គោលនយោបាយសង្គម និងហិរញ្ញវត្ថុសាធារណៈដើម្បីកុមារ
ឱកាសស្មើគ្នាសម្រាប់កុមារគ្រប់រូប
- English
- Khmer
ទិដ្ឋភាពទូទៅ
ការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលលើកុមារមិនត្រឹមតែជាភាពត្រឹមត្រូវប៉ុណ្ណោះឡើយ នេះគឺជាការវិនិយោគដ៏ឆ្លាតវៃ។ ភស្តុតាងបង្ហាញថា នៅពេលដែលរដ្ឋាភិបាលផ្ដល់អាទិភាពដល់កុមារតាមរយៈការចំណាយបែបផ្ដោតគោលដៅ និងតាមរយៈសេវាសាធារណៈខ្លាំងក្លា សង្គមនឹងរីកចម្រើន។ សុខភាពមានភាពល្អប្រសើរឡើង ភាពក្រីក្រធ្លាក់ចុះ និងសេដ្ឋកិច្ចមានកំណើនកាន់តែខ្លាំងក្លា។
នៅកម្ពុជា យូនីសេហ្វបានធ្វើការងារជិតសិ្នទ្ធជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីកំណត់គោលនយោបាយដែលផ្ដោតការយកចិត្តទុកដាក់ចំពោះកុមារ និងបង្កើនការវិនិយោគលើសុខុមាលភាពរបស់កុមារ។ លទ្ធផលសំខាន់ៗរួមមាន1៖
- នៅពេលនេះ កុមារ៩២ភាគរយបានចុះបញ្ជីកំណើត ដែលជាការផ្ដល់ដល់ពួកគេនូវអត្តសញ្ញាណផ្លូវច្បាប់ និងលទ្ធភាពទទួលបានសេវាចាំបាច់។2
- ការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែតាមរយៈកម្មវិធីកញ្ចប់គ្រួសារ គ្របដណ្ដប់ទៅដល់គ្រួសារចំនួន ៦៩៤.០០០គ្រួសារ រួមទាំងកុមារមានពិការភាព ១.៩០០នាក់។
- នៅពេលនេះ ជនមានពិការភាពចំនួន ៣០២.១២៥នាក់ ក្នុងនោះកុមារចំនួន ១៧.១៨៥នាក់មានបណ្ណពិការភាព ដែលជួយពួកគេក្នុងការទទួលបានសេវាសង្គម និងកិច្ចកាពារ។
- មរណភាពរបស់កុមារអាយុក្រោមប្រាំឆ្នាំបានធ្លាក់ចុះពី ៣៥នាក់មកនៅ ១៦នាក់ក្នុងកំណើតរស់ ១.០០០នាក់ សូមអរគុណចំពោះការពង្រីកសេវាសុខភាព។
- ការចំណាយនៅថ្នាក់ក្រោមជាតិទៅលើសេវាសង្គមនឹងត្រូវកើនឡើងពី ១៣ភាគរយទៅ ៣២ភាគរយនៅត្រឹមឆ្នាំ២០២៨។
សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់យូនីសេហ្វចំពោះការជួយឱ្យកុមារគ្រប់រូបរស់រានមានជីវិត ធំលូតលាស់ និងសម្រេចបានសក្ដានុពលពេញលេញរបស់ពួកគេ។
បញ្ហាប្រឈម
ថ្វីបើមានវឌ្ឍនភាពទាំងនេះក្ដី កុមារកម្ពុជាចំនួនជិតពាក់កណ្ដាល (៤៦,៧ភាគរយ) ជួបប្រទះនឹងភាពក្រីក្រនៅក្នុងទិដ្ឋភាពជាច្រើន នោះគឺ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព ការអប់រំ និងកិច្ចការពារ3។ តំបន់ដាច់ស្រយាល និងតំបន់ជនបទប្រឈមមុខនឹងភាពខ្វះចន្លោះធំបំផុត ជាមួយនឹងអត្រាកាន់តែខ្ពស់នៃបញ្ហាកង្វះអាហារូបត្ថម្ភ ការឈប់រៀន និងសេវាដែលមានកម្រិត។
វិបត្តិសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុបង្កើនភាពងាយរងគ្រោះទាំងនេះ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាចំនួន ៥៦ភាគរយនៅតែមិនស្ថិតក្រោមការគ្របដណ្ដប់នៃកម្មវិធីកិច្ចគាំពារសង្គម ដែលការណ៍នេះបង្ខំឱ្យគ្រួសារទាំងឡាយពឹងផ្អែកលើបំណុល និងយុទ្ធសាស្រ្តទប់ទល់ប្រកបដោយហានិភ័យ។
ដំណោះស្រាយ
