សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

អនាម័យប្រកបដោយសុវត្ថិភាព ការពារសុខភាព និងកសាងអនាគត

ការខ្វះទឹកស្អាត និងអនាម័យ (WASH) អាចធ្វើឲ្យគ្រួសារក្រីក្របន្តជាប់ក្នុងវដ្ដនៃភាពក្រីក្រ។ នៅក្នុងសហគមន៍ដាច់ស្រយាល បង្គន់ដែលឧបត្ថម្ភគាំទ្រដោយយូនីសេហ្វកំពុងធ្វើឲ្យសុខភាពល្អប្រសើរឡើង កុមារបន្តការសិក្សា និងកាត់បន្ថយបញ្ហាហិរញ្ញវត្ថុ។

Cristyn Lloyd
Safe sanitation protects health and builds futures
UNICEF Cambodia/2024/Cristyn Lloyd
11 មេសា 2024

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ខេត្តរតនគីរី៖ -​ “មុនពេលយើងមានបង្គន់អនាម័យ ខ្ញុំងាយឈឺណាស់!” នេះជាសម្ដីរបស់កុមារី ឃួន ចាន់ធំ អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤មកពីខេត្តរតនគីរី។ នាងឧស្សាហ៍ឈប់មិនបានទៅរៀន ដោយសារជំងឺ។​

ទោះបីនាងដឹងថាអនាម័យមានសារសំខាន់ចំពោះសុខភាពនាងក៏ដោយ ប៉ុន្តែ​គ្រួសារនាងគ្មានបង្គន់ត្រឹមត្រូវនៅផ្ទះឡើយ ធ្វើឲ្យនាងពិបាកលាងសម្អាតរាងកាយ និងលាងដៃជាប្រចាំបាន។ កន្លងទៅនេះ គ្រួសារនាងបានបន្ទោរបង់ពាសវាលពាសកាលនៅក្នុងរណ្តៅនៅជិតផ្ទះ ដែលស្ថានភាពនេះបង្កការរីករាលដាលជំងឺ បង្កដោយលាមកបំពុលបរិស្ថាននៅជុំវិញ។​

នាងនិយាយថា៖ “ខ្ញុំមិនសប្បាយចិត្តទេ នៅពេលមិនបានទៅរៀន និងលេងជាមួយមិត្តភក្ដិខ្ញុំ”។ ហើយពេលនាងមកសាលារៀន នាងរៀនសូត្រមិនបានច្រើនទេ។ “ខ្ញុំរៀនមិនទាន់មេរៀនទេ។”​

ឥឡូវនេះ វាមានរយៈពេលប្រហែល៥ខែហើយ គិតចាប់តាំងពីនាងអាចប្រើប្រាស់បង្គន់អនាម័យនៅផ្ទះ ដែលឧបត្ថម្ភដោយយូនីសេហ្វ ហើយវាបានធ្វើឲ្យមានភាពខុសគ្នាយ៉ាងច្រើន។

នាងនិយាយថា៖ “បន្ទាប់ពីខ្ញុំបានចាប់ផ្ដើមប្រើប្រាស់បង្គន់អនាម័យមក ខ្ញុំមានអារម្មណ៍ថាមិនសូវឈឺ ហើយខ្ញុំចាប់ផ្ដើមមកសាលារៀនកាន់តែទៀងទាត់។ ហើយនៅពេលនេះ ខ្ញុំយល់មេរៀនរបស់ខ្ញុំ​បានច្រើន។”​

នៅតាមបណ្ដាខេត្តភាគ​ឦសាននៃប្រទេសកម្ពុជា ដែលប្រជាជនចំនួនប្រហែលពាក់កណ្ដាល​នៅតែបន្ទោរបង់ពាសវាលពាសកាល អនាម័យមិនគ្រប់គ្រាន់មានផលប៉ះពាល់​ទៅលើគ្រប់ទិដ្ឋភាព​នៃជីវិត និងរារាំងកុមារមិនអាចសម្រេចបានសក្ដានុពលពេញលេញរបស់ពួកគេ។​

