អនាម័យនាំមកនូវសុខភាព និងក្ដីសង្ឃឹមសម្រាប់គ្រួសារក្រីក្របំផុត
ជាមួយនឹងការគាំទ្រពីយូនីសេហ្វ បុគ្គលឆ្នើមនៅសហគមន៍ខិតខំធ្វើការងារដើម្បីជួយគ្រួសារក្រីក្រក្នុងការផ្ដល់អនាម័យសង្គ្រោះជីវិតកុមាររងគ្រោះថ្នាក់ពីបញ្ហាខ្វះអាហារូបត្ថម្ភ
- English
- Khmer
ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខេត្តក្រចេះ៖ នៅពេលគាត់មានអាយុបួនខែ កុមារា បញ្ញា តែងតែឈឺជាញឹកញាប់។
នៅពេលនោះ គ្រូសារប្អូនគឺស្ថិតនៅក្នុងចំណោមប្រជាជនកម្ពុជានៅតាមទីជនបទចំនួន ១៦ភាគរយ ដែលនៅតែបន្ទោរបង់ពាសវាលពាសកាល នាំឲ្យបំពុលទឹកទទួលទាន និងនាំឲ្យឆ្លងជំងឺគ្រោះថ្នាក់ដល់ជីវិត ដូចជាជំងឺរាករូស1 ជាដើម។ ដោយគ្មានបង្គន់អនាម័យនៅផ្ទះ ពួកគេត្រូវដើរចម្ងាយមួយរយម៉ែត្រកាត់ដី និងភក់ទៅបន្ទោរបង់។
លោកមុំ សឿន អាយុ ៥០ឆ្នាំ ជាឪពុករបស់កុមារានេះបានរំលឹកថា៖ “ខ្ញុំលំបាកណាស់ពេលគាត់ឈឺ ខ្ញុំត្រូវនាំគាត់ទៅពេទ្យ។” ពេលវេលាទាំងនោះ គឺជាពេលដែលគាត់ត្រូវទៅនេសាទ និងធ្វើការងារនៅក្នុងការដ្ឋានសំណង់ ដើម្បីរកប្រាក់ចំណូលដែលគាត់ត្រូវការបំផុតសម្រាប់គ្រួសារ។
បុគ្គលិកថែទាំសុខភាពបានប្រាប់ពួកគេថា ប្អូនបញ្ញាមានបញ្ហាខ្វះអាហារូបត្ថម្ភ។ ដោយសារគ្រួសារនេះ គឺជាគ្រួសារមានបណ្ណក្រីក្រ ពួកគេមិនចាំបាច់ត្រូវបង់ថ្លៃចំណាយលើផ្នែកវេជ្ជសាស្រ្តឡើយ ប៉ុន្តែពេលវេលា និងថវិកាដែលពួកគេចំណាយលើការធ្វើដំណើរ និងអាហារនៅពេលស្នាក់នៅមន្ទីរពេទ្យ គឺជាបន្ទុកមួយ ដែលពួកគេត្រូវកាត់បន្ថយពីការចំណាយលើអ្វីៗផ្សេងទៀត។
លោក សឿន និយាយថា៖ “នៅពេលខ្លះ ខ្ញុំត្រូវខ្ចីលុយពីសាច់ញាតិ ឬអ្នកជិតខាង” ។ នៅពេលនោះ ពួកគេក៏រមែងតែងមានបញ្ហាខ្វះស្បៀងអាហារនៅផ្ទះផងដែរ។
ឥទ្បូវនេះ បញ្ញាមានអាយុមួយឆ្នាំកន្លះហើយ គាត់កំពុងញញឹម និងមានភាពរស់រវើក សុខភាពរបស់គាត់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ឪពុកគាត់និយាយថា ការផ្លាស់ប្តូរនេះគឺដោយសារមានបង្គន់អនាម័យ ដែលពួកគេបានសាងសង់នៅជិតផ្ទះកាលពីបួនខែមុន។ ដោយលែងទទួលមេរោគពីការលាមក បញ្ញាទទួលបរិយាកាសស្អាត និងមានសុវត្ថិភាព ដើម្បីបង្ការជំងឺរាករូស ដើម្បីបង្កើនទម្ងន់របស់គាត់ និងធំលូតលាស់ប្រកបដោយភាពរឹងមាំ និងផ្ដល់ដល់គ្រួសារនូវឱកាសថ្មីមួយ ដែលពួកគេកាន់តែមានថាមពល និងសកម្មជាងមុន។
