អនុសញ្ញាស្ដីពីសិទ្ធិកុមារ៖ ឯកសារសម្រាប់កុមារធ្វើការស្វែងយល់
អាន និងទាញយកឯកសារកុមារមេត្រី
- English
- Khmer
អនុសញ្ញាស្តីពីសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ គឺជាកិច្ចព្រមព្រៀងដ៏សំខាន់របស់ ប្រទេសជាហត្ថលេខីដែលបានសន្យាការពារសិទ្ធិរបស់កុមារ។
អនុសញ្ញារៀបរាប់ពីនរណាជាកុមារ សិទ្ធិដែលពួកគេទទួលបាន និងការទទួលខុសត្រូវនៃរដ្ឋាភិបាល។ សិទ្ធិទាំងអស់គឺពាក់ព័ន្ធគ្នា មានសារសំខាន់ដូចគ្នា ហើយមិនអាចយកចេញពីកុមារបាននោះទេ។
អាន និងទាញយកឯកសារកុមារមេត្រី៖
អនុសញ្ញាស្ដីពីសិទ្ធិកុមារ៖ ឯកសារសម្រាប់កុមារធ្វើការស្វែងយល់
១. និយមន័យកុមារ
កុមារសំដៅលើជនទាំងឡាយដែលមានអាយុក្រោម ១៨ ឆ្នាំ។
២. គ្មានការរើសអើង
កុមារគ្រប់គ្នាសុទ្ធតែមានសិទ្ធិទាំងនេះ មិនថាពួកគេជានរណា ពួកគេរស់នៅទីណា ពួកគេនិយាយភាសាអ្វី ពួកគេកាន់សាសនាមួយណា ពួកគេគិតអំពីអ្វី ពួកគេមានរូបរាងបែបណា មិនថាពួកគេជាក្មេងប្រុស ឬក្មេងស្រី មានពិការភាព ឬគ្មានពិការភាព មានជីវភាពក្រីក្រ ឬធូរធា និងមានថាឪពុកម្ដាយ ឬគ្រួសាររបស់ពួកគេជានរណា ឬថាតើឪពុកម្ដាយ ឬគ្រួសាររបស់ពួកគេជឿលើអ្វី ឬធ្វើអ្វីឡើយ។ មិនគួរមានកុមារណាម្នាក់ គួរត្រូវបានគេប្រតិបត្តិដាក់ដោយមិនត្រឹមត្រូវនោះឡើយ ទោះជាដោយសារមូលហេតុអ្វីក៏ដោយ។
៣. ឧត្តមប្រយោជន៍កុមារ
នៅពេលដែលមនុស្សពេញវ័យធ្វើសេចក្ដីសម្រេចចិត្ត ពួកគេគួរគិតថាតើការសម្រេចចិត្តរបស់ពួកគេនឹងបង្កផលប៉ះពាល់អ្វីខ្លះដល់កុមារ។ មនុស្សពេញវ័យគ្រប់រូប គួរធ្វើអ្វីៗ ដើម្បីឧត្តមប្រយោជន៍របស់កុមារ។ រដ្ឋាភិបាលគួរធានាឱ្យកុមារទទួលបានការការពារ និងការថែទាំពីឪពុកម្ដាយរបស់ពួកគេ ឬពីអ្នកផ្សេងទៀត នៅពេលដែលចាំបាច់។ រដ្ឋាភិបាលគួរធានាថា មនុស្ស និងកន្លែងដែលទទួលខុសត្រូវមើលថែទាំកុមារ ពិតជាកំពុងផ្ដល់ការថែទាំដល់កុមារបានល្អ។
៤. ការបង្កើតសិទ្ធិពិតប្រាកដ
រដ្ឋាភិបាលត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើបាន ដើម្បីធានាថាកុមារគ្រប់រូបនៅក្នុងប្រទេសរបស់ពួកគេ អាចទទួលបានសិទ្ធិទាំងអស់ ដូចមានចែងនៅក្នុងអនុសញ្ញានេះ។
៥. ការណែនាំស្របតាមវ័យរបស់កុមារ
រដ្ឋាភិបាលគួរផ្ដល់ឱកាសឱ្យគ្រួសារ និងសហគមន៍ផ្ដល់ការណែនាំដល់កូនៗរបស់ពួកគេ ដើម្បីឱ្យនៅពេលដែលពួកគេធំឡើង ពួកគេរៀនប្រើប្រាស់សិទ្ធិរបស់ពួកគេបានល្អបំផុត។ នៅពេលដែលកុមារកាន់តែចម្រើនវ័យ ពួកគេត្រូវការការណែនាំកាន់តែតិច។
