ទិវាកុមារពិភពលោក ប្រទេសកម្ពុជា
ទិវាសកម្មភាពរបស់យូនីសេហ្វដើម្បីកុមារ និងធ្វើឡើងដោយកុមារ
- English
- Khmer
សិទ្ធិកុមារ គឺជាសិទ្ធិមនុស្ស។ សិទ្ធិទាំងនេះ គឺជាសិទ្ធិសកល និងមិនអាចចរចាផ្លាស់ប្ដូរបានឡើយ។
ទិវាកុមារពិភពលោក គឺជាទិវាប្រចាំឆ្នាំនៃសកម្មភាពរបស់យូនីសេហ្វដើម្បីកុមារ ធ្វើឡើងដោយកុមារ និងជាការរំលឹកខួបនៃការអនុម័តអនុសញ្ញាស្ដីពីសិទ្ធិកុមារ។ នៅថ្ងៃទិវាកុមារពិភពលោក យើងប្រារព្ធនិងបន្តការប្ដេជ្ញាចិត្តរបស់យើងចំពោះសិទ្ធិរបស់កុមារ ហើយយើងបង្កើនសំឡេងរបស់កុមារ និងយុវជនជាមួយនឹងវេទិកាសម្រាប់ការសម្ដែងមតិ និងការចាត់វិធានការទៅលើបញ្ហានានាដែលមានផលប៉ះពាល់ចំពោះជីវិតរបស់ពួកគេ។
នៅកម្ពុជា យើងប្រារព្ធទិវាកុមារពិភពលោក តាមរយៈការប្រមូលផ្ដុំរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមយុវជន ដើម្បីស្វែងរកមតិគាំទ្រ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ។ យើងផ្ដល់ភាពអង់អាចជូនកុមារ និងយុវជនក្នុងនាមជាអ្នកធ្វើការផ្លាស់ប្ដូរនៅក្នុងសហគមន៍របស់ពួកគេ ហើយយើងបង្កើនសំឡេងរបស់ពួកគេក្នុងនាមជាអ្នកស្វែងរកមតិគាំទ្រចំពោះសិទ្ធិរបស់ពួកគេផ្ទាល់។
យើងផ្ដោតគោលដៅលើតំបន់ដាច់ស្រយាល និងងាយរងគ្រោះបំផុត ដែលកុមាររងកង្វះខាតខុសៗគ្នាចំពោះការទទួលបានសេវាចាំបាច់ ព្រមទាំងប្រឈមមុខនឹងភាពងាយរងគ្រោះកាន់ធ្ងន់ធរពីផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុ និងវិបត្តិដទៃទៀត។
បុណ្យភូមិមានជើង សម្រាប់កុមារ និងយុវជន
នៅក្នុងឆ្នាំថ្មីៗនេះ យើងបានចាប់ដៃគូជាមួយអាជ្ញាធរខេត្ត និងភ្លើងគប់ដែលជាបណ្ដាញវប្បធម៌និងសង្គម ដើម្បីសហការរៀបចំព្រឹត្តិការណ៍បុណ្យភូមិ «បុណ្យភូមិមានជើង» សម្រាប់កុមារ និងយុវជននៅខេត្តដាច់ស្រយាលដូចជា ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។ កាលពីឆ្នាំ២០២៣ ២០២៤ និង២០២៥ កុមារ យុវជន អ្នកថែទាំ និងសមាជិកសហគមន៍ចំនួនជាង ២៥.០០០នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ។ នៅឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងនៅក្រោយពេលមានទើបតែមានជម្លោះព្រំដែន ដែលវាជាឱកាសមួយសម្រាប់ជួយស្ដារការប៉ះទង្គិចផ្លូវចិត្តបណ្ដាលមកពីការភៀសសឹក ជួយផ្ដល់ក្ដីសង្ឃឹមដល់សហគមន៍ដែលរងផលប៉ះពាល់ និងបញ្ជាក់ម្ដងទៀតថា កុមារត្រូវតែទទួលបានកិច្ចការពារគ្រប់កាលៈទេសៈ ជាពិសេសនោះគឺក្នុងគ្រាមានវិបត្តិ។ ឆ្នាំ២០២៦ យូនីសេហ្វ នឹងសហការជាមួយបណ្ដាញយុវជន វិស័យឯកជន និងអាជ្ញាធរខេត្ត ដើម្បីប្រារព្ធព្រឹត្តិការណ៍នេះ នៅខេត្តសៀមរាប។
