សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការរករឿងឈ្លោះនៅតាមប្រព័ន្ធអនឡាញ

ចម្ងល់ទាំង១០ ដែលយុវជនចង់ដឹងអំពីការរករឿងឈ្លោះនៅតាមប្រព័ន្ធអនឡាញ

UNICEF
UNICEF Cambodia/2020/Chansereypich Seng
UNICEF Cambodia/2020/Chansereypich Seng

តើវាជាអ្វី ហើយយើងបញ្ឈប់វាដោយរបៀបណា?

ចម្ងល់ទាំង១០ ដែលយុវជនចង់ដឹងអំពីការរករឿងឈ្លោះនៅតាមប្រព័ន្ធអនឡាញ
“តើ​អ្នកចង់​ដឹង​អ្វី​ខ្លះអំ​ពី​ការ​រករឿងឈ្លោះនៅ​តាមប្រព័ន្ធអនឡាញ?” យើងបាន​​សួរ​សំណួរ​នេះ​ទៅ​យុវជន និងទទួលបាន​ចម្លើយ​រាប់​ពាន់មក​ពីជុំវិញ​ពិភពលោក។

យើង​បាន​ប្រមូលផ្តុំក្រុម​​អ្នកជំនាញរបស់​យូនីសេហ្វ អ្នកជំនាញ​អន្តរជាតិ​ផ្នែក​គាំពារ​កុមារ និង​ការ​រករឿងឈ្លោះនៅ​តាមប្រព័ន្ធអនឡាញ និង​ក្រុម​ការងាររបស់​ FacebookInstagram និង Twitter ដើម្បី​ឆ្លើយសំណួរ​​ និងផ្តល់ការ​ណែនាំ​អំពី​​វិធី​ដោះស្រាយ​បញ្ហារករឿងឈ្លោះ​តាម​ប្រព័ន្ធអនឡាញ។​

តើ​អ្វី​ជា​ការ​រករឿងឈ្លោះតាមប្រព័ន្ធអនឡាញ?

ការ​រករឿងឈ្លោះនៅ​តាមប្រព័ន្ធអនឡាញ គឺជា​ការ​រករឿងឈ្លោះ​ដោយប្រើប្រាស់​​បច្ចេកវិទ្យា​ឌីជី​ថល។ បញ្ហា​នេះ​អាច​កើតឡើងក្នុង​បណ្តាញ​សង្គម​ វេទិកា​ផ្ញើសារ វេទិកា​លេង​ហ្គែម និង​ទូរស័ព្ទ​ចល័ត​។ ​វា​ជា​ការ​ប្រព្រឹត្ត​ដដែលៗ ដើម្បី​បន្លាច បង្កកំហឹង ឬ​បង្កភាពអាម៉ាស់​ដល់​បុគ្គល/ក្រុម​គោលដៅ។ សូម​មើលឧទាហរណ៍ខាងក្រោម ៖​

  • ការ​ផ្សព្វផ្សាយ​ពាក្យ​មិនពិត​អំពី ឬការ​បង្ហោះ​រូបភាព​គួរ​​​ឱ្យអាម៉ាស់​របស់​អ្នកណាម្នាក់​ក្នុងបណ្តាញសង្គម
  • ការ​ផ្ញើ​សារ​ដែលប៉ះពាល់​អារម្មណ៍ ឬគំរាមកំហែង​តាម​រយៈវេទិកា​ផ្ញើសារ
  • ការ​ក្លែង​បន្លំជាអ្នកណាម្នាក់​ រួច​ផ្ញើសារ​មិនល្អ​ទៅកាន់​ម្នាក់ទៀត​ជំនួសមុខ​ឱ្យ​បុគ្គលនោះ។

ជាញឹកញាប់ ការ​រករឿងឈ្លោះដោយផ្ទាល់​​ និង​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ អាច​កើតឡើង​ក្នុងពេលដំណាលគ្នា ប៉ុន្តែ​ការ​បង្កជម្លោះ​តាមប្រព័ន្ធអនឡាញបន្សល់ទុកនូវ​ស្លាកស្នាម​ឌីជីថល។ ពោលគឺកំណត់ត្រា​ដែលអាច​ជាប្រយោជន៍ និង​ផ្តល់​​ភស្តុតាង​សម្រាប់បញ្ឈប់ការ​រំលោភបំពាន​នោះ។​

-------------------------------------------------------------------------------------------------------------------------------

សំណួរ​សំខាន់ៗទាំង​១០ ស្តីពី​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ
  1. តើ​ខ្ញុំ​កំពុង​ប្រឈម​នឹង​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញឬ? តើ​អ្នកអាច​ប្រាប់​ពីភាពខុសគ្នារវាងការ​និយាយ​លេង និង​ការ​រករឿងឈ្លោះយ៉ាង​ដូចម្តេច?​
  2. តើ​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញបង្កផលប៉ះពាល់អ្វីខ្លះ?
  3. តើ​ខ្ញុំគួរ​និយាយប្រាប់អ្នកណា​ ប្រសិនបើ​មាន​គេ​រករឿង​ឈ្លោះ​តាម​ប្រព័ន្ធអនឡាញ? តើហេតុអ្វីចាំបាច់​ត្រូវ​រាយការណ៍?
  4. ខ្ញុំ​កំពុងរងគ្រោះពី​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ  ប៉ុន្តែ​ខ្ញុំខ្លាច​មិនហ៊ាននិយាយ​ប្រាប់​ឪពុកម្តាយខ្ញុំ​ទេ។ តើ​ខ្ញុំគួរ​ប្រាប់ពួកគាត់​ដោយ​របៀបណា?
  5. តើខ្ញុំអាចជួយ​មិត្ត​របស់ខ្ញុំឲ្យ​រាយការណ៍​ពី​ករណី​​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ​ ដោយ​របៀបណា ​ប្រសិនបើពួកគេ​មិន​ចង់​រាយការណ៍​?
  6. ការប្រើប្រព័ន្ធអនឡាញ ធ្វើឱ្យខ្ញុំ​អាច​ទទួលបានព័ត៌មានយ៉ាងច្រើន​ ប៉ុន្តែ​ក៏មាន​ន័យ​ថា ខ្ញុំ​ងាយ​ប្រឈម​នឹង​ការ​រំលោភបំពាន​ដែរ។ តើ​យើង​បញ្ឈប់​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ​ដោយ​មិន​ប៉ះពាល់ដល់លទ្ធភាព​ទទួលបាន​ព័ត៌មាន​តា​មអ៊ីនធឺណិត​ដោយ​របៀបណា?
  7. តើ​ខ្ញុំ​ទប់ស្កាត់​មិន​ឱ្យគេ​ប្រើប្រាស់​ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ ​​សម្រាប់ធ្វើឲ្យប៉ះពាល់កិត្តិយសខ្ញុំ ឬ​បន្ទាប​បន្ថោក​ខ្ញុំ​នៅតាមបណ្តាញសង្គម​ដោយរបៀបណា?​
  8. តើ​មាន​ការ​ដាក់ទណ្ឌកម្ម​លើករណី​​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញឬទេ?
  9. ក្រុម​ហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ហាក់​មិន​ខ្វាយខ្វល់​ពី​ការ​បៀតបៀន និងការ​រករឿងរំខាន​តាមប្រព័ន្ធអនឡាញសោះ។ តើ​មានការ​កំណត់​​ឱ្យ​ក្រុមហ៊ុនទាំងនោះ​ទទួល​ខុសត្រូវ​ដែរឬទេ?​
  10. តើ​មាន​ឧបករណ៍​ប្រឆាំងនឹងការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញសម្រាប់​កុមារ ឬយុវជនប្រើប្រាស់ដែរឬទេ?

