សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ជម្រើសអ្នក អនាគតអ្នក

យុទ្ធនាការជាតិ​ដើម្បីធ្វើឱ្យ​យុវវ័យ ជាពិសេស​ យុវវ័យប្រឈមនឹងហានិភ័យ បន្តចូលរួម ទទួលបាន​កិច្ចគាំទ្រ និងស្ថិតនៅក្នុងសាលារៀន

AD-Video_Backdrop-TT.webp
AD Station Signage.webp

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជា​បានបោះជំហានយ៉ាងសំខាន់​នៅក្នុងវិស័យ​អប់រំ ពោលគឺ មានការសាងសង់សាលារៀន​កាន់តែច្រើន​ កុមារកាន់តែច្រើនចុះឈ្មោះចូលរៀន និងអត្រា​រស់រានមានជីវិតរបស់​កុមារ​មានភាពល្អប្រសើរឡើង។ ឧទាហរណ៍ ការចុះឈ្មោះចូលរៀនរបស់កុមារតូច​​អាយុ ៥ឆ្នាំ​បានកើនឡើង​ពី ៦១,៤ភាគរយ​នៅឆ្នាំ២០១៤-២០១៥ ទៅ ៧១,៤ភាគរយ​នៅឆ្នាំ២០២៤-២០២៥1។ ការចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យ​ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពី ៥៣,៣ភាគរយ​ទៅ ៦៩,៥ភាគរយ​នៅក្នុងរយៈពេលដូចគ្នានេះ។1

ចំនួនទាំងនេះឆ្លុះបញ្ចាំងអំពី​វឌ្ឍនភាពពិតប្រាកដ។ ប៉ុន្តែចំនួនទាំងនេះ​ក៏​បង្ហាញអំពី​អ្នកដែលត្រូវបាន​ទុកចោលផងដែរ។ កុមារ​មកពីគ្រួសារ​ក្រីក្រ តំបន់ជនបទ សហគមន៍​ជនជាតិដើមភាគតិច និងកុមារទាំងឡាយដែលមានពិការភាព បន្តប្រឈមមុខ​នឹង​ឧបសគ្គចំពោះ​ការរៀនសូត្រ និង​មានភាពតំណាងមិនគ្រប់គ្រាន់នៅក្នុងថ្នាក់រៀន។ កុមារមានពិការភាពប្រឈមមុខ​នឹង​ឧបសគ្គកាន់តែខ្លាំង​ចំពោះ​ការអប់រំ ដោយពួកគេទំនងជាមិនដែលបានចូលរៀន​ក្នុងកម្រិតទាបជាងកុមារមិនមានពិការភាពចំនួនពីរដង។ 

ដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់​ដែលកុមារ និងយុវវ័យ​កំពុងតែជួបប្រទះ យូនីសេហ្វ ក្នុងភាពជាដៃគូជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក) កំពុងដាក់ដំណើរការ​យុទ្ធនាការជាតិ​មួយ ដែលមានបំណង​កែលម្អ​ការបន្តស្ថិតនៅក្នុងសាលារៀនរបស់យុវវ័យ។ 

យុវវ័យ​ប្រឈមនឹងហានិភ័យ​នៃការទុកចោល៖ យុទ្ធនាការ “ជម្រើសអ្នក អនាគតអ្នក” 

នៅពេលដែលកុមារធំលូតលាស់ឡើង ឧបសគ្គចំពោះ​ការអប់រំ​មានការប្រែប្រួល ប៉ុន្តែឧបសគ្គទាំងនោះមិនបាត់ទៅណាឡើយ។ ចំពោះ​យុវវ័យជាច្រើន ហានិភ័យ​កាន់តែមានភាពខ្លាំងក្លា។ ភាពក្រីក្រ និយាមសង្គម និងឱកាសមានកម្រិត​ ចាប់ផ្តើមកំណត់អំពីជម្រើស និងអនាគតរបស់ពួកគេ។ បើទោះជា​បញ្ហាប្រឈមនៅវ័យកុមារ​​រមែងតែង​កំណត់អំពី របៀបដែល​កុមារចាប់ផ្ដើមការចូលរៀន​នៅសាលារៀន​ក្ដី យុវវ័យ​កំណត់ថាតើពួកគេបន្តស្ថិតនៅក្នុងសាលារៀនឬយ៉ាងណា។ 

