សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ឪពុកម្ដាយខ្នះខ្នែង កូនឆ្លាត

យុទ្ធនាការជាតិដើម្បី​ជួយអ្នកថែទាំ ឪពុកម្ដាយ គ្រូបង្រៀន​ និងកុមារតូច​ត្រៀមលក្ខណៈ​សម្រាប់ការចូលរៀននៅសាលារៀន​ តាមរយៈ​សកម្មភាពងាយៗប្រចាំថ្ងៃ

ECCD Folder Sticker-WP.webp
ECCD Station Signage_KH-WP.webp

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជា​បានបោះជំហានយ៉ាងសំខាន់​នៅក្នុងវិស័យ​អប់រំ ពោលគឺ មានការសាងសង់សាលារៀន​កាន់តែច្រើន​ កុមារកាន់តែច្រើនចុះឈ្មោះចូលរៀន និងអត្រា​រស់រានមានជីវិតរបស់​កុមារ​មានភាពល្អប្រសើរឡើង។ ឧទាហរណ៍ ការចុះឈ្មោះចូលរៀនរបស់កុមារតូច​​អាយុ ៥ឆ្នាំ​បានកើនឡើង​ពី ៦១,៤ភាគរយ​នៅឆ្នាំ២០១៤-២០១៥ ទៅ ៧១,៤ភាគរយ​នៅឆ្នាំ២០២៤-២០២៥1។ ការចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យ​ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពី ៥៣,៣ភាគរយ​ទៅ ៦៩,៥ភាគរយ​នៅក្នុងរយៈពេលដូចគ្នានេះ។1 

ចំនួនទាំងនេះឆ្លុះបញ្ចាំងអំពី​វឌ្ឍនភាពពិតប្រាកដ។ ប៉ុន្តែចំនួនទាំងនេះ​ក៏​បង្ហាញអំពី​អ្នកដែលត្រូវបាន​ទុកចោលផងដែរ។ កុមារ​មកពីគ្រួសារ​ក្រីក្រ តំបន់ជនបទ សហគមន៍​ជនជាតិដើមភាគតិច និងកុមារទាំងឡាយដែលមានពិការភាព បន្តប្រឈមមុខ​នឹង​ឧបសគ្គចំពោះ​ការរៀនសូត្រ និង​មានភាពតំណាងមិនគ្រប់គ្រាន់នៅក្នុងថ្នាក់រៀន។ កុមារមានពិការភាពប្រឈមមុខ​នឹង​ឧបសគ្គកាន់តែខ្លាំង​ចំពោះ​ការអប់រំ ដោយពួកគេទំនងជាមិនដែលបានចូលរៀន​ក្នុងកម្រិតទាបជាងកុមារមិនមានពិការភាពចំនួនពីរដង។ 

ដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់​ដែលកុមារ និងយុវវ័យ​កំពុងតែជួបប្រទះ យូនីសេហ្វ ក្នុងភាពជាដៃគូជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក) កំពុងដាក់ដំណើរការ​យុទ្ធនាការជាតិ​មួយ ដែលមានបំណង​កែលម្អ​ការអភិវឌ្ឍ​កុមារតូច។ 

កុមារតូច និងការអប់រំប្រកបដោយបរិយាបន្ន៖ យុទ្ធនាការ “ឪពុកម្ដាយខ្នះខ្នែង កូនឆ្លាត” 

