សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យូនីសេហ្វ ពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន

31 កក្កដា 2025
20250730-Preah Vihear-5154
UNICEF Cambodia/2025/Seavhong Liv

ភ្នំពេញ ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ២០២៥ – បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែកក្កដា ក្រោយពីអំពើហិង្សាប្រដាប់អាវុធរយៈពេលប្រាំថ្ងៃតាមបណ្តោយព្រំដែន យូនីសេហ្វកំពុងពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រដ៏សំខាន់ដល់កុមារ និងក្រុមគ្រួសារភៀសសឹក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងបន្ទាន់ដល់សុខភាព សុវត្ថិភាព និងការអប់រំរបស់ពួកគេ។ 

ចាប់តាំងពីភាពតានតឹងក្នុងខែឧសភា ឆ្នាំ២០២៥ និងបានក្លាយជាជម្លោះធ្ងន់ធ្ងរ រួមទាំងរួមទាំងការបាញ់ផ្លោងកាំភ្លើងធំ និងការវាយប្រហារតាមអាកាស បានធ្វើឲ្យមនុស្សជាង ១៣៤.៧០០ នាក់ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ខណៈដែលពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន ១៧៤.៤៣០ នាក់ កំពុងប្រឈមមុខនឹងតម្រូវការជំនួយមនុស្សធម៌បន្ទាន់។] 

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានធ្វើដំណើរទៅកាន់ខេត្ត ព្រះវិហារ ជាមួយសហការីយូនីសេហ្វ ដើម្បីចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងវាយតម្លៃតម្រូវការបន្ទាន់នៅទីនោះ។ លោកបានមានប្រសាសន៍ថា៖ «ក្រុមគ្រួសារភៀសសឹកភាគច្រើនជាកុមារ រស់នៅក្នុងជម្រកបណ្តោះអាសន្ន កំពុងត្រូវការស្បៀងអាហារ ទឹកស្អាត ការថែទាំសុខភាព និងការទទួលបានការអប់រំបន្ទាន់។ ពួកគេក៏ប្រឈមមុខនឹងហានិភ័យនៃការកើនឡើងនៃអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផងដែរ។ កុមារទាំងនេះបានបាត់បង់អ្វីៗជាច្រើនរួចមកហើយ ប៉ុន្តែអនាគតរបស់ពួកគេមិនអាចបាត់បង់បានទេ។» លោកបានបន្តទៀតថា «យូនីសេហ្វកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ និងធានាថា កុមារគ្រប់រូបត្រូវបានការពារតាមរយៈការទទួលបានទីជម្រក ទឹកស្អាត ការចាក់វ៉ាក់សាំង ឱកាសសិក្សា និងផ្លូវចិត្ត»។ 

ក្រុមគ្រួសារជាច្រើន កំពុងជ្រកកោននៅក្នុងសាលារៀន វត្តអារាម និងជំរំបណ្តោះអាសន្ន ដោយគ្រាន់តែមានតង់ផ្លាស្ទិក ឬសម្ភារៈតិចតួចដើម្បីធ្វើជាជញ្ជាំង។ គេប៉ាន់ប្រមាណថា សាលារៀនប្រមាណ ៦០០ កន្លែងត្រូវបានបិទ ដែលប៉ះពាល់ដល់សិស្សជាង ១៥០.០០០ នាក់ ដោយគ្មានលទ្ធភាពទទួលបានការសិក្សា។ មកទល់បច្ចុប្បន្ន មណ្ឌលសុខភាពចំនួន ១៣ មិនអាចដំណើរបាននោះទេ។ របាយការណ៍បង្ហាញពីការកើនឡើងនៃភាពតានតឹងផ្លូវចិត្តក្នុងចំណោមកុមារ ជាពិសេសនៅខេត្តព្រះវិហារ និងខេត្តសៀមរាប ហើយអំពើហិង្សាយេនឌ័រក៏ត្រូវបានគេរាយការណ៍ថាមានកើតឡើងផងដែរ ។ 

តាមរយៈកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្ត យូនីសេហ្វកំពុងគាំទ្រការឆ្លើយតបរបស់រាជរដ្ឋាភិបាល ដោយផ្តល់សម្ភារៈសង្គ្រោះជីវិតបន្ទាន់ និងជំនួយបច្ចេកទេសសំខាន់ៗ។ 