នៅបណ្ដាខេត្តភាគឦសាន ដូចជាខេត្តក្រចេះ ចំនួនគ្រួសារដែលមិនបានទទួលសេវាអនាម័យជាមូលដ្ឋាន មានចំនួនច្រើនស្ទើរតែពាក់កណ្ដាល។ ទោះបីជាយ៉ាងណាក្ដី ចំនួននេះបានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយសារកិច្ចខិតខំប្រឹងប្រែងពីអ្នកដឹកនាំសហគមន៍ ដែលខិតខំធ្វើការងារ ដើម្បីផ្សព្វផ្សាយសារអប់រំសំខាន់ៗអំពីការលាងដៃ អាហារូបត្ថម្ភ និងហានិភ័យផ្នែកសុខភាពនៃការខ្វះអនាម័យ ទៅដល់គ្រួសារនានា។
លោក អ៊ី ចាន់ណាក់ មេភូមិគោលាប់ គឺជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមបុគ្គលឆ្នើមផ្នែកអនាម័យដទៃទៀត។ ការងារមួយភាគធំរបស់គាត់ក្នុងពេលរយៈពេលប៉ុន្មានឆ្នាំថ្មីៗគឺការស្វែងរកមតិគាំទ្រពីគ្រួសារក្នុងការកសាងបង្គន់អនាម័យនៅផ្ទះរបស់ពួកគេ។ តួនាទីរបស់គាត់ គឺត្រូវផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃបង្គន់រណ្ដៅភ្លោះ ជាប្រភេទបង្គន់អនាម័យដែលបំបែកសំណល់ទៅជាដីអាចប្រើប្រាស់ ដោយមិនចាំបាច់ឆ្លងកាត់ប្រព្រឹត្តកម្ម ដែលកាត់បន្ថយហានិភ័យនៃការបំពុលបរិស្ថាន និងផ្ដល់សុវត្ថិភាពជាងបង្គន់អនាម័យកម្រិតមូលដ្ឋាន ដែលគេបានឃើញជាទូទៅនៅតាមទីជនបទនៃប្រទេសកម្ពុជា។ បង្គន់អនាម័យរណ្ដៅភ្លោះក៏ផ្ដល់ផលប្រយោជន៍បន្ថែមផ្នែកហិរញ្ញវត្ថុចំពោះគ្រួសារក្រីក្រផងដែរ ដោយសារពួកគេមិនចាំបាច់ចំណាយលើសេវាប្រព្រឹត្តកម្ម នៅពេលដែលរណ្ដៅពេញ។
តាមរយៈជំនួយរបស់ប្រទេសអៀរឡង់ យូនីសេហ្វបាននឹងកំពុងធ្វើការងារជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងរតនគីរី ដើម្បីគាំទ្រដល់ការសាងសង់បរិក្ខារអនាម័យដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព និងសម្របទៅតាមអាកាសធាតុ រួមមានបង្គន់អនាម័យរណ្ដៅភ្លោះ និងបង្គន់អនាម័យផុតពីដីនៅក្នុងតំបន់ដែលទទួលបានការគាំទ្រតិចតួច និងតំបន់ប្រឈមនឹងហានិភ័យគ្រោះទឹកជំនន់។ ប្រជាពលរដ្ឋជាង ១.២០០នាក់បានទទួលបានបដិភាគផ្នែកអនាម័យប្រកបដោយភាពវៃឆ្លាត ដែលគាំទ្រដល់ជនក្រីក្រ។