ជំងឺនានាដែលរីករាលដាលតាមរយៈការខ្វះអនាម័យ អាចបង្កឲ្យមានភាពក្រិសក្រិន ដែលប៉ះពាល់ខ្លាំង និងក្នុងរយៈពេលវែងដល់ការអភិវឌ្ឍកុមារតូច។ ​នៅប្រទេសកម្ពុជា កុមារអាយុក្រោមប្រាំឆ្នាំចំនួន ២២ភាគរយ មានបញ្ហាក្រិសក្រិន។ ជំងឺរាគរូសក៏ជាបុព្វហេតុនាំមុខគេនៃមរណភាពកុមារផងដែរ។ ការមានជំងឺជាប្រចាំក៏មានន័យថា កុមារបាត់បង់ពេលវេលាដ៏សំខាន់នៅថ្នាក់រៀន ដែលធ្វើឲ្យពួកគេប្រឈមមុខនឹងការរៀនមិនទាន់មិត្តរួមថ្នាក់។ ការចំណាយពាក់ព័ន្ធនឹងសុខភាព គិតចាប់ពីការចំណាយនៅមន្ទីរពេទ្យ មធ្យោបាយធ្វើដំណើរ និងម្ហូបអាហារជាដើម គឺជាបន្ទុកគ្រួសារបន្ថែមទៀត ជាពិសេសពេលអ្នករកទទួលទានចិញ្ចឹមគ្រួសារមិនអាចចេញទៅរកប្រាក់ចំណូលបាន ដោយ​សារ​ពួកគេត្រូវថែទាំសមាជិកគ្រួសារដែលមានជំងឺ។

តាមរយៈមូលនិធិរួមថ្នាក់តំបន់នៃការិយាល័យយូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAPRO) យូនីសេហ្វកម្ពុជាបាននឹងកំពុងធ្វើការងារជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត (PDRD) នៅក្នុងតំបន់មិនសូវទទួលបាន​ការគាំទ្រ និងប្រឈមនឹងគ្រោះទឹកជំនន់ ដើម្បីជួយគ្រួសារក្រីក្រមានបណ្ណក្រីក្រ ជាពិសេសគ្រួសារមានកុមារខ្វះអាហារូបត្ថម្ភ ​ឲ្យទទួលបាន​អនាម័យ​មានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព និងធន់ចំពោះ​ការប្រែប្រួលអាកាសធាតុ។

គ្រួសាររបស់ប្អូនស្រីចាន់ធំកំពុងប្រើប្រាស់បង្គន់អនាម័យរណ្ដៅភ្លោះ ដែលមានសុវត្ថិភាពជាងការប្រើប្រាស់បង្គន់អនាម័យទូទៅ ដែលមាននៅតាមតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។​ បង្គន់ប្រភេទនេះបម្លែងកាកសំណល់ទៅជាជីដែលអាចប្រើប្រាស់បាន ដោយមិនត្រូវការប្រព្រឹត្តកម្ម ដែលកាត់បន្ថយហានិភ័យនៃការបំពុលបរិស្ថាន។ នៅក្នុងរយៈពេលវែង បង្គន់ប្រភេទនេះ​ក៏មានតម្លៃថោកជាងផងដែរ ដោយសារគ្រួសារ​មិនចាំបាច់បង់ថ្លៃសេវាប្រព្រឹត្តកម្ម​ដែលមានតម្លៃថ្លៃ។

គ្រួសារប្រើប្រាស់បង្គន់រួមគ្នាជាមួយ​សាច់ញាតិដែលនៅផ្ទះជិតគ្នា ជាគ្រួសារជនជាតិដើមទំពួន ដែលរកប្រាក់ចំណូលដោយបេះផ្លែស្វាយចន្ទី។​ អ្នកស្រី រូមុំ ងួម អាយុ៣០ឆ្នាំ បាននិយាយថា មេភូមិបានប្រាប់គាត់ថា ការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវមានសារសំខាន់ណាស់ចំពោះសុខភាព​ ប៉ុន្តែគាត់មានការព្រួយបារម្ភអំពីលទ្ធភាពចំណាយលើការសាងសង់វា។​

