សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការបណ្តុះបណ្តាលឈានទៅសម្រេចសមភាពយេនឌ័រក្នុងវិស័យអប់រំកម្ពុជា

យូនីសេហ្វ កំពុងគាំទ្រវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនទ្បាញដល់ក្រសួងអប់រំ យុវជន និងកីទ្បាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសមភាពយេនឌ័រប្រសើរជាងមុន។

Jaime Gill
© UNICEF/UN0225347/Brown
UNICEF/UN0225347/Brown
02 មិថុនា 2021

វគ្គបណ្តុះបណ្តាលដើម្បីសម្រេចសមភាពយេនឌ័រក្នុងប្រព័ន្ធអប់រំកម្ពុជា

រាជធានីភ្នំពេញ ខែមេសា ឆ្នាំ២០២១  “គ្រប់គ្នាមានរឿងរ៉ាវផ្ទាល់ខ្លួនដែលត្រូវនិយាយ ប៉ុន្តែខ្ញុំជឿថាស្ដ្រីភាគច្រើន យ៉ាងហោចណាស់ក៏ជួបប្រទះនឹងរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ និងការរើសអើងយេនឌ័រ ម្តងដែរនៅក្នុងជីវិតរបស់ពួកគាត់” នេះបើតាមសម្ដីរបស់លោកស្រី បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា។​ គួរឲ្យសោកស្ដាយ  “ការប្រកាន់ផ្នត់គំនិតយេនឌ័រក្នុងសង្គម ធ្វើឲ្យសង្គមទាំងមូលនៅគ្រប់កម្រិតទាំងអស់ ពុំអាចទទួលស្គាល់បញ្ហាវិសមភាពយេនឌ័រ ហើយពុំបានមើលឃើញពីផលប៉ះពាល់ របស់គោលនយោបាយនានាមានមកលើលើស្ត្រី និងបុរស ក្នុងទម្រង់ផ្សេងៗគ្នា។”

សម្តីរបស់លោកស្រី គូលីកា បូកសរុបយ៉ាងល្អឥតខ្ចោះពីសារៈសំខាន់នៃកម្មវិធីបណ្ដុះបណ្ដាលស្ដីពី      យេនឌ័រ និងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន ដែលរៀបចំបែងចែកជាច្រើនវគ្គ កាលពីពេលថ្មីៗនេះ។ វគ្គបណ្ដុះបណ្ដាល ដែលធ្វើឡើងនៅក្នុងក្រសួងអប់រំ យុវជន និងកីឡានេះ មានគោលបំណងឆ្លើយតបចំពោះបញ្ហា        វិសមភាព   ស្របពេលដែលក្រសួងកំពុងផ្លាស់ប្តូរ និងអភិវឌ្ឍ ដើម្បីឲ្យមានការគិតគូរពីយេនឌ័រនៅគ្រប់ដំណាក់កាលទាំងអស់។

​លោកស្រី ខេធឺរីន ប៊ិនណិត ប្រធានផ្នែកអប់រំ របស់យូនីសេហ្វកម្ពុជា បានពន្យល់ថា “នាពេលបច្ចុប្បន្ន យើងឃើញមានគ្រូបង្រៀនជាស្ត្រីជាច្រើននាក់ ប៉ុន្តែមានស្ដ្រីតិចនាក់ប៉ុណ្ណោះ ដែលកាន់មុខតំណែងជានាយិកាសាលា។ នាយកសាលាមានតួនាទីដ៏សំខាន់ តែក៏ជាតួនាទីដែលមមាញឹកយ៉ាងខ្លាំងផងដែរដូចជា រៀបចំឲ្យមានបរិយាកាសអំណោយផលនៅក្នុងសាលារៀនទាំងមូលជាដើម ហើយប្រសិនបើមានតែបុរសទទួលបានការឡើង​ឋានៈកាន់តួនាទីទាំងនេះ នោះការរៀបចំ​ការអប់រំ នឹងទទួលបានគំនិតយោបល់ក្នុងកម្រិតមួយនៅមានកម្រិត ប៉ុណ្ណោះ។ មានស្ត្រីរឹតតែតិចនាក់ទៅទៀត ដែលកាន់មុខតំណែងជាអ្នកដឹកនាំនៅថ្នាក់រាជធានីខេត្ត ឬថ្នាក់ជាតិ។ ក្រសួងកំពុងខិតខំប្រឹងប្រែងធ្វើការផ្លាស់ប្តូរស្ថានភាពនេះ និងបានតែងតាំងស្ត្រី ដែលមានសមត្ថភាពខ្ពស់មួយចំនួនកាន់តួនាទីសំខាន់ៗ ប៉ុន្តែពួកគេក៏ចង់បោះជំហានទៅកម្រិតបន្ទាប់ទៀតផងដែរ ដូច្នេះបានជាយើងកំពុងជួយផ្តល់ការគាំទ្រដល់ពួកគេ តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ដូចជាវគ្គបណ្ដុះបណ្ដាលនេះជាដើម។”  

