សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ទឹកស្អាត និងអនាម័យ

ភពផែនដីដែលអាចរស់នៅបានសម្រាប់កុមារគ្រប់រូប

© UNICEF Cambodia/2024/Antoine Raab
UNICEF Cambodia/2024/Antoine Raab

ទិដ្ឋភាពរួម

ការរស់នៅធំធាត់ឡើងនៅក្នុងបរិស្ថាន ស្អាត និងសុវត្ថិភាព គឺជាសិទ្ធិរបស់កុមារគ្រប់រូប ។ ការផ្តល់លទ្ធភាពទទួលបានទឹកស្អាត និងបង្គន់អនាម័យគ្រប់គ្រាន់ដល់កុមារនិងផ្តល់ចំណេះដឹងដល់ពួកគេឱ្យយល់ពីភាពចាំបាច់នៃការលាងដៃជាមួយាទឹកស្អាត និងសាប៊ូ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការសង្គ្រោះជីវិតកុមារនៅកម្ពុជា និងជួយពួកគេឱ្យមានសុខភាពល្អនៅពេលពួកគេធំពេញវ័យ ។

  • ការបន្ទោបង់ពាសវាលពាសកាលនៅក្នុងតំបន់ជនបទ បានធ្លាក់ចុះចំនួន ៩៣ ភាគរយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ។ បញ្ហានេះ ត្រូវបានប៉ាន់ស្មានថាមានប្រមាណ ៤ ភាគរយប៉ុណ្ណោះនៅទូទាំងប្រទេស1
  • មនុស្ស ៤ នាក់ក្នុងចំណោម ៥ នាក់ (ស្មើនឹង ៨៦ ភាគរយ) នៅក្នុងតំបន់ជនបទ ទទួលបានសេវាអនាម័យមូលដ្ឋាន ដែល សេវាអនាម័យមូលដ្ឋានសំដៅលើ ផ្ទះដែលមានកន្លែងលាងសម្អាតដៃជាមួយសាប៊ូ និងទឹក2
  • បច្ចុប្បន្ននេះ កុមារមានចំនួនតិចជាងមុន ដែលទទួលរងជំងឺដែលទាក់ទងនឹងជំងឺរាករូស ហើយកម្ពុជាបានកាត់បន្ថយអត្រាស្លាប់របស់កុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ៨៧ ភាគរយក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ3

បញ្ហាប្រឈម

ទោះបីជាមានវឌ្ឍនភាពនៅក្នុងការទទួលបានទឹកស្អាត និងអនាម័យ (WASH) នៅក្នុងប្រទេសកម្ពុជាក៏ដោយ វិសមភាពក្នុងការទទួលបានទឹកស្អាត និងអនាម័យ នានៅតែមានគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងតំបន់ជនបទ និងសហគមន៍ដែលងាយរងគ្រោះ ។ សហគមន៍ជាច្រើននៅតែពឹងផ្អែកលើទន្លេ អណ្តូង និងស្រះទឹក ដែលជាប្រភពទឹកអាចមានវត្តមាននូវសមាសធាតុបំពុល ។ ជំងឺរាករូស ដែលជាញឹកញាប់បណ្តាលមកពីកង្ខះភាពស្អាត និងអនាម័យ ហើយវា នៅតែជាមូលហេតុដ៏ធំមួយនៃជំងឺរបស់កុមារ រួមទាំងភាពក្រិសក្រិននិងការអភិវឌ្ឍខួរក្បាលខ្សោយ ។ សហគមន៍មួយចំនួន នៅតែមានទម្លាប់បន្ទោបង់ពាសវាលពាសកាល ហើយក្មេងស្រីជំទង់ និងកុមារមានពិការភាពជាច្រើន បាត់បង់ឱកាសការសិក្សា ដោយសារតែមិនមានបង្គន់អនាម័យដែលមានលក្ខណៈបរិយាបន្នគ្រប់គ្រាន់នៅក្នុងសាលារបស់ពួកគេ ។

ប្រសិនបើគ្មានសកម្មភាពបន្ទាន់ទេ ការប្រែប្រួលអាកាសធាតុនឹងគំរាមកំហែងធ្វើប៉ះពាល់ដល់អនាគតរបស់កុមាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ។ វឌ្ឍនភាពជាច្រើនទសវត្សរ៍ដែលបានកសាងឡើងទាក់ទងនឹងការរស់រានរបស់កុមារ អាចត្រូវត្រលប់ថយក្រោយវិញ ប្រសិនបើទឹកផឹកដែលមានសុវត្ថិភាព និងអនាម័យបរិស្ថាន នៅតែខ្វះខាត ។ បើទោះទិន្នន័យបង្ហាញថាមានចំនួនគ្រួសារច្រើនជាងមុនដែលទទួលបានសេវាមូលដ្ឋាន ប៉ុន្តែវឌ្ឍនភាពនេះគឺនៅតែមានភាពយឺតយ៉ាវ ហើយមិនទាន់មានការធានាលើការគ្រប់គ្រងសេវាកម្មប្រកបដោយសុវត្ថិភាព និងមិនទាន់មានភាពធន់នឹងអាកាសធាតុនៅឡើយទេ។ ភាពខ្វះចន្លោះនេះ អាចបង្កអោយសមិទ្ធផលភាគច្រើនអាចនឹងត្រូវបានបាត់បង់ទៅវិញនៅពេលមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកើតឡើង ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅ ដែលកំពុងកើតឡើងញឹកញយនិងមានឥទ្ធិពលខ្លាំងជាងមុនដោយសារតែការប្រែប្រួលអាកាសធាតុ ។

យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសកល (Global Children’s Climate Risk Index (CCRI) ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោមប្រទេសចំនួន១៦៣ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកុមារប្រឈមនឹងហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ ខណៈដែលកម្ពុជាស្ថិតក្នុងលំដាប់ទាប​នៅក្នុងការសិក្សាសន្ទស្សន៍បន្ស៊ាំសកលណូត្រឺដាម (Notre Dame-Global Adaptation Index) បង្ហាញថា ប្រទេសកម្ពុជា​មិនទាន់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនទៅនឹង ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនិង​ការរិចរិលបរិស្ថាន ។

  • កុមារកម្ពុជាប្រមាណជិត ២លាននាក់ ដែលមានចំនួនច្រើនជាង មួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅក្នុងឃុំដែលមានសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ខ្ពស់ ឬខ្ពស់ខ្លាំង។ ភាគច្រើននៃឃុំទាំងនោះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល។ ។4
  • កុមារកម្ពុជា ១.៤​ លាននាក់ប្រឈមមុខខ្លាំងទៅនឹងគ្រោះរាំងស្ងួត ។ កុមារកម្ពុជា ៣​ លាននាក់ប្រឈមមុខខ្លាំងទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់។ កុមារកម្ពុជា ២.២​ លាននាក់ប្រឈមមុខខ្លាំងទៅនឹងជំនន់ទឹកទន្លេ។ កុមារកម្ពុជា ២.៧​ លាននាក់ប្រឈមមុខខ្លាំងទៅនឹងការបំពុលបរិយាកាស ដែលលើសពីកម្រិតស្តង់ដាដែលបានណែនាំដោយអង្គការសុខភាពពិភពលោក5
  • ២២ ភាគរយនៃប្រជាជននៅក្នុងតំបន់ជនបទ មិនបានទទួលសេវាទឹកស្អាតជាមូលដ្ឋាន ។6
  • ២០ ភាគរយនៃប្រជាជននៅក្នុងតំបន់ជនបទ មិនបានទទួលសេវាអនាម័យជាមូលដ្ឋាន ។7
  • ជាងពាក់កណ្តាលនៃចំនួនសាលារៀនសរុបនៅក្នុងប្រទេសកម្ពុជា (ស្មើនឹង ៦៣ ភាគរយ) មិនមានបង្គន់​អនាម័យ មូលដ្ឋានមានការបែងចែកតាមភេទ និងអាចប្រើប្រាស់បាន (មានដំណើរការល្អ និងមាន ឯកជនភាព) ហើយ សាលារៀនចំនួន១៤ ភាគរយទៀត មិនមានប្រភពទឹកនៅក្នុងបរិវេណសាលាវៀន ។8
  • មូលដ្ឋានថែទាំសុខភាពចំនួនជិត ៤ ក្នុងចំណោម ១០ កន្លែង (ប្រហែល ៣៨ ភាគរយ) ទទួលបាន ទឹកប្រើប្រាស់ពីសេវាផ្គត់ផ្គង់ទឹកស្អាតដែលអាចទទួលបានទឹកសម្រាប់ប្រើប្រាស់បាន ពេញមួយឆ្នាំសម្រាប់គោលបំណងទាំងអស់ រួមទាំងទឹកសម្រាប់ផឹក ខណៈដែលមានតែ ៧ ភាគរយប៉ុណ្ណោះ មានសេវាអនាម័យមូលដ្ឋាន ។9