ហើយនៅកម្ពុជា អត្ថប្រយោជន៍នៃបរិក្ខារទាំងនោះ អាចជួយសង្គ្រោះអាយុជីវិតបាន។ ទឹកស្អាត និងអនាម័យមិនគ្រប់គ្រាន់ ដែលនាំឲ្យបរិស្ថានមិនស្អាត គឺជាឬសគល់នៃបញ្ហាខ្វះអាហារូបត្ថម្ភ និងជំងឺដែលអាចបង្ការបាន ដូចជា ជំងឺរាករូស ដែលនៅតែជាមូលហេតុនាំមុខនៃមរណភាពកុមារអាយុក្រោមប្រាំឆ្នាំ។ កុមារអាយុក្រោមប្រាំឆ្នាំនៅកម្ពុជាចំនួនដប់ភាគរយទទួលរងបញ្ហាខ្វះ អាហារូបត្ថម្ភស្រួចស្រាវ ឬស្គមស្គាំង។
ប៉ុន្តែការផ្លាស់ប្ដូរអាកប្បកិរិយាអាចត្រូវការពេលវេលា និងកិច្ចខិតខំប្រឹងប្រែងច្រើន។
លោកមេភូមិ ចាន់ណាក់ បាននិយាយថា៖ “វាមិនមែនបន្ទាប់ពីយើងធ្វើការលើកកម្ពស់ការយល់ដឹង ហើយ ពួកគេសាងសង់បង្គន់អនាម័យភ្លាមនោះទេ។ ពេលខ្លះ ខ្ញុំត្រូវការទូរសព្ទទៅពួកគេពីរ ឬបីដង។ ហើយនៅពេលខ្លះ ពួកគេនៅតែមិនសាងសង់វា។”
សាររបស់គាត់បំពេញបន្ថែមលើសេចក្ដីប្រកាស ដែលផ្សព្វផ្សាយតាមវិទ្យុខេត្ត ព្រមទាំងតាមមេក្រូដឹកតាមរ៉ឺម៉កម៉ូតូឆ្លងកាត់ភូមិរបស់គាត់ ដែលសុទ្ធតែទទួលបានការគាំទ្រពីយូនីសេហ្វតាមរយៈជំនួយរបស់ប្រទេសអៀរឡង់ ដើម្បីធានាថា គ្មានអ្នកណាម្នាក់ខកខានមិនបានទទួលសារទាំងនេះឡើយ។ ប្រជាពលរដ្ឋស្ទើរតែ ១៣០.០០០នាក់នៅខេត្តក្រចេះ និងរតនគីរី បានទទួលសារអប់រំអំពីទឹកស្អាត និងអនាម័យដោយគិតគូរអំពីអាហារូបត្ថម្ភ។
គាត់បាននិយាយថា៖ “វាជាការល្អ ដោយសារតែនៅពេលនោះ ប្រជាពលរដ្ឋមិនត្រឹមតែស្ដាប់លឺព័ត៌មានពីខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ស្ដាប់លឺព័ត៌មានទាំងនេះពីប្រភពផ្សេងទៀតផងដែរ។ ដោយសារនៅពេលខ្លះ ប្រជាពលរដ្ឋមិនជឿខ្ញុំឡើយ”។
ការគាំទ្ររបស់យូនីសេហ្វផ្ដោតជាក់លាក់លើគ្រួសារមានបណ្ណក្រីក្រ ជាពិសេស គ្រួសារមានកូនដែលរងផលប៉ះពាល់ពីបញ្ហាខ្វះអាហារូបត្ថម្ភ ដែលលោក មេភូមិ ចាន់ណាក់ បាននិយាយថា ជាគ្រួសារចុងក្រោយ និងពិបាកបំផុតក្នុងការផ្សព្វផ្សាយទៅដល់ តាមរយៈកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងរបស់គាត់។
គាត់បានចុះទៅជួបគ្រួសាររបស់សឿនចំនួនពីរដង មុនពេលដែលពួកគេបានយល់ព្រមសាងសង់បង្គន់អនាម័យ បន្ទាប់មកមានការចុះជួបបន្ថែមទៀត ដើម្បីឲ្យប្រាកដថា ពួកគេបានអនុវត្តទៅតាមផែនការ។ ក្នុងនាមជាអ្នកមានបណ្ណក្រីក្រ ពួកគេទទួលការគាំទ្រភាគច្រើនសម្រាប់ការសាងសង់នេះពីយូនីសេហ្វ និងឃុំ។ លោកមេភូមិ ចាន់ណាក់ ក៏បានបរិច្ចាគសម្ភារមួយចំនួនរបស់គាត់សម្រាប់សាងសង់ជញ្ជាំង និងដំបូលផងដែរ និងបានប្រមូលសម្ភារផ្សេងទៀតពីប្រជាពលរដ្ឋដទៃទៀតនៅក្នុងភូមិ។
ពួកគេបានរួមវិភាគទានថវិកាចំនួន ១០០.០០០រៀល (២៥ដុល្លារអាមេរិក) ពីថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ពោលគឺស្មើនឹងថរិកាសន្សំរបស់ពួកគេចំនួនកន្លះខែ ហើយពួកគេត្រូវទទួលទានត្រីដែលពួកគេចាប់បាន ជាជាងការទិញអាហារពីផ្សារ ប៉ុន្តែការធ្វើបែបនេះពិតជាមានតម្លៃ។
លោក សឿន បាននិយាយថា៖ “ខ្ញុំសប្បាយចិត្ត ដោយសារខ្ញុំមិនត្រូវការចំណាយថវិកាលើការធ្វើដំណើរទៅកាន់មន្ទីរពេទ្យទៀតឡើយ។ ខ្ញុំមានថវិកាកាន់តែច្រើន សម្រាប់ទិញអាហារសម្រាប់គ្រួសារ។”
កិច្ចខិតខំធ្វើការងាររបស់លោកមេភូមិ ចាន់ណាក់ ក៏ទទួលបានជោគជ័យផងដែរ ពោលគឺដោយសារតែការប្តេជ្ញាចិត្តរបស់គាត់ចំពោះគ្រួសារនានា ដូចជា គ្រួសាររបស់សឿន ព្រមទាំងជាមួយនឹងការគាំទ្ររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងយូនីសេហ្វ នៅពេលនេះ ភូមិគោលាប់លែងមានការបន្ទោរបង់ពាសវាលពាសកាល (ODF) ទៀតហើយ ។ ភូមិរបស់គាត់ គឺជាភូមិទីមួយនៅក្នុងឃុំនេះ ដែលសម្រេចបានព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ដោយសារភូមិផ្សេងទៀតនឹងសម្រេចបានគោលដៅនេះនៅពេលឆាប់ខាងមុខ ដោយរង់ចាំការពិនិត្យពីស្រុកចិត្របូរី នៅពេលនេះ ឃុំគោលាប់ទាំងមូលអាចទាមទារឋានៈ ODF បាន។
គាត់និយាយថា៖ “ខ្ញុំមានមោទនភាពចំពោះខ្លួនខ្ញុំ។ នៅពេលប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យ ពួកគេមានសុខភាពកាន់តែល្អ ពួកគេកាត់បន្ថយការចំណាយលើសុខភាព ពួកគេមានពេលកាន់តែច្រើនដើម្បីរកលុយ ហើយពួកគេមានជីវិតកាន់តែល្អប្រសើរ។”
លោកស្រី ភុន មុំ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ នៅឃុំគោលាប់ បាននិយាយថា៖ “វាគឺជាកិច្ចខិតខំប្រឹងប្រែងដោយមានការសម្របសម្រួលគ្នា និងគ្រប់ជ្រុងជ្រោយ ពោលគឺពីមន្ទីរអភិវឌ្ឍន៍ជនបទរហូតដល់កម្រិតស្រុក និងឃុំ រហូតដល់ជនបង្គោលថ្នាក់ភូមិ និងពីការលើកកម្ពស់ការយល់ដឹងពីផ្ទះមួយទៅផ្ទះមួយ រហូតដល់ការចាក់មេក្រូចល័ត ដែលបានជួយសម្រេចបានដំណាក់កាលចុងក្រោយនេះ។”