មានមន្ត្រីជាបុរស និងស្ត្រីចំនួន ៤០នាក់ មកពីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយមានលោកស្រី ចូហាន ទ្បូទី មកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអន្តរជាតិ ជាអ្នកដឹកនាំសម្របសម្រួលវគ្គបណ្ដុះបណ្ដាលភាគច្រើន​ ដោយសហការជាមួយនឹងគ្រូឧទ្ទេសមកពីក្រសួងផ្ទាល់ ដោយពួកគេត្រូវបានសម្រិតសម្រាំងជ្រើសរើសជាពិសេស។ វគ្គបណ្តុះបណ្តាលនេះទទួលបានថវិកាគាំទ្រពីយូនីសេហ្វ តាមរយៈមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាព ដែលជាមូលនិធិមានការចូលរួមពីដៃគូចម្រុះដូចជា ក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ប្រទេសស៊ុយអែត ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងភាពជាដៃគូសកលសម្រាប់ការអប់រំ។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានពន្យារពេលជាច្រើនលើកច្រើនសា​ ហើយចុងក្រោយ ត្រូវធ្វើតាមប្រព័ន្ធអនឡាញទាំងស្រុងដោយសារតែស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាកាន់តែធ្ងន់ធ្ងរទៅៗ ។

©UNICEF Cambodia/2021
UNICEF Cambodia/2021

“ជា​ការពិតនេះគឺជាបញ្ហាប្រឈម ដែលតម្រូវឲ្យយើងធ្វើការសម្របខ្លួន តាមស្ថានភាពដែលបន្តផ្លាស់ប្តូរឥតឈប់ឈរ” នេះជាការបញ្ជាក់របស់លោកស្រី ចូហាន មុនពេលបន្តពន្យល់ពីមូលហេតុនៃវគ្គបណ្ដុះបណ្ដាលនេះ ដែលជាវគ្គបណ្ដុះបណ្ដាលដ៏សំខាន់ ទើបក្រុមការងារប្តេជ្ញាចិត្តថាត្រូវតែរៀបចំឲ្យបាន មិនថាពួកគេត្រូវប្រឈមនឹងការលំបាកអ្វីនោះឡើយ។​ “ប្រព័ន្ធអប់រំ គឺជាស្ថាប័នដ៏សំខាន់មួយ ដែលការផ្សព្វផ្សាយពីគុណតម្លៃ និងបទដ្ឋានសង្គមត្រូវបានធ្វើឡើង។” ដូច្នេះប្រព័ន្ធអប់រំបំពេញតួនាទីដ៏សំខាន់ មិនត្រឹមតែដើម្បីបង្រៀនក្មេងស្រីអំពីគុណតម្លៃរបស់ពួកគេ និងអំពីសមភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគុណតម្លៃទាំងនេះ តាមរយៈវត្តមានរបស់ស្ត្រីដែលកំពុងកាន់តំណែងជាន់ខ្ពស់ផងដែរ “វិសមភាពចាប់ផ្តើមនៅក្នុងគ្រួសារ ប៉ុន្តែប្រព័ន្ធសាលារៀនបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់មាតាបិតា និងតួអង្គពាក់ព័ន្ធសំខាន់សំខាន់ដទៃទៀត។”

