លិខិតចំហជូនចំពោះកុមារទាំងអស់ក្នុងពិភពលោក

ហេតុផល ៨យ៉ាង ដែលធ្វើឱ្យខ្ញុំព្រួយបារម្ភ និងមានក្ដីសង្ឃឹមអំពីកុមារជំនាន់ក្រោយ

N_ED_Letter_Assets_1_Hero_ED_0.png
UNICEF

កុមារនៅថ្ងៃនេះ និងកុមារនៅថ្ងៃស្អែកជាទីស្រឡាញ់

កាលពី៣០ឆ្នាំមុន នៅពេលស្ថានភាពពិភពលោកកំពុងមានការប្រែប្រួល ការដួលរលំនៃជញ្ជាំង​ក្រុងប៊ែរឡាំង ការធ្លាក់ចុះនូវរបបរើសអើងពូជសាសន៍នៅអាហ្វ្រិកខាងត្បូង ការចាប់បដិសន្ធិនៃប្រព័ន្ធអ៊ីនធឺណិត ពិភពលោកបានរួបរួមគ្នា ដើម្បីការពារកុមារ និងកុមារភាព។ ទោះបីជាឪពុកម្ដាយភាគច្រើននៅក្នុងពិភពលោកកាលជំនាន់នោះ ចម្រើនវ័យក្រោមរបបផ្ដាច់ការ ឬក្រោមរដ្ឋាភិបាលបរាជ័យ ពួកគេមានក្ដីសង្ឃឹមចង់ឱ្យកូនៗពួកគេទទួលបានជីវិតកាន់តែប្រសើរជាងមុន ព្រមទាំងទទួលបានឱកាស និងសិទ្ធិកាន់តែច្រើន។ ដូច្នេះនៅពេលថ្នាក់ដឹកនាំមកជួបជុំគ្នានៅក្នុងឆ្នាំ១៩៨៩ នៅក្នុងឱកាសដ៏កម្រដែលសកលលោកទាំងមូលរួបរួមគ្នា ដើម្បីដាក់ចេញនូវការប្ដេជ្ញាចិត្តជាប្រវត្តិ​សាស្រ្តសម្រាប់កុមារនៅក្នុងពិភពលោក​ ពោលគឺដើម្បីការពារ និងសម្រេចឱ្យបាននូវសិទ្ធិរបស់ពួកគេ ពេលនោះហើយជាពេលដែលមានការផ្ដល់សេចក្ដីសង្ឃឹមពិតប្រាកដសម្រាប់មនុស្សជំនាន់ក្រោយ។

ដូច្នេះតើយើងសម្រេចបាននូវវឌ្ឍនប៉ុន្មានរហូតមកដល់បច្ចុប្បន្ននេះ? ក្នុងរយៈពេល ៣ទសវត្សរ៍ក្រោយការអនុម័តអនុសញ្ញាស្ដីពីសិទ្ធិកុមារ បើទោះបីជាចំនួនប្រជាជននៅក្នុងសកលលោកកើនឡើងខ្លាំងយ៉ាងណាក៏ដោយ យើងបានកាត់បន្ថយចំនួនកុមារដែលមិនបានចូលរៀននៅកម្រិតបឋមសិក្សាបានចំនួន ៤០ ភាគរយ។ ចំនួនកុមារក្រិសក្រិនអាយុក្រោម ៥ឆ្នាំ បានថយចុះជាង ១០០លាននាក់។ កាលពី ៣ទសវត្សរ៍មុន ជំងឺគ្រុនស្វិតដៃជើង បានធ្វើឱ្យកុមារជិត ១.០០០ នាក់ ត្រូវពិការ ឬបាត់បង់ជីវិតជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ ករណីបែបនេះ ៩៩ ភាគរយត្រូវបានលុបបំបាត់។ អន្តរាគមន៍ជាច្រើនត្រូវបានអនុវត្ត ដែលនាំឲ្យឈានទៅ សម្រេចបានវឌ្ឍនភាពបែបនេះ ដូចជាការចាក់ថ្នាំបង្ការ ការផ្ដល់នូវអំបិលសម្រាប់បំពេញជាតិទឹក និងការលើកកម្ពស់អាហារូបត្ថម្ភ ជាដើម ដែលសុទ្ធតែជាអន្តរាគមន៍ងាយស្រួលអនុវត្ត និងមានប្រសិទ្ធភាពចំណាយ។ ការបង្កើតនូវបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាចល័ត ព្រមទាំងនវានុវត្តន៍ផ្សេងទៀត ធ្វើឱ្យគេកាន់តែមានភាពងាយស្រួលក្នុងការផ្ដល់សេវាសំខាន់ៗ កាន់តែមានប្រសិទ្ធភាពជាងមុនដល់សហគមន៍ដែលពិបាកទៅដល់ និងដើម្បីពង្រីកឱកាសនានា។

“មូលហេតុចំនួន៨ ដែលធ្វើឱ្យខ្ញុំមានការព្រួយបារម្ភអំពីអនាគតរបស់អ្នក  និងមូលហេតុដែលចំនួន៨ ដែលខ្ញុំគិតថាត្រូវមានក្ដីសង្ឃឹម។”