៦. ជីវិត ការរស់រានមានជីវិត និងការអភិវឌ្ឍ
កុមារគ្រប់រូបមានសិទ្ធិរស់រាន។ រដ្ឋាភិបាលត្រូវធានាថា កុមាររស់រាន និងអភិវឌ្ឍបានល្អបំផុត។
៧. ឈ្មោះ និងសញ្ជាតិ
ត្រូវមានការចុះសំបុត្រកំណើតឱ្យកុមារ នៅពេលដែលពួកគេកើតមក និងទទួលបានឈ្មោះដែលមានការទទួលស្គាល់ជាផ្លូវការពីរដ្ឋាភិបាល។ កុមារត្រូវមានសញ្ជាតិ (ជាពលរដ្ឋរបស់ប្រទេសណាមួយ)។ នៅពេលដែលអាចធ្វើទៅបាន កុមារគួរស្គាល់ឪពុកម្ដាយរបស់ពួកគេ និងទទួលបានការថែទាំពីឪពុកម្ដាយរបស់ពួកគេ។
៨. អត្តសញ្ញាណ
កុមារមានសិទ្ធិមានអត្តសញ្ញាណផ្ទាល់ខ្លួន ជាឯកសារផ្លូវការដែលកំណត់ថាតើពួកគេជានរណា ដោយក្នុងនោះមានឈ្មោះ សញ្ជាតិ និងទំនាក់ទំនងគ្រួសាររបស់ពួកគេ។ ពុំគួរមាននរណាម្នាក់ដកហូតសិទ្ធិនេះពីពួកគេឡើយ ប៉ុន្តែប្រសិនបើមានការដកហូតសិទ្ធិបែបនេះ រដ្ឋាភិបាលត្រូវជួយឱ្យកុមារទទួលបានអត្តសញ្ញាណពួកគេមកវិញឱ្យបានឆាប់រហ័ស។
៩. ការរស់នៅជួបជុំគ្រួសារ
គេមិនគួរបំបែកកុមារចេញពីឪពុកម្ដាយរបស់ពួកគេឡើយ លើកលែងតែក្នុងករណីដែលកុមារពុំបានទទួលបានការថែទាំឱ្យបានត្រឹមត្រូវ ឧទាហរណ៍ ប្រសិនបើឪពុកម្ដាយធ្វើឱ្យពួកគេទទួលរងការឈឺចាប់ ឬមិនបានថែទាំកុមារ ជាដើម។ កុមារដែលឪពុកម្ដាយមិនរស់ជាមួយគ្នា គួរបន្តទំនាក់ទំនងជាមួយនឹងឪពុកម្ដាយទាំង ២ លើកលែងតែការធ្វើបែបនេះអាចបង្កគ្រោះថ្នាក់ដល់កុមារនោះ។
១០. ទំនាក់ទំនងជាមួយឪពុកម្ដាយឆ្លងប្រទេស
ប្រសិនបើកុមាររស់នៅក្នុងប្រទេសផ្សេងពីឪពុកម្ដាយរបស់ពួកគេ រដ្ឋាភិបាលត្រូវផ្ដល់ឱកាសឱ្យកុមារ និងឪពុកម្ដាយធ្វើដំណើរ ដើម្បីឱ្យពួកគេអាចបន្តទំនាក់ទំនង និងបាននៅជុំគ្នា។
១១. ការការពារពីការចាប់ជំរិត
រដ្ឋាភិបាលត្រូវចាត់វិធានការ ដើម្បីកុំឱ្យមានការយកកុមារចេញទៅក្រៅប្រទេស នៅពេលដែលការធ្វើបែបនេះជាទង្វើផ្ទុយនឹងច្បាប់ ឧទាហរណ៍ ត្រូវបានចាប់ជំរិតដោយនរណាម្នាក់ ឬត្រូវបានរក្សាទុកនៅក្រៅប្រទេស ដោយឪពុក ឬម្ដាយ នៅពេលដែល ម្ដាយ ឬឪពុកម្ខាងទៀតមិនយល់ស្រប។
១២. គោរពទស្សនៈ
កុមារមានសិទ្ធិបង្ហាញពីការយល់ឃើញរបស់ពួកគេដោយសេរីអំពីបញ្ហានានា ដែលបង្កផលប៉ះពាល់ដល់ពួកគេ។ មនុស្សពេញវ័យគួរស្ដាប់ដោយយកចិត្តទុកដាក់ចំពោះមតិយោបល់របស់កុមារ។
១៣. ការចែករំលែកគំនិតដោយសេរី
កុមារមានសិទ្ធិចែករំលែកដោយសេរីជាមួយនឹងអ្នកដទៃទៀតអំពីអ្វីដែលពួកគេបានរៀន ការគិត និងអារម្មណ៍របស់ពួកគេ តាមរយៈការនិយាយ ការគូររូប ការសរសេរ ឬតាមរបៀបផ្សេងទៀត ដរាបណាវាមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
១៤. សេរីភាពនៃជំនឿ និងសាសនា
កុមារអាចជ្រើសរើសគំនិត ការយល់ឃើញ និងសាសនារបស់ពួកគេ ប៉ុន្តែការធ្វើបែបនេះមិនគួររារាំងមិនឱ្យអ្នកដទៃទៀត ក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេឡើយ។ ឪពុកម្ដាយអាចផ្ដល់ការណែនាំដល់កូន ដើម្បីឱ្យនៅពេលដែលពួកគេធំឡើង ពួកគេរៀនប្រើប្រាស់សិទ្ធិនេះឱ្យបានត្រឹមត្រូវ។
១៥. ការបង្កើត ឬចូលរួមក្រុម
កុមារអាចចូលរួម ឬបង្កើតក្រុម ឬអង្គការ ហើយពួកគេអាចជួបប្រជុំជាមួយនឹងអ្នកដទៃទៀត ដរាបណាការធ្វើបែបនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
១៦. ការការពារឯកជនភាព
កុមារគ្រប់រូបមានសិទ្ធិទទួលបានឯកជនភាព។ ច្បាប់ត្រូវការពារឯកជនភាព គ្រួសារ គេហដ្ឋាន ការទំនាក់ទំនង និងកេរ្តិ៍ឈ្មោះ (កិត្តិសព្ទ) របស់កុមារពីការវាយប្រហារនានា។
១៧. សិទ្ធិទទួលបានព័ត៌មាន
កុមារមានសិទ្ធិទទួលបានព័ត៌មានពីអ៊ីនធឺណិត វិទ្យុ ទូរទស្សន៍ សារព័ត៌មាន សៀវភៅ និងប្រភពផ្សេងទៀត។ មនុស្សពេញវ័យគួរធានាថា ព័ត៌មានដែលកុមារទទួលបានមិនបង្កគ្រោះថ្នាក់ដល់ពួកគេឡើយ។ រដ្ឋាភិបាលគួរលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយធ្វើការផ្សព្វផ្សាយព័ត៌មានពីប្រភពផ្សេងៗឱ្យបានច្រើន ជាភាសាដែលកុមារគ្រប់រូបអាចយល់បាន។
១៨. ទំនួលខុសត្រូវរបស់ឪពុកម្ដាយ
ឪពុកម្ដាយគឺជាមនុស្សសំខាន់ជាងគេ ដែលទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់កុមារ។ នៅពេលដែលកុមារមិនមានឪពុកម្ដាយ មនុស្សពេញវ័យម្នាក់ទៀត ត្រូវបំពេញការទទួលខុសត្រូវហើយ ដែលគេហៅថា “អាណាព្យាបាល”។ ឪពុម្ដាយ និងអាណាព្យាបាល ជានិច្ចកាល គួរធ្វើអ្វី ដើម្បីឧត្តមប្រយោជន៍របស់កុមារនោះ។ រដ្ឋាភិបាលគួរជួយដល់ឪពុកម្ដាយ និងអាណាព្យាបាលទាំងនោះ។ នៅពេលដែលកុមារម្នាក់មានទាំងឪពុក ទាំងម្ដាយ ពួកគេទាំងពីរនាក់គួរជាអ្នកទទួលខុសត្រូវលើការចិញ្ចឹមបីបាច់កុមារនេះ។
១៩. ការការពារពីអំពើហិង្សា
រដ្ឋាភិបាលត្រូវការពារកុមារពីអំពើហិង្សា ការរំលោភបំពាន និងការមិនអើពើពីអ្នកដែលត្រូវមើលថែទាំពួកគេ។
២០. កុមារកំព្រា