កម្មវិធីគោលនយោបាយ និងហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ (PPF4C) របស់យូនីសេហ្វប្រចាំកម្ពុជា (២០២៤-២០២៨) ដោះស្រាយឧបសគ្គទាំងនេះ។ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ កម្មវិធី PPF4C ធានាថា ធនធាននានាគ្របដណ្ដប់ទៅដល់អ្នកទាំងឡាយ ដែលត្រូវការធនធានទាំងនោះបំផុត រួមទាំងកុមារមានពិការភាព ស្រ្តីមានផ្ទៃពោះ និងគ្រួសារក្រីក្រខ្លាំង។
ជាមួយប្រព័ន្ធប្រកបដោយបរិយាបន្ន និងការវិនិយោគចំគោលដៅ កម្មវិធី PPF4C ពង្រឹងកិច្ចគាំពារសង្គម លើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកសាងឱកាសស្មើគ្នាសម្រាប់កុមារគ្រប់រូប។
ការកសាងប្រព័ន្ធកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន និងចីរភាព
យូនីសេហ្វកំពុងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពង្រីក និងពង្រឹងប្រព័ន្ធកិច្ចគាំពារសង្គមរបស់ខ្លួន។ ចំណុចស្នូលនៃប្រព័ន្ធនេះ គឺកម្មវិធីកញ្ចប់គ្រួសារ ដែលផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ រួមទាំងស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោមពីរឆ្នាំ មនុស្សចាស់ ជនមានពិការភាព និងជនរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍។
ចាប់តាំងពីខែមករា ឆ្នាំ២០២៥ កុមារមកពីគ្រួសារក្រីក្រក៏នឹងទទួលប្រយោជន៍ពីកម្មវិធីអាហារូបករណ៍សម្រាប់ការអប់រំផងដែរ ដើម្បីជំរុញការចុះឈ្មោះចូលរៀន និងទប់ស្កាត់ការឈប់រៀន។ យូនីសេហ្វផ្ដល់ការគាំទ្របច្ចេកទេស និងការបណ្ដុះបណ្ដាល ស្របពេលដែលរដ្ឋាភិបាលគ្រប់គ្រងការអនុវត្ត និងការផ្ដល់មូលនិធិ។ កញ្ចប់គ្រួសារនឹងក្លាយទៅជាបញ្ជីសង្គមរួមបញ្ជូលគ្នាដំបូងរបស់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថល ឆ្លើយតបចំពោះវិបត្តិ និងទទួលបានជោគជ័យនៅពេលអនាគត។
ដើម្បីធានានូវហិរញ្ញប្បទានប្រកបដោយប្រសិទ្ធផល និងបរិយាបន្ន យូនីសេហ្វរួមចំណែកចំពោះកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ កំណែទម្រង់នេះរួមមានការរៀបចំផែនការកាន់តែល្អ ការរៀបចំថវិកាដោយគិតគូរអំពី ហានិភ័យ និងការតាមដានការចំណាយពាក់ព័ន្ធនឹងពិការភាពនៅតាមក្រសួងនានា ពោលគឺ ការធ្វើឱ្យប្រាកដថាប្រាក់ដែលចំណាយចេញទៅ ផ្ដល់ប្រយោជន៍ដល់កុមារគ្រប់រូប។ គួរឱ្យកត់សម្គាល់ ក្រោមភាពជាដៃគូជាមួយរាជរដ្ឋាភិបាល យូនីសេហ្វកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការវិភាគលើថវិការបស់កម្មវិធីនៅតាមក្រសួង និងស្ថាប័នសាធារណៈសំខាន់ៗ រួមមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីវាយតម្លៃការចំណាយលើបរិយាបន្នពិការភាព។ ការងារនេះជួយដល់ស្ថាប័នីយកម្មហិរញ្ញប្បទានប្រកបដោយបរិយាបន្នដែលផ្ដោតលើកុមារ និងធានាថា ការវិនិយោគសាធារណៈគាំទ្រដល់កុមារគ្រប់រូប ជាពិសេស កុមារប្រឈមនឹងហានិភ័យខ្លាំងបំផុត។
ការផ្ដល់អំណាចជូនសហគមន៍ និងអភិបាលកិច្ចមូលដ្ឋាន
