សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

វិធី ៥ ដើម្បីមានសុខភាពផ្លូវចិត្តកាន់តែប្រសើរតាមអនឡាញ

គន្លឹះអំពីវិធីមើលថែខ្លួនអ្នក និងអ្នកដទៃ

UNICEF
Illustration - a young lady sits looking at her phone.
UNICEF

ការប្រើប្រាស់អ៊ីនធឺណិតអាចផ្ដល់ឱកាសជាច្រើន ក្នុងការភ្ជាប់ទំនាក់ទំនង រៀនសូត្រ និងចែករំលែក​អំពីអ្វី ដែលសំខាន់ចំពោះអ្នក ប៉ុន្តែវាក៏មានបញ្ហាប្រឈមផងដែរ។ ប្រសិនបើ​បណ្ដាញទំនាក់ទំនងសង្គម ឬប្រព័ន្ធអ៊ីនធឺណិតធ្លាប់ធ្វើឱ្យអ្នកមានអារម្មណ៍​តានតឹងក្នុងចិត្ត ច្រណែន ឬឯកោ ឬមានអារម្មណ៍​ផ្ដល់តម្លៃទាបចំពោះខ្លួនឯង ឬភាពថប់បារម្ភផ្នែកសង្គម សូមដឹងថា អ្នកមិននៅតែម្នាក់ឯងឡើយ។ នេះគឺជាគន្លឹះ​ប្រាំ អំពីរបៀប​ថែទាំ​សុខភាពផ្លូវចិត្តរបស់អ្នក និង មានក្តីមេត្តាតាមអនឡាញ។

១.​ ជៀសវាងការមើលព័ត៌មានអវិជ្ជមានតាមអនឡាញច្រើន​ជ្រុលពេក

សូមយកចិត្តទុកដាក់ចំពោះរបៀប ដែលបណ្ដាញទំនាក់ទំនងសង្គម និងមាតិកាអនឡាញ​កំពុង​ជះឥទ្ធិពល​លើអារម្មណ៍​ គំនិត ឬសកម្មភាពរបស់អ្នក។ តើវាធ្វើឱ្យអ្នកមានអារម្មណ៍​យ៉ាងដូចម្តេច? តើការអាន​ព័ត៌មាន​ធ្វើឱ្យអ្នកមានអារម្មណ៍ដឹងព័ត៌មានច្រើន ឬមានភាពតានតឹងក្នុងចិត្ត? តើ​ការមើលឃើញរូបថតរបស់មិត្តភក្ដិរបស់អ្នក​នៅឯពិធីជប់លៀង ​ធ្វើអ្នកមានអារម្មណ៍​ល្អ ឬច្រណែន? តើរឿងទីមួយ ដែលអ្នកធ្វើនៅពេលព្រឹក គឺអ្នកមើលទូរស័ព្ទរបស់អ្នក​ដើម្បីដឹងអំពីព័ត៌មានទាន់ហេតុការណ៍ ឬវាជាទម្លាប់សុទ្ធ​សាធ?

ការកំណត់​មូលហេតុដែលអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ និងថាតើវាធ្វើឱ្យអ្នកមានអារម្មណ៍​យ៉ាងដូចម្ដេច អាចជួយ​អ្នក​បង្កើតការកំណត់​ផ្ទាល់ខ្លួនដ៏ត្រឹមត្រូវ​ទៅលើរយៈពេល ដែលអ្នកចំណាយនៅលើ​បណ្ដាញទំនាក់ទំនងសង្គម ឬកម្មវិធីទូរស័ព្ទផ្សេងទៀត។ បើទោះបីជា​ការឈប់តាមដាន ឬការរាយការណ៍​អំពីនរណាម្នាក់​ដែល​មានបំណង ឬគ្មានបំណង​បង្កឥទ្ធិពលអវិជ្ជមានទៅលើអារម្មណ៍​របស់អ្នក មិនតែងតែជារឿងសមហេតុផលក្ដី អ្នកអាចព្យាយាម​បិទសម្លេង ឬដាក់ការកម្រិតចំពោះ​មាតិកា​ពី​គណនីនានា ដែល​ធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ។ វាចាំបាច់ក្នុងការចងចាំថា មិនមែនអ្វីៗ​ដែលអ្នកឃើញតាមអនឡាញ​សុទ្ធតែជាការពិតឡើយ សូម្បីតែពីមិត្តភក្ដិរបស់អ្នក​ក្ដី ប៉ុន្តែរបៀបដែលពួកគេមានឥទ្ធិពលលើអ្នក គឺជាការពិត។