ទោះជាយ៉ាងនេះក្តី ភាពក្រីក្រ វិសមភាព ការរើសអើង និងបញ្ហាចម្ងាយឆ្ងាយ នៅតែធ្វើឱ្យកុមាររាប់លាននាក់ ពុំបានទទួលសិទ្ធិរបស់ពួកគេជារៀងរាល់ឆ្នាំ ពោលគឺមានកុមារក្រោមអាយុ៥ឆ្នាំ ១៥.០០០នាក់​នៅបន្តបាត់បង់ជីវិតជារៀងរាល់ថ្ងៃ ភាគច្រើនដោយសារជំងឺដែលគេអាចព្យាបាលបាន និងដោយសារមូលហេតុដែលអាចបង្ការជាមុនបានផ្សេងទៀត។ យើងកំពុងប្រឈមនឹងការកើនឡើងគួរឱ្យព្រួយបារម្ភនូវករណីកុមារលើសទម្ងន់ និងករណីកុមារីមានបញ្ហាស្លេកស្លាំង។ បញ្ហាប្រឈមដែលពិបាកដោះស្រាយផ្សេងទៀតមានដូចជា ការបន្ទោរបង់ពាសវាលពាសកាល និងការរៀបអាពាហ៍ពិពាហ៍កុមារ បន្តបង្កការគំរាមកំហែងដល់សុខភាព និងអនាគតរបស់កុមារ។ ខណៈពេលដែលចំនួនកុមារកំពុងរៀនសូត្រតាមសាលារៀន មានការកើនឡើងច្រើនជាងពេលណាៗទាំងអស់ បច្ចុប្បន្ននេះបញ្ហាប្រឈមមួយទៀត គឺការពុំបានជួយឱ្យពួកគេទទួលបានការអប់រំប្រកបដោយគុណភាព។ ការមានវត្តមាននៅក្នុងសាលារៀន មិនដូចគ្នានឹងការរៀនសូត្រនោះឡើយ។ សិស្សបឋមសិក្សាជាង ៦០ ភាគរយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅពុំទាន់បានទទួលចំណេះដឹងក្នុងកម្រិតអប្បបរមានៅឡើយ ហើយក្មេងជំទង់ពាក់កណ្ដាលនៅក្នុងពិភពលោក នៅកំពុងជួបប្រទះនឹងអំពើហិង្សា ទាំងក្នុង ទាំងនៅជុំវិញសាលារៀន ដូច្នេះសាលារៀនហាក់បីដូចជាមិនមែនកន្លែងផ្ដល់សុវត្ថិភាពដល់ពួកគេនោះទេ។ បញ្ហាជម្លោះនៅបន្តធ្វើឱ្យកុមារពុំបានទទួលការការពារ សេវាសុខភាព និងអនាគតដែលពួកគេសមនឹងទទួលបាន។ បញ្ជីរាយឈ្មោះបញ្ហាប្រឈមពាក់ព័ន្ធនឹងសិទ្ធិកុមារដែលកំពុងបន្តកើតឡើង គឺជាបញ្ជីមួយដ៏វែងអន្លាយ។  

ហើយមនុស្សជំនាន់របស់អ្នក ពោលគឺកុមារនាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាប្រឈមថ្មីៗផ្សេងទៀត ព្រមទាំងការផ្លាស់ប្តូរនៅក្នុងសកលលោកដែលឪពុកម្ដាយរបស់អ្នកមិនដែលគិតដល់ក្នុងជំនាន់ពួកគេ។ អាកាសធាតុរបស់យើងកំពុងប្រែប្រួល ហួសពីអ្វីដែលយើងអាចដឹងបាន។ បញ្ហាវិសមភាពកាន់តែមានកម្រិតធ្ងន់ធ្ងរ។ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរការយល់ឃើញរបស់យើងពីពិភពលោក។ រួមទាំងមានប្រជាពលរដ្ឋកាន់តែច្រើនគ្រួសារកំពុងធ្វើចំណាកស្រុកជាងពេលណាៗទាំងអស់។ វ័យកុមារភាពក៏មានការប្រែប្រួលផងដែរ ហើយយើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរវិធីសាស្រ្តនៃការរស់នៅរបស់យើង ដើម្បី​សម្របខ្លួនទៅនឹងបញ្ហាទាំងនេះ។

ដូច្នេះ ខណៈពេលយើងធ្វើការឆ្លុះបញ្ចាំងរយៈពេល ៣០ឆ្នាំនៃការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ យើងក៏គួរសម្លឹងទៅមុខផងដែរ ពោលគឺសម្លឹងទៅរយៈពេល ៣០ឆ្នាំបន្ទាប់។ យើងត្រូវស្ដាប់អ្នក ដែលជាកុមារ និងមនុស្សវ័យក្មេងនាពេលបច្ចុប្បន្ននេះ អំពីបញ្ហាគួរព្រួយបារម្ភធំជាងគេសម្រាប់អ្នក ហើយចាប់ផ្ដើមធ្វើការជាមួយអ្នក ដើម្បីស្វែងរកដំណោះស្រាយសតវត្សរ៍ទី២១ ចំពោះបញ្ហាដែល​កើតឡើងនៅក្នុងសតវត្សរ៍ទី២១។

ជាមួយនឹងគោលគំនិតបែបនេះ ខ្ញុំសូមលើកយក មូលហេតុចំនួន៨ ដែលធ្វើឱ្យខ្ញុំមានការព្រួយបារម្ភអំពីអនាគតរបស់អ្នក និងមូលហេតុដែលចំនួន៨ ដែលខ្ញុំគិតថាត្រូវមានក្ដីសង្ឃឹម៖