  • សម្ភារៈសំខាន់ៗ រួមមាន សាប៊ូ ធុងទឹក តម្រងចម្រោះទឹក កំណាត់អនាម័យ ធុងជ័រ និងសម្ភារៈអនាម័យផ្សេងៗទៀត ត្រូវបានចែកចាយដល់មនុស្សជាង ៧.៥០០ នាក់ ហើយសម្ភារៈបន្ថែមសម្រាប់មនុស្ស ២៥.០០០ នាក់ទៀត កំពុងតែដឹកជញ្ជូនទៅកាន់ពួកគេ។
  • បង្គន់អនាម័យកំពុងត្រូវបានដំឡើងនៅតាមទីតាំងអាទិភាព តាមរយៈការគាំទ្ររបស់យូនីសេហ្វជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូផ្នែកទឹកស្អាត និងអនាម័យ។
  • វ៉ាក់សាំងសង្គ្រោះជីវិតសម្រាប់ស្ត្រី និងកុមារកំពុងត្រូវបានចែកចាយ ខណៈដែលការព្យាបាលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក៏កំពុងបន្តនៅមណ្ឌលសុខភាពចំនួន ១៦៧ កន្លែង។
  • សម្ភារៈអប់រំកុមារតូចចំនួន ៣០០ ឈុត និងសម្ភារៈសិក្សាបណ្តោះអាសន្នចំនួន ៣០០ ឈុត កំពុងត្រូវបានចែកចាយ ដើម្បីធានាថា កុមារតូចៗប្រមាណ ១១.០០០ នាក់ ដែលនៅជម្រកភៀសសឹកក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ អាចបន្តការអប់រំរបស់ពួកគេ ទោះបីជាមានវិបត្តិយ៉ាងណាក៏ដោយ។
  • បុគ្គលិកសង្គមកិច្ចរបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កំពុងផ្តល់សេវាគាំទ្រសុខភាពផ្លូវចិត្តជាលក្ខណៈបុគ្គល។
  • ទោះបីជាមានការបិទមណ្ឌលសុខភាពនៅក្នុងតំបន់គោលដៅក៏ដោយ សេវាសុខភាពនៅតែបន្តនៅទូទាំងខេត្តដែលរងផលប៉ះពាល់ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់យូនីសេហ្វដល់រាជរដ្ឋាភិបាល និងធានាថា ប្រជាពលរដ្ឋភៀសសឹកនៅតែមានលទ្ធភាពទទួលបានការថែទាំចាំបាច់។ 

យូនីសេហ្វត្រូវការជាបន្ទាន់នូវទឹកប្រាក់ចំនួន ៨០០.០០០ ដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការមនុស្សធម៌បន្ទាន់សម្រាប់ក្រុមគ្រួសារភៀសសឹកក្នុងខែខាងមុខនេះ និងទឹកប្រាក់បន្ថែមចំនួន ៧,៦៧ លានដុល្លារអាមេរិក ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន និងបង្កើនលទ្ធភាពទទួលបានសេវាសំខាន់ៗសម្រាប់កុមារជាង ១,៥ លាននាក់ទូទាំងប្រទេសកម្ពុជា។ 

លោកបណ្ឌិត វីល ផាកស៍ បានថ្លែងថា៖ «កុមារ និងក្រុមគ្រួសារភៀសសឹកត្រូវការការគាំទ្របន្ថែមទៀតនៅពេលនេះ។ កុមារគ្រប់រូបត្រូវតែទទួលបានសុវត្ថិភាព សុខភាព និងឱកាសដើម្បីលូតលាស់រីកចម្រើន។ ជាមួយនឹងការគាំទ្រនានា យើងអាចការពារកុមារពីជំងឺ គ្រោះថ្នាក់រយៈពេលយូរ និងជួយពួកគេស្តារ និងបន្តការរៀនសូត្រ និងធំឡើងប្រកបដោយសុវត្ថិភាព»។  

### 

ទាញយកមតិការបន្ដែម

រូបថត វីដេអូ

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

អំពីយូនីសេហ្វ   

 

យូនីសេហ្វ​ធ្វើការងារ​នៅតាមទីកន្លែងលំបាកបំផុត​មួយចំនួន​នៅក្នុងពិភពលោក ដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារ​ដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បី​កសាងពិភពលោក​មួយ​កាន់តែល្អ​សម្រាប់មនុស្ស​គ្រប់រូប។ 

សម្រាប់ព័ត៌មានបន្ថែម​អំពី យូនីសេហ្វ និងការងារនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh   

សូមតាមដាន​យូនីសេហ្វប្រចាំកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok