សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការអប់រំ

សម្រាប់កុមារគ្រប់រូប ការអប់រំប្រកបដោយគុណភាព និងបំណិនជីវិត

© UNICEF Cambodia/2024/Bunsak But
UNICEF Cambodia/2024/Bunsak But

ទិដ្ឋភាពរួម

កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំរៀនសូត្រ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការគាំទ្រគ្រប់គ្រាន់ចំពោះការរៀនសូត្រ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យពួកគេអាចអភិវឌ្ឍសក្តានុពលពេញលេញរបស់ខ្លួន។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គេសង្កេតឃើញមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនកុមារដែលបានចុះឈ្មោះចូលរៀន បានចូលរៀន និងបានបញ្ចប់ថ្នាក់នៅក្នុងប្រទេសកម្ពុជា។ 

នៅឆ្នាំ ២០២១ អត្រាចូលរៀនសុទ្ធនៅកម្រិតបឋមសិក្សាបានកើនឡើងដល់ ៩៤ ភាគរយ រីឯអត្រាបញ្ចប់ថ្នាក់គឺ ៨៤ភាគរយ ។1

© UNICEF Cambodia/2024/Bunsak But
UNICEF Cambodia/2024/Bunsak But

បញ្ហាប្រឈម

ក្មេងស្រី និងក្មេងប្រុសជាច្រើននៅតែមានភាពអន់ថយជាងគេភ្នែកសិក្សា ដោយសារហេតុផលនានា ដូចជាគុណភាពនៃការបង្រៀន និងការរៀនមិនល្អ ក៏ដូចជាអត្រាចូលរៀនមិនបានទៀងទាត់។ ភាពអន់ថយនេះកើតមានជាពិសេសលើកុមារដែលរស់នៅជាមួយពិការភាព ឬរស់នៅក្នុងគ្រួសារក្រីក្រ។ ជាលទ្ធផល ពួកគេជាច្រើនបានបោះបង់ការសិក្សាចេញពីសាលាទាំងស្រុង ដោយសារមូលហេតុស្រដៀងគ្នានេះ។ ក្រៅពីនេះ​​ ក៏មានបញ្ហាប្រឈមជាច្រើនផ្សេងទៀតដែរ ក្នុងនោះកុមារជាច្រើនទទួលរងនូវអំពើហិង្សានៅក្នុងថ្នាក់រៀនរបស់ពួកគេ ឯក្មេងស្រីវ័យជំទង់ខកខានចូលរៀនដោយសារមិនមានប្រព័ន្ធទឹកស្អាត និងអនាម័យ (WASH) គ្រប់គ្រាន់ រីឯកុមារមានពិការភាពនៅតែទទួលរងការរើសអើង ហើយឪពុកម្តាយជាច្រើនមិនយល់ពីតម្លៃនៃការអប់រំ និងមិនមានលទ្ធភាពបញ្ជូនកូនពួកគេទៅសាលារៀន ជាពិសេសនៅក្នុងតំបន់ជនបទ និងតំបន់ខ្វះខាត។

វិបត្តិដែលមិនធ្លាប់មានពីមុនមក ដូចជាជំងឺរាតត្បាតជាសកលកូវីដ-១៩ បានធ្វើឲ្យកុមារបាត់បង់ឱកាសកាន់តែខ្លាំង និងនៅតែបន្តរងការបាត់បង់ឱកាសរៀនសូត្រយ៉ាងធ្ងន់ធ្ងរ ដោយសារការបិទសាលារៀន។ បច្ចុប្បន្ននេះ គ្រោះមហន្តរាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ កំពុងកើនឡើងយ៉ាងគំហុក ដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់សមត្ថភាពរបស់កុមារក្នុងការរៀនសូត្រ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមានទាំងនេះ យើងខិតខំធ្វើការដើម្បីបង្កើនភាពធន់នៃសាលារៀន និងសហគមន៍ ដើម្បីអាចទប់ទល់ជាមួយនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ហើយយើងក៏បានផ្តល់ភាពអង់អាចដល់កុមារ និងយុវវ័យ ដើម្បីកាត់បន្ថយ និងបន្ស៊ាំខ្លួនទៅនឹងហានិភ័យអាកាសធាតុផងដែរ។