១. អ្នកត្រូវការទឹកស្អាត ខ្យល់ស្អាត និងអាកាសធាតុមានសុវត្ថិភាព

២.  ក្នុងចំណោមអ្នកទាំងអស់គ្នាចំណោម ៤នាក់ មានម្នាក់ទំនងជារស់នៅ និងរៀនសូត្រក្នុងតំបន់រងផលប៉ះពាល់ពីជម្លោះ និងគ្រោះមហន្តរាយ

៣. យើងត្រូវធានថាការនិយាយអំពីបញ្ហាសុខភាពផ្លូវចិត្ត ក្លាយជារឿងធម្មតា

៤. អ្នកទាំងអស់គ្នាជាង ៣០លាននាក់ បានធ្វើចំណាកស្រុកចេញពីកន្លែងកំណើត

៥. អ្នកទាំងអស់គ្នារាប់ពាន់នាក់ នឹងមិនមានអត្តសញ្ញាណស្របច្បាប់ទ្បើយ លុះត្រាយើងធ្វើសកម្មភាព

៦. អ្នកត្រូវការជំនាញសតវត្សរ៍ទី២១ សម្រាប់សេដ្ឋកិច្ចសតវត្សរ៍ទី ២១

៧. ទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក ត្រូវទទួលបានការការពារ

៨. អ្នកប្រហែលជាឋិតក្នុងជំនាន់ដែលជឿជាក់តិចបំផុត មិនធ្លាប់មានកន្លងមក

អ្នកត្រូវការទឹកស្អាត ខ្យល់ស្អាត  និងអាកាសធាតុមានសុវត្ថិភាព

ហេតុអ្វីបានជាខ្ញុំព្រួយបារម្ភ៖

ជាការពិត កុមារទាំងអស់មានតម្រូវការជាមូលដ្ឋានទាំងនេះ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ ពោលគឺត្រូវមានបរិយាកាសស្អាតសម្រាប់រស់នៅ ខ្យល់ស្អាតសម្រាប់ដកដង្ហើម ទឹកស្អាតសម្រាប់ផឹក និងអាហារសម្រាប់ហូប ហើយវាស្ដាប់ទៅហាក់បីដូចជាចម្លែក ដែលខ្ញុំលើកពីចំណុចនេះនៅក្នុងឆ្នាំ២០១៩។ ការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានទាំងនេះ និងដល់វឌ្ឍនភាព​ភាគច្រើនដែលសម្រេចបានជុំវិញការរស់រាន និងការអភិវឌ្ឍរបស់កុមារនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ វាប្រហែលជាពុំមានការគំរាមកំហែងណាផ្សេងទៀត ដែលបង្កបញ្ហាប្រឈមដល់សិទ្ធិរបស់កុមារជំនាន់ក្រោយ ធំជាងនេះនោះឡើយ។

“វាប្រហែលជាពុំមានការគំរាមកំហែងណាផ្សេងទៀត ដែលបង្កបញ្ ហាប្រឈមដល់សិទ្ធិរបស់កុមារជំនាន់ក្រោយ ធំជាងនេះនោះឡើយ។ ”

កាលពីឆ្នាំមុននេះ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាកត្តាដ៏សំខាន់មួយ ដែលនៅតែបង្កឲ្យមានការកើនឡើងនូវគ្រោះអត់ឃ្លាន​ក្នុងសកលលោកកាលពីពេលថ្មីៗនេះ ស្របពេលដែលគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ធ្វើឱ្យផលិតកម្មស្បៀងធ្លាក់ចុះនោះ កុមារជំនាន់ក្រោយគឺជាអ្នកដែលទទួលរងបន្ទុកធ្ងន់ធ្ងរជាងគេ ដោយសារគ្រោះអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភ។ យើងកំពុងឃើញរួចទៅហើយនូវភស្តុតាងបង្ហាញពីព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ​កើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិកើតមានកាន់តែញឹកញាប់ជាងមុន និងបង្កការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរជាងមុន ហើយស្របពេលជាមួយគ្នាដែរ ព្យាករណ៍អំពីអនាគតក៏មានការប្រែប្រួលខុសៗគ្នាផងដែរ នេះបើតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ដោយគេរំពឹងថាត្រឹមឆ្នាំ​ ២០៥០ ចំនួនអ្នកធ្វើចំណាកស្រុកដោយសារកត្តាបរិស្ថាននៅទូទាំងសកលលោក នឹងមានចំនួន ២០០ លាននាក់ ហើយការប៉ាន់ប្រមាណផ្សេងទៀត កំណត់ចំនួននេះខ្ពស់រហូតដល់ ១ពាន់លាននាក់។

ខណៈពេលដែលសីតុណ្ហភាពមានការកើនឡើង និងធនធានទឹកកាន់តែខ្សត់ទៅៗ អ្នកទទួលរងផលប៉ះពាល់ ដែលអាចបង្កឱ្យមានការបាត់បង់ជីវិតធ្ងន់ធ្ងរបំផុត ដោយសារជំងឺដែលឆ្លងតាមទឹក គឺកុមារនេះឯង​។ បច្ចុប្បន្ន មានកុមារជាង ៥០០លាននាក់រស់នៅក្នុងតំបន់មានទឹកជំនន់ធ្ងន់ធ្ងរ និងជិត ១៦០លាននាក់រស់នៅក្នុងតំបន់រងគ្រោះដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ តំបន់នានា ដូចជាតំបន់សាហែល (Sahel) ដែលពឹងអាស្រ័យជាពិសេសលើសកម្មភាពកសិកម្ម ការចិញ្ចឹមសត្វ និងការនេសាទ គឺជាតំបន់ដែលងាយរងគ្រោះជាពិសេសដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងតំបន់ស្ងួតហួតហែង មានព្យាករណ៍ថា នាពេលអនាគត រយៈពេលភ្លៀងធ្លាក់នឹងកាន់តែខ្លីជាងមុន និងកាន់តែពុំអាចព្យាករដឹងមុនបាន ហើយអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺតំបន់នេះមានការកើនឡើងនូវកម្តៅក្នុងអត្រា ១ដងកន្លះ លឿនជាងអត្រាមធ្យមរបស់សកលលោក។ នៅក្នុងតំបន់សាហែល អាកាសធាតុកាន់តែក្ដៅខ្លាំង ហើយប្រជាពលរដ្ឋក្រីក្រកាន់តែមានជីវភាពក្រីក្រ ហើយឱកាសដែលក្រុមប្រដាប់អាវុធអាចទាញប្រយោជន៍ពីបញ្ហាសង្គមដែលកើតឡើងកាន់តែមានញឹកញាប់ ក្រោមកាលៈទេសៈដែលពោរពេញដោយសម្ពាធបែបនេះ។

ជាង១/២ពាន់​លាននាក់ជាកុមារដែលរស់នៅក្នុងតំបន់ដែលមានគ្រោះទឹកជំនន់ជាញឹកញាប់។

បញ្ហាប្រឈមទាំងនេះ នឹងរឹតតែកើនឡើងទ្វេដង ព្រោះតែផលប៉ះពាល់ដែលបង្កឡើងដោយការបំពុលខ្យល់ សំណល់មានគ្រោះថ្នាក់ និងការបំពុលទឹកលើដី ដែលបង្កគ្រោះថ្នាក់ដល់សុខភាពកុមារ។ ក្នុងឆ្នាំ ២០១៧ មានកុមារប្រមាណ ៣០០លាននាក់ រស់នៅក្នុងតំបន់មានការបំពុលខ្យល់ក្នុងបរិយាកាសខាងក្រៅកើនឡើងដល់កម្រិតពុលខ្ពស់បំផុត ពោលគឺខ្ពស់ជាងកម្រិតដែលកំណត់នៅក្នុងគោលការណ៍ណែនាំ​អន្តរជាតិចំនួន៦ដងឡើងទៅ ហើយបានរួមចំណែកធ្វើឱ្យមានការបាត់បង់ជីវិតកុមារអាយុក្រោម ៥ឆ្នាំចំនួន ៦០០.០០០ នាក់។ លើសពីនេះ នៅមានកុមារជាច្រើននាក់បន្ថែមទៀតទទួលរងគ្រោះក្នុងរយៈពេលយូរលើផ្នែកខួរក្បាល និងសួតដែលកំពុងលូតលាស់របស់ពួកគេ។

លើសពីនេះ ត្រឹមឆ្នាំ ២០៤០ ក្នុងចំណោមកុមារ ៤នាក់ មានម្នាក់ រស់នៅក្នុងតំបន់ជួបប្រទះនឹង​បញ្ហាទឹកធ្ងន់ធ្ងរ និងមានកុមាររាប់ពាន់នាក់ជួបប្រទះនឹងបញ្ហាឈឺថ្កាត់ ដោយសារតែទឹកទទួលរងការបំពុល។ ការគ្រប់គ្រង និងការការពារប្រភពផ្គត់ផ្គង់ទឹកលើដីដែលស្អាត សម្បូរ និងងាយស្រួលប្រើប្រាស់ ព្រមទាំងការគ្រប់គ្រងសំណល់ប្លាស្ទិក កាន់តែក្លាយជាកត្តាសំខាន់ក្នុងការកំណត់ពីបញ្ហាសុខភាពរបស់កុមារសម្រាប់​ជំនាន់យើងនេះ។

Wash
UNICEF Cambodia/2018/Fani Llaurado

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ រដ្ឋាភិបាល និងក្រុមហ៊ុននានា ត្រូវធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាឫសគល់ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវផ្ដល់អាទិភាពខ្ពស់បំផុត ដល់កិច្ចខិតខំប្រឹងប្រែងកំណត់ពីវិធីសាស្រ្តបន្សាំ ដែលអាចជួយកាត់បន្ថយផលប៉ះពាល់ ដែលបរិស្ថានបង្កលើកុមារ។

យូនីសេហ្វ បំពេញការងារ ដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយសារព្រឹត្តិការណ៍   អាកាសធាតុធ្ងន់ធ្ងរ ដូចជាតាមរយៈការរៀបចំនូវប្រព័ន្ធផ្គត់ផ្គង់ទឹក ដែលអាចទប់ទល់នឹងព្យុះស៊ីក្លូន និងការបំពុលដោយសារទឹកប្រៃ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀន និងការគាំទ្រដល់ការហ្វឹកហាត់ត្រៀមបង្ការ និងគាំទ្រដល់ប្រព័ន្ធសុខភាពសហគមន៍ជាដើម។ គំនិតផ្ដួចផ្តើមថ្មីៗ ដូចជាគម្រោងគ្រប់គ្រងធនធានទឹក (Managed Aquifer Recharge - MAR) ប្រសិនអនុវត្តបានក្នុងទ្រង់ទ្រាយធំ អាចការពារអាងស្តុកទឹកស្អាត សម្រាប់ការពារកុមាររាប់លាននាក់ឱ្យរួចផុតពីគ្រោះថ្នាក់បង្កដោយសារបញ្ហាខ្សត់ទឹក និងជំងឺផ្សេងៗ។