១.​ តើ​ខ្ញុំ​កំពុង​ប្រឈម​នឹង​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញឬ? តើ​អ្នកអាច​ប្រាប់​ពីភាពខុសគ្នារវាងការ​និយាយ​លេង និង​ការ​រករឿងឈ្លោះយ៉ាង​ដូចម្តេច?​

យូនីសេហ្វ៖ មិត្តភក្តិ​តែង​​និយាយ​លេង​សើចជាមួយគ្នាទៅវិញទៅមក​ ប៉ុន្តែពេលខ្លះ​គេ​ពិបាក​​ប្រាប់​បានថា​វា​គ្រាន់តែ​ជា​ការ​លេង​សើច ឬ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​អ្នកឈឺចាប់ ជាពិសេស​នៅពេលលេងសើច​អនឡាញ។ ពេលខ្លះ ពួកគេ​គ្រាន់តែ​និយាយ​លេងសើច​ដោយ​​ប្រើពាក្យ “គ្រាន់តែ​និយាយ​លេង​ទេ” ឬ “​កុំ​ខ្វល់​​ច្រើន​ពេក”។

ប៉ុន្តែប្រសិនបើ​អ្នក​យល់​ថា​មានអារម្មណ៍ឈឺចាប់ ឬ​យល់ថាអ្នកដទៃ​កំពុង​សើច​ចំអកដាក់​អ្នក​ នោះមានន័យ​ថា ការ​និយាយ​លែង​នោះ​គឺ​ហួស​ហេតុ​ពេកហើយ។ ប្រសិនបើ​រឿងនេះ​នៅតែ​បន្ត​ បន្ទាប់ពីអ្នកបាន​សុំ​ឱ្យគេឈប់ ហើយអ្នកនៅតែ​មានអារម្មណ៍ក្រៀមក្រំទៀតនោះ រឿងនេះ​អាច​ជាករណី​រករឿងឈ្លោះ​ហើយ។

​ហើយនៅពេល​ដែល​ការ​រករឿង​ឈ្លោះ​កើតឡើង​តាមប្រព័ន្ធ​​អនឡាញ វា​អាច​​បង្កជា​ចំណាប់​អារម្មណ៍​ខុសទំនង​​ពី​មនុស្សជាច្រើន​រួមទាំង​អ្នកមិនស្គាល់គ្នា។ នៅ​គ្រប់ទីកន្លែង​ដែលបញ្ហា​នេះ​កើតឡើង ហើយ​ប្រសិនបើ​អ្នក​មិន​ពេញចិត្ត អ្នកមិនគួរ​ទ្រាំ​ទទួលយក​បញ្ហានេះ​ទេ។

​កំណត់​រកបញ្ហាទៅ​តាម​អារម្មណ៍​របស់​អ្នក​ ៖ ប្រសិនបើ​អ្នក​នៅតែមានអារម្មណ៍មិនល្អ ​អ្នកគួរ​ស្វែង​រកជំនួយ។ ការ​បញ្ឈប់​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញមិន​មែនគ្រាន់ដើម្បីកំណត់រកជនបង្កហេតុនោះទេ ប៉ុន្តែ​ចាំបាច​ត្រូវ​ទទួលស្គាល់ថា មនុស្សគ្រប់រូប​គួរ​ទទួលបាន​ការ​គោរព​ មិនថា​ក្នុងវេទិកា​អនឡាញ ឬ​ជីវិត​ជាក់ស្តែងនោះទេ។

 

២. តើ​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញបង្កផលប៉ះពាល់អ្វីខ្លះ?

នៅពេល​ការ​រករឿងឈ្លោះ​កើតឡើង​តាមប្រព័ន្ធអនឡាញ វា​ហាក់ដូច​ជា​អ្នកកំពុង​ប្រឈម​នឹង​ការ​វាយប្រហារ​ពីគ្រប់ទីកន្លែង សូម្បីតែនៅ​ក្នុង​ផ្ទះ​របស់​អ្នក។ អ្នក​​ហាក់ដូច​ជា​គ្មាន​កន្លែង​ណា​អាច​គេច​ខ្លួនបាន។ វា​អាច​បង្កផលប៉ះពាល់​យូរអង្វែង​ និង​ប៉ះពាល់​ដល់​មនុស្សម្នាក់​តាម​វិធីជាច្រើន ​៖

ផ្លូវចិត្ត ៖ អារម្មណ៍​ក្រៀមក្រំ អៀនខ្មាស ល្ងង់ខ្លៅ ឬ​​ខឹង​

ផ្លូវ​អារម្មណ៍ ៖ យល់ថាអាម៉ាស់​ ឬ​លែង​ចាប់​អារម្មណ៍​លើអ្វីដែលអ្នក​ស្រឡាញ់ចូលចិត្ត

ផ្លូវកាយ ៖ អស់កម្លាំង (គេងមិនលក់) ឬ​មាន​អាការៈ​ដូចជា ឈឺពោះ និង​ឈឺ​ក្បាល

អារម្មណ៍​​យល់ថា​មានគេ​សើចចំអក​ ឬ​បង្កភាព​អាម៉ាស់​ដល់ខ្លួន​ អាច​ធ្វើឱ្យ​មនុស្ស​មិន​ហ៊ាន​និយាយ​ស្តី ឬ​មិនខិតខំ​ដោះស្រាយ​បញ្ហា​។ ក្នុងករណី​ធ្ងន់ធ្ងរ ការ​រករឿងឈ្លោះរ​តាមប្រព័ន្ធអនឡាញ​អាច​ធ្វើ​ឱ្យមនុស្សបញ្ចប់ជីវិត​របស់ខ្លួន (people taking their own lives)។

ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ អា​ចបង្កផលប៉ះពាល់ដល់​យើង​ ប៉ុន្តែ​យើងអាច​ដោះស្រាយបញ្ហាទាំងនេះ​បាន​ ហើយ​យើងអាច​ទទួលបានទំនុកចិត្ត និង​សុខភាព​មកវិញ​បាន។​

 

៣. តើ​ខ្ញុំគួរ​និយាយប្រាប់អ្នកណា​ ប្រសិនបើ​មាន​គេ​រករឿង​ឈ្លោះ​តាម​ប្រព័ន្ធអនឡាញ? តើហេតុអ្វីចាំបាច់​ត្រូវ​រាយការណ៍?

យូនីសេហ្វ៖ ប្រសិនបើអ្នកយល់ថាអ្នកកំពុង​ប្រឈមនឹងការរករឿងឈ្លោះ ជំហានដំបូងគឺអ្នកត្រូវ​ស្វែង​រកជំនួ​យពីអ្នកណាម្នាក់​ដែលអ្នកទុកចិត្ត ដូចជាឪពុកម្តាយ សមាជិក​ជិតស្និទ្ធ​ក្នុងគ្រួសារ​ ឬ​មនុស្សពេញវ័យ​ណាម្នាក់ដែលអាចទុកចិត្ត​បាន។

នៅសាលារៀន អ្នកអាច​ទៅជួប​អ្នកប្រឹក្សា គ្រូ​កីឡា ឬ​គ្រូដែល​អ្នកចូលចិត្ត។ 

ហើយប្រសិនបើ​អ្នកមិនអាច​និយាយ​ប្រាប់​​អ្នកណាម្នាក់​ដែលអ្នកស្គាល់ សូម​ស្វែងរក​​លេខ​ទូរស័ព្ទ​ជំនួយក្នុងប្រទេស​របស់​អ្នក​ (search for a helpline in your country) ដើម្បី​និយាយ​ជា​មួ​យអ្នកប្រឹក្សា​ជំនាញ​។

​ប្រសិនបើ​ការ​រករឿងឈ្លោះ​​​កើតឡើង​​ក្នុងវេទិកា​សង្គម​ អ្នកអាច​ block អ្នក​រករឿងឈ្លោះ​នោះ រួច​រាយការណ៍​ពី​ទង្វើ​របស់​ពួកគេ​នៅ​ក្នុង​វេទិកា​នោះផ្ទាល់។ ក្រុមហ៊ុន​បណ្តាញសង្គម​ មាន​កាតព្វកិច្ច​រក្សា​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់។

ចំណុច​សំខាន់​ អ្នកគួ​រប្រមូលភស្តុតាង​ឱ្យបានច្រើនដូចជា សារជា​អក្សរ និង​រូប screenshot នៃការ​បង្ហោះ (post) ​ក្នុង​បណ្តាញ​សង្គម​ ដើម្បី​បង្ហាញពី​អ្វីដែលកំពុង​កើតឡើង។

​ដើម្បី​បញ្ឈប់​ការ​រករឿងឈ្លោះ អ្នកចាំបាច់ត្រូវកំណត់​អត្តសញ្ញាណ និង​រាយការណ៍ពីករណីនោះ។ ម្យ៉ាង​ទៀត អ្នកអាច​បង្ហាញអ្នក​រករឿងឈ្លោះ​ថា ការ​ប្រព្រឹត្ត​របស់​ពួកគេ​មិនអាច​ទទួលយក​បានទ្បើយ។​

ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​គ្រោះថ្នាក់​ភ្លាមៗ អ្នកគួរ​ទាក់ទង​ទៅ​នគរបាល ឬ​សេវា​សង្រ្គោះ​បន្ទាន់​ក្នុងប្រទេស​របស់​អ្នក។

Facebook/Instagram ៖ ប្រសិនបើ​អ្នក​ប្រឈម​នឹង​ការ​រករឿង​ឈ្លោះតាមប្រព័ន្ធអនឡាញ យើង​លើកទឹកចិត្ត​ឱ្យ​អ្នកនិយាយជាមួយ​ឪពុក/ម្តាយ គ្រូបង្រៀន ឬ​អ្នកណាម្នាក់ដែល​អ្នកទុកចិត្ត។ ត្រូវ​ចាំថា អ្នកមានសិទ្ធិ​ទទួលបាន​សុវត្ថិភាព។ ក្រៅពីនេះ យើង​បានផ្តល់ភាព​ងាយស្រួល​ក្នុងការ​រាយការណ៍​ពី​ករណី​រករឿង​ឈ្លោះដោយផ្ទាល់​ក្នុង Facebook ឬ Instagram។

អ្នកអាចផ្ញើ​របាយការណ៍អនាមិកស្តីពី​ការ​បង្ហោះ (post) មតិ​យោបល់ (comment) ឬ​រឿងរ៉ាង​ក្នុង​ Facebook ឬ Instagramមក​កាន់​ក្រុម​របស់​យើង។

​យើង​មានក្រុម​ការងារ​ពិនិត្យមើលរបាយការណ៍​ទាំងនេះ​ ២៤ម៉ោង/៧ថ្ងៃ​ នៅជុំវិញ​ពិភពលោក (​ជាង ៥០ ភាសា)​ ហើយ​យើង​នឹង​លុបចោល​នូវ​ព័ត៌មាន​ដែល​រំលោភបំពាន ឬ​រក​រឿង​ឈ្លោះ។ របាយការណ៍​ទាំងនេះ​ត្រូវ​បាន​រក្សា​ភាព​អនាមិក​ជានិច្ច។

យើ​ងមាន​មគ្គុទេសន៍​ (guide) ក្នុង​ Facebook ដែល​អាច​ណែនាំ​អ្នកពីជំហាន​នានា​ក្នុងការ​ដោះស្រាយ​ករណី​រករឿង​ឈ្លោះ ឬ​អ្វីដែលត្រូវធ្វើ ​ប្រសិនបើ​អ្នក​មើលឃើញអ្នកណាម្នាក់​ប្រឈមនឹង​ការ​រករឿងឈ្លោះ។ ក្នុង Instagram យើង​មាន​មុគ្គុទេសន៍សម្រាប់មាតាបិតា(Parent’s Guide) ដែលផ្តល់​អនុសាសន៍​ដល់​​ឪពុកម្តាយ អាណាព្យាបាល និង​មនុស្សពេញវ័យ​ដែលអាច​ទុកចិត្ត​បាន ​ស្តីពីរបៀប​ស្រាវជ្រាវកំណត់​ការរករឿង​ឈ្លោះតាមប្រព័ន្ធអនឡាញ  និង​បណ្តុំព័ត៌មាន(​central hub ) ដែល​អ្នកទាំងអស់​គ្នា​អាច​ស្វែង​យល់​ពីឧបករណ៍​សុវត្ថិភាព​របស់​យើង។

Twitter៖ ប្រសិនបើ​អ្នក​យល់ថា អ្នក​កំពុង​ប្រឈម​នឹង​ការរករឿង​ឈ្លោះតាមប្រព័ន្ធអនឡាញ សំខាន់បំផុត​អ្នក​ត្រូវ​ធានាខ្លួនមានសុវត្ថិភាព។ ម៉្យាងទៀត អ្នកត្រូវ​និយាយ​ប្រាប់អ្នកណាម្នាក់ពីអ្វី​ដែលកំពុងកើតឡើង (ឧ. គ្រូ​បង្រៀន មនុស្សពេញវ័យ​ដែលអាច​ទុកចិត្តបាន ឬ​ឪពុក/ម្តាយ)។ សូម​និយាយ​ប្រាប់​ឪពុកម្តាយ​ និង​មិត្តរបស់​អ្នកអំ​ពី​អ្វីដែលត្រូវ​ធ្វើ ប្រសិនបើ​អ្នក ឬ​មិត្តរបស់​អ្នក​កំពុង​ប្រឈមនឹង​ការរករឿង​ឈ្លោះតាមប្រព័ន្ធអនឡាញ។

យើង​លើកទឹកចិត្តឱ្យ​អ្នករាយការណ៍​ប្រាប់យើង​ពី​គណនី​ដែល​រំលោភលើ​វិធាន​របស់​យើង។ អ្នកអាច​រាយការណ៍តាម​រយៈ​ទំព័រ​​គាំទ្រ​របស់​អ្នក​ក្នុងកន្លែងផ្តល់ជំនួយ (Help Center) ឬតាមរយៈ​យន្តការ​រាយការណ៍ in-Tweet ដោយគ្រាន់តែ​ចុច​លើក​ពាក្យ “​រាយការណ៍​ពីសារ​ក្នុង​ Tweeter”។

 

៤.​ ខ្ញុំ​កំពុងរងគ្រោះពី​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ  ប៉ុន្តែ​ខ្ញុំខ្លាច​មិនហ៊ាននិយាយ​ប្រាប់​ឪពុកម្តាយខ្ញុំ​ទេ។ តើ​ខ្ញុំគួរ​ប្រាប់ពួកគាត់​ដោយ​របៀបណា?