ការធ្វើដំណើរឆ្ពោះទៅរក​ការអប់រំ​បានចាប់ផ្ដើមជាយូរមកហើយ​​មុនពេលដែល​កុមារចូលទៅក្នុងថ្នាក់រៀន។ ប៉ុន្តែ​ចំពោះកុមារជាច្រើន ការធ្វើដំណើរនេះ​ជួបនឹងឧបសគ្គតាំងពីឆ្នាំដំបូងៗ។ នៅកម្ពុជា កុមារអាយុ ៣-៥ឆ្នាំចំនួនតែ ៤៣ភាគរយប៉ុណ្ណោះ ដែល​​បានចុះឈ្មោះចូលរៀន​នៅក្នុងសាលារៀនមត្តេយ្យ​សិក្សា2។ ការចុះឈ្មោះចូលរួមកម្រិតទាបនេះ​ត្រូវបានរួមរឹតបន្ថែមទៀតទៅដោយ​បញ្ហាកង្វះអាហារូបត្ថម្ភ​ដ៏រាលដាល ពោលគឺ កុមារ​ចំនួន ៩,៦ភាគរយ​មានភាពស្គមស្គាំង ដែលមានន័យថា ពួកគេស្គមពេកបើធៀបនឹងកម្ពស់របស់ពួកគេ ដោយសារ​ការចុះទម្ងន់​នៅពេលថ្មីៗនេះ និងការចុះទម្ងន់​ធ្ងន់ធ្ងរ ដែលរមែងតែង​កើតឡើងពី​ការទទួលទានអាហារមិនគ្រប់គ្រាន់ ឬជំងឺ។ 

ស្ថានភាពទាំងនេះ​រារាំងដល់​ការអភិវឌ្ឍខួរក្បាល និងការត្រៀមខ្លួនរួចរាល់សម្រាប់​ការចូលរៀន​ ដែលធ្វើឱ្យ​កុមារជាច្រើន​មិនទាន់ត្រៀមលក្ខណៈរួចរាល់​នៅពេល​ពួកគេចាប់ផ្ដើម​ការអប់រំផ្លូវការ។ 

បញ្ហាប្រឈមសំខាន់ៗ​រួមមាន៖ 

  • ការលេងកម្សាន្ត និង​ការថែទាំដោយមានការឆ្លើយតប ដែលមិនទទួលបាន​ការផ្ដល់តម្លៃគ្រប់គ្រាន់ ថ្វីបើការលេង និងការថែទាំមានសារសំខាន់​ចំពោះ​ការរៀនសូត្រ​ក្នុងវ័យ​កុមារតូច និង​ការអភិវឌ្ឍពុទ្ធិក្ដី។
  • លទ្ធភាពមានកម្រិត​ក្នុងការទទួលបាន​ព័ត៌មាន និងឧបករណ៍​សម្រាប់អ្នកថែទាំផ្ដល់កិច្ចគាំទ្រដល់ការរៀនសូត្រ​នៅផ្ទះ។
  • ចំណាកស្រុក​ និងការប្ដេជ្ញាចិត្ត​ចំពោះ​ការងាររបស់ឪពុកម្ដាយ ដែលរមែងតែង​ធ្វើឱ្យ​ជីដូន ឬបង ដែលអាចខ្វះ​ចំណេះដឹង និងធនធាន ទទួលបន្ទុកថែទាំ​កុមារ។
  • កង្វះគ្រូមត្តេយ្យដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាល បរិក្ខារសុវត្ថិភាព និង​បរិយាកាសប្រកបដោយបរិយាប័ន្ន ជាពិសេស នៅតំបន់ជនបទ។ 

ការលំបាកនៅក្នុងវ័យ​កុមារតូចទាំងនេះ​រួមចំណែកចំពោះអត្រាឈប់រៀន​នៅពេលក្រោយ។ នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ កុមារចំនួន ៤,១ភាគរយ​​បានឈប់រៀននៅថ្នាក់បឋមសិក្សា។ ស្ថានភាព​នេះ​កាន់តែអាក្រក់ន់មធ្យមសិក្សា ដោយ​កុមារចំនួន ១៥,៥ភាគរយ​ឈប់រៀន​នៅថ្នាក់អនុវិទ្យាល័យ និង ១៣,៧ភាគរយ​បានឈប់រៀននៅថ្នាក់វិទ្យាល័យ1។ បើទោះជា​កុមារកាន់តែច្រើន​កំពុងចូលរៀននៅសាលារៀនក្ដី កុមារច្រើនពេកហើយដែល​នៅតែឈប់រៀន នៅមុនពេលបញ្ចប់​ការសិក្សារបស់ពួកគេ។ 