ថ្វីបើ​ការចុះឈ្មោះចូលរៀនកើនឡើងក្ដី កុមារមួយចំនួន​នៅតែមិនបានទៅសាលារៀន។ នៅឆ្នាំ២០២៣ នៅកម្ពុជា មាន​កុមារដល់អាយុចូលរៀនចំនួនប្រមាណ ៣លាននាក់ (២លាននាក់​នៅសាលារៀនបឋមសិក្សា និង ១លាននាក់​នៅ​អនុវិទ្យាល័យ)។ ក្នុងចំណោម​កុមារទាំង ៣លាននាក់ កុមារ និងយុវវ័យប្រមាណ ៣០០.០០០នាក់​​បានឈប់រៀន2។ ត្រឹមឆ្នាំ២០២៣ អត្រាការឈប់រៀននៅតែមានកម្រិតខ្ពស់ សិស្សានុសិស្សចំនួន ១៥,៥ភាគរយ​បានឈប់រៀន​នៅថ្នាក់អនុវិទ្យាល័យ3។ បន្ថែមលើនេះ កុមារអាយុ ៣-៥ឆ្នាំចំនួន ៤៣ភាគរយប៉ុណ្ណោះ ដែលបានចុះឈ្មោះចូលរៀន​នៅសាលារៀនមត្តេយ្យសិក្សា3។ បើទោះជាយុវវ័យកាន់តែច្រើន​កំពុងស្ថិតនៅក្នុងសាលារៀន​ក្ដី ពួកគេត្រឹមតែ ៦០ភាគរយប៉ុណ្ណោះ ដែល​បានបញ្ចប់​ថ្នាក់អនុវិទ្យាល័យ3។ 

ចំពោះក្មេងស្រី អាពាហ៍ពិពាហ៍​ និងសេចក្ដីរំពឹងទុកផ្នែកយេនឌ័រ​រមែងតែងធ្វើឱ្យពួកគេទទួលបាន​ការអប់រំរយៈពេលខ្លី។ ចំពោះក្មេងប្រុស ការលំបាកផ្នែកសេដ្ឋកិច្ច និងសម្ពាធពីមិត្តភក្ដិជំរុញឱ្យពួកគេ​ឆ្ពោះទៅរកការងារ​ជំនួសឱ្យការរៀនសូត្រ។​ នៅក្នុងសហគមន៍ជាច្រើន គេមើលឃើញថា ការឈប់រៀន គឺជាជម្រើសបែបអនុវត្តជាក់ស្ដែង ជាពិសេស នៅពេលដែលគេមានអារម្មណ៍ថា ការអប់រំមិនពាក់ព័ន្ធនឹង​ជីវិតប្រចាំថ្ងៃ។ 

បញ្ហាប្រឈមសំខាន់ៗរួមមាន៖ 

  • និយាមសង្គម ដែលអត់ឱន ឬលើកទឹកចិត្ត​ការឈប់រៀន​នៅវ័យក្មេង។ នៅក្នុងសហគមន៍​មួយចំនួន សង្គមទទួលយកការឈប់រៀន ហើយការអប់រំមិនត្រូវបានគេមើលឃើញជាឈ្នាន់ឆ្ពោះទៅរកភាពជោគជ័យឡើយ។
  • អត្រាការឈប់រៀនកម្រិតខ្ពស់នៅក្នុងចំណោម​យុវវ័យ​មកពីគ្រួសារ​ក្រីក្រ ជនជាតិដើមភាគតិច និង​កុមារមានពិការភាព។ យុវវ័យជាច្រើន​ឈប់រៀន​នៅវ័យក្មេង ដោយសារភាពក្រីក្រ សម្ពាធ​ពីមិត្តភក្ដិ ការឆាប់រៀបអាពាហ៍ពិពាហ៍ ឬសេចក្ដីត្រូវការក្នុងការធ្វើការងារ។
  • លទ្ធភាពមានកម្រិតក្នុងការជួបជាមួយនឹងជនគំរូ ការទទួលបានការរៀនសូត្រពាក់ព័ន្ធ និង​ការគាំទ្រផ្លូវចិត្ត។ យុវវ័យរមែងតែងមាន​អារម្មណ៍កាត់ផ្ដាច់ពីអ្វីដែលពួកគេរៀនសូត្រ ហើយអ្នកថែទាំរបស់ពួកគេ ជាពិសេស ឪពុក តែងតែមិន​ចូលរួម​ពាក់ព័ន្ធ​នៅក្នុងការគាំទ្រដល់​ការអប់រំរបស់ពួកគេឡើយ។ 

ដំណោះស្រាយ 

យុទ្ធនាការ “ជម្រើសអ្នក អនាគតអ្នក” ផ្ដោតលើការធ្វើឱ្យ​យុវវ័យ ជាពិសេស យុវវ័យប្រឈមនឹងហានិភ័យ បន្ត​ចូលរួម ទទួលបាន​កិច្ចគាំទ្រ និងស្ថិតនៅក្នុងសាលារៀន។ យុទ្ធនាការនេះ​ដោះស្រាយ​កត្តា​ផ្លូវចិត្ត សង្គម និងសេដ្ឋកិច្ច ដែល​នាំឱ្យរក​ការឈប់រៀន និងលើកកម្ពស់​ការអប់រំ​​ក្នុងនាមជាគន្លងមួយឆ្ពោះទៅរកឱកាស។ 