នៅពេលវិមជ្ឈការសេវាសាធារណៈ រដ្ឋាភិបាលមូលដ្ឋានគ្រប់គ្រងការទទួលខុសត្រូវ និងថវិកាកាន់តែច្រើន។ យូនីសេហ្វគាំទ្រដល់កំណែទម្រង់នេះតាមរយៈការបណ្ដុះបណ្ដាលមន្រ្តីថ្នាក់ជាតិ និងមូលដ្ឋាននៅក្នុងការរៀបចំផែនការ ការរៀបចំផែនការថវិកា និងការចូលរួមជាមួយពលរដ្ឋ។ សហគមន៍នានាកំពុងចូលរួមនៅក្នុងការកំណត់សេវាមូលដ្ឋានរបស់ពួកគេ ដើម្បីធានាថា សេចក្ដីសម្រេចចិត្តនានាឆ្លុះបញ្ចាំងនូវតម្រូវការពិតប្រាកដ ហើយសិទ្ធិរបស់កុមារ គឺជាចំណុចសំខាន់នៃអភិបាលកិច្ច។ កិច្ចការនេះក៏កែលម្អការគ្រប់គ្រងហិរញ្ញវត្ថុ និងធានាការផ្ដល់អាទិភាពចំពោះតម្រូវការរបស់កុមារនៅគ្រប់កម្រិតផងដែរ។
គម្រោង ACCESS II៖ ការធ្វើឱ្យបរិយាបន្ន គឺជាការពិតសម្រាប់កុមារមានពិការភាព
ACCESS II គឺជាគំនិតផ្ដួចផ្ដើមរយៈពេលប្រាំឆ្នាំ ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្រ្តាលី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការកសាងសេវាសង្គមដែលមានបរិយាបន្នកាន់តែខ្លាំង។ ក្នុងនាមជាដៃគូអនុវត្តន៍ យូនីសេហ្វប្រចាំកម្ពុជាធ្វើការងារជាមួយរដ្ឋាភិបាល ដើម្បីកែលម្អសេវាពិការភាព ធ្វើឱ្យសាលារៀន និងមណ្ឌលសុខភាពមានផាសុកវត្ថុកាន់តែខ្លាំង និងលើកកម្ពស់ការយល់ដឹងដើម្បីកាត់បន្ថយភាពមាក់ងាយ។ តាមរយៈការរួមចំណែកជាជំនាញបច្ចេកទេស និងការស្វែងរកមតិគាំទ្រចំពោះសិទ្ធិកុមារ យូនីសេហ្វជួយធានាថា កុមារមានពិការភាពមិនត្រូវបានទុកចោលឡើយ។
ការលើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជនមានពិការភាព
ក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារសហប្រជាជាតិដទៃទៀត យូនីសេហ្វលើកកម្ពស់បរិយាបន្នសង្គម និងសេដ្ឋកិច្ចរបស់យុវជនមានពិការភាពនៅកម្ពុជា តាមរយៈការគាំទ្រដល់មជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានបំណងធ្វើឱ្យស្ថាប័ននានាមានផាសុកវត្ថុ និងបរិយាបន្នកាន់តែខ្លាំងសម្រាប់អ្នកគ្រប់គ្នា។ តាមរយៈការផ្ដល់ជំនាញ ការណែនាំអំពីអាជីពការងារ និងសេវាទុកដាក់ឱ្យចូលបម្រើការងារដល់យុវជនមានពិការភាព យូនីសេហ្វជួយបង្កើតគន្លងពិតប្រាកដទៅកាន់ការងារសមរម្យ និងភាពឯករាជ្យ។ កិច្ចការនេះបិទភ្ជិតគម្លាតរវាងការអប់រំ និងការងារ ដោយធានាថា យុវជនមានពិការភាពអាចរួមចំណែកចំពោះកំណើនរបស់ប្រទេសកម្ពុជា។
ការកសាងអនាគតកាន់តែប្រសើរសម្រាប់កុមារគ្រប់រូប
កម្មវិធី PPF4C របស់យូនីសេហ្វប្រចាំកម្ពុជាមិនត្រឹមតែពាក់ព័ន្ធនឹងគោលនយោបាយប៉ុណ្ណោះឡើយ ពោលគឺ កម្មវិធីនេះពាក់ព័ន្ធនឹងមនុស្ស។ តាមរយៈការពង្រឹងប្រព័ន្ធនានាប្រកបដោយបរិយាបន្ន ការគាំទ្រដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការផ្ដល់ភាពអង់អាចជូនសហគមន៍ យើងជួយធានាថា កុមារគ្រប់រូប ដោយមិនគិតអំពីកន្លែងដែលពួកគេរស់នៅ ឬពិការភាពរបស់ពួកគេ អាចធំលូតលាស់ប្រកបដោយសុខភាពល្អ ទទួលបានការអប់រំ និងមានសុវត្ថិភាព។ ដោយរួមគ្នាជាមួយនឹងរដ្ឋាភិបាល និងដៃគូ យូនីសេហ្វកំពុងចាក់មូលដ្ឋានគ្រឹះសម្រាប់ប្រទេសមួយកាន់តែមានភាពយុត្តិធម៌ និងភាពធន់កាន់តែខ្លាំង ដែលកុមារគ្រប់រូបមានឱកាសធំលូតលាស់។
- CDHS ២០២២ https://www.nis.gov.kh/nis/CDHS/2021-22/Cambodia_DHS2021-2022_Final_Report_EN.pdf
- CDHS, ២០២១-២០២២