សកម្មភាពមួយចំនួន ក្រោមការសម្របសម្រួលពីយុវជនស្ម័គ្រចិត្តរាប់រយនាក់ មានគោលបំណងបង្រៀនកុមារ និងយុវជនអំពីសិទ្ធិកុមារ ព្រមទាំងផ្ដល់ឱកាសឱ្យពួកគេដឹកនាំ និងក្លាយជាអ្នកស្វែងរកមតិគាំទ្រសិទ្ធិកុមារ រួមទាំងជម្រុញឱ្យពួកគេក្លាហានក្នុងការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ យើងផ្ដល់ឧបករណ៍ជូនដល់យុវជន ដើម្បីចាត់វិធានការ លើបញ្ហានានាដែលពាក់ព័ន្ធនឹងកន្លែងរស់នៅរបស់ពួកគេ ព្រមទាំងកសាងជំនាញ និងចំណេះដឹងសម្រាប់អនាគតរបស់យុវជន រួមមានជំនាញឌីជីថល និងបំណិនជីវិត ការបន្ស៊ាំនឹងអាកាសធាតុ ការថែរក្សាបរិស្ថាន អាហារូបត្ថម្ភសម្រាប់សុខភាពល្អ កិច្ចការពារតាមប្រព័ន្ធអនឡាញ ពិការភាពនិងបរិយាបន្ន រួមជាមួយជំនាញជាច្រើនទៀត។
ការសម្ដែងសិល្បៈបែបប្រពៃណី និងការប្រគំតន្រ្តីដោយឥតយកកម្រៃបានប្រែក្លាយសិល្បករល្បីឈ្មោះបំផុតរបស់កម្ពុជាឱ្យក្លាយជាអ្នកគាំទ្រផ្នែកសិទ្ធិកុមារ ហើយក៏មានការចូលរួមពីប្រជាជនដោយផ្ទាល់ចំនួនជាង ១៥.០០០នាក់ និងតាមរយៈប្រព័ន្ធអនឡាញចំនួនប្រាំលាននាក់។
នាខេត្តព្រះវិហារ អ្នកចូលរួមចំនួនប្រមាណ ១០០០នាក់ ក្នុងកម្មវិធីរត់ដើម្បីកុមារ ចម្ងាយប្រាំមួយគីឡូម៉ែត្រ ជុំវិញបរិវេណរមណីយដ្ឋានប្រាសាទកោះកេរ ក្រោមប្រធានបទ «រត់ដើម្បីសន្តិភាព រត់ដើម្បីកុមារ»។
តើអនុសញ្ញាស្ដីពីសិទ្ធិកុមារ គឺជាអ្វី?
ទិវាកុមារពិភពលោកប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែវិច្ឆិកា ដែលជាខួបនៃការអនុម័តអនុសញ្ញាស្ដីពីសិទ្ធិកុមារ (UNCRC)។ អនុសញ្ញានេះជាកិច្ចព្រមព្រៀងដ៏សំខាន់ពីឆ្នាំ១៩៨៩ ដែលទទួលស្គាល់សិទ្ធិរបស់កុមារគ្រប់រូបក្នុងការធំលូតលាស់ដោយសុវត្ថិភាព សុខភាពល្អ និងមញ្ចេញមតិ ។ អនុសញ្ញានេះជាមគ្គុទ្ទេសក៍សម្រាប់ការងាររបស់យូនីសេហ្វនៅជុំវិញពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាដែលបានផ្ដល់សច្ចាប័នអនុសញ្ញានេះនៅឆ្នាំ១៩៩២។ នៅថ្ងៃទិវាកុមារពិភពលោក យើងចូលរួមជាមួយដៃគូរបស់យើង ក្នុងការអំពាវនាវឱ្យមានពិភពលោកមួយ ដែលមិនទុកកុមារណាម្នាក់ចោល ដែលសិទ្ធិរបស់កុមារត្រូវបានគោរព ការពារ និងបំពេញគ្រប់កាលៈទេសៈ ហើយសំឡេងមតិរបស់ពួកគេកំណត់នូវអនាគតមួយកាន់តែភ្លឺស្វាង។