២. សូមប្រុងប្រយ័ត្ន

មានឧបករណ៍​ និងមាតិកាអនឡាញដ៏អស្ចារ្យជាច្រើន ដែលអាចគាំទ្រ​គ្រប់ទិដ្ឋភាពនៃសុខភាព និងសុខុមាលភាព​ផ្លូវចិត្ត​។ ពីកម្មវិធី​សមាធិ ដើម្បីឱ្យសម្រាកចិត្តកាយ និងមានការផ្ដោតការយកចិត្តទុកដាក់ រហូតដល់កម្មវិធីនានា ដែលជួយអ្នកអភិវឌ្ឍអារម្មណ៍អំពី​អត្តសញ្ញាណ ព្រមទាំងអំពីខ្លួនឯង និងបន្តមានទំនាក់ទំនង និងគាំទ្រ​គ្នាទៅវិញទៅមក។ មានឧបករណ៍រៀនសូត្រតាមអនឡាញល្អៗជាច្រើន ដែលអ្នកអាច​សាកល្បង​អ្វីៗដែលថ្មី ដូចជា ការគូរគំនូរ ឬលំហាត់ប្រាណបែបយ៉ូហ្គា ដែលអាចជួយ​កសាងជំនាញផ្នែកការចេះដឹង និង​ជំនាញ​ច្នៃប្រឌិត ព្រមទាំងថ្នាក់លំហាត់ប្រាណតាមអនឡាញ ដើម្បីជួយអ្នកឱ្យមានសុខភាពល្អ និងសម្រាកលំហែ​។

សូមសាកល្បង និងស្វែងរក​មាតិកាវិជ្ជមាន និងបែបជំរុញទឹកចិត្ត និងអ្នកបង្កើតមាតិកានានា ដើម្បីធ្វើការតាមដាន ដូចជា អ្នកកីឡា អ្នកចម្រៀង ចុងភៅតាមផ្ទះ អ្នកនិពន្ធ ឬយុវជនផ្សេងទៀត ដែលនិយាយ​អំពីបញ្ហានានា ដែលពួកគេយកចិត្តទុកដាក់ ។ សូមចងចាំថា អ្នកក៏អាចប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណិត និង​បណ្ដាញទំនាក់ទំនង​សង្គម ដើម្បីស្វែងរកជំនួយវិជ្ជាជីវៈ និងព័ត៌មាន​ផ្លូវចិត្តផងដែរ ប្រសិនបើ​អ្នកត្រូវការ​។

៣. ការពារខ្លួនអ្នក និងអ្នកដទៃទៀតនៅតាមអនឡាញ

ពិនិត្យមើលការកំណត់ឯកជនភាព​ (Privacy) នៅលើ​ប្រូហ្វាល់ (Profile) ​ទាំងអស់នៃបណ្ដាញទំនាក់ទំនងសង្គម​របស់អ្នក។ សូមបិទគម្របកាមេរ៉ាវេបខេម នៅពេលមិនប្រើប្រាស់។ សូមប្រុងប្រយ័ត្ន​ នៅពេលចុះឈ្មោះប្រើប្រាស់​កម្មវិធី និងសេវានានាតាមអនឡាញ ជាពិសេស ការផ្ដល់ឈ្មោះពេញ អាសយដ្ឋាន ឬរូបថតរបស់អ្នក។ ប្រសិនបើអ្នក​ព្រួយបារម្ភអំពីអ្វីមួយ ដែលអ្នកបានឃើញ ឬបានជួប​នៅតាមអនឡាញ អ្នកគប្បី​និយាយជាមួយមនុស្សធំ ដែលអ្នកទុកចិត្ត ដូចជា ឪពុក ម្ដាយ ឬ​គ្រូបង្រៀន រាយការណ៍អំពីហេតុការណ៍នៅលើកម្មវិធីដែលសង្ស័យ (សូមចងចាំក្នុងការថតរូបលើស្រ្គីន (screenshot) ដើម្បីទុកជាឯកសារ) និងស្វែងរក​បណ្ដាញទូរស័ព្ទជំនួយសុវត្ថិភាព និង​សេវាសុខភាពផ្លូវចិត្ត​នៅក្នុងប្រទេសរបស់អ្នក ដើម្បីទទួលបាន​ការគាំទ្របន្ថែម។

អ្នកអាចជួយ​អ្នកដទៃទៀតផងដែរ តាមរយៈការយកចិត្តទុកដាក់ចំពោះបទពិសោធន៍​តាមប្រព័ន្ធ​​របស់ពួកគេ ដោយកត់សម្គាល់អំពីសញ្ញានានាដែល មិត្តរួមថ្នាក់ មិត្តភក្ដិ ឬសូម្បីជនចម្លែកមុខក្ដី មិនសុខសប្បាយ ឬកំពុងបង្ហាញសញ្ញា​អំពីភាពតានតឹងក្នុងចិត្ត និងជួយពួកគេឱ្យទទួលបាន​ការគាំទ្រ ដែលពួកគេត្រូវការ។

ពាក្យពេជន៍នានា​មានសារសំខាន់ និងចាំបាច់ត្រូវគិត​ដោយប្រុងប្រយ័ត្ន​អំពីអ្វីដែលយើងចែករំលែក។

