តំណាងយូនីសេហ្វប្រចាំកម្ពុជា
អ្នកស្រី ដាម៉ាច ម៉ាហា
- English
- Khmer
លោកស្រី ដាម៉ាច ម៉ាហា បានចូលកាន់តំណែងជានាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២៦។
មុនពេលមកបំពេញបេសកកម្មនៅកម្ពុជា លោកស្រី ម៉ាហា ធ្លាប់ជានាយិកាយូនីសេហ្វប្រចាំប្រទេសម៉ុលដូវ៉ា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ លោកស្រីមានបទពិសោធន៍ជាង ៣០ឆ្នាំ លើការងារអភិវឌ្ឍន៍ និងមនុស្សធម៌ ដោយបានផ្តល់ការដឹកនាំប្រកបដោយយុទ្ធសាស្ត្រក្នុងស្ថានភាពប្រឈមស្មុគស្មាញជាច្រើន រួមទាំងការដឹកនាំការងារឆ្លើយតបចំពោះវិបត្តិជនភៀសខ្លួនអ៊ុយក្រែននៅប្រទេសម៉ុលដូវ៉ានាពេលថ្មីៗនេះផងដែរ។
លោកស្រីបានខិតខំលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារយ៉ាងសកម្ម តាមរយៈការតស៊ូមតិជាយុទ្ធសាស្ត្រ ការកសាងទំនាក់ទំនងភាពជាដៃគូ និងការចូលរួមយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ផ្ទាល់។ ក្នុងនាមជាអ្នកតស៊ូមតិដើម្បីកុមារ លោកស្រីបានដឹកនាំកម្មវិធីថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើន ផ្តោតលើកិច្ចការជនមានពិការភាព និងបរិយាបន្ន កិច្ចការពារកុមារ ការចូលរួមរបស់កុមារ និងយុវជន សិទ្ធិកុមារ ព្រមទាំងគំនិតច្នៃប្រឌិតថ្មីៗក្នុងសង្គម។
ក្នុងអាជីពជាមួយយូនីសេហ្វ លោកស្រី ម៉ាហា ធ្លាប់កាន់តំណែងជាន់ខ្ពស់នៅតាមបណ្តាប្រទេសជាច្រើនដូចជា ប្រទេសតង់ហ្សានី អូម៉ង់ ស្រីលង្កា និងលីបង់។ លោកស្រីក៏បានបន្សល់ស្នាដៃដឹកនាំប្រកបដោយជំនាញលើកិច្ចការជនមានពិការភាព បរិយាបន្ន និងសិទ្ធិកុមារ នៅប្រទេសស៊ូដង់ ព្រមទាំងនៅការិយាល័យយូនីសេហ្វប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ លើសទីនេះ លោកស្រីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអង្គការសហប្រជាជាតិ រួមទាំងអង្គការជាតិ និងអន្តរជាតិនានា នៅប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ ហ្សកដានី លីបង់ ម៉ារ៉ុក ប៉ាឡេស្ទីន ស៊ូដង់ ស៊ីរី និងយេម៉ែន។ ដោយឡែក ពីឆ្នាំ២០១៣ ដល់២០១៥ លោកស្រីបានបម្រើការជាសាស្ត្រាចារ្យជំនួយផ្នែកសុខភាពសាធារណៈ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យអាមេរិកាំង Beirut (American University of Beirut)។
លោកស្រី ម៉ាហា ជាជនជាតិលីបង់។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកគោលនយោបាយសុខភាពសង្គម ពីសាលា London School of Hygiene and Tropical Medicine នៅចក្រភពអង់គ្លេស សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យអាមេរិកាំង Beirut ប្រទេសលីបង់ និងបរិញ្ញាបត្រផ្នែកវិស្វកម្មជីវវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក។