបែកបាក់គ្រួសារជារៀងរហូត ។ សហគមន៍ត្រូវរងទុក្ខសោក និងខាតបង់សេដ្ឋកិច្ច ។
ឥឡូវនេះ ដល់ពេលដែលត្រូវធ្វើសកម្មហើយ។
តួលេខបង្ហាញពីមហន្តរាយនេះ
កម្ពុជាប្រឈមមុខនឹងគ្រោះអាសន្ននៃសុវត្ថិភាពចរាចរណ៍ ។
- គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករចម្បងដែលសម្លាប់យុវជនអាយុពី ១៥ ដល់ ២៩ ឆ្នាំ ។1
- សម្រាប់កុមារអាយុពី ១០ ដល់ ១៤ ឆ្នាំ គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងលំដាប់ទីពីរដែលបានសម្លាប់ពួកគេ ។2
- មនុស្សប្រាំនាក់ស្លាប់នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ ។3
- ៨៥ ភាគរយនៃយានយន្តនៅលើដងផ្លូវ គឺជាម៉ូតូ ហើយភាគច្រើនដឹកជញ្ជូនកុមារដោយគ្មានពាក់មួកសុវត្ថិភាព ។
- ក្នុងឆ្នាំ ២០២៣ ៖ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣.៣១៧ ករណី ដែលបង្កការស្លាប់ដល់មនុស្សប្រមាណ ១.៥៩០ នាក់ និងរបួស ៤.៥១៥ នាក់ផ្សេងទៀត ។
- ការខាតបង់ផ្នែកសេដ្ឋកិច្ច ៖ ក្នុងឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ ៤៦៦,៨ លានដុល្លារអាមេរិក ពោលគឺស្មើនឹង ១,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ។3
នៅពីក្រោយតួលេខនីមួយៗ គឺកុមារដែលគួរតែនៅក្នុងសាលា ។ ក្មេងជំទង់ដែលគួរតែនៅរៀបចំផែនការអនាគតរបស់ពួកគេ ។ ប៉ុន្តែដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រួសារមិនបានរស់នៅជួបជុំគ្នាទៀតនោះទេ ។ ជនរងគ្រោះជាច្រើនបានស្លាប់បាត់បង់ជីវិត។
ការវិវត្តន៍នានាដែលបានសង្គ្រោះជីវិត
សូម្បីតែក្នុងពេលមានវិបត្តិនេះក្តី កម្ពុជាបង្ហាញថា ការធ្វើសកម្មភាពត្រឹមត្រូវគឺបានសង្គ្រោះជីវិត ។ ពីឆ្នាំ ២០២៣ ដល់ ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះ ១៤ ភាគរយ មកនៅត្រឹម ២.៨៤៤ ករណី ។ ករណីស្លាប់បានធ្លាក់ចុះ ៥ ភាគរយ មកត្រឹម ១.៥០៩ ករណី ។ អ្នករងគ្រោះថ្នាក់បានធ្លាក់ចុះចំនួន ១៧ ភាគរយ មកនៅត្រឹម ៣.៧២០ ករណី ។
វឌ្ឍនភាពនេះ បង្ហាញថា នៅពេលកម្ពុជាធ្វើសកម្មភាព កុមារនៅរស់រានមានជីវិត ។ ប៉ុន្តែយើងត្រូវតែស្វែងយល់ថាហេតុអ្វីបានជាកុមារនៅតែប្រឈមមុខនឹងគ្រោះថ្នាក់បែបនេះ ទើបយើងអាចសង្គ្រោះជីវិតបានច្រើន ។
ហេតុអ្វីបានជាផ្លូវថ្នល់កម្ពុជា បង្កការស្លាប់ចំពោះកុមារ
កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ យានយន្តកាន់តែច្រើនមានពាសពេញផ្លូវ ដែលមិនត្រូវបានសាងសង់ឡើងសម្រាប់ចរាចរណ៍ដូចបច្ចុប្បន្ននេះទេ ។ ដោយសារ ៨៥ ភាគរយនៃយានជំនិះគឺជាម៉ូតូ (ខណៈដែលប្រទេសភាគច្រើនមានភាគរយយានជំនិះជាម៉ូតូទាបជាងនេះខ្លាំង) កុមារប្រឈមមុខនឹងគ្រោះថ្នាក់នេះច្រើនជាងគេ៖