  • កុមារ និងក្មេងជំទង់នៅក្នុងវ័យសិក្សានៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាប្រមាណ ៣០៥.០០ នាក់ នៅតែស្ថិតនៅក្រៅប្រព័ន្ធអប់រំ។2
  • អត្រាបញ្ចប់ការសិក្សានៅតែមានកម្រិតទាបគួរឱ្យភ្ញាក់ផ្អើលនៅទូទាំងប្រទេស - ៨៤ ភាគរយ នៅកម្រិតបឋមសិក្សា ៥២ ភាគរយ នៅកម្រិតមធ្យមសិក្សាបឋមភូមិ និង ២៨ ភាគរយ នៅកម្រិតមធ្យមសិក្សាទុតិយភូមិ3
  • សិស្សមួយចំនួនធំ បានបរាជ័យក្នុងការសម្រេចបាននូវកម្រិតសមត្ថភាពអប្បបរមា លើជំនាញសំខាន់ៗ ដូចជា ការអាន និងគណិតវិទ្យា។ ការវាយតម្លៃការសិក្សាថ្នាក់ជាតិសម្រាប់ថ្នាក់ទី ៦ ក្នុងឆ្នាំ ២០២១ ក៏បានបង្ហាញពីការធ្លាក់ចុះនៃលទ្ធផលសិក្សាក្នុងអំឡុងពេលជំងឺរាតត្បាតជាសកលកូវីដ-១៩ ដោយក្នុងនោះសិស្ស ៤៥ ភាគរយ ស្ថិតនៅក្រោមសមត្ថភាពមូលដ្ឋានផ្នែកភាសាខ្មែរ ហើយ ៧៥ ភាគរយស្ថិតក្រោមសមត្ថភាពមូលដ្ឋានផ្នែកគណិតវិទ្យា4
  • អត្រាមិនបានចូលរៀននៅបឋមសិក្សាសម្រាប់កុមារមានពិការភាពនៅកម្ពុជា គឺ ៦១ ភាគរយ បើធៀបនឹង ៤ ភាគរយសម្រាប់កុមារដែលគ្មានពិការភាព5
  • មានតែ ៦៧ ភាគរយប៉ុណ្ណោះនៃកុមារជនជាតិភាគតិច ដែលបានបញ្ចប់ការអប់រំថ្នាក់បឋមសិក្សា ពោលគឺ ១៧ ភាគរយទាបជាងមធ្យមភាគថ្នាក់ជាតិ6
  • ជាទូទៅ ក្មេងស្រីបង្ហាញលទ្ធផលការសិក្សាប្រសើរជាងក្មេងប្រុសនៅពេលវាយតម្លៃ ប៉ុន្តែពួកគេមានចំនួនតិចតួចនៅក្នុងការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ ដូចជាបច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) (23 ភាគរយ) បើប្រៀបធៀបទៅនឹងក្មេងប្រុស (៤៨ ភាគរយ)7
© UNICEF Cambodia/2024/Bunsak But
UNICEF Cambodia/2024/Bunsak But

ដំណោះស្រាយ

កម្មវិធីអប់រំរបស់យូនីសេហ្វ ប្រចាំកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីប្រទេសសម្រាប់ឆ្នាំ ២០២៤-២០២៨ មានលក្ខណៈស្របតាមក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDCF) និងធ្វើការដើម្បីធានាថា កុមារគ្រប់រូបទទួលបានសិទ្ធិក្នុងការទទួលបានការអប់រំ ដូចដែលមានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) ។

ការអប់រំគឺជាការវិនិយោគលើអនាគតរបស់កុមារ និងប្រទេស។ យូនីសេហ្វ ចង់ឃើញបរិយាកាសសិក្សាមួយដែលកុមារទាំងអស់ ជាពិសេសកុមារដែលងាយរងគ្រោះបំផុត ទទួលបានជំនាញមូលដ្ឋានគ្រឹះ និងជំនាញសតវត្សរ៍ទី ២១ ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យពេញមួយជីវិតរបស់ពួកគេ ។ ដើម្បីសម្រេចបានទស្សនវិស័យនេះ យូនីសេហ្វ ធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូផ្សេងទៀត ដើម្បីកែលម្អគុណភាពនៃការបង្រៀន និងការសិក្សា និងបង្កើតបរិយាកាសសាលារៀនដែលមានផាសុកភាព និងសុវត្ថិភាព ដែលលើកទឹកចិត្តឱ្យឪពុកម្តាយបញ្ជូនកូនទៅសាលារៀន គាំទ្រសិស្សឱ្យស្ថិតនៅក្នុងសាលារៀនរហូតចប់ថ្នាក់ និងធានាថាកុមារមានឱកាសរៀនសូត្របានល្អនៅពេលពួកគេនៅទីនោះ ។

បង្កើតប្រព័ន្ធអប់រំដែលមានភាពធន់សម្រាប់កុមារគ្រប់រូប

យើងស្វែងរកការគាំទ្រ និងជម្រុញមតិឲ្យមានការផ្លាស់ប្តូរគោលនយោបាយ ដើម្បីពង្រឹង និងបង្កើនភាពពាក់ព័ន្ធ និងភាពធន់នៃប្រព័ន្ធអប់រំ ដោយផ្តោតលើបញ្ហានានា ដូចជាការអប់រំឌីជីថល ការដាក់ពង្រាយគ្រូបង្រៀនប្រកបដោយសមធម៌ ការអភិវឌ្ឍអាជីពគ្រូបង្រៀន ការអប់រំប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍជំនាញសតវត្សរ៍ទី ២១។ យើងពង្រឹងប្រព័ន្ធដើម្បីប្រមូល និងវិភាគទិន្នន័យស្តីពីការបោះបង់ការសិក្សា លទ្ធផលសិក្សា ។ល។ ដើម្បីជួយដល់ការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវិធីថ្មី និងដែលមានស្រាប់ ។

ជំរុញការទទួលបានការអប់រំដែលមានគុណភាព​សម្រាប់កុមារដែលងាយរងគ្រោះបំផុត

ដើម្បីធានាថា កុមារគ្រប់រូបមានឱកាសរៀនសូត្រ យើងផ្តោតលើការទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្នសម្រាប់ក្រុមដែលងាយរងគ្រោះបំផុត រួមទាំង កុមារមានពិការភាព កុមារជនជាតិភាគតិច និងកុមារដែលរស់នៅក្នុងតំបន់ជនបទ និងតំបន់ក្រីក្រក្នុងទីក្រុង។ យើងដឹកនាំភាពច្នៃប្រឌិតក្នុងប្រព័ន្ធអប់រំរួមមាន - សាលាមត្តេយ្យសហគមន៍ ការអាន និងគណិតវិទ្យាថ្នាក់ដំបូង ជំនាញបំណិនជីវិត និងការអប់រំឌីជីថល ការអប់រំប្រកបដោយបរិយាបន្ន ការអប់រំពហុភាសាសម្រាប់កុមារជនជាតិភាគតិច និងការបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលា - សំដៅដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតសម្រាប់ក្រុមប្រជាជនដែលងាយរងគ្រោះ គាំទ្រអ្នកសិក្សាគ្រប់វ័យដើម្បីទទួលបានបំណិនមូលដ្ឋានគ្រឹះ និងបំណិនពេញមួយជីវិតដែលអាចផ្ទេរបាន ព្រមទាំងធានាថា សិស្សទទួលបានការគាំទ្រប្រសិនបើពួកគេរៀនមិនទាន់គេ ។


  1. Cambodia Socio-Economic Survey (CSES), 2021.
  2. UNESCO Institute for Statistics Global Database, 2023.
  3. UNICEF/MoEYS Sustainable Development Goal 4 Mid-term Review Report, 2024.
  4. Learning Loss in the COVID-19 Pandemic Era, 2022.
  5. UNICEF/MoEYS Sustainable Development Goal 4 Mid-term Review Report, 2024.
  6. UNICEF/MoEYS Sustainable Development Goal 4 Mid-term Review Report, 2024.
  7. MoEYS Education Congress Report, 2025.