ទោះបីស្ថិតក្នុងបរិយាកាសដ៏សែនស្មុគស្មាញដូចករណីតំបន់សាហែលក៏ដោយ ក៏ក្ដីសង្ឃឹមនៅតែមាន – តំបន់នេះមានប្រជាពលរដ្ឋវ័យក្មេងដែលចង់បានការងារធ្វើ និងឱកាសផ្សេងៗ ហើយអាកាសធាតុផ្ដល់នូវសក្ដានុពលយ៉ាងធំធេងសម្រាប់ទាញប្រយោជន៍ពីប្រភពថាមពលកកើតឡើងវិញ ដែលមាននិរន្តរភាព។ ជាមួយនឹងការវិនិយោគលើការអប់រំ និងឱកាសការងារ ការលើកកម្ពស់សន្តិសុខ និងអភិបាលកិច្ច មានមូលហេតុជាច្រើនដែលធ្វើឱ្យគេនៅតែមានសុទិដ្ឋិនិយមថា តំបន់នេះនឹងមានសមត្ថភាពអភិវឌ្ឍន៍ភាពធន់ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ដើម្បីឆ្លើយតបនឹងបញ្ហាបំពុលខ្យល់ រដ្ឋាភិបាល និងក្រុមហ៊ុននានា ត្រូវសហការគ្នាដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល អភិវឌ្ឍប្រព័ន្ធកសិកម្ម ឧស្សាហកម្ម និងដឹកជញ្ជូនឱ្យកាន់តែស្អាតជាងមុន និងវិនិយោគលើការពង្រីកប្រភពថាមពលកកើតឡើងវិញ។ រដ្ឋាភិបាលជាច្រើនបានចាត់វិធានការទប់ទល់នឹងការបំពុលដែលបំភាយចេញពីរោងចក្រថាមពល រោងចក្រឧស្សាហកម្ម និងយានជំនិះដែលចរាចរណ៍តាមដងផ្លូវ តាមរយៈការដាក់ចេញបទដ្ឋានគតិយុត្តដែលមានលក្ខណៈតឹងរឹង។ ការសិក្សាមួយដែលធ្វើឡើងដោយទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកឆ្នាំ២០១១ បានរកឃើញថា ច្បាប់ស្ដីពីខ្យល់ស្អាតឆ្នាំ១៩៩០ បានផ្ដល់ប្រយោជន៍ផ្នែកសុខភាពដល់ប្រជាពលរដ្ឋគិតជាទឹកប្រាក់ប្រមាណ ៣០ដុល្លារ ពីរៀងរាល់ប្រាក់ ១ដុល្លារ ដែលបានចំណាយ។ គោលនយោបាយបែបនេះ គឺជាកូនសោដើម្បីការពារសួត និងខួរក្បាលរបស់ទារកដែលទទួលរងការខូចខាតពីសារធាតុពុល និងកម្ទេចកំទីល្អិតៗដែលហើរនៅក្នុងខ្យល់។

“ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ រដ្ឋាភិបាល និងក្រុមហ៊ុននានា ត្រូវធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាឫសគល់ តាមរយៈការកាត់ បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។”

ក្នុងពេលជាមួយគ្នា វាសំខាន់ណាស់ដែលយើងត្រូវស្វែងរកដំណោះស្រាយសម្រាប់ធ្វើឱ្យសុខភាពកុមារដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារការបំពុលខ្យល់ ឲ្យមានភាពល្អប្រសើរឡើងវិញ​។ ទីក្រុងអ៊ូឡង់បាទ័រ រដ្ឋធានីរបស់ប្រទេសម៉ុងហ្គោលី គឺជាទីក្រុងដែលទទួលរងការបំពុលខ្យល់ធ្ងន់ធ្ងរជាងគេនៅក្នុងពិភពលោកនៅក្នុងរដូវរងា។ ប្រភពធំជាងគេនៃការបំពុលនេះ គឺការដុតធ្យូងថ្ម ដោយប្រជាជនប្រមាណ ៦០ ភាគរយនៅក្នុងទីក្រុងនេះ។ អ្នកជំនាញខាងនវានុវត្តន៍របស់យូនីសេហ្វ រួមគ្នានឹងសហគមន៍ រដ្ឋាភិបាល
ស្ថាប័ន សិក្សាស្រាវជ្រាវ និងវិស័យឯកជន បានចាប់ផ្ដើមរៀបចំ និងអនុវត្តដំណោះស្រាយប្រសិទ្ធភាពថាមពលសម្រាប់ផ្ទះតាមបែបប្រពៃណី ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម និងបង្កើនគុណភាពខ្យល់ ដូចជាតាមរយៈការរចនាចង្ក្រាន “Ger” សម្រាប់សតវត្សរ៍ទី​២១ ជាដើម។