- ចំណេះដឹងអំពីសុវត្ថិភាពមានកម្រិត មានន័យថា កុមារមិនអាចដឹងពីគ្រោះថ្នាក់ចរាចរណ៍ ឬការពារខ្លួនបានទេ ។
- ការប្រើប្រាស់ផ្លូវមិនបានត្រឹមត្រូវ មានន័យថាគ្មានទីកន្លែងសុវត្ថិភាពសម្រាប់មនុស្សដើម្បីដើរ ជិះកង់ ឬជិះម៉ូតូ ។
- ការគ្មានវិធានការសុវត្ថិភាពជុំវិញសាលារៀន ធ្វើឱ្យកុមារប្រឈមនឹងហានិភ័យខ្ពស់ ។
- ការមិនយកចិត្តទុកដាក់ប្រើមួកសុវត្ថិភាព ធ្វើឱ្យគ្មានការការពារចំពោះក្បាលរបស់កុមារនៅក្នុងប្រទេសដែលមានការប្រើប្រាស់ម៉ូតូច្រើនជាងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ។
- មនុស្សពេញវ័យដែលមិនយកចិត្តទុកដាក់ចំពោះវិធានការសុវត្ថិភាព ធ្វើឱ្យកុមារដែលពឹងផ្អែកលើពួកគេ ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ។
បញ្ហានេះធ្វើឲ្យកុមារស្លាប់ សូម្បីពេលកំពុងដើរទៅសាលារៀន ។ ឥឡូវ កម្ពុជាកំពុងតែដាក់ចេញនូវដំណោះស្រាយដែលអាចសង្គ្រោះជីវិត ។
ដំណោះស្រាយសុវត្ថិភាពចរាចរណ៍របស់កម្ពុជា
កិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចរាចរណ៍របស់កម្ពុជា ដឹកនាំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង ព្រមទាំងស្ថាប័នផ្សេងៗទៀតរបស់រដ្ឋាភិបាល ដោយមានការគាំទ្រពីយូនីសេហ្វ ធ្វើការគ្រប់គ្រងវិបត្តិនេះតាមរយៈវិធានការណ៍មួយចំនួន៖
ដំណោះស្រាយទី ១ ៖ បង្រៀនជំនាញការពារជីវិតដល់គ្រប់គ្រួសារទាំងអស់
ចំណេះដឹងប្រែក្លាយផ្លូវថ្នល់ដែលមានគ្រោះថ្នាក់ ទៅជាកន្លែងដែលកាន់តែមានសុវត្ថិភាព ។ យុទ្ធនាការរបស់កម្ពុជា បង្រៀនកុមារ ឪពុកម្តាយ និងសហគមន៍តាមរយៈ ៖
- កម្មវិធីតំបន់សុវត្ថិភាពសាលារៀន ដែលធានាសុវត្ថិភាពចរាចរណ៍នៅជុំវិញតំបន់សាលារៀន ។
- ការអប់រំនៅនឹងកន្លែងផ្ទាល់ ដែលផ្តោតគោលដៅលើសហគមន៍សាលារៀន ដែលរួមមាន គ្រូ សិស្ស ឪពុកម្តាយ និងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីឱ្យមានចំណេះដឹងកាន់តែប្រសើរឡើង និងផ្លាស់ប្តូរអាកប្បកិរិយាប្រកបដោយហានិភ័យរបស់ពួកគេ ។
- ការលើកកម្ពស់ការយល់ដឹង ដោយប្រើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ជូនសារ ។
ដំណោះស្រាយទី ២ ៖ បង្កើតតំបន់សុវត្ថិភាពសាលារៀនដែលកុមារប្រមូលផ្តុំទីនោះ
កម្ពុជាការពារកុមារនៅទីកន្លែងណាដែលពួកគេប្រមូលផ្តុំច្រើន ។ វិធានការនានារួមមាន៖
- កំណត់ល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់សាលារៀន ដោយមានការអនុវត្តយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលសិស្សចេញចូលសាលា ។