ដំណោះស្រាយ

កម្មវិធី WASH និងកម្មវិធីអាកាសធាតុ និងបរិស្ថាន​សម្រាប់ឆ្នាំ ២០២៤-២០២៨ របស់យូនីសេហ្វធ្វើការឆ្ពោះទៅរកការសម្រេចបានសិទ្ធិរបស់កុមារក្នុងការទទួលបានទឹកស្អាត អនាម័យបរិស្ថាន និងអនាម័យខ្លួនប្រាណ ដូចមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដើម្បីសម្រេចបានការទទួលបានទឹកផឹក និងអនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព ត្រឹមឆ្នាំ ២០៣០ ។

យូនីសេហ្វ សហការណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃពាក់ព័ន្ធ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ដល់កុមារ ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់ ហើយ ពួកគេរស់នៅក្នុង សហគមន៍ មានភាពក្រីក្រ មានទីតាំងភូមិសាស្រ្តដាច់ស្រយាលឬ ក៏ជាក្រុមរងគ្រោះខ្លាំង និងជាក្រុមរស់នៅក្នុងតំបន់ដែលប្រឈមនឹងហានិភ័យខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ ។ យូនីសេហ្វ ផ្តោតលើសេវាកម្មដែលមានភាពធន់នឹងអាកាសធាតុ ដើម្បីធានាថា សហគមន៍ត្រៀមខ្លួនកាន់តែប្រសើរសម្រាប់អនាគត បង្កើតផលជះយូរអង្វែង​ដែលការពារជនងាយរងគ្រោះបំផុត និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។

យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីធានានិរន្តរភាពភពផែនដីដែលអាចរស់នៅបាន មិនត្រឹមតែគិតពីតម្រូវការពិសេស និងភាពងាយរងគ្រោះរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែដាក់បញ្ចូលពួកគេនៅក្នុងដំណោះស្រាយផងដែរ ។ កុមារ និងយុវជនមានជំនាញ បទពិសោធន៍ និងគំនិតសំខាន់ៗដើម្បីរួមចំណែកដល់សង្គមមួយដែលកាន់តែមានសុវត្ថិភាព និងនិរន្តរភាពថែមទៀត ។

ជំរុញការទទួលបានទឹកស្អាត អនាម័យដែលធន់នឹងអាកាសធាតុ

យើងធ្វើការដើម្បីធានាឱ្យមានប្រពន្ធ័ អនាម័យជាមូលដ្ឋាន កាន់តែប្រសើរក្នុង ផ្ទះ សាលារៀន និងមូលដ្ឋានថែទាំសុខភាព ដើម្បីឱ្យកុមារអាចរស់នៅ រៀនសូត្រ និងទទួលបានសេវាសុខភាពក្នុងបរិយាកាសដែលកាន់តែមានសុវត្ថិភាពថែមទៀត ។ ការកែលម្អប្រភពទឹក និងបង្កើតនូវប្រភពទឹកថ្មីផ្សេងៗបន្ថែមដែលធន់នឹងមុខសញ្ញាគ្រោះថ្នាក់នានា ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ គឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាថា ក្រុមដែលងាយរងគ្រោះបំផុត ត្រូវបានការពារក្នុងអំឡុងពេលមានវិបត្តិអាកាសធាតុ ។ កិច្ចការងាររបស់យូនីសេហ្វ អាចទទួលបានសមិទ្ធផលបាន គឺមានការចូលរួមពីវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ដើម្បីកែលម្អគុណភាពសេវាកម្ម និងបង្កើតដំណោះស្រាយអាជីវកម្មប្រកបដោយនិរន្តរភាព រួមទាំងតាមរយៈការប្រើប្រាស់ប្រព័ន្ធថាមពលកកើតឡើងវិញ និងការបង្កើនលទ្ធភាពទទួលបានសេវាកម្មទឹកស្អាត និងអនាម័យ ។ ដើម្បីគាំទ្រការផ្លាស់ប្តូរទៅរកអនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព និងជួយកាត់បន្ថយហានិភ័យសុខភាព និងបរិស្ថានពីការបន្ទោបង់ពាសវាលពាសកាល យូនីសេហ្វផ្តោតលើការលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់ការគ្រប់គ្រងភក់បង្គន់ស្របតាមគោលការណ៍នៃការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ

ជួយឱ្យប្រជាជនយល់ពីតម្លៃការប្រើប្រាស់បង្គន់ ទឹកស្អាត និងសាប៊ូ

ការបង្កើនការយល់ដឹងក៏ជាផ្នែកដ៏ធំមួយនៃការងាររបស់យូនីសេហ្វផងដែរ ដើម្បីសម្រេចបានបរិស្ថានស្អាត និង សុវត្ថិភាពសម្រាប់កុមារដើម្បីលូតលាស់ ។ ហើយដើម្បីសម្រេចបានគោលដៅនេះមានប្រសិទ្ធភាព លុះត្រាតែប្រជាជនយល់ពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់ ទឹកស្អាត និងសាប៊ូនៅផ្ទះ សាលារៀន និងមូលដ្ឋានថែទាំសុខភាព និងនៅក្នុងសហគមន៍ ។ យើងក៏អនុវត្តយុទ្ធសាស្រ្តផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីបង្កើនតម្រូវលើសេវាកម្មដែលមានភាពធន់នឹងអាកាសធាតុកាន់តែប្រសើរថែមទៀត ដូច្នេះ សហគមន៍យល់ពីហានិភ័យអាកាសធាតុ និងការការពារខ្លួនរបស់ពួកគេ និងគ្រួសាររបស់ពួកគេក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជានាពេលអនាគត ។

បង្កើនហិរញ្ញប្បទាន និងកិច្ចសម្របសម្រួលសម្រាប់កម្មវិធីទឹកស្អាត និងអនាម័យ

ដោយសហការជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធផ្សេងទៀត យូនីសេហ្វធ្វើការកំណត់ពីកង្វះខាតផ្នែកហិរញ្ញវត្ថុ​សម្រាប់វិស័យទឹកស្អាតនិងអនាម័យ និងដាក់ចេញនូវសកម្មភាពជាយុទ្ធសាស្រ្តដើម្បីគាំទ្រវិស័យនេះ ក្នុងការកៀរគរធនធានដែលត្រូវការ ដើម្បីសម្រេចបានចំណុចដៅទី ៦​.១ និង ៦.២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។ យូនីសេហ្វបង្កើតភស្តុតាងដោយធ្វើការប្រមូល និងវិភាគទិន្នន័យដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់អនុវត្តកម្មវិធី ។ យើងស្វែងរកដំណោះស្រាយក្នុងការគៀងគរហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាតនិងអនាម័យប្រកបដោយនវានុវត្តន៍ ស្វែងរកភាពជាដៃគូ និងវិធីសាស្រ្តនានា ហើយធ្វើយ៉ាងណាឱ្យសហគមន៍កាន់តែមានភាពធន់ឆ្លើយតបនឹងហានិភ័យអាកាសធាតុ ដោយធ្វើការវិភាគលើមុខសញ្ញា គ្រោះមហន្តរាយ និងរៀបចំបង្កើតផែនការត្រៀមលក្ខណៈសម្រាប់វិស័យទឹកស្អាតនិងអនាម័យ ។


  1. Joint Monitoring Programme (JMP), 2025
  2. JMP, 2025
  3. HYPERLINK "https://www.nis.gov.kh/nis/CDHS/2021-22/Cambodia_DHS2021-2022_Final_Report_EN.pdf"Cambodia Demographic and Health Survey (CDHS), 2021–2022
  4. Children’s Climate Risk Index for Cambodia (CCRI), 2024
  5. Children’s Climate Risk Index for Cambodia (CCRI), 2024
  6. JMP, 2025
  7. JMP, 2025
  8. JMP, 2024
  9. National assessment of water, sanitation and hygiene in public healthcare facilities in Cambodia, 2024