កុមារី ឃួន ចាន់ធំ អាយុ១៣ឆ្នាំ បានមើលឃើញថាសុខភាពនាងមានភាពល្អប្រសើរឡើង នៅពេលដែលគ្រួសាររបស់នាងបានប្រើប្រាស់បង្គន់អនាម័យនៅផ្ទះ ដែលជួយឲ្យនាងទៅរៀនបានកាន់តែទៀងទាត់ និងអាចផ្ដោតការយកចិត្តទុកដាក់លើការសិក្សា។
UNICEF Cambodia/2024/Cristyn Lloyd កុមារី ឃួន ចាន់ធំ អាយុ១៣ឆ្នាំ បានមើលឃើញថាសុខភាពនាងមានភាពល្អប្រសើរឡើង នៅពេលដែលគ្រួសាររបស់នាងបានប្រើប្រាស់បង្គន់អនាម័យនៅផ្ទះ ដែលជួយឲ្យនាងទៅរៀនបានកាន់តែទៀងទាត់ និងអាចផ្ដោតការយកចិត្តទុកដាក់លើការសិក្សា។
អ្នកស្រី រូមុំ ងួម អាយុ ៣០ឆ្នាំ បានចំណាយពេលប្រមាណបីខែ ដើម្បីសន្សំលុយសម្រាប់សាងសង់បង្គន់អនាម័យរណ្ដៅភ្លោះនៅផ្ទះ ហើយការចំណាយផ្សេងទៀតគឺទទួលបានការឧបត្ថម្ភគាំទ្រពីយូនីសេហ្វ ដោយការសាងសង់បង្គន់នេះជួយឲ្យកូនប្រុសរបស់គាត់ឈ្មោះ យឿន ជីវ៉ា មានសុខភាពកាន់តែល្អប្រសើរ។
UNICEF Cambodia/2024/Cristyn Lloyd អ្នកស្រី រូមុំ ងួម អាយុ ៣០ឆ្នាំ បានចំណាយពេលប្រមាណបីខែ ដើម្បីសន្សំលុយសម្រាប់សាងសង់បង្គន់អនាម័យរណ្ដៅភ្លោះនៅផ្ទះ ហើយការចំណាយផ្សេងទៀតគឺទទួលបានការឧបត្ថម្ភគាំទ្រពីយូនីសេហ្វ ដោយការសាងសង់បង្គន់នេះជួយឲ្យកូនប្រុសរបស់គាត់ឈ្មោះ យឿន ជីវ៉ា មានសុខភាពកាន់តែល្អប្រសើរ។

អ្នកស្រី ងួម បាននិយាយថា៖ “មេភូមិបានលើកទឹកចិត្តខ្ញុំឲ្យសង់បង្គន់អនាម័យ ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ខ្ញុំគ្មានលុយទេ។​ បន្ទាប់មក គាត់និយាយថា មានការជួយឧបត្ថម្ភសម្រាប់ខ្ញុំ ហេតុនេះ ខ្ញុំបានសម្រេចចិត្តយល់ព្រម។”

សុខភាពកូនប្រុសគាត់ គឺជាកត្តាសំខាន់សម្រាប់ធ្វើការសម្រេចចិត្តនេះ។​ ដូចគ្នានឹងអ្នកជិតខាងរបស់ប្អូនដែរ កុមារា យឿន ជីវ៉ា អាយុប្រាំមួយឆ្នាំ ឧស្សាហ៍ឈឺ ដែលធ្វើឲ្យម្តាយគាត់ពិបាកចិត្តជាខ្លាំង​ ទាំងការបារម្ភចំពោះសុខមាលភាព ព្រមទាំងភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីធ្វើដំណើរទៅកាន់គ្លីនិកឯកជនមួយកន្លែង គាត់បានដឹងថា ជីវ៉ាខ្វះអាហារូបត្ថម្ភ។

គាត់និយាយថា៖​ “គិលានុបដ្ឋាយិកា​បានប្រាប់ថា កុមារានេះមិនធំលូតលាស់ទេ។ គាត់ស្គមខ្លាំងណាស់។”

“ខ្ញុំព្រួយបារម្ភខ្លាំងណាស់នៅពេលនោះ។ នៅពេលណាក៏ដោយ ដែលគាត់បង្ហាញអារម្មណ៍មិនស្រួល​ខ្លួនបន្តិចបន្តួច ខ្ញុំបាននាំគាត់ទៅគ្លីនិក។ ប្រសិនបើ​ខ្ញុំ​គ្មានលុយ ខ្ញុំនឹងខ្ចី​លុយពីសាច់ញាតិ ដោយសារ​ខ្ញុំ​ភ័យខ្លាចថា គាត់​ឈឺធ្ងន់ធ្ងរ។ បន្ទាប់មក ខ្ញុំ​ត្រូវប្រឹងរកលុយ​ ដើម្បីសង​លុយ ដែលខ្ញុំបានខ្ចីគេ។”

ដោយចង់ឲ្យកូនប្រុសជាសះស្បើយ គាត់ក៏បាន​ទៅរកគ្រូថ្នាំបូរាណក្នុងមូលដ្ឋានឲ្យជួយ ដែលជាទម្លាប់ទូទៅមួយ​នៅក្នុង​សហគមន៍​ជនជាតិដើមភាគតិច​នៅក្នុងតំបន់នេះ។ នៅទីបញ្ចប់ គាត់ត្រូវចំណាយលើ​ជ្រូក និងមាន់​ ដើម្បីជាដង្វាយ​បន់ស្រន់ទៅដល់​វិញ្ញាណ បន្ទាប់​ពីគេបានសន្យាចំពោះ​គាត់ថា ការធ្វើបែបនេះ​នឹងព្យាបាល​ជំងឺ​កូនប្រុសគាត់ឲ្យឆាប់ជា។