- គំនូសដើរឆ្លងផ្លូវច្បាស់ បរិក្ខារបន្ថយល្បឿន គំនូសផ្លូវ និងស្លាកសញ្ញាចរាចរណ៍នៅគ្រប់តំបន់សាលារៀន ។
- មានអ្នកត្រួតពិនិត្យសុវត្ថិភាពដែលមានទទួលការបណ្តុះបណ្តាល នៅតាមកន្លែងឆ្លងកាត់ផ្លូវ ដោយប្រើបុគ្គលិកសាលារៀន និងអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋាន ។
ដំណោះស្រាយទី ៣ ៖ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគដែលការពារជីវិត
ច្បាប់រឹងមាំ ត្រូវការការអនុវត្តឱ្យបានខ្លាំងក្លា ។ កម្ពុជាជួយសង្គ្រោះជីវិតដោយអនុវត្តយ៉ាងសកម្មនូវបទប្បញ្ញត្តិសុវត្ថិភាពសំខាន់ៗបំផុតដូចជា ៖
- ការពាក់មួកសុវត្ថិភាពជាកាតព្វកិច្ចសម្រាប់អ្នកជិះម៉ូតូ ដោយមានការដាក់ពិន័យពិតប្រាកដចំពោះអ្នកដែលមិនគោរពតាមច្បាប់ ។
- គ្មានការអត់ឱនចំពោះការប្រើប្រាស់ទូរស័ព្ទពេលដើរ ពេលជិះកង់ ពេលជិះម៉ូតូ ឬបើកបរយានយន្ត ។
- ការអនុវត្តល្បឿនកំណត់យ៉ាងតឹងរឹងនៅក្នុងតំបន់សាលារៀន និងតំបន់លំនៅដ្ឋានដែលកុមាររស់នៅ និងលេង ។
- ការត្រួតពិនិត្យសុវត្ថិភាពជាប្រចាំ ដើម្បីធានាបានថា យានយន្តបំពេញតាមស្តង់ដារសុវត្ថិភាព ។
- ការដាក់ពិន័យភ្លាមៗចំពោះឥរិយាបថបើកបរប្រកបដោយគ្រោះថ្នាក់ ដែលបង្កហានិភ័យដល់កុមារ ។
ចំណុចគន្លឹះ ៥ ដែលអាចការពារជីវិតថ្ងៃនេះ
ឪពុកម្តាយ អ្នកបើកបរ និងសមាជិកសហគមន៍ម្នាក់ៗ ត្រូវតែធ្វើសកម្មភាពឥឡូវនេះ ៖
1. ឈប់សិន មើលជុំវិញខ្លួន និងស្តាប់
បង្រៀនកុមារឱ្យឈប់សិនមុនពេលឆ្លងកាត់ផ្លូវ មើលចរាចរណ៍នៅផ្លូវទាំងសងខាង និងស្តាប់សំឡេងយានយន្តដែលពួកគេមើលមិនឃើញ ។ ត្រូវធ្វើបែបនេះ ទោះបីជាផ្លូវមើលទៅស្ងាត់ក៏ដោយ ។ ទម្លាប់ជាស្វ័យប្រវត្តិ ជួយការពារជីវិតពីព្រោះថា សូម្បីតែពេលវេលាតែប៉ុន្មានវិនាទីក៏សំខាន់ដែរ ។
2. គ្មានមួកការពារ គ្មានការប្រើយានជំនិះ
រាល់អ្នកជិះម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។ ដោយសារ ៨៥ ភាគរយនៃយានយន្តនៅកម្ពុជាគឺជាម៉ូតូ មួកសុវត្ថិភាពគឺជាការចាំបាច់ ។ មួកសុវត្ថិភាពដែលល្អ ជួយកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរបានរហូតដល់ទៅ ៧០ ភាគរយ ។ គ្មានមួកសុវត្ថិភាពមែនទេ? ចឹងកុំជិះម៉ូតូ ។
3. ត្រូវតាមមើលកុមារតូចៗជាប់ជានិច្ច
កុំបណ្តោយឱ្យកុមារអាយុក្រោម ៧ ឆ្នាំ នៅក្បែរផ្លូវតែម្នាក់ឯង ។ កាន់ដៃពួកគេឱ្យជាប់នៅពេលឆ្លងផ្លូវ ។ ដាក់កុមារនៅចំហៀងផ្លូវដែលឆ្ងាយពីចរាចរណ៍ ។ អនុវត្តសុវត្ថិភាពនៅផ្ទះផងដែរ ផ្លូវបើកបរចេញចូលផ្ទះទៅកាន់ផ្លូវសាធារណៈ អាចមានគ្រោះថ្នាក់ ។