ហើយយើងក៏កំពុងរិះរកវិធី ដើម្បីកែច្នៃសំណល់ប្លាស្ទិក និងយកសំណល់ទាំងនេះមកប្រើប្រាស់ឡើងវិញតាមបែបច្នៃប្រឌិតថ្មីផងដែរ ដែលអាចជួយកាត់បន្ថយសំណល់ពុល និងយកសំរាមមកប្រើប្រាស់ឱ្យមានប្រយោជន៍ឡើងវិញ។ ក្រុមហ៊ុន Conceptos Plasticos សហគ្រាសសង្គមរបស់កូឡុំប៊ី បានបង្កើតនូវបច្ចេកទេសមួយសម្រាប់ផលិតឥដ្ឋដោយប្រើប្រាស់ជ័រមិនមែនជាតិ PVC ដែលមានតម្លៃថោក ស្រាល និងធន់ ប្រើជាប់យូរជាងឥដ្ឋធម្មតា  ហើយពួកគេកំពុងប្រើប្រាស់ឥដ្ឋទាំងនេះ  ដើម្បីសាងសង់បន្ទប់រៀន។  បន្ទប់រៀនដែលសង់ពីប្លាស្ទិកកែច្នៃឡើងវិញលើកដំបូងនៅអាហ្វ្រិក ត្រូវបានសាងសង់ឡើងកាលពីដើមឆ្នាំនេះនៅក្នុងប្រទេសកូឌីវ័រ ដោយ​ចំណាយពេលត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ ការចំណាយលើការសាងសង់អស់តិចជាងថ្នាក់រៀនធម្មតា ៣០ភាគរយ។ គោលវិធីនវានុវត្តន៍ថ្មីដែលបំប្លែងសំណល់ប្លាស្ទិកទៅជាឥដ្ឋសាងសង់ មាន
សក្ដានុពលប្រែក្លាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យក្លាយជាកាលានុវត្តភាព តាម
រយៈការឆ្លើយតបចំពោះបញ្ហាសិទ្ធិទទួលបានការអប់រំ តាមរយៈការសាងសង់សាលារៀន ហើយក្នុងពេលជាមួយគ្នាផ្ដល់សិទ្ធិអំណាចដល់សហគមន៍ និងជំនួយសម្អាតបរិយាកាសផងដែរ។ 

ក្នុងចំណោមអ្នកទាំងអស់គ្នា ចំណោម៤នាក់ មានម្នាក់ទំនងជារស់ នៅ និងរៀនសូត្រក្នុងតំបន់រងផល ប៉ះពាល់ពីជម្លោះ និងគ្រោះមហន្តរាយ
© UNICEF Cambodia_2018_Fani Llaurado
UNICEF Cambodia/2018/Fani Llaurado

ហេតុអ្វីបានជាខ្ញុំព្រួយបារម្ភ៖

នៅពេលសង្គ្រាមកើតមានឡើង ជានិច្ចកាលកុមារតែងតែជាជនរងគ្រោះដំបូងគេ។ បច្ចុប្បន្ននេះ ​ចំនួនប្រទេសដែលមានជម្លោះ កើនឡើងខ្ពស់បំផុតច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីមានការអនុម័តលើអនុសញ្ញាស្ដីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៨៩ មក។ បច្ចុប្បន្ននេះ ក្នុងចំណោមកុមារ ៤ នាក់ មានម្នាក់ រស់នៅក្នុងប្រទេសដែលរងផលប៉ះពាល់ពីការប្រយុទ្ធគ្នាបែបហិង្សា ឬពីគ្រោះមហន្តរាយ ហើយមានកុមារ ២៨លាននាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារសង្គ្រាម និងបញ្ហាអសន្តិសុខ។ កុមារជាច្រើននាក់ ត្រូវខកខានមិនបានរៀនសូត្រជាច្រើនឆ្នាំ និងបាត់បង់កំណត់ត្រាលទ្ធផលសិក្សា និងគុណវុឌ្ឍិរបស់ពួកគេ ដែលត្រូវប្រើប្រាស់សម្រាប់ការរៀនសូត្រនាពេលអនាគត។ ជម្លោះ និងគ្រោះមហន្តរាយធម្មជាតិ ក៏បង្កការរំខានរួចទៅហើយដល់ការសិក្សារបស់កុមារ និងយុវជនចំនួន ៧៥លាននាក់ ដែលពួកគេភាគច្រើនបានធ្វើចំណាកស្រុកឆ្លងដែន ឬ​បាត់បង់ទីលំនៅ។ នេះក៏ជាសោកនាដកម្មផ្ទាល់ខ្លួនសម្រាប់កុមារម្នាក់ៗផងដែរ។ ការលះបង់បំណងប្រាថ្នារបស់មនុស្សមួយជំនាន់ គឺជាការខាតបង់ដ៏ធំធេងដល់សក្ដានុពលរបស់
មនុស្ស។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការធ្វើឲ្យកុមារមួយជំនាន់ពុំបានទទួលការអប់រំ ដែលពោរពេញដោយការវង្វេងមិនមានទិសដៅ វិលវល់ និងមានភាពខឹងសម្បា ក៏ជាហានិភ័យមួយប្រកបដោយគ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់យើងទាំងអស់គ្នាផងដែរ។

៧៥លាននាក់នៃចំនួនកុមារ និងយុវជន ការអប់រំត្រូវបានខកខានដោយសារជម្លោះ និងគ្រោះមហន្តរាយ ធម្មជាតិ។