គាត់បានបន្ថែមទៀតថា៖ “ប៉ុន្មានគ្រួសារចុងក្រោយដែលគ្មានបង្គន់អនាម័យពិតជាក្រីក្រ។ ដើម្បីពន្លឿនការសម្រេចបានគោលដៅ ODF របស់យើង យើងបានកៀរគរធនធានពីប្រភពខុសៗគ្នា រួមទាំងថវិកាឃុំដើម្បីបន្ថែមលើការគាំទ្រពីយូនីសេហ្វ និងផ្ដល់ការគាំទ្រដល់គ្រួសារទាំងឡាយ ដែលពិតជាមានតម្រូវការ និងគ្មានថវិកាដើម្បីចំណាយលើការសាងសង់ផ្នែកនៅក្រោមដីរបស់បង្គន់។”
គាត់និយាយថា៖ “នៅពេលនេះ កុមារកម្រមានជំងឺរាករូសណាស់”។ សិស្សសាលាដែលច្រៀង និងរាំតាមចម្រៀងចាក់តាមមេក្រូដឹកតាមរ៉ឺម៉កម៉ូតូ ក៏ជាសញ្ញាល្អមួយ ដែលបញ្ជាក់ថា សារអំពីអនាម័យ និងអាហារូបត្ថម្ភត្រូវបានទទួលយក។”
ពួកគេក៏បានមើលឃើញថា អត្រាឈប់រៀនមានចំនួនកាន់តែតិច ដោយសារការមានសុខភាពកាន់តែល្អប្រសើរឡើង មិនត្រឹមតែចំពោះសិស្សានុសិស្សប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងចំពោះប្អូនៗរបស់ពួកគេផងដែរ ដោយសារការទទួលខុសត្រូវចំពោះការមើលថែទាំប្អូនៗនៅពេលដែលឪពុកម្ដាយរបស់ពួកគេកំពុងធ្វើការងារ រមែងតែងធ្លាក់ទៅលើបងប្រុស ឬបងស្រី។ ហើយនៅពេលដែលកុមារវ័យក្មេងបំផុតនៅក្នុងសហគមន៍ចាប់ផ្ដើមជីវិតរបស់ពួកគេជាមួយនឹងសុខភាពកាន់តែល្អ គាត់សង្ឃឹមថា ពួកគេអាចចាប់ផ្ដើមចូលរៀនបានកាន់តែលឿនផងដែរ។
នៅពេលនេះដោយសារទម្ងន់របស់បញ្ញាកាន់តែកៀកនឹងកម្រិតទម្ងន់ជាធម្មតាប្រកបដោយសុខភាពល្អ ឪពុកគាត់ក៏ចាប់ផ្តើមមានក្ដីសង្ឃឹមអំពី អនាគតកាន់តែល្អប្រសើរចំពោះកូនប្រុសរបស់គាត់ផងដែរ។
គាត់និយាយថា៖ “ខ្ញុំសង្ឃឹមថា គាត់នឹងកាន់តែឆ្លាត ដោយសារគាត់អាចទៅរៀនបានកាន់តែច្រើន ប្រសិនបើគាត់មិនឈឺច្រើន”។
ដោយសារគ្រួសាររបស់គាត់ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារចំនួនតិចតួចនៅក្នុងភូមិរបស់គាត់ ដែលគ្មានបង្គន់អនាម័យ សឿនមានអារម្មណ៍មានមោទនភាព ដែលគាត់បានតាមទាន់អ្នកជិតខាងរបស់ខ្លួន។
“នៅពេលនេះ ខ្ញុំអាចនិយាយថា ខ្ញុំក៏មានបង្គន់អនាម័យដែរ។”
[1] https://www.who.int/news-room/fact-sheets/detail/sanitation