ប្រសិនបើ​អ្នក​កំពុង​ប្រឈមនឹង​​ការ​រករឿងឈ្លោះតាមប្រព័ន្ធអនឡាញ ការ​និយាយ​ប្រាប់​មនុស្សពេញវ័យដែលអាច​ទុកចិត្ត​បាន​ (​អ្នកណាម្នាក់​ដែល​អ្នកយល់ថាអា​ចនិយាយ​ប្រាប់បាន) ជា​ជំហានមួយដ៏សំខាន់​ដែលអ្នកគួរធ្វើ។​

ការ​និយាយ​ប្រាប់​ឪពុកម្តាយមិនមែនងាយស្រួល​សម្រាប់មនុស្សគ្រប់គ្នានោះទេ​ ប៉ុន្តែ​មាន​ចំណុច​ដែលអ្នកអាច​ធ្វើបាន​ដើម្បី​ជួយ​ដល់​ការ​សន្ទនា​នោះ។ សូមជ្រើសរើស​ពេលដែលត្រូវនិយាយ ពោលគឺពេល​ដែល​អ្នកទទួលបានចំណាប់អារម្មណ៍​ពេញលេញ​​ពីពួកគាត់។ សូមពន្យល់​ពី​ភាពធ្ងន់ធ្ងរ​នៃ​បញ្ហា​ចំពោះ​អ្នក។ សូមចាំថា ​ពួកគាត់​អាច​មិនសូវ​ដឹង​ពី​បច្ចេកវិទ្យា​ដូច​អ្នក​ទេ​។ ដូច្នេះ អ្នក​ប្រហែលជា​ត្រូវ​ជួយពន្យល់ពួកគាត់អំ​ពីអ្វីដែលកំពុង​កើតឡើង។

ពួកគាត់​ប្រហែល​ជា​មិនអាច​ផ្តល់ចម្លើយ​ភ្លាមៗ​ដល់​អ្នកបានទេ ប៉ុន្តែ​ពួកគាត់​ប្រាកដជា​​ជួយ​រិះរក​ដំណោះស្រាយ​ជាមួយអ្នក​។ គំនិត​ច្រើនគឺល្អជាងគំនិត​តែមួយ! ប្រសិនបើ​អ្នក​នៅ​តែ​មិនប្រាកដ​ក្នុង​ចិត្ត​ពីអ្វីដែលត្រូវ​ធ្វើ សូម​ជួប​ជាមួយ​មនុស្សពេញវ័យផ្សេងទៀត​ដែល​អាច​ទុកចិត្ត​បាន។ ជាញឹកញាប់ មាន​មនុស្ស​កាន់តែច្រើន​ដែលបារម្ភពី​អ្នក និង​មានឆន្ទៈ​ជួយដល់​អ្នក​​ លើស​ពី​ការ​គិត​របស់អ្នក!

 

៥.​ ​តើខ្ញុំអាចជួយ​មិត្ត​របស់ខ្ញុំឲ្យ​រាយការណ៍​ពី​ករណី​​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ​ ដោយ​របៀបណា ​ប្រសិនបើពួកគេ​មិន​ចង់​រាយការណ៍​?

យូនីសេហ្វ៖ អ្នកណា​ក៏​អាច​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញដែរ។ ប្រសិន​បើ​អ្នក​មើលឃើញថា ករណី​នេះកំពុង​កើតឡើង​លើ​អ្នកណាម្នាក់ដែលអ្នកស្គាល់ សូម​ព្យាយាម​ផ្តល់​ជំនួយ។

​សំខាន់បំផុត​អ្នកត្រូវ​ស្តាប់​មិត្តរបស់​អ្នក។ ហេតុ​អ្វី​ពួកគេ​មិនចង់​រាយការណ៍​ពីករណី​រករឿង​ឈ្លោះតាមប្រព័ន្ធអនឡាញ? តើ​ពួកគេមាន​អារម្មណ៍​​យ៉ាងណា? សូម​ប្រាប់​ពួកគេ​​ថា ពួកគេ​មិនចាំបាច់​រាយការណ៍​ផ្លូវការ​អំពី​​រឿងរ៉ាវ​ទាំង​អស់​នោះទេ​ ប៉ុន្តែ​ពួកគេចាំបាច់​ត្រូវ​និយាយ​ប្រាប់អ្នកណា​ម្នាក់ដែល​អាច​ផ្តល់ជំនួយបាន។

សូមចាំថា មិត្តរបស់អ្នក​អាច​នឹង​មាន​អារម្មណ៍ទន់ជ្រាយ​។ សូម​រក្សា​ទឹកចិត្ត​ល្អចំពោះពួកគេ។ សូមជួយ​ពួកគេ​គិត​ពីអ្វីដែល​ពួកគេ​អាច​និយាយ និង​អ្នកដែលពួកគេគួរ​និយាយ​ប្រាប់។ សូម​ស្ម័គ្រចិត្ត​ទៅជាមួយ​ពួកគេ ប្រសិនបើ​ពួកគេ​ចង់រាយការណ៍​។ អ្វីដែលសំខាន់បំផុត​នោះគឺ ត្រូវ​រំលឹកពួកគេថា អ្នក​នៅ​ចាំជួយពួកគេ​ជានិច្ច។

ប្រសិនបើ​មិត្តរបស់​អ្នកនៅតែ​​មិនចង់​រាយការណ៍ពីឧប្បត្តិហេតុ​នេះទេ  សូមជួយ​ពួកគេ​ស្វែងរក​មនុស្សពេញវ័យ​ណាម្នាក់​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។ សូមចាំថា ក្នុងស្ថានភាព​មួយ​ចំនួន​ ផលវិបាក​នៃ​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញអាច​ប៉ះពាល់​ដល់អាយុជីវិត។

​ការ​មិនធ្វើអ្វីសោះ​អាច​​ធ្វើ​ឱ្យជនរងគ្រោះយល់ថា​ គ្រប់គ្នា​ប្រឆាំង​នឹង​ពួកគេ​ ឬ​អ្នកណាគិត​ពីពួកគេ​។ ពាក្យសម្តីរបស់​អ្នក​អាច​ធ្វើ​ឱ្យមានការផ្លាស់ប្តូរ។

Facebook/Instagram ​៖ យើង​ដឹង​ថា ការ​រាយការណ៍ទៅ​អ្នកណាម្នាក់​អាច​ជា​ការ​លំបាក  ប៉ុន្តែ​ការ​រករឿង​ឈ្លោះ​គេ​គឺជា​បញ្ហា​មិនអាចទទួលយកបាន។

ការ​រាយការណ៍ពីខ្លឹមសារ​នានា​ក្នុង​ Facebook ឬ Instagram អា​ចជួយ​​ឱ្យ​យើង​រក្សា​សុវត្ថិភាព​របស់​អ្នក​ក្នុង​វេទិកា​របស់យើងបានកាន់តែប្រសើរ​។ ការ​រករឿងឈ្លោះ និង​ការ​បៀតបៀន មានលក្ខណៈជា​បុគ្គល។​ ដូច្នេះ ក្នុង​ករណី​ជាច្រើន យើង​ត្រូវ​ការអ្នកណាម្នាក់​រាយការណ៍​ពី​បញ្ហានេះ​មកឲ្យពួកយើង ដើម្បី​ឱ្យយើង​អាច​កំណត់​អត្តសញ្ញាណ ឬ​លុបចោល​។

ការ​រាយការណ៍ពីករណី​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញតែ​ងមានភាពអនាមិក​ក្នុង Instagram និង Facebook ហើយគ្មានអ្នកណាម្នាក់​អាចដឹង​ថាអ្នក​បាន​ប្រាប់យើង​ពី​បញ្ហានេះទេ។

អ្នកអា​ចរាយការណ៍ពីអ្វីដែល​អ្នក​កំពុង​ប្រឈម​ដោយខ្លួនឯង ប៉ុន្តែ​អ្នកក៏អាច​រាយការណ៍ជំនួសមុខឱ្យមិត្ត​របស់អ្នក ដោយប្រើប្រាស់​ឧបករណ៍​ដែលមានក្នុង app នេះ​បាន​ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀប​រាយការណ៍​ករណី​នានា សូមចូលទៅ​កាន់ Instagram’s Help Center និង Facebook’s Help Center

 ក្រៅពីនេះ អ្នកអាច​ប្រាប់​មិត្តរបស់អ្នក​អំពី​ឧបករណ៍​មួយក្នុង Instagram។ នោះគឺការ​ដាក់កំហិត (Restrict) ដែលអ្នកអាច​ការពារ​គណនី​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយស្រួល​​ដោយមិនចាំបាច់ block អ្នកណាម្នាក់ដែលជាទង្វើពិបាកទទួលយក​សម្រាប់មនុស្សមួយចំនួន។

Twitter ៖ យើង​បើកដំណើរការការ​រាយការណ៍ដោយ​អ្នក​នៅ​ជិត​ខាង (bystander reporting) ដែល​អ្នកអាច​រាយការណ៍​ជំនួស​មុខ​ឱ្យនរណាម្នាក់។ ដំណើរការ​នេះ​គឺសម្រាប់​ការ​រាយការណ៍ពី​ព័ត៌មានឯកជន​ និង​ការ​ជំនួសមុខ។

 

៦. ការប្រើប្រព័ន្ធអនឡាញ ធ្វើឱ្យខ្ញុំ​អាច​ទទួលបានព័ត៌មានយ៉ាងច្រើន​ ប៉ុន្តែ​ក៏មាន​ន័យ​ថា ខ្ញុំ​ងាយ​ប្រឈម​នឹង​ការ​រំលោភបំពាន​ដែរ។ តើ​យើង​បញ្ឈប់​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ​ដោយ​មិន​ប៉ះពាល់ដល់លទ្ធភាព​ទទួលបាន​ព័ត៌មាន​តា​មអ៊ីនធឺណិត​ដោយ​របៀបណា?

យូនីសេហ្វ៖ ការ​ប្រើប្រព័ន្ធ​អនឡាញ ផ្តល់អត្ថ​ប្រយោជន៍ជាច្រើន ប៉ុន្តែ​វា​ក៏អាច​បង្ក​ហានិភ័យ​ដែល​អ្នកត្រូវការពារ​ ដូច​រឿងរ៉ា​វផ្សេងទៀត​ក្នុង​ជីវិត​អ្នក​ដែរ។

ប្រសិនបើ​អ្នកប្រឈម​នឹង​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ អ្នកអាច​លុប​​ចោល app មួយចំនួន ឬ​មិនដំណើរការអនឡាញ (offline) ​មួយរយៈ ដើម្បី​ទុក​ពេល​ឱ្យអ្នកស្ងប់ចិត្តសិន។ ប៉ុន្តែ​ការ​មិនប្រើ​អ៊ីនធឺណិត​មិនមែន​ជា​ដំណោះស្រាយ​យូរអង្វែង​នោះទេ។ អ្នក​មិនបានធ្វើ​អ្វីខុសទេ។ ដូច្នេះហេតុអ្វី​​អ្នក​គួរខាត​ប្រយោជន៍​? ចំណុចនេះ​ក៏មាន​ន័យ​ថា អ្នក​ផ្តល់​សញ្ញា​ខុសដល់​អ្នក​​រករឿង​រំខានផងដែរ ហើយ​វា​ស្មើនឹង​ការ​លើកទឹកចិត្ត​ឱ្យមានការ​ប្រព្រឹត្ត​ដែល​មិនអាច​ទទួលយក​បានបែបនេះ​បន្តទៀត។​

យើង​ទាំងអស់គ្នា​សុទ្ធតែ​ចង់​បញ្ឈប់ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ ហើយនេះ​ជាហេតុផល​មួយ​ដែលចាំបាច់​ត្រូវ​រាយការណ៍​ពី​ការ​រករឿងរំខាន​តាមប្រព័ន្ធអនឡាញ។ ប៉ុន្តែគោលបំណង​នៃ​ការ​បង្កើតអ៊ីនធឺណិត​គឺមិនមែនសម្រាប់ការរករឿង​ឈ្លោះទេ។ យើង​ត្រូវ​​ពិចារណា​ពី​អ្វីដែល​យើង​ចែករំលែក (share) ឬ​និយាយឡើង ដែលអាច​ប៉ះពាល់​ដល់​អ្នកដទៃ។ យើង​ត្រូវ​រក្សាទឹកចិត្ត​ល្អចំពោះ​គ្នា​ទៅវិញទៅមក​នៅពេលដំណើរការ​អនឡាញ និងក្នុងជីវិត​រស់នៅ។ ទាំងនេះគឺ​អាស្រ័យលើយើងទាំងអស់គ្នា!

Facebook/Instagram ៖ ការ​រក្សា​ឱ្យ​ Instagram និង​ Facebook ក្លាយជា​វេទិកាដែល​មាន​សុវត្ថិភាព និង​វិជ្ជមាន​សម្រាប់ការ​បញ្ចេញមតិ  ពិតជា​សំខាន់​ណាស់​សម្រាប់​យើង។ មនុស្ស​នឹង​មានអារម្មណ៍ល្អ​ក្នុងការ​បញ្ចេញ​​មតិ ប្រសិនបើ​ពួកគេ​យល់ថា​មានសុវត្ថិភាព។ ប៉ុន្តែយើង​ដឹងហើយ​​ថា ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញអាច​កើតឡើង និង​បង្កជា​បទពិសោធអវិជ្ជមាន។ ​នេះជា​មូលហេតុ​ដែល​យើង​ប្តេជ្ញា​ដឹកនាំ​ការ​ប្រយុទ្ធប្រឆាំង​​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ​ក្នុង​ Instagram និង Facebook។

យើង​អនុវត្ត​វិធានការ​នេះ​តាម​វិធី​ធំៗ​ពីរ។ ទីមួយ យើង​ប្រើប្រាស់បច្ចេកវិទ្យាដើម្បី​ទប់ស្កាត់​មិន​ឱ្យអ្នកណាម្នាក់​ប្រឈម និង​មើលឃើញ​ការ​រករឿង​ឈ្លោះ។  ឧ. គេ​អាច​បើកការ​កំណត់ (turn on a setting)  ដែល​ប្រើប្រាស់​​បច្ចេកវិទ្យា​ឆ្លាតវៃ​ដើម្បី​ធ្វើការ​ចម្រាញ់​យក​ដោយ​ស្វ័យប្រវត្តិ និង​បិទបាំង​មតិយោបល់ (comment) ​រករឿង​រំខានដែល​មាន​ចេតនា​​បៀតបៀន ឬ​ធ្វើ​ឱ្យនរណាម្នាក់​អន់​ចិត្ត។

