សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

កុមារក្នុងបរិបទការប្រែប្រួលអាកាសធាតុ៖ សន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់ប្រទេសកម្ពុជា

ការសម្លឹងមើលស៊ីជម្រៅលើភាពប្រឈម និងផលប៉ះពាល់លើកុមារកម្ពុជាដោយសារការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់បរិស្ថាន

កុមារក្នុងបរិបន្នការប្រែប្រួលអាកាសធាតុ៖ សន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់ប្រទេសកម្ពុជា

វិបត្តិអាកាសធាតុមិនគ្រាន់តែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភពផែនដីប៉ុណ្ណោះទេ ក៏ប៉ុន្តែវិបត្តិនេះកំពុងតែបង្កការគំរាមកំហែងដល់កុមារផងដែរ។  ចាប់តាំងពីដំណាក់កាលបង្កកំណើតដំបូងក្នុងផ្ទៃមាតា រហូតដល់កុមារធំពេញវ័យ សុខភាពនិងការអភិវឌ្ឍផ្នែកខួរក្បាល សួត ប្រព័ន្ធការពាររាង្គកាយ និងមុខងារសំខាន់ៗផ្សេងទៀតរបស់កុមារ ទទួលរងឥទ្ធិពលពីបរិស្ថានជុំវិញខ្លួនដែលពួកគេរស់នៅ។ កុមារមិនដូចមនុស្សពេញវ័យទេ។ រាងកាយ និងស្មារតីរបស់កុមារងាយនឹងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាននានា ដូចជា ការបំពុល ជំងឺដែលបណ្តាលឱ្យ​បាត់បង់ជីវិត និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផ្សេងៗ ជាដើម។

វិបត្តិបរិស្ថាន និងអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ។ នៅពេលដែលគ្រោះថ្នាក់អាកាសធាតុបន្តកើតឡើងកាន់តែខ្លាំង នៅទូទាំងពិភពលោក កុមារកាន់តែច្រើនទ្បើងៗក៏កំពុងតែបាត់បង់ឱកាសក្នុងការទទួលបានសក្តានុពលយ៉ាងពេញលេញ និងសិទ្ធិមូលដ្ឋានក្នុងការរស់រានមានជីវិត និងលូតលាស់ដែរ។

នៅឆ្នាំ២០២១ យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសកល (CCRI) នៃយូនីសេហ្វ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោមប្រទេសចំនួន១៦៣ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកុមារប្រឈមនឹងហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ។ ពីទីក្រុងធំបំផុតទៅសហគមន៍ជនបទតូចបំផុត កុមារកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធម្មជាតិ និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្សដែលមិនធ្លាប់មានពីមុនមក ហើយវាធ្វើឱ្យវិសមភាពដែលមានស្រាប់កាន់តែមានសភាពកាន់តែធ្ងន់ធ្ងរ។

CCRI សម្រាប់ប្រទេសកម្ពុជា បង្ហាញនូវភស្តុតាងដែលមិនធ្លាប់មានពីមុនមក អំពីវិសមភាពនៅក្នុងប្រទេស តាមរយៈទិន្នន័យលម្អិត ដែលផ្តោតលើកុមារនៅថ្នាក់ឃុំ ដោយគូសបង្ហាញអំពីតំបន់ដែលកុមារប្រឈមមុខខ្ពស់បំផុតទៅនឹងហានិភ័យអាកាសធាតុនិងបរិស្ថានដោយសារកង្វះការទទួលបានសេវាសង្គមចាំបាច់។ ឧបករណ៍នេះត្រូវបានបង្កើតឡើងជាធនធានដ៏សំខាន់មួយសម្រាប់ ការឆ្លើយតបចំគោលដៅ និងមានប្រសិទ្ធភាព ទៅនឹងហានិភ័យអាកាសធាតុនិងបរិស្ថាន ដែលគិតគូរជាពិសេសអំពីតម្រូវការ និងភាពងាយរងគ្រោះរបស់កុមារ ដែលជាជំហានឆ្ពោះទៅរកការបង្កើតអនាគតដែលធន់នឹងអាកាសធាតុសម្រាប់មនុស្សគ្រប់រូប។

តើ CCRI សម្រាប់ប្រទេសកម្ពុជាបង្ហាញអំពីហានិភ័យអ្វីខ្លះដែលកុមារកំពុងជួបប្រទះ? សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម

CCRI សម្រាប់ប្រទេសកម្ពុជា បង្ហាញរូបភាពដ៏គួរឲ្យព្រួយបារម្ភ អំពីកម្រិតហានិភ័យអាកាសធាតុ បរិស្ថាន និងគ្រោះមហន្តរាយ ដែលកុមារក្រីក្របំផុត និងខ្វះខាតបំផុត កំពុងជួបប្រទះ និងបញ្ហាប្រឈមដែលធ្វើឱ្យពួកគេពិបាកក្នុងការទទួលបានសេវាសង្គម និងសេវាសង្គ្រោះជីវិតចាំបាច់ ។