ដំណោះស្រាយ 

យុទ្ធនាការ “ឪពុកម្ដាយខ្នះខ្នែង កូនឆ្លាត” ផ្ដល់ភាពអង់អាច​ជូន​អ្នកថែទាំ​ក្នុងការត្រៀមលក្ខណៈ​កុមារ​សម្រាប់ការចូលរៀន​ តាមរយៈ​សកម្មភាពប្រចាំថ្ងៃងាយៗ ដែលគាំទ្រដល់​ការធំលូតលាស់ ការរៀនសូត្រ និងសុខុមាលភាព។ 

Embedded video follows

អ្នកថែទាំទទួលបាន​ការលើកទឹកចិត្តឱ្យ៖ 

  • ពិនិត្យតាមដានភាពលូតលាស់របស់​កូន​នៅមណ្ឌលសុខភាព ឬការប្រើប្រាស់ឧបករណ៍  MUAC ​គ្រួសារ។
  • លេង និងនិយាយជាមួយកូនជារៀងរាល់ថ្ងៃ ដើម្បីជំរុញការរៀនសូត្រ។
  • ផ្ដល់អាហារប្រកបដោយជីវជាតិ​សម្រាប់​ការអភិវឌ្ឍប្រកបដោយសុខភាពល្អ។
  • ចុះឈ្មោះកូនចូលរៀន និងបញ្ជូន​កូនទៅសាលារៀនមត្តេយ្យសិក្សា​ជាប្រចាំ។ 

ដើម្បីគាំទ្រ​គ្រួសារ គ្រូបង្រៀន និងសហគមន៍ យុទ្ធនាការនេះ​ផ្ដល់​ឧបករណ៍​បែបអនុវត្តជាក់ស្ដែង៖

ឧបករណ៍​បែបអនុវត្តជាក់ស្ដែង

ការអនុវត្តយុទ្ធនាការ 

យុទ្ធនាការ​នេះ​នឹងត្រូវអនុវត្តដោយ​ក្រសួង អ.យ.ក យូនីសេហ្វ និងដៃគូ​ នៅទូទាំងប្រទេស តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និង​ប្រព័ន្ធផ្សព្វផ្សាយធំៗ។ យុទ្ធនាការនេះ​ចាប់ផ្ដើម​នៅក្នុងខេត្តនានា​ ដែលមានបញ្ហាប្រឈមពិបាកបំផុត៖ 

  • ខេត្តរតនគីរី៖ ភាពក្រីក្រកម្រិតខ្ពស់ កង្វះអាហារូបត្ថម្ភ និងអត្រាការឈប់រៀន។ អត្រាអាពាហ៍ពិពាហ៍កុមារខ្ពស់បំផុត ជាពិសេស​ នៅក្នុងចំណោមក្មេងស្រីជនជាតិដើមភាគតិច។
  • ខេត្តសៀមរាប៖ ការធ្លាក់ចុះ​នូវការចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សា​ និងកំណើននិន្នាការឈប់រៀន ថ្វីបើ​ជាមជ្ឈមណ្ឌលអប់រំមួយក្នុងចំណោមមជ្ឈមណ្ឌលអប់រំធំបំផុត​នៅក្នុងប្រទេសក្ដី។
  • ខេត្តកំពង់ចាម៖ យុវវ័យ​ឈប់រៀន​មុនពេលរៀនចប់ ដើម្បីធ្វើការងារ ឬរៀបអាពាហ៍​ពិពាហ៍​។ 

ខេត្តទាំងនេះឆ្លុះបញ្ចាំង​វិសមភាពជ្រាលជ្រៅបំផុតរបស់កម្ពុជា និងជាកន្លែងដែលត្រូវមាន​ការផ្លាស់ប្ដូរជាបន្ទាន់បំផុត។  


1 ប្រព័ន្ធព័ត៌មានគ្រប់គ្រង​ការអប់រំ​ (EMIS) របស់ក្រសួងអប់រំ យុវជន និងកីឡា ២០២៤-២៥ 

2 របាយការណ៍សន្នបាតអប់រំ ២០២៥