ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ រួមគ្នាការពារសិទ្ធិអប់រំរបស់សិស្សមត្តេយ្យសិក្សាចំនួន ៧០.០០០ នាក់

- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖ នៅថ្ងៃនេះ តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្រាប់ជួយដល់សាលាមត្តេយ្យ
សហគមន៍នៅកម្ពុជា។ ក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្ភារទាំងនេះដល់សាលាមត្តេយ្យសិក្សាចំនួន ៣.០៦៤ កន្លែងទូទាំងប្រទេសកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យកុមារប្រមាណ ៧០.០០០ នាក់ បានវិលត្រឡប់ទៅសិក្សាវិញប្រកបដោយសុវត្ថិភាព និងទទួលបានការការពារពីជំងឺកូវីដ១៩។
ក្រសួងពាណិជ្ជកម្មចិន គឺជាអ្នកផ្ដល់ការឧបត្ថម្ភដ៏សំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា និងយូនីសេហ្វ ក្នុងការឆ្លើយតបរួមគ្នាចំពោះវិបត្តិកូវីដ១៩។ ការផ្ដល់សម្ភាររៀន និងបង្រៀន (ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ) ដូចជាឧបករណ៍សម្រាប់លាងសម្អាតដៃចល័ត ធុងចម្រោះទឹក និងសម្ភារលាងសម្អាតដទៃទៀត ដែលមានសារៈសំខាន់ចំាបាច់សម្រាប់ការពារសុវត្ថិភាព និងសុខភាពរបស់កុមារតូចៗ។ បច្ចុប្បន្នសម្ភារទាំងអស់នេះកំពុងត្រូវបានចែកជូន ការិយាល័យអប់រំស្រុកចំនួន១៨៧ ស្រុក នៅក្នុងរាជធានីខេត្តទាំង២៥។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “យើងសូមស្វាគមន៍ចំពោះការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងសូមថ្លែងអំណរគុណដល់ក្រសួងនេះដែលបានសហការជាមួយយូនីសេហ្វ ដើម្បីផ្ដល់ការឧបត្ថម្ភដល់សិស្សមត្តេយ្យ។ ក្រសួងចង់ឱ្យកុមារតូចកាន់តែច្រើន អាចទទួលបានផលពីការចូលរៀននៅសាលាមត្តេយ្យ ហើយគោលដៅនេះអាចសម្រេចទៅបានលុះត្រាតែបរិយាកាសរៀនសូត្រមានសុវត្ថិភាព។ យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងមានទំនុកចិត្ត ក្នុងការបញ្ជូនកូនរបស់ពួកគាត់ទៅរៀននៅសាលាមត្តេយ្យ ដោយសារតែការគាំទ្រដ៏សំខាន់នេះ។”
ក្រោយពិធីចែកសម្ភារជូននាយក នាយិកាសាលាមត្តេយ្យសិក្សាចំនួន៥រូបរួចមក គណៈប្រតិភូបានធ្វើដំណើរទៅកាន់សាលាមត្តេយ្យសហគមន៍ភូមិត្រពាំងថ្លាន់ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខារអនាម័យ និងសម្ភារសិក្សា ដែលប្រើប្រាស់ដោយបុគ្គលិកសិក្សា និងសិស្សានុសិស្សនៅក្នុងសាលាមត្តេយ្យនេះ។ ពួកគាត់បានជួបជជែកជាមួយអ្នកគ្រូ លោកគ្រូ តំណាងការិយាល័យអប់រំស្រុក ព្រមទាំងសមាជិកសហគមន៍អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយឱ្យកុមារអាចនៅបន្តរៀនសូត្របាន និងជួយឱ្យសាលារៀននៅតែបន្តដំណើរការនៅក្នុងស្ថានភាពដែលមាន
សុវត្ថិភាពបំផុត។
ឯកឧត្តម អ៊ូ ហ្គ័រឈៀន អគ្គកុងស៊ុលទទួលបន្ទុកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រទេសចិនចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកល គាំទ្រពេញទំហឹងដល់កិច្ចសហប្រតិបត្តិការពហុភាគី និងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់បេសកម្មដឹកនាំរបស់អង្គការសហប្រជាជាតិ នៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺនេះ។ សម្ភារទាំងនេះ គឺតំណាងឱ្យកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលចិន យូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភពិសេសពីក្រសួងពាណិជ្ជកម្មចិន ក្នុងនាមតំណាងឱ្យ
រដ្ឋាភិបាលចិន ជូនដល់យូនីសេហ្វ សម្រាប់ការគាំទ្រឱ្យកុមារកម្ពុជាទទួលបានកិច្ចការពារសុខភាព និងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពរបស់សហគមន៍ និងសាលារៀន ដើម្បីឆ្លើយតបចំពោះការរាតត្បាតជាសកល ក៏ដូចជា ដើម្បីជួយឱ្យកុមារអាចត្រឡប់ទៅសាលារៀនវិញប្រកបដោយសុវត្ថិភាព។”
ចាប់តាំងពីពេលមានការរាតត្បាតជាសកលដំបូងៗនៃជំងឺកូវីដ១៩ យូនីសេហ្វនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ដែលបង្កដោយជំងឺកូវីដ១៩ លើការសិក្សារៀនសូត្រ។ ការគាំទ្រនេះបានជួយឱ្យកុមារគ្រប់វ័យ រួមទាំងកុមារដែលកំពុងរៀននៅតាមសាលាមត្តេយ្យផងដែរ អាចបន្តទទួលបានការអប់រំនៅក្នុងរយៈពេលដែលសាលារៀនត្រូវបានបិទទ្វារ។ ការគាំទ្រនេះក៏បានជួយឱ្យសាលារៀនអាចត្រៀមខ្លួនសម្រាប់បើកដំណើរការឡើងវិញ ដោយប្រើប្រាស់ការអនុវត្តល្អៗ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងសាលារៀនមានសុវត្ថិភាព និងផ្ដល់ការការពារសុខភាពដល់កុមារ។
- លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “មាន
ភស្តុតាងជាច្រើនបានបង្ហាញថា ការអប់រំកុមារតូចបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍកុមារ ជួយឱ្យកុមារទទួលបានលទ្ធផលពីការអប់រំកាន់តែប្រសើរនៅឆ្នាំបន្តបន្ទាប់ខាងមុខ និងជួយឱ្យពួកគេទទួលបានលទ្ធផលកាន់តែល្អនៅពេលពេញវ័យ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្មចិន ដែលបានវិនិយោគលើការអប់រំកុមារតូច និងជួយឱ្យកុមារនៅកម្ពុជាអាចទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សាប្រកបដោយសុវត្ថិភាព។ ខណៈពេលដែលប្រព័ន្ធអប់រំនៅកម្ពុជាកំពុងត្រលប់មករកភាពប្រសើរជាងមុន និងកាន់តែមានភាពធន់ក្នុងការទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ យើងត្រូវបន្តធ្វើការងាររួមគ្នា ដើម្បីប្រមើលមើលជាថ្មីពីការផ្ដល់សេវាអប់រំកុមារតូចដល់កុមារនៅកម្ពុជាគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត។”
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន កីទ្បា
ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦ ឬសារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.