នៅទីបំផុត ក្នុងរយៈពេលបីខែ ពួកគេ​បានសន្សំលុយ ដើម្បីសង់បង្គន់អនាម័យបាន រួមទាំង​ការជួលកម្មករ​ដើម្បីសង់ ហើយយូនីសេហ្វរ៉ាប់រងលើការចំណាយផ្សេងទៀត។ នៅពេលនេះ សុខភាព​របស់ជីវ៉ាកំពុងល្អប្រសើរឡើង ដែលគាត់បាននិយាយថា ភាពល្អប្រសើរនេះ គឺដោយសារ​បរិស្ថានកាន់តែស្អាត​នៅជុំវិញផ្ទះរបស់គាត់។

កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹង​ពីសំណាក់អ្នកដឹកនាំសហគមន៍​មូលដ្ឋាន​ ដូចជា មេភូមិ បានដើរតួនាទីយ៉ាងសំខាន់​ ក្នុង​ការធ្វើឲ្យមានអនាម័យ​នៅតាមតំបន់ជនបទកាន់តែល្អប្រសើរ ហើយកិច្ចខិតខំប្រឹងប្រែងនេះ​គ្របដណ្ដប់ទៅដល់​គ្រួសារងាយរងគ្រោះ តាមរយៈ​វគ្គផ្សព្វផ្សាយជាក្រុម និងការចុះទៅដល់លំនៅដ្ឋាន ដើម្បីបង្ហាញសារអំពី​ការលាងដៃ អាហារូបត្ថម្ភ និងការសម្អាតបរិស្ថានតាមផ្ទះ។

ដោយចង់ឲ្យភូមិស្អាត និងមានសុវត្ថិភាពសម្រាប់អ្នកគ្រប់គ្នា លោក រូចាំ លា មេភូមិ​ត្រំ មិនខ្លាចនឹងជំរុញឲ្យប្រជាពលរដ្ឋ​ឲ្យទទួលយកសារនេះទៅអនុវត្តនៅផ្ទះឡើយ។

លោកមេភូមនិយាយថា៖ “នៅពេលខ្ញុំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង អ្នកភូមិមួយចំនួនយល់​អំពីសារនេះ និងបានព្យាយាម​ផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេ ឬសង់បង្គន់អនាម័យ។ ប៉ុន្តែចំពោះអ្នកភូមិផ្សេងទៀត​ យើងត្រូវការនិយាយ​ជាមួយ​ពួកគេម្ដងហើយម្ដងទៀត ហើយពេលខ្លះ ពួកគេមានអារម្មណ៍​ធុញទ្រាន់ និងពេលខ្លះទៀត ពួកគេខឹងសម្បារបន្តិចបន្តួច។ ហើយបន្ទាប់មកទៀត ពួកគេបានសង់បង្គន់អនាម័យ។”

មេភូមិត្រំ លោក រូចាំ លា បានខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីឲ្យមានការចូលរួមរបស់គ្រូសារទាំងឡាយនៅក្នុងភូមិរបស់គាត់ ដែលនៅតែបន្ទោរបង់ពាសវាលពាសកាល ឲ្យសាងសង់បង្គន់អនាម័យរណ្ដៅភ្លោះ ក្រោមការឧបត្ថម្ភពីយូនីសេហ្វ
UNICEF Cambodia/2024/Cristyn Lloyd មេភូមិត្រំ លោក រូចាំ លា បានខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីឲ្យមានការចូលរួមរបស់គ្រូសារទាំងឡាយនៅក្នុងភូមិរបស់គាត់ ដែលនៅតែបន្ទោរបង់ពាសវាលពាសកាល ឲ្យសាងសង់បង្គន់អនាម័យរណ្ដៅភ្លោះ ក្រោមការឧបត្ថម្ភពីយូនីសេហ្វ
លោក អ៊ូ ដារ៉ារិទ្ធ អភិបាលរងស្រុកបរកែវ ទទួលបន្ទុកកម្មវិធីទឹកស្អាត និងអនាម័យ គាំទ្រដល់ឃុំជាមួយនឹងការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងអនាម័យ។
UNICEF Cambodia/2024/Cristyn Lloyd លោក អ៊ូ ដារ៉ារិទ្ធ អភិបាលរងស្រុកបរកែវ ទទួលបន្ទុកកម្មវិធីទឹកស្អាត និងអនាម័យ គាំទ្រដល់ឃុំជាមួយនឹងការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងអនាម័យ។