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

រដ្ឋមួយចំនួនបានបង្ហាញគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យជនភៀសខ្លួនបន្តការសិក្សា។ នៅពេលកុមារក្នុងចំនួនច្រើនរត់គេចពីសង្គ្រាមនៅក្នុងសាធារណរដ្ឋ
អារ៉ាប់ស៊ីរី បានធ្វើដំណើរមកដល់ប្រទេសលីបង់ រដ្ឋាភិបាលជួបប្រទះនឹងបញ្ហាប្រឈមក្នុងការផ្ដល់ការអប់រំដល់កុមាររាប់សែននាក់ក្នុងប្រព័ន្ធសាលារៀនសាធារណៈ ដែលកំពុងជួបនឹងការខ្វះខាតរួចទៅហើយ។ ដោយមានការគាំទ្រពីដៃគូអន្តរជាតិ ពួកគេបានបំប្លែងបញ្ហាប្រឈម ទៅជាកាលានុវត្តភាព និងបានបញ្ចូលកុមារដែលជាជនភៀសខ្លួនឱ្យរៀនសូត្រនៅក្នុងសាលារៀន ហើយស្របពេលជាមួយគ្នា បានប្រើប្រាស់ឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធអប់រំសម្រាប់សិស្សជនជាតិលីបង់ផងដែរ។

លើសពីនេះ នវានុវត្តន៍ឌីជីថលក៏ជួយឱ្យយើងធ្វើការងារកាន់តែច្រើនផងដែរ។ យូនីសេហ្វកំពុងសហការជាមួយក្រុមហ៊ុន Microsoft និងសកលវិទ្យាល័យ Cambridge ដើម្បីរៀបចំប្រព័ន្ធ “លិខិតឆ្លងដែនសម្រាប់ការសិក្សារៀនសូត្រ (learning passport)” ជាវេទិកាឌីជីថលមួយជួយសម្រួលផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារ និងយុវជនក្នុងប្រទេស និងឆ្លងដែន។​ លិខិតឆ្លងដែនសម្រាប់ការសិក្សារៀនសូត្រនេះ កំពុងសាកល្បងនៅតាមបណ្ដាប្រទេសដែលទទួលយកជនភៀសខ្លួន ជនទេសន្តរប្រវេសន៍ និងជនដែលបាត់បង់ផ្ទះសម្បែងនៅក្នុងប្រទេស។ ពិភពលោកដែលមានលក្ខណៈបរិយាបន្នបែបឌីជីថល គួរផ្ដល់លទ្ធភាពឱ្យយុវជនអាចទទួលបានការអប់រំ មិនថាពួកគេឋិតនៅក្នុងស្ថានភាពបែបណានោះឡើយ។ ការពង្រីកនូវដំណោះស្រាយនានា ដូចជាគម្រោងលិខិតឆ្លងដែនសម្រាប់ការសិក្សារៀនសូត្រតាមប្រព័ន្ធឌីជីថល អាចជួយឱ្យកុមារបាត់បង់លំនៅរាប់លាននាក់ ទទួលបានជំនាញដែលពួកគេត្រូវការ ដើម្បីរីកចម្រើនបន្តទៀត។

“ពិភពលោកដែលមានលក្ខណៈបរិយាបន្នបែបឌីជីថល គួរផ្ដល់លទ្ធភាពឱ្យយុវជន អាចទទួលបានការអប់រំ មិនថាពួកគេឋិតនៅក្នុងស្ថានភាពបែបណានោះឡើយ។ ”

 

យើងត្រូវធានថាការនិយាយអំពីបញ្ហា សុខភាពផ្លូវចិត្ត ក្លាយជារឿងធម្មតា

ហេតុអ្វីខ្ញុំព្រួយបារម្ភ៖

ប្រសិនបើយើងជឿតាមអ្វីៗដែលយើងបានអានអំពីក្មេងជំទង់នាពេលបច្ចុប្បន្ននេះ និងជឿលើរូបភាពតាមកញ្ចក់ទូរទស្សន៍ និងខ្សែ​ភាពយន្ត​​នានា យើងប្រាកដជាយល់ថាក្មេងជំទង់គឺជាក្រុមមនុស្ស​ដែលមានៈរឹងរូស ចូលចិត្តធ្វើអ្វីដែលប្រឆាំងនឹងសង្គម។ ទោះជាយ៉ាងនេះក្តី ចំណុចទាំងនេះអាចមិនពិតនោះទេ។ តាមពិត ភស្តុតាងបានបង្ហាញថា ក្មេងជំទង់បច្ចុប្បន្ននេះ ជក់បារីតិចជាងមុន ផឹក​គ្រឿងស្រវឹងតិចជាងមុន ជួបប្រទះនឹងបញ្ហាតិចតួចជាងមុន ហើយជាទូទៅហ៊ានប្រថុយប្រថានតិចជាងមុន បើធៀបនឹងមនុស្សជំនាន់មុន។ អ្នកប្រហែលជាអាចពួកគេថា ជាជំនាន់មនុស្សដែលមានហេតុផលសមស្របផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មានហានិភ័យមួយដែលក្មេងជំទង់បង្ហាញពីនិន្នាការគួរឱ្យព្រួយបារម្ភខ្លាំងនោះគឺពួកគេដើរតាមទិសដៅមិនត្រឹមត្រូវ ជាការក្រើនរំឭកយើងពីភាពងាយរងគ្រោះដែលពួកគេមើលមិនឃើញ ហើយ​ដែលក្មេងជំទង់បន្តគិតបែបនេះ។ បញ្ហាសុខភាពផ្លូវចិត្តក្នុងជំនាន់ក្មេងជំទង់អាយុក្រោម១៨ឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ​ ហើយបច្ចុប្បន្ននេះបញ្ហាធ្លាក់ទឹកចិត្ត ក្លាយជាមូលហេតុនាំមុខគេ បណ្តាលឲ្យមានបញ្ហាពិការភាពក្នុងវ័យក្មេង។ អង្គការសុខភាពពិភពលោក (WHO) ធ្វើការប៉ាន់ប្រមាណថា មានក្មេងជំទង់ ៦២.០០០ នាក់ បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០១៦ ដោយ​សារការបង្កការគ្រោះថ្នាក់ដល់ខ្លួនឯង ដែលបច្ចុប្បន្ននេះគឺជាមូលហេតុនាំមុខគេទី៣ ដែលនាំឱ្យក្មេងជំទង់អាយុចន្លោះពី១៥-១៩ ​បាត់បង់ជីវិត។