កុមារគ្រប់រូបដែលមិនអាចទទួលបានការថែទាំពីគ្រួសាររបស់ខ្លួន មានសិទ្ធិទទួលបានការថែទាំឱ្យបានសមស្របពីមនុស្សដែលគោរពសាសនា វប្បធម៌ ភាសារបស់កុមារ និងទិដ្ឋភាពផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេ។
២១. កុមារដែលគេយកទៅចិញ្ចឹម
នៅពេលដែលកុមារត្រូវបានគេយកទៅចិញ្ចឹម ចំណុចសំខាន់ជាងគេ គឺត្រូវធ្វើអ្វី ដើម្បីឧត្តមប្រយោជន៍របស់កុមារ។ ប្រសិនបើកុមារម្នាក់មិនអាចទទួលបានការថែទាំឱ្យបានសមស្របនៅក្នុងប្រទេសរបស់ខ្លួន ឧទាហរណ៍ តាមរយៈការរស់នៅជាមួយនឹងគ្រួសារមួយទៀត នោះកុមារនេះអាចត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងប្រទេសមួយផ្សេងទៀត។
២២. កុមារជនភៀសខ្លួន
កុមារដែលចាកចេញពីប្រទេសកំណើតទៅប្រទេសមួយទៀតក្នុងនាមជាជនភៀសខ្លួន (ដោយសារតែពួកគេមិនមានសុវត្ថិភាពក្នុងការបន្តស្នាក់នៅក្នុងប្រទេសរបស់ខ្លួន) គួរទទួលបានជំនួយ និងការការពារ និងមានសិទ្ធិដូចកុមារដែលកើតនៅក្នុងប្រទេសនោះដែរ។
២៣. កុមារពិការ
កុមារដែលមានពិការភាពគ្រប់រូប គួរទទួលបានជីវិតល្អបំផុតដែលអាចមាននៅក្នុងសង្គម។ រដ្ឋាភិបាលគួរលុបបំបាត់រាល់ឧបសគ្គទាំងអស់ដែលកុមារមានពិការភាពជួបប្រទះ ដើម្បីឱ្យពួកគេមានភាពម្ចាស់ការដោយខ្លួនឯង និងចូលរួមឱ្យបានសកម្មនៅក្នុងសហគមន៍។
២៤. សុខភាព ទឹកស្អាត អាហារ បរិស្ថាន
កុមារមានសិទ្ធិទទួលបានសេវាថែទាំសុខភាពល្អបំផុតតាមដែលអាចធ្វើទៅបាន ទឹកស្អាតសម្រាប់ផឹក អាហារដែលទ្រទ្រង់សុខភាព និងបរិយាកាសរស់នៅស្អាតប្រកបដោយសុវត្ថិភាព។ មនុស្សពេញវ័យ និងកុមារគ្រប់រូប គួរទទួលបានព័ត៌មានអំពីការរក្សាសុវត្ថិភាព និងសុខភាពរបស់ពួកគេឱ្យនៅមាំមួន។
២៥. ការពិនិត្យឡើងវិញនូវស្ថានភាពរស់នៅរបស់កុមារ
កុមារគ្រប់រូបដែលត្រូវបានយកទៅដាក់នៅកន្លែងផ្សេងក្រៅតែពីផ្ទះរបស់ពួកគេ ដើម្បីទទួលបានការថែទាំ ការការពារ ឬសេវាសុខភាព គួរមានការពិនិត្យស្ថានភាពរស់នៅរបស់ពួកគេឱ្យបានជាទៀងទាត់ ដើម្បីពិនិត្យថាតើអ្វីៗដំណើរការទៅបានល្អដែរឬទេ និងថាតើកន្លែងនោះនៅតែជាកន្លែងដែលល្អបំផុតសម្រាប់កុមារដែរឬទេ។
២៦. ជំនួយផ្នែកសង្គម និងសេដ្ឋកិច្ច
រដ្ឋាភិបាលគួរផ្ដល់ថវិកា ឬការឧបត្ថម្ភដទៃទៀត ដើម្បីជួយកុមារមកពីគ្រួសារក្រីក្រ។
២៧. អាហារ សម្លៀកបំពាក់ លំនៅឋានសុវត្ថិភាព
កុមារមានសិទ្ធិទទួលបានអាហារ សម្លៀកបំពាក់ និងកន្លែងរស់នៅដែលមានសុវត្ថិភាព ដើម្បីឱ្យពួកគេអាចអភិវឌ្ឍបានល្អបំផុត។ រដ្ឋាភិបាលគួរជួយដល់គ្រួសារ និងកុមារដែលពុំមានលទ្ធភាពទទួលបានសេវាទាំងនេះ។
២៨. សិទ្ធិទទួលបានការអប់រំ
កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។ ការអប់រំបឋមសិក្សាគួរផ្ដល់ដោយឥតគិតថ្លៃ។ ការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា គួរមានសម្រាប់កុមារគ្រប់រូប។ គួរមានការលើកទឹកចិត្តកុមារទៅសាលារៀន ដើម្បីរៀនបានខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន។ ការដាក់វិន័យនៅក្នុងសាលារៀនគួរគោរពសិទ្ធិរបស់កុមារ ហើយមិនត្រូវមានការប្រើប្រាស់អំពើហិង្សាជាដាច់ខាត។
២៩. គោលបំណងនៃការអប់រំ
ការអប់រំរបស់កុមារ គួរជួយឱ្យពួកគេអភិវឌ្ឍបុគ្គលិកលក្ខណៈ ទេពកោសល្យ និងសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ។ ការអប់រំ គួរបង្រៀនពួកគេឱ្យយល់ពីសិទ្ធិរបស់ខ្លួន និងគោរពសិទ្វិ វប្បធម៌ និងភាពខុសប្លែកគ្នារបស់អ្នកដទៃ។ ការអប់រំ គួរជួយឱ្យកុមាររស់នៅប្រកបដោយសុខសន្តិភាព និងការពារបរិស្ថាន។
៣០. វប្បធម៌ ភាសា និងសាសនារបស់ជនជាតិដើមភាគតិច
កុមារមានសិទ្ធិប្រើប្រាស់ភាសា វប្បធម៌ និងសាសនារបស់ខ្លួន សូម្បីតែភាសា វប្បធម៌ និងសាសនាទាំងនេះមិនមែនជារបស់មនុស្សភាគច្រើននៅក្នុងប្រទេសដែលពួកគេរស់នៅក៏ដោយ។
៣១. សម្រាក កម្សាន្ត វប្បធម៌ សិល្បៈ
កុមារគ្រប់រូបមានសិទ្ធិសម្រាក លំហែកាយ លេងកម្សាន្ត និងចូលរួមក្នុងសកម្មភាពវប្បធម៌ និងកម្សាន្តនានា។
៣២. ការការពារពីការងារគ្រោះថ្នាក់
កុមារមានសិទ្ធិទទួលបានការការពារពិការធ្វើការប្រកបដោយគ្រោះថ្នាក់ ឬដែលបង្កផលប៉ះពាល់ដល់ការអប់រំ សុខភាព ឬការអភិវឌ្ឍរបស់ពួកគេ។ ប្រសិនបើកុមារធ្វើការ ពួកគេមានសិទ្ធិទទួលបានសុវត្ថិភាព និងទទួលបានប្រាក់កម្រៃត្រឹមត្រូវ។
៣៣. ការការពារពីគ្រឿងញៀនអន្តរាយ
រដ្ឋាភិបាលត្រូវការពារកុមារពីការប្រើប្រាស់ ផលិត ទុក ឬលក់គ្រឿងញៀនដែលបង្កគ្រោះថ្នាក់។
៣៤. ការការពារពីការរំលោភបំបានផ្លូវវភេទ
រដ្ឋាភិបាលគួរការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ (ត្រូវបានគេធ្វើអាជីវកម្ម) និងរំលោភបំពានផ្លូវភេទ ដូចជា ដែលប្រព្រឹត្តដោយមនុស្សដែលបង្ខំកុមារឱ្យរួមភេទ ដើម្បីទទួលបានប្រាក់កម្រៃ ឬថតរូបភាពយន្តអាសអាភាសរបស់កុមារជាដើម។
៣៥. ការការពារពីការជួញដូរ
រដ្ឋាភិបាលត្រូវធានាថា កុមារមិនត្រូវបានគេចាប់ជំរិត ឬលក់ ឬនាំទៅកាន់ប្រទេស ឬកន្លែងផ្សេងទៀត ដើម្បីកេងប្រវ័ញ្ច (ធ្វើអាជីវកម្មលើ) នោះឡើយ។