ទីពីរ យើង​កំពុង​លើកទឹកចិត្ត​ឱ្យ​មាន​ការទាក់ទងគ្នា និង​ការ​ប្រព្រឹត្ត​ជា​វិជ្ជមាន តាមរយៈការ​ផ្តល់​ឧបករណ៍​នានា​សម្រាប់​​កែសម្រួល​បទពិសោធ​នានា​ទៅតាម​ការ​ចង់​បាន​របស់បុគ្គល​ក្នុង Facebook និង Instagram។ ការ​ដាក់កំហិត (Restrict) ជា​ឧបករណ៍​មួយសម្រាប់បង្កើនភាពអង់អាច​របស់​អ្នក​ក្នុងការ​ការពារ​គណនី​ផ្ទាល់ខ្លួន​ ទន្ទឹមនឹង​ការ​ឃ្លាំមើល​អ្នក​រករឿងឈ្លោះ។

Twitter ៖ ដោយសារ​តែ​មនុស្ស​រាប់រយលាននាក់​បញ្ចេញមតិ​ក្នុង​ Twitter វា​ជា​រឿង​ធម្មតា​ទេ​ដែលយើង​មិនសុទ្ធតែ​យល់ស្រប​គ្រប់រឿងទាំងអស់។ នោះជា​អត្ថប្រយោជន៍​មួយ​ ព្រោះ​យើង​អាច​រៀនសូត្រ​ពី​ការ​បង្ហាញ​មតិ​ប្រឆាំង និងការ​ពិភាក្សា​​ដោយ​មានការ​គោរព។

ប៉ុន្តែពេលខ្លះ បន្ទាប់ពីអ្នកបាន​ស្តាប់​អ្នកណាម្នាក់មួយរយៈមក អ្នកប្រហែលជា​មិនចង់​ស្តាប់ពួកគេ​និយាយទៀត​ទេ។ ពួកគេ​មានសិទ្ធិ​បញ្ចេញមតិ ប៉ុន្តែអ្នក​មិនចាំបាច់ស្តាប់​នោះទេ។

 

៧.​ ​តើ​ខ្ញុំ​ទប់ស្កាត់​មិន​ឱ្យគេ​ប្រើប្រាស់​ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ ​​សម្រាប់ធ្វើឲ្យប៉ះពាល់កិត្តិយសខ្ញុំ ឬ​បន្ទាប​បន្ថោក​ខ្ញុំ​នៅតាមបណ្តាញសង្គម​ដោយរបៀបណា?

សូមគិត​ម្តងហើយម្តងទៀត​មុននឹង​បង្ហោះ (post) ឬ​ចែករំលែក (share) អ្វីមួយ​តាម​ប្រព័ន្ធអនឡាញ ព្រោះ​វា​អាច​អាច​ស្ថិតក្នុងប្រព័ន្ធនោះជា​រឿង​រហូត ហើយគេ​អាច​ប្រើវា​ដើម្បី​ធ្វើ​ឱ្យប៉ះពាល់ដល់អ្នក។ សូមកុំផ្តល់​ព័ត៌មានលម្អិត​ផ្ទាល់​ខ្លួន ដូចជាអាសយដ្ឋាន លេខទូរស័ព្ទ ឬ​ឈ្មោះសាលារបស់អ្នក។

សូម​ស្វែងយល់​ពី​ការកំណត់​ភាព​ឯកជន (privacy setting) ក្នុង app បណ្តាញសង្គមដែលអ្នកនិយមប្រើ។ ខាងក្រោម​នេះជា​សកម្មភាពមួយចំនួន​ដែលអ្នកអាច​ធ្វើបាន ៖​

  • អ្នកអាច​សម្រេចចិត្ត​ពី​អ្នកដែលអាច​មើលឃើញ​សាវតា (profile) របស់​អ្នក ផ្ញើរសារ​ ឬ​មតិយោបល់​ដោយផ្ទាល់​មកកាន់អ្នកក្នុងការ​បង្ហោះ (posts) របស់អ្នក ដោយគ្រាន់តែ​កែសម្រួល​ការកំណត់​ភាព​ឯកជន (privacy setting) ក្នុង​គណនី​របស់​អ្នក។
  • អ្នកអាច​រាយការណ៍​ពី​មតិយោបល់ សារ និង​រូបថតដែល​ប៉ះពាល់ដល់អារម្មណ៍​ និង​ស្នើ​ឱ្យលុបចោល​មតិយោបល់ សារ និង​រូបថត​ទាំងនោះ។
  • ក្រៅពី unfriending អ្នក​អាច​ block អ្នកណាម្នាក់​ដើម្បី​កុំឱ្យពួកគេ​មើលឃើញ​សាវតា (profile) ឬទាក់ទងមក​អ្នក។
  • អ្នកអាច​សម្រេច​ឱ្យ​មតិ​យោបល់​របស់​មនុស្សមួយចំនួនលេចឡើង​តែ​ចំពោះពួកគេ​ ដោយ​មិនចាំបាច់ block ពួកគេ។
  • អ្នកអាច​លុប​ការ​បង្ហោះ (posts) ​ក្នុងសាវតា (profile) របស់​អ្នក​ ឬ​បិទបាំង (hide) ការ​បង្ហោះ​ទាំងនោះ​មិនឱ្យ​​​មនុស្ស​មួយចំនួនឃើញ​។

ក្នុង​បណ្តាញ​សង្គមភាគច្រើន​ដែល​អ្នកនិយមប្រើ នៅពេលដែល​អ្នក block កំហិត (​restrict) ឬរាយការណ៍ពីនរណាម្នាក់ ពួកគេ​មិនត្រូវ​បាន​ជូនដំណឹង​ឱ្យដឹងនោះ​ទេ។

 

៨. តើ​មាន​ការ​ដាក់ទណ្ឌកម្ម​លើករណី​​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញឬទេ?

យូនីសេហ្វ៖ សាលារៀនភាគច្រើន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះការ​រករឿងឈ្លោះ។ ប្រសិនបើ​អ្នក​កំពុង​ប្រឈម​នឹងការ​រករឿងរំខាន​តាមប្រព័ន្ធអនឡាញដោយ​សិស្ស​ណាម្នាក់​ សូម​រាយការណ៍ប្រាប់សាលារបស់អ្នក។

​អ្នកដែល​ជា​ជនរងគ្រោះ​ដោយសារ​ទម្រង់ណាមួយនៃ​អំពើហិង្សា រួមទាំង​​ការ​រករឿង​ឈ្លោះ និង​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ មានសិទ្ធិ​ទទួលបាន​យុត្តិធម៌ និង​ដាក់​ឱ្យ​ជនល្មើសទទួល​ខុសត្រូវ។

​ច្បាប់ប្រឆាំង​ការ​រករឿង​ឈ្លោះ ជាពិសេសការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ  ជាច្បាប់ថ្មី និង​នៅមិនទាន់មានអនុវត្តនៅគ្រប់ទីកន្លែងនៅទ្បើយ។ នេះជាមូលហេតុដែល​​ប្រទេសជាច្រើន​ពឹងផ្អែក​លើ​ច្បាប់ពាក់ព័ន្ធផ្សេងទៀត ដូចជាច្បាប់ប្រឆាំង​ការ​បៀតបៀន ដើម្បី​ដាក់ទណ្ឌកម្ម​អ្នក​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ។

ក្នុងបណ្តា​ប្រទេស​ដែល​មានច្បាប់​ជាក់លាក់​ស្តីពី​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ ការ​ប្រព្រឹត្ត​ក្នុងប្រព័ន្ធអនឡាញ ដែល​មានចេតនា​បង្ក​ផលប៉ះពាល់​ដល់​ផ្លូវ​ចិត្ត ត្រូវ​បាន​ចាត់ទុកជា​​សកម្មភាព​ឧក្រិដ្ឋ។ នៅ​ប្រទេ​សមួយចំនួន​ក្នុងចំណោម​នេះ ជនរងគ្រោះ​ដោយសារ​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ អាច​ស្វែងរក​ការ​ការពារ ហាម​ឃាត់​ទំនាក់ទំនង​ពី​អ្នកណាម្នាក់ និង​រិតត្បិតការ​ប្រើប្រាស់​ឧបករណ៍អេឡិចត្រូនិក​ដែលប្រើប្រាស់​ដោយ​បុគ្គលនោះសម្រាប់ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ ជា​បណ្តោះអាសន្ន ឬ​ជា​អចិន្រ្តៃយ៍។