លោកស្រី បូ ច័ន្ទគុលិកា បានមានប្រសាសន៍ថា “អ្វីដែលខ្ញុំចូលចិត្តជាងគេពីវគ្គបណ្ដុះបណ្ដាលនេះ គឺប្រធានបទស្ដីពីយុទ្ធសាស្ត្រសម្រាប់ធ្វើការផ្លាស់ប្តូរនៅកម្រិតបុគ្គល ការផ្លាស់ប្តូរកម្រិតស្ថាប័ន និងការយកចិត្តទុកដាក់ចំពោះយេនឌ័រនៅក្នុងស្ថាប័នទាំងមូល។” លោកស្រីបានមានប្រសាសន៍បន្តទៀតថា ក្រសួងពិតជា “ចាំបាច់ត្រូវរៀបចំគោលនយោបាយឲ្យកាន់តែប្រសើរ ដើម្បីកសាងបរិយាកាសអំណោយផល សម្រាប់លើកកម្ពស់សមភាពយេនឌ័រ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់បុគ្គល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពខ្ពស់បំផុត និងមាននិរន្តរភាពយូរអង្វែង ដើម្បីឆ្លើយតបចំពោះបញ្ហាយេនឌ័រនៅក្នុងកន្លែងធ្វើការ និងសង្គម។”

ឯកឧត្តម ប្រាក់ កុសល ដែលទទួលបន្ទុកនាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គ្រូឧទ្ទេសផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន បានបង្ហាញពីសេណារីយ៉ូផ្សេងៗ និងបានប្រើប្រាស់វិធីសាស្ត្រធ្វើការងារជាក្រុម ដើម្បីបង្ហាញពីរបៀបឆ្លើយតបចំពោះបញ្ហាប្រឈមយេនឌ័រនៅក្នុងវិស័យអប់រំ។  “ជាលទ្ធផលខ្ញុំសង្ឃឹមថា បុរសៗទាំងអស់នៅទីនេះ នឹងផ្តល់ការគាំទ្រពេញលេញ ដើម្បីឲ្យស្ត្រីអាចចូលរួមនៅក្នុងការងាររបស់ក្រសួង” ។

 

លោក​​ មួង ណារ័ត្ន អនុប្រធាននាយកដ្ឋានផែនការ ដែលជាគ្រូឧទ្ទេសម្នាក់របស់ក្រសួង ហើយដែលចូលរួមដឹកនាំផ្នែកមួយចំនួននៃវគ្គបណ្ដុះបណ្ដាលនេះ ហើយចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងពេលទន្ទឹមគ្នាផងដែរនោះ បានពន្យល់ថា “ខ្ញុំខ្លួនឯងមិនគិតថាវគ្គបណ្ដុះបណ្ដាលនេះរងប៉ះពាល់អវិជ្ជមាន នៅពេលដែលយើងធ្វើតាមប្រព័ន្ធអនឡាញបែបនេះនោះឡើយ។ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតជាសកលបែបនេះ និងអាចជួយសន្សំសំចៃចំណាយផងដែរ។ ឥឡូវនេះ ខ្ញុំនឹងខិតខំផ្សព្វផ្សាយអ្វីដែលយើងខ្ញុំបានរៀនជាមួយនឹងសហការីរបស់ខ្ញុំ និងធ្វើការងារបន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យសហការីដែលជាស្ត្រីអាចចូលរួមក្នុងគ្រប់សកម្មភាពទាំងអស់។ ក្នុងរយៈពេល៥ឆ្នាំទៀត ខ្ញុំចង់ឃើញស្ត្រីកាន់តែមានភាពអង់អាចចូលរួមក្នុងការងារនៅគ្រប់កម្រិតទាំងអស់របស់ក្រសួង”។

ជាការឆ្លុះបញ្ចាំងពីអ្វីដែលលោកស្រីសង្ឃឹមថា ជាផលត្រលប់រយៈពេលវែងដែលបានពីវគ្គបណ្ដុះបណ្ដាលនេះ លោកស្រី បូ​ ច័ន្ទគុលិកា បានមានប្រសាសន៍ថា “ខ្ញុំចង់ឃើញពេលមួយដែលកត្តានានាដូចជា ភាពក្រីក្រ ជំនឿសាសនា និងយេនឌ័រ លែងរារាំងស្ត្រីមិនឲ្យទទួលបានការអប់រំប្រកបដោយគុណភាព នៅគ្រប់កម្រិតទាំងអស់ទៀតហើយ”។ “ប្រព័ន្ធអប់រំ នឹងជួយឲ្យក្មេងស្រីអាចសម្រេចបានសក្ដានុពលពេញលេញរបស់ពួកគេ និងអាចសម្រេចនូវក្ដីសង្ឃឹម និងសុបិនរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ ជាការសំខាន់ណាស់ដែលក្រុមជួបការលំបាកមានឱកាសចូលរួមនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ក្នុងគ្រប់សកម្មភាពទាំងអស់នៃវិស័យអប់រំ។”