៤. ជ្រើសរើសយកចិត្តមេត្តា

សូមប្រើប្រាស់​បណ្ដាញទំនាក់ទំនងសង្គមសម្រាប់រឿងល្អៗ តាមរយៈការចែករំលែក​មាតិកា និងសារវិជ្ជមាន និងប្រកបដោយការគាំទ្រ ​ជាមួយមិត្តភក្ដិ គ្រួសារ និងមិត្តរួមថ្នាក់របស់អ្នក។ ឧទាហរណ៍ អ្នកទាក់ទងទៅកាន់នរណាម្នាក់ ដើម្បីឱ្យពួកគេ​ដឹងថា អ្នកកំពុងគិតអំពីពួកគេ ឬផ្ដល់មតិយោបល់​វិជ្ជមាន​នៅលើ​ការបង្ហោះ​ ដែលពួកគេចែករំលែក។ ប្រសិនបើអ្នកកំពុងឆ្លើយតបនឹង​សារ ឬបង្ហាញអ្វីមួយបែបអវិជ្ជមាន សូមឈប់បន្តិច និងពិចារណា​ថា តើអ្នក​អាចរៀបចំការឆ្លើយតប ឬការបង្ហាញនោះទៅតាមវិធីមួយផ្សេងទៀត ឬមានកិច្ចសន្ទនាដោយផ្ទាល់​ជំនួសវិញបានដែរឬទេ។ ប្រសិនបើ​​អ្នកឃើញ ឬទទួលបានសារ ឬមាតិកា ដែលអ្នកគិតថា​ជាការគំរាមកំហែង ឬការរំលោភបំពាន អ្នកគប្បី​បិទ ឬរាយការណ៍​អំពីសារ ឬមាតិកានោះ។ ពាក្យពេជន៍នានា​មានសារសំខាន់ និងចាំបាច់​ត្រូវគិតដោយប្រុងប្រយ័ត្ន​អំពីអ្វីដែលយើងចែករំលែក។ យើងទាំងអស់​គ្នាសុទ្ធតែមានអំណាចក្នុងការមានចិត្តមេត្តា និងធ្វើឱ្យអ្នកផ្សេងទៀតមានភាពរីករាយ ហេតុនេះ​សូមផ្សព្វផ្សាយសេចក្ដីស្រឡាញ់ មិនមែនភាពស្អប់គ្នាឡើយ។

៥. ស្ថិតនៅក្នុងភាពបច្ចុប្បន្ន និងភ្ជាប់ទំនាក់ទំនងក្នុងជីវិតពិត

ទំនាក់ទំនងរវាង​ពិភពអនឡាញ និងពិភពអហ្វឡាញ​អាចមានអារម្មណ៍ស្រពិចស្រពិលកាន់តែខ្លាំង ដែលធ្វើឱ្យវាពិបាកក្នុងការ​រស់​នៅក្នុងភាពបច្ចុប្បន្ន និងផ្គាប់ចិត្តចំពោះ​សេចក្ដីត្រូវការ​ជាធម្មជាតិ​ឱ្យមាន​ទំនាក់ទំនង​រវាងមនុស្ស។ តើអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពដែលខ្លួនឯងកំពុងបញ្ឈប់អ្វីមួយដែលអ្នកកំពុងធ្វើ ដើម្បី​ឱ្យអ្នកអាចបង្ហោះវា​នៅលើបណ្ដាញទំនាក់ទំនងសង្គម ឬពិនិត្យមើល​សាច់រឿងរបស់មិត្តភក្ដិអ្នក​ជាជាង​ការហៅទូរស័ព្ទ ឬការជួបពួកគេ ដើម្បីសួរសុខទុក្ខពួកគេដែរឬទេ?​ អ្នកអាចសាកល្បង បិទ និងផ្អាកការប្រើប្រាស់​បណ្ដាញទំនាក់ទំនងសង្គមជាប្រចាំ និងចំណាយពេល​ជាមួយមិត្តភក្ដិ និងគ្រួសារ​នៅក្នុងជីវិតជាក់ស្ដែង នៅកន្លែងដែលមានសុវត្ថិភាព។

សូមសាកល្បង និងកំណត់គោលបំណងប្រាកដប្រជា និងផ្ទាល់ខ្លួន​សម្រាប់ខ្លួនអ្នកផ្ទាល់ ឧទាហរណ៍ ការមិនលើកទូរស័ព្ទ ឬការមិនប្រើប្រាស់ប្រព័ន្ធអនឡាញនៅពេលភ្ញាក់ពីដំណេក (វាខ្ជះខ្ជាយថាមពល ហើយវាធ្វើឱ្យអ្នកស្រូបយក​ព័ត៌មាន​ដោយគ្មានការត្រួតពិនិត្យ) ឬនៅមុនពេលចូលដេក។ សកម្មភាពនានា​ ដូចជា សមាធិ ការទៅដើរលេង ឬការហៅទូរស័ព្ទទៅកាន់មិត្តភក្ដិ​ នឹងជួយ​ផ្ដល់​ភាពរំញោច​ស្រដៀងគ្នា ប៉ុន្តែបន្សល់​ទុកនូវអារម្មណ៍​ផ្ដោតការយកចិត្តទុកដាក់ និងការសម្រាកចិត្តកាយកាន់តែច្រើន​ដល់អ្នក។