៣៦. ការការពារពីការកេងប្រវ័ញ្ច
កុមារមានសិទ្ធិទទួលបានការការពារពីការកេងប្រវ័ញ្ចគ្រប់ប្រភេទដទៃទៀត បើទោះជាការកេងប្រវ័ញ្ចទាំងនេះមិនត្រូវបានលើកឡើងឱ្យបានជាក់លាក់នៅក្នុងអនុសញ្ញានេះក៏ដោយ។
៣៧. កុមារជាប់ក្នុងមន្ទីរឃុំឃាំង
កុមារដែលត្រូវបានចោទថាបានបំពានច្បាប់ មិនគួរត្រូវបានគេប្រហារជីវិត ធ្វើទារុណកម្ម ធ្វើបានឃោរឃៅ ដាក់ពន្ធនាគារជារៀងរហូត ឬដាក់ពន្ធនាគារជាមួយនឹងមនុស្សពេញវ័យនោះឡើយ។ ពន្ធនាគារគួរជាជម្រើសចុងក្រោយ និងគួរដាក់តែក្នុងរយៈពេលខ្លីបំផុត។ កុមារដែលជាប់ពន្ធនាគារ គួរទទួលបានជំនួយផ្លូវច្បាប់ និងអាចបន្តទំនាក់ទំនងជាមួយនឹងគ្រួសាររបស់ពួកគេ។
៣៨. ការការពារក្នុងសង្គ្រាម
កុមារមានសិទ្ធិទទួលបានការការពារក្នុងពេលមានសង្គ្រាម។ ពុំគួរមានកុមារអាយុក្រោម ១៥ ឆ្នាំណា អាចចូលបម្រើការក្នុងកងទ័ព ឬចូលរួមនៅក្នុងការធ្វើសង្គ្រាមនោះឡើយ។
៣៩. ការព្យាបាល និងការស្ដារឡើងវិញ
កុមារមានសិទ្ធិទទួលបានជំនួយ ប្រសិនបើពួកគេទទួលរងការឈឺចាប់ ត្រូវបានគេទុកចោល ទទួលបានការធ្វើបាប ឬទទួលរងផលប៉ះពាល់ដោយសារសង្គ្រាម ដើម្បីឱ្យពួកគេអាចទទួលបាននូវសុខភាព សេចក្ដីថ្លៃថ្នូរមកវិញ។
៤០. កុមារដែលប្រឈមមុខនឹងច្បាប់
កុមារដែលត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់ មានសិទ្ធិទទួលបានជំនួយផ្លូវច្បាប់ និងការប្រតិបត្តិប្រកបដោយយុត្តិធម៌។ គួរមានដំណោះស្រាយឱ្យបានច្រើន ដើម្បីជួយឱ្យកុមារទាំងនេះក្លាយជាសមាជិកល្អនៃសហគមន៍របស់ពួកគេ។ ពន្ធនាគារគួរតែជាជម្រើសចុងក្រោយបំផុត។
៤១. ច្បាប់ល្អសម្រាប់កុមារអនុវត្ត
ប្រសិនបើច្បាប់របស់ប្រទេសណាមួយការពារសិទ្ធិកុមារបានល្អប្រសើរជាងអនុសញ្ញានេះ គេគួរប្រើប្រាស់ច្បាប់ទាំងនោះ។
៤២. មនុស្សគ្រប់គ្នាត្រូវយល់ដឹងពីសិទ្ធិកុមារ
រដ្ឋាភិបាលគួរអប់រំផ្សព្វផ្សាយឱ្យបានសកម្មដល់កុមារ និងមនុស្សពេញវ័យអំពីអនុសញ្ញានេះ ដើម្បីឱ្យគ្រប់គ្នាដឹងពីសិទ្ធិរបស់កុមារ។
៤៣ ដល់ ៥៤. របៀបអនុវត្តអនុសញ្ញានេះ
មាត្រាទាំងនេះពន្យល់ថាតើរដ្ឋាភិបាល អង្គការសហប្រជាជាតិ ព្រមទាំងគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងអង្គការ យូនីសេហ្វ ព្រមទាំងអង្គការស្ថាប័នដទៃទៀត ត្រូវធ្វើការងាររួមគ្នាដោយរបៀបណា ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបានសិទ្ធិទាំងអស់របស់ពួកគេ។