ប៉ុន្តែ​​សំខាន់​បំផុត​អ្នកត្រូវ​ចាំថា​ ទណ្ឌកម្ម​មិនសុទ្ធតែ​ជា​វិធី​ដែលមានប្រសិទ្ធភាពបំផុត​សម្រាប់​ផ្លាស់ប្តូរការ​ប្រព្រឹត្តរបស់​ជនរករឿង​ឈ្លោះនោះទេ។ ជាញឹកញាប់ គេ​គួរ​ផ្តោតលើ​ការ​ប៉ះប៉ូវ​ផលប៉ះពាល់ និង​ការ​ស្តារ​ទំនាក់ទំនងឡើងវិញ។​

Facebook/Instagram ៖ ក្នុង​ Facebook យើង​មាន​កម្រងស្តង់ដារ​សហគមន៍ (Community Standards) ចំណែកក្នុង​Instagram យើងមាន​គោលការណ៍​ណែនាំសម្រាប់សហគមន៍ (Community Guidelines) ដែល​យើង​​សូមឱ្យសហគមន៍​អនុវត្ត​តាម។ ប្រសិនបើ​យើង​រក​ឃើញ​ខ្លឹមសារ​ដែល​រំលោភ​គោលនយោបាយទាំងនេះ ដូចជា​ករណី​រករឿង​ឈ្លោះ ឬការ​បៀតបៀន យើង​នឹង​លុបចោលភ្លាម។

ប្រសិនបើ​អ្នក​យល់ថា ខ្លឹមសារ​ត្រូវ​បាន​លុ​បចោល​ដោយមិនត្រឹមត្រូវ  យើង​អនុញ្ញាត​ឱ្យមានការ​ស្នើសុំឡើងវិញ។ ក្នុង Instagramអ្នកអាច​ស្នើសុំបើ​កឡើងវិញ​នូវ​ខ្លឹមសារ ឬ​គណនីដែលត្រូវ​បាន​លុបចោលតាមរយៈមជ្ឈមណ្ឌលជំនួយ (​Help Center)។ ក្នុង Facebookអ្នកក៏​អាច​អនុវត្តដូចគ្នា​ផងដែរ​តាមរយៈមជ្ឈមណ្ឌលជំនួយ (​Help Center)។

 

៩. ក្រុម​ហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ហាក់​មិន​ខ្វាយខ្វល់​ពី​ការ​បៀតបៀន និងការ​រករឿងរំខាន​តាមប្រព័ន្ធអនឡាញសោះ។ តើ​មានការ​កំណត់​​ឱ្យ​ក្រុមហ៊ុនទាំងនោះ​ទទួល​ខុសត្រូវ​ដែរឬទេ?​

ក្រុមហ៊ុនផ្តល់សេវា​អ៊ីនធឺណិត កំពុង​យកចិត្តទុកដាក់កាន់តែខ្លាំង​លើ​បញ្ហា​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ។

ក្រុមហ៊ុនជាច្រើន​ កំពុង​អនុវត្តវិធី​ដោះស្រាយបញ្ហានេះ និង​ការពារ​អ្នកប្រើប្រាស់កាន់តែប្រសើរ​ដោយប្រើប្រាស់ឧបករណ៍ថ្មីៗ ការណែនាំ និង​វិធី​រាយការណ៍​តាមប្រព័ន្ធអនឡាញពីការ​រំលោភបំពាន។​

ប៉ុន្តែ​យើងនៅតែ​ត្រូវការ​វិធានការ​បន្ថែមទៀត។ យុវជនជាច្រើន​ប្រឈម​នឹង​ការ​រករឿងឈ្លោះតាមប្រព័ន្ធអនឡាញជា​រៀងរាល់ថ្ងៃ។ យុវជនខ្លះ​​ប្រឈម​នឹង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភបំពាន​តាម​ប្រព័ន្ធអនឡាញ ហើយយុវជន​ខ្លះ​​បាន​សម្លាប់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យា​ ទទួលខុសត្រូវ​លើការ​ការពារ​អ្នកប្រើប្រាស់របស់អ្នក ជាពិសេស​កុមារ និង​យុវជន។

យើង​ទាំងអស់គ្នា​មាន​ភារកិច្ច​រក្សា​ឱ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវ នៅពេល​គ្មានការ​ទទួលខុសត្រូវ​ទៅតាមការ​រំពឹង​ទុក។

 

១០.​ តើ​មាន​ឧបករណ៍​ប្រឆាំងនឹងការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញសម្រាប់​កុមារ ឬយុវជនប្រើប្រាស់ដែរឬទេ?

យូនីសេហ្វ៖ វេទិកាសង្គម​នីមួយៗ​ផ្តល់ឧបករណ៍ខុសៗគ្នា (​សូមមើលឧបករណ៍ខាងក្រោម) ដែលអាច​ឱ្យអ្នក​ដាក់កំហិតបុគ្គល​ដែល​អាចផ្តល់​មតិ​យោបល់​លើ ឬ​មើល​ការ​បង្ហោះរបស់អ្នក (post) ឬ​អ្នកដែលអាច​ភ្ជាប់ទំនាក់ទំនង​ដោយ​ស្វ័យ​ប្រវត្តិ​ជាមួយ​អ្នក (​មិត្តភក្តិ) និងរាយការណ៍​ពីករណី​រក​រឿង​ឈ្លោះ។ ឧបករណ៍ជាច្រើន​មានជំហាន​សាមញ្ញៗ​ក្នុងការ block បិទ​ឱ្យស្ងៀមស្ងាត់  (mute)   ឬ​រាយការណ៍ពី​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ។ យើង​លើកទឹកចិត្ត​ឱ្យអ្នក​​ស្វែងយល់ពី​ឧបករណ៍ទាំងនោះ​។

ក្រុមហ៊ុនបណ្តាញសង្គម​​​ផ្តល់​ឧបករណ៍អប់រំ និង​គោលការណ៍ណែនាំ​សម្រាប់កុមារ ឪពុកម្តាយ និង​គ្រូបង្រៀន​ដើម្បី​ស្វែងយល់​ពីហានិភ័យ​នានា និងវិធី​រក្សា​សុវត្ថិភាព​ក្នុងប្រព័ន្ធអនឡាញ។

ក្រៅពីនេះ អ្នកអាច​ធ្វើជា​ភ្នាក់ងារ​ការពារ​ជួរមុខ​ទល់នឹង​ការ​រករឿងឈ្លោះ​តាមប្រព័ន្ធអនឡាញ។ សូមគិត​ពី​ទីកន្លែង​ក្នុង​សហគមន៍​ដែល​អាច​មាន​ការ​រករឿងរំខាន​តាមប្រព័ន្ធអនឡាញ    និង​រិះរក​វិធី​ដែល​អ្នកអាច​ជួយ​បាន តាមរយៈ​​ការ​បង្កើន​សំឡេង ការ​លើកឡើង​ពី​ការ​រករឿងរំខាន ការ​ចូលដល់មនុស្សពេញវ័យ​ដែល​អាច​ទុកចិត្ត​បាន​ ឬ​តាមរយៈការ​កសាង​ការ​យល់ដឹង​ពី​បញ្ហានេះ។ សូម្បី​តែទង្វើប្រកបដោយចិត្តសប្បុរសរបស់អ្នក ​ក៏អាច​ជួយ​ដល់​បញ្ហានេះ​បាន​ផងដែរ។​