4. ត្រូវធ្វើយ៉ាងណាឱ្យគេមើលឃើញ
ស្លៀកពាក់ឱ្យកុមារដែលមានពណ៌ភ្លឺ ជាពិសេសនៅពេលងងឹត ឬ ភ្លៀង ។ ត្រូវប្រាកដថា អ្នកជិះកង់មានមួកសុវត្ថិភាព មានភ្លើង និងឧបករណ៍បញ្ចេញភ្លើងបំភ្លឺដោយចំណាំងឆ្លាត ។ អ្នកបើកបរអាចការពារតែអ្វីដែលពួកគេអាចមើលឃើញប៉ុណ្ណោះ ។
5. លុបបំបាត់ការរំខាន អាចជួយសង្គ្រោះជីវិត
សូមមើលផ្លូវ កុំប្រើទូរស័ព្ទ ខណៈពេលដើរ ជិះកង់ ជិះម៉ូតូ ឬបើកបរយានយន្តកង់បី ឬ រថយន្ត ។ ដោះកាសស្តាប់ចេញពីត្រចៀកនៅពេលស្ថិតជិតចរាចរណ៍ ។ ផ្តោតអារម្មណ៍លើផ្លូវទាំងស្រុង ។ បង្រៀនក្មេងជំទង់ឱ្យបញ្ឈប់ឥរិយាបថមានហានិភ័យជុំវិញផ្លូវថ្នល់ ។
សកម្មភាពផ្ទាល់ខ្លួនទាំងនេះ សង្គ្រោះជីវិតមនុស្សនៅថ្ងៃនេះ ។ ប៉ុន្តែ ដើម្បីឱ្យមានការផ្លាស់ប្តូរយូរអង្វែងចាំបាច់ត្រូវមានដំណោះស្រាយធំជាងនេះ ។
ជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ
ការអនុវត្តសុវត្ថិភាពបុគ្គលម្នាក់ៗ ជួយសង្គ្រោះជីវិត ប៉ុន្តែការការពារយូរអង្វែងតម្រូវឱ្យមានការកែលម្អជាប្រព័ន្ធ ។ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ដើម្បី ៖
- អនុវត្តល្បឿនកំណត់ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់សាលារៀន
- សាងសង់ផ្លូវដាច់ដោយឡែកសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់
- បង្រៀនអំពីសុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន ដោយមានការហ្វឹកហាត់អនុវត្តផ្ទាល់
- ពង្រឹងការអនុវត្តច្បាប់សម្រាប់ការពាក់មួកសុវត្ថិភាព ដោយតម្រូវឱ្យអ្នកជិះម៉ូតូទាំងអស់ពាក់មួកសុវត្ថិភាព ។
ករណីស្លាប់តាមផ្លូវថ្នល់អាចបញ្ឈប់បាន ។ ការធ្វើសកម្មភាពពេលនេះគឺការពារជីវិត ។
វឌ្ឍនភាពរបស់កម្ពុជា បង្ហាញថា នៅពេលដែលយើងធ្វើសកម្មភាពច្បាស់លាស់ ផ្លូវមរណៈក្លាយជាផ្លូវឆ្លងកាត់ប្រកបដោយសុវត្ថិភាព ។ យើងរួមគ្នាកសាងប្រទេសមួយដែលគ្មានឪពុកម្តាយណាម្នាក់ភ័យខ្លាចចំពោះសុវត្ថិភាពកូនរបស់ពួកគេនៅលើដងផ្លូវឡើយ ។ បន្ថយល្បឿន ប្រុងប្រយ័ត្ន និងធ្វើសកម្មភាព ពីព្រោះសុវត្ថិភាពចរាចរណ៍ផ្តើមពីអ្នក!
សម្ភារៈនានាសម្រាប់យុទ្ធនាការទាំងនេះ រួមមាន ផ្ទាំងរូបភាពផ្សព្វផ្សាយ ផ្ទាំងផ្សព្វផ្សាយតាមដងផ្លូវ វីដេអូខ្លីៗតាមទូរទស្សន៍ និងមាតិកាបណ្ដាញទំនាក់ទំនងសង្គម ដែលអាចទាញយក និងប្រើប្រាស់បាន https://unicef.link/43aFDXx
សម្រាប់ព័ត៌មានបន្ថែមអំពីសុវត្ថិភាពចរាចរណ៍ សូមមើល ៖
1 Global status report on road safety 2023
2 Cambodia Road Safety Programme (2024)