ការខិតខំស្វែងរកមតិគាំទ្ររបស់មេភូមិ លា និងការឧបត្ថម្ភពីយូនីសេហ្វ​ បានជួយ​ភូមិត្រំឲ្យក្លាយជាភូមិដែលលែងមាន​ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដោយនៅទីបំផុត គ្រួសារមានបណ្ណក្រីក្រទាំង ២២គ្រួសារ​បាន​យល់ព្រមសង់បង្គន់អនាម័យរណ្ដៅភ្លោះ។

គាត់និយាយថា៖ “ខ្ញុំសប្បាយរីករាយ និងមានមោទនភាព ដោយសារ​ប្រជាពលរដ្ឋ​អាចអនុវត្តធ្វើ​អនាម័យ​កាន់តែល្អ។ នៅពេលសហគមន៍​មានសុវត្ថិភាព វាមានន័យ ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍កាន់តែតិច​នឹងមានជំងឺ ជាលទ្ធផល ពួកគេ​អាចសន្សំពេលវេលា​ និងលុយកាក់ដើម្បីទិញសម្លៀកបំពាក់ និងស្បៀង​អាហារបាន​។”

យូនីសេហ្វក៏គាំទ្រដល់​ការលើកកម្ពស់ការយល់ដឹង​តាមរយៈការចាក់មេក្រូតាមរ៉ឺម៉កម៉ូតូ និងការផ្សព្វផ្សាយតាមវិទ្យុ ជាភាសាជនជាតិដើម​ផងដែរ។

ភាពខុសគ្នាខាងវប្បធម៌​នៅក្នុងចំណោម​សហគមន៍​ជនជាតិដើមភាគតិច​ កំពុងបង្កបញ្ហា​ប្រឈម​បន្ថែមទៀត ហេតុនេះការលើកទឹកចិត្តជាហិរញ្ញវត្ថុ រួមទាំង​លទ្ធភាពសន្សំលុយ​ពី​ពិធីព្យាបាលតាមប្រពៃណីដែលមានតម្លៃខ្ពស់ បានបង្ហាញនូវប្រសិទ្ធភាពខ្ពស់បំផុតលើ​ការផ្លាស់ប្ដូរ​អាកប្បកិរិយា នេះជាសម្ដីរបស់លោក អ៊ូ ដារ៉ារិទ្ធ ជាអភិបាលរងស្រុកទទួលបន្ទុកកម្មវិធីទឹកស្អាត និងអនាម័យ នៅស្រុកបរកែវ។

គាត់និយាយថា៖ “ដូនតារបស់ពួកគេ​បានរស់នៅតាមបែបសាមញ្ញខ្លាំងណាស់។ សហគមន៍​នៅទីនេះ​មិនខ្វល់ពីគ្មានបង្គន់អនាម័យឡើយ រហូតដល់ពេលយើងបានអនុវត្ត​ការលើកកម្ពស់ការយល់ដឹង​ជាច្រើន។ ខ្ញុំបានព្យាយាម​ទាក់ទងជាមួយសហគមន៍​ជាប្រចាំ ដើម្បីឲ្យប្រាកដថា ពួកគេបានចែករំលែកសារនេះ​ជារៀងរាល់ថ្ងៃ ហើយប្រជាពលរដ្ឋបានយល់។ នៅពេលនេះ​ ប្រជាពលរដ្ឋភាគច្រើន​យល់អំពីអត្ថប្រយោជន៍​ ហើយពួកគេទាំងអស់គ្នាសុទ្ធតែប្រើប្រាស់បង្គន់អនាម័យ។”

ប្អូនស្រី ចាន់ធំ បាន​យល់អំពីសារនេះ​យ៉ាងច្បាស់។ នៅពេលនេះ​ នាងបានវិលត្រលប់ទៅរៀនវិញហើយ ហើយនាងមិនខ្លាចក្នុងការសម្លឹងទៅកាន់ពេលអនាគតជាមួយនឹងក្ដីសង្ឃឹម។

នាងនិយាយថា៖ “ខ្ញុំចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដើម្បីឲ្យខ្ញុំអាចជួយដល់​យុវជននៅពេលអនាគតបាន​។”