ប្រសិនបើ​អ្នក​ព្រួយបារម្ភពី​សុវត្ថិភាពផ្ទាល់ខ្លួន ឬអ្វីដែល​បាន​កើតឡើង​ចំពោះអ្នក​ក្នុងប្រព័ន្ធអនឡាញ សូមនិយាយ​ប្រាប់​មនុស្សពេញវ័យដែលអ្នកទុកចិត្តភ្លាម ឬចូលទៅកាន់​លេខ​ទូរស័ព្ទ​អន្តរជាតិ​សម្រាប់ជួយដល់​កុមារ (Child Helpline International) ដើម្បីស្វែងរក​ជំនួយ​ក្នុងប្រទេស​របស់​អ្នក។ ប្រទេ​សជាច្រើន​មាន​​លេខទូរស័ព្ទជំនួយពិសេស​​ដែលអ្នកអាច​ទាក់ទង​ដោយមិនគិតថ្លៃ​ និង​និយាយជាមួយ​នរណាម្នាក់ដោយ​​អនាមិក។

Facebook/Instagram ៖ យើង​មាន​ឧបករណ៍ជាច្រើន​ដើម្បី​ធានាសុវត្ថិភាពរបស់​យុវជន ៖​

  • អ្នកអាច​កំណត់​មិន​មើលសារ​ទាំងអស់​របស់​អ្នក​​រករឿងឈ្លោះ ឬ​ប្រើប្រាស់ឧបករណ៍​កំហិត (Restrict) របស់យើង​ដើម្បី​ការពារ​គណនី​របស់អ្នក​​ដោយ​មិន​ឱ្យ​បុគ្គលនោះដឹង។
  • អ្នកអាច​សម្រួល​មតិយោបល់ (moderate comments) ក្នុងការ​បង្ហោះរបស់អ្នក (post)។
  • អ្នកអាច​ផ្លាស់ប្តូរ​ការកំណត់របស់​អ្នក​ ពោលគឺមានតែ​បុគ្គលដែលអ្នកតាមដាន (follow) ប៉ុណ្ណោះ​ដែល​អាច​ផ្ញើរ​សារ​ដោយផ្ទាល់​មកកាន់អ្នកបាន។
  • ក្នុង Instagram យើង​ជូនដំណឹង​ដល់​អ្នក​ (send you a notification) ថា អ្នកនឹង​បង្ហោះ​អ្វីមួយ​ដែល​អាច​រំលោភលើ​លក្ខខណ្ឌកំណត់ ​ដើម្បីឱ្យអ្នកពិចារណា​ឡើងវិញ។

សម្រាប់គន្លឹះ​បន្ថែមទៀតស្តីពីរបៀប​ការពារ​ខ្លួន​ឯង និង​អ្នកដទៃ​ពី​ការ​រករឿងរំខាន​តាមប្រព័ន្ធអនឡាញ សូម​ស្វែងរក​ធនធានរបស់​យើង​ក្នុង​ Facebook ឬ Instagram

Twitter ៖ ប្រសិនបើ​អ្នកប្រើប្រាស់ Twitter បង្ក​ការ​រំខាន ឬ​ភាពអវិជ្ជមាន យើង​មានឧបករណ៍ដែល​អាច​ជួយអ្នកបាន។ ខាងក្រោម​នេះ​ជា​តំណភ្ជាប់​ការណែនាំ​ស្តីពី​របៀប​កំណត់ឧបករណ៍ទាំងនេះ។ មគ្គុទេសន៍របស់​យើង “ការ​បង្រៀន និង​ការរៀនសូត្រ​ជាមួយ Twitter” (“Teaching and Learning with Twitter”) មាន​ការណែនាំ​ទាំងនេះ និងការ​ណែនាំជាច្រើនផ្សេង​ទៀត។​

  • បិទឱ្យស្ងៀមស្ងាត់ (Mute) ៖ ការ​លុបចោលខ្លឹមសារ​ក្នុង​ Tweeter របស់​​គណនី​មួយ ចេញ​ពី​ timeline ​របស់​អ្នក​ដោយ​មិនបិទ​ការ​តាមដាន (unfollow)​ ឬ block គណនីនោះ។
  • Block៖ កា​ររិតត្បិត​គណនីមួយចំនួន​មិនឱ្យទាក់ទង​អ្នកបាន មើលឃើញ​ខ្លឹមសារ​ក្នុង​ Tweeter របស់​អ្នក​ និង​តាមដាន​អ្នក។ 
  • រាយការណ៍ (Report) ៖ ការ​បំពេញ​របាយការណ៍ស្តីពី​អាកប្បកិរិយា​រំលោភបំពាន។​ 

អ្នកជំនាញដែលចូលរួមចំណែក ៖ Sonia Livingstone, OBE, សាស្រ្តាចារ្យ​ចិត្តវិទ្យា​សង្គម​ ដេបាតឺមង់​​ផ្សព្វ​ផ្សាយ និង​ទំនាក់ទំនង​នៃ​សាលាសេដ្ឋកិច្ចទី​ក្រុង​ឡុងដ៍ សាស្រ្តាចារ្យ​ Amanda Third សាស្រ្តាចារ្យ​ស្រាវជ្រាវ​មកពី​​វិទ្យាស្ថាន​វប្បធម៌​ និង​សង្គម​នៃ​សាកលវិទ្យាល័យ Western Sydney។

សូមថ្លែងអំណរគុណជាពិសេសចំពោះ ៖ Facebook Instagram និង​ Twitter។

អ្នកចូលរួមចំណែកក្នុងយូនីសេហ្វ៖ Mercy Agbai, Stephen Blight, Anjan Bose, Alix Cabral, Rocio Aznar Daban, Siobhan Devine, Emma Ferguson, Nicole Foster, Nelson Leoni, Supreet Mahanti, Clarice Da Silva e Paula, Michael Sidwell, Daniel Kardefelt Winther។

ប្រភពដើម

ការរាយការណ៍អំពីការរំលោភបំពាន និងប្រភពសុវត្ថិភាព

[តំណភ្ជាប់ទៅនឹងធនធានសុវត្ថិភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម]

     
Facebook Instagram Kik
Snapchat Tumblr Twitter
WeChat WhatsApp YouTube

------------------------------------------------------------------------------------------------------------------------------------------

សូមស្វែងយល់បន្ថែមទៀត ៖

[តំណភ្ជាប់​ផ្នែក​ផ្សេងៗទៀតរបស់យូនីសេហ្វ ស្តីពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ]

សេចក្តីប្រកាស​ស្តីពីការ​បញ្ឈប់អំពើហិង្សា​លើ​យុវជន​ (​The #ENDviolence Youth Manifesto)

គន្លឹះស្តីពីការ​រក្សា​សុវត្ថិភាពក្នុងប្រព័ន្ធអនឡាញ (Staying safe online tips)

គន្លឹះសម្រាប់រាយការណ៍​ពីករណី​​អំពើហិង្សា​នៅ​សាលារៀន (Tips for reporting violence at school)

ការ​បញ្ឈប់​អំពើហិង្សា​ជាមួយ BTS (#ENDviolence with BTS)