  • កុមារប្រហែល ១,៩ លាននាក់ ជាងមួយភាគបីនៃកុមារកម្ពុជា រស់នៅក្នុងឃុំ ដែលមានហានិភ័យអាកាសធាតុខ្ពស់ ឬខ្ពស់ខ្លាំង។ ឃុំទាំងនេះ ភាគច្រើន ស្ថិតនៅតាមតំបន់ជនបទ ជាពិសេសនៅភូមិភាគឦសាន និងនៅតាមតំបន់បឹងទន្លេសាប ដែលជាតំបន់ក្រីក្របំផុតនៅក្នុងប្រទេសកម្ពុជា និងជាស្រុកកំណើតរបស់ក្រុមជនជាតិដើមភាគតិច។
  • កុមារប្រហែល ២,៣ លាននាក់ ជិតពាក់កណ្តាលនៃកុមារកម្ពុជា រស់នៅក្នុងឃុំ ដែលប្រឈមមុខខ្ពស់​ឬខ្ពស់ខ្លាំងទៅនឹងហានិភ័យអាកាសធាតុនិងបិរស្ថាន។
  • កុមារប្រហែល ២,២ លាននាក់ ជិតពាក់កណ្តាលនៃកុមារកម្ពុជា រស់នៅក្នុងឃុំដែលប្រឈមមុខខ្ពស់​ឬខ្ពស់ខ្លាំងទៅនឹងទឹកជំនន់ទន្លេ ។
  • កុមារប្រហែល ៣ លាននាក់ ជាងពាក់កណ្តាលនៃកុមារកម្ពុជា រស់នៅក្នុងឃុំដែលប្រឈមមុខខ្ពស់ឬខ្ពស់ខ្លាំងទៅនឹងជំងឺដែលបង្កដោយភ្នាក់ងារចម្លង ។
  • កុមារប្រហែល ២,៧ លាននាក់ ពាក់កណ្តាលនៃកុមារកម្ពុជា រស់នៅក្នុងឃុំដែលប្រឈមមុខខ្ពស់ឬខ្ពស់ខ្លាំងទៅនឹងការបំពុលខ្យល់។

ផ្ទាំងបង្ហាញព័ត៌មាន និងទិន្នន័យ CCRI

  • Dashboard and Data Portal-UNICEF: HERE
  • Dashboard and Data Portal - Ministry of Environment: HERE
  • Cambodia CCRI Report: HERE

យូនីសេហ្វអំពាវនាវដល់រដ្ឋាភិបាល អាជីវកម្ម និងតួអង្គពាក់ព័ន្ធឱ្យ៖

  • បង្កើនការវិនិយោគលើការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុ នៃសេវាសំខាន់ៗសម្រាប់កុមារ ដើម្បីធានាថា កុមារី និងកុមារាគ្រប់រូបមានលទ្ធភាពទទួលបានការថែទាំសុខភាព ការអប់រំប្រកបដោយគុណភាព និងបរិស្ថានស្អាត និងមានសុវត្ថិភាព
  • កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងគាំទ្រដល់អន្តរកាលនៃវិស័យសេវាសង្គមក្នុងការប្រ់ប្រាស់ថាមពលកកើតឡើងវិញ រួមទាំងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ផងដែរ
  • ផ្តល់ជូនកុមារនូវការអប់រំអំពីអាកាសធាតុ និងជំនាញបៃតង ទាំងនៅសាលារៀន និងនៅក្នុងដំណើរសិក្សារបស់ពួកគេទាំងមូល
  • លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យសុខភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ទាំងក្នុងចំណោមយុវជន និងកុមារ ឪពុកម្តាយ/អ្នកថែទាំ ប្រព័ន្ធផ្សព្វផ្សាយ និង តាមប្រព័ន្ធឌីជីថល និងអ្នកដឹកនាំនៅក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសនៅថ្នាក់ក្រោមជាតិ
  • រួមបញ្ចូលប្រជាជនវ័យក្មេងនៅរាល់ការចរចា និងការសម្រេចចិត្តទាក់ទងនឹងបញ្ហាអាកាសធាតុថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងនៅក្នុងសន្និសីទបណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP) ផងដែរ។ ត្រូវតែរួមបញ្ចូលកុមារ និងប្រជាជនវ័យក្មេងនៅរាល់ការសម្រេចចិត្តទាក់ទងនឹងអាកាសធាតុ។

តើ CCRI សម្រាប់ប្រទេសកម្ពុជាគឺជាអ្វី?

សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារកម្ពុជា (CCRI) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តការរវាងក្រសួងបរិស្ថាន និងយូនីសេហ្វ។ សន្ទស្សន៍នេះបង្ហាញនូវភស្តុតាងដែលមិនធ្លាប់មានពីមុនមកអំពីចំនួនកុមារដែលប្រឈមនឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នាពេលបច្ចុប្បន្ន។ សន្ទស្សន៍នេះគឺជា សន្ទស្សន៍ដំបូងគេបង្អស់ដែលផ្តោតលើរដ្ឋបាលថ្នាក់ទាបបំផុត (ឃុំ) ដែលផ្តល់រូបភាពលម្អិតអំពីភាពងាយរងគ្រោះរបស់កុមារ ដោយផ្អែកលើការទទួលបាន សេវាសង្គមចាំបាច់សំខាន់ៗ ដូចជា សេវាសុខាភិបាល ការអប់រំ សេវាទឹកស្អាត និងអនាម័យ កិច្ចគាំពារសង្គម និងសេវាការពារកុមារ។ សន្ទស្សន៍នេះ​ត្រូវ​បាន​បន្សាំមកថ្នាក់ក្រោមជាតិពីក្របខណ្ឌសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសកលរបស់យូនីសេហ្វ។