Embedded video follows

យុវវ័យទទួលបាន​ការលើកទឹកចិត្តឱ្យ៖ 

  • បន្តស្ថិតនៅក្នុងសាលារៀន។ ​ការអប់រំ​ការពារ​ប្រឆាំងនឹងភាពក្រីក្រ ការឆាប់រៀបអាពាហ៍​ពិពាហ៍ និង​ការងារគ្មានសុវត្ថិភាព ព្រមទាំងផ្ដល់ជម្រើសកាន់តែច្រើន​សម្រាប់អនាគត​។
  • បញ្ចេញមតិ។ ការសុំជំនួយនៅពេលជួប្រទះនឹងការលំបាក គឺជារឿងធម្មតាម។ អ្នកមិនចាំបាច់ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមតែម្នាក់ឯងឡើយ។ 

ឪពុកម្ដាយទទួលបាន​ការលើកទឹកចិត្តឱ្យ៖ 

  • ចូលរួម​នៅក្នុងកិច្ចសន្ទនាជាមួយកូន​អំពីសារសំខាន់នៃការបន្តការរៀនសូត្រនៅសាលារៀន និងការបង្កើតជម្រើសវិជ្ជមានសម្រាប់អនាគតរបស់ពួកគេ។
  • ប្រើប្រាស់​ឧបករណ៍នៃយុទ្ធនាការនេះនៅផ្ទះ ដូចជា សម្ភារៈផែនទីបង្ហាញផ្លូវ ដើម្បីពង្រឹងការរៀនសូត្រ និងការជំរុញទឹកចិត្ត។ 

គ្រូបង្រៀនទទួលបាន​ការលើកទឹកចិត្តឱ្យ៖ 

  • ប្រើប្រាស់មគ្គុទ្ទេសក៍ និងកូនសៀវភៅស្ដីពីមិត្តជិតស្និទ្ធ ដើម្បីលើកកម្ពស់​ការណែនាំ និង​កិច្ចគាំទ្រ​ផ្លូវចិត្តនៅក្នុងចំណោម​សិស្សានុសិស្ស។
  • បង្កើតបរិយាកាស​រៀនសូត្រប្រកបដោយបរិយាប័ន្ន និងពាក់ព័ន្ធ ដែលឆ្លុះបញ្ចាំងអំពី​ស្ថានភាពពិត និងការជំរុញទឹកចិត្តរបស់សិស្សានុសិស្ស​ ជាពិសេស ចំពោះ​សិស្សានុសិស្សដែលមកពី​ក្រុមមិនសូវទទួលបាន​ការយកចិត្តទុកដាក់។ 

ដើម្បីគាំទ្រដល់គ្រួសារ គ្រូបង្រៀន និងសហគមន៍ យុទ្ធនាការនេះផ្ដល់ឧបករណ៍បែបអនុវត្តជាក់ស្ដែង៖ 

ឧបករណ៍បែបអនុវត្តជាក់ស្ដែង

ការអនុវត្តយុទ្ធនាការ 

យុទ្ធនាការ​នេះ​នឹងត្រូវអនុវត្តដោយ​ក្រសួង អ.យ.ក យូនីសេហ្វ និងដៃគូ​ នៅទូទាំងប្រទេស តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និង​ប្រព័ន្ធផ្សព្វផ្សាយធំៗ។ យុទ្ធនាការនេះ​ចាប់ផ្ដើម​នៅក្នុងខេត្តនានា​ ដែលមានបញ្ហាប្រឈមពិបាកបំផុត៖ 

  • ខេត្តរតនគីរី៖ ភាពក្រីក្រកម្រិតខ្ពស់ កង្វះអាហារូបត្ថម្ភ និងអត្រាការឈប់រៀនខ្ពស់។ អត្រាអាពាហ៍ពិពាហ៍កុមារខ្ពស់បំផុត ជាពិសេស ​នៅក្នុងចំណោមក្មេងស្រីជនជាតិដើមភាគតិច។
  • ខេត្តសៀមរាប៖ ការធ្លាក់ចុះ​នូវការចុះឈ្មោះចូលរៀន​នៅមត្តយ្យសិក្សា និងកំណើននិន្នាការឈប់រៀន ថ្វីបើ​ជាមជ្ឈមណ្ឌលអប់រំមួយក្នុងចំណោមមជ្ឈមណ្ឌលអប់រំធំបំផុត​នៅក្នុងប្រទេសក្ដី។
  • ខេត្តកំពង់ចាម៖ យុវវ័យ​ឈប់រៀន​មុនពេលរៀនចប់ ដើម្បីធ្វើការងារ ឬរៀបអាពាហ៍​ពិពាហ៍​។ 

ខេត្តទាំងនេះឆ្លុះបញ្ចាំង​វិសមភាពជ្រាលជ្រៅបំផុតរបស់កម្ពុជា និងជាកន្លែងដែលត្រូវមាន​ការផ្លាស់ប្ដូរបន្ទាន់បំផុត។   


1 ប្រព័ន្ធព័ត៌មានគ្រប់គ្រង​ការអប់រំ​ (EMIS) របស់ក្រសួងអប់រំ យុវជន និងកីឡា ២០២៤-២០២៥ 

2 វិទ្យាស្ថានស្ថិតិ UNESCO ២០២៣ 

3 របាយការណ៍សន្នបាតអប់រំ ២០២៥