បញ្ហានេះមិនត្រឹមជាបញ្ហារបស់ប្រទេសអ្នកមាននោះឡើយ WHO បានប៉ាន់ប្រមាណថា ករណីធ្វើ        អត្តឃាត​របស់ក្មេងជំទង់ ជាង៩០ភាគរយក្នុងឆ្នាំ២០១៦ កើតឡើងក្នុងប្រទេសមានចំណូលមធ្យមទាប ឬកម្រិតមធ្យម។ ហើយខណៈពេលដែលមនុស្សវ័យក្មេងដែលមានបញ្ហាជំងឺផ្លូវចិត្តធ្ងន់ធ្ងរនៅក្នុងប្រទេសមានចំណូលទាប​ជារឿយៗខកខានពុំបានទទួលការព្យាបាល និងការគាំទ្រនានា គេពុំឃើញមានប្រទេសណាមួយនៅក្នុងពិភពលោក បានអះអាងថាបានដោះស្រាយបញ្ហានេះដោយជោគជ័យនោះឡើយ។ បើតាមសម្ដីរបស់លោក Shekhar Saxena អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តរបស់ WHO បានឲ្យដឹងថា “និយាយអំពីបញ្ហាសុខភាពផ្លូវចិត្ត ប្រទេសទាំងអស់សុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់”។ ខណៈពេលប្រទេសមានចំណូលទាប និងចំណូលមធ្យមភាគច្រើនចំណាយប្រាក់មិនដល់ ១ភាគរយនៃថវិកាសម្រាប់វិស័យសុខាភិបាលសរុបរបស់ខ្លួនលើបញ្ហាសុខភាពផ្លូវចិត្ត ប្រទេសមានចំណូលមធ្យមចំណាយត្រឹមតែចន្លោះពី ៤-៥ ភាគរយតែប៉ុណ្ណោះ ហើយនេះបង្ហាញកាន់តែជាក់ច្បាស់ថាបញ្ហាសុខភាពផ្លូវចិត្តនេះត្រូវការផ្ដល់អាទិភាពបន្ថែមទៀតនៅទូទាំងសកលលោក។  

“បច្ចុប្បន្ននេះបញ្ហាធ្លាក់ទឹកចិត្ត ក្លាយ ជាមូលហេតុនាំមុខគេ បណ្តាលឲ្យមាន បញ្ហាពិការភាពក្នុងវ័យក្មេង។”
UNICEF Cambodia/2018/Antoine Raab

យូនីសេហ្វ ធ្វើការងារជាមួយកុមារដែលទទួលរងការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរហួសពីការស្មាន ការរើសអើងយេនឌ័រ បញ្ហាក្រីក្រធ្ងន់ធ្ងរ​ អំពើហិង្សាផ្លូវភេទ ពិការភាព និងជំងឺរ៉ាំរ៉ៃ កុមារដែលរស់នៅក្នុងជម្លោះ និងទទួលរងបទពិសោធន៍ដទៃទៀត ដែលធ្វើឱ្យពួកគេប្រឈមមុខធ្ងន់ធ្ងរទៅនឹងបញ្ហាសុខភាពផ្លូវចិត្ត។ ការខាតបង់មិនត្រឹមតែជាការបាត់បង់នៅកម្រិតបុគ្គលម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងសម្រាប់សង្គមទាំងមូលផងដែរ។ វេទិកាសេដ្ឋកិច្ចពិភពលោក បានបន្តដាក់ពិន្ទុបញ្ហាសុខភាពផ្លូវចិត្តនេះ ថាជាបញ្ហាដែលបង្កផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេមួយក្នុងចំណោមបញ្ហាដែលបង្កឡើងដោយសារជំងឺមិនឆ្លងនានា។ បើទោះបីជាមានភស្តុតាងច្រើនលើសលុបដែលបង្ហាញពីវិបត្តិ និងនិន្នាការគួរឱ្យព្រួយបារម្ភនៃការកើនឡើងនូវអត្រាបង្កការឈឺចាប់ដល់ខ្លួនឯង និងអត្រាធ្វើអត្តឃាត បញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ក្មេងជំទង់ ជារឿយៗ តែងតែត្រូវបានគេមើលរំលង នៅក្នុងការអនុវត្តកម្មវិធីសុខភាពក្នុងសកលលោកទាំងមូល។

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

 ខណៈដែលបញ្ហាជំងឺផ្លូវចិត្តអូសបន្លាយពាក់កណ្ដាលជីវិតចាប់ផ្ដើមកើតមានមុនអាយុ១៤ឆ្នាំ​ ការលើកកម្ពស់សុខភាពផ្លូវចិត្តសមស្របតាមអាយុ ការបង្ការ និងការព្យាបាល ព្រមទាំងការស្ដារនីតិសម្បទា ត្រូវតែជាការងារអាទិភាព។ ការកំណត់រកឃើញឱ្យបានទាន់ពេលវេលា និងការព្យាបាល គឺជាគន្លឹះសម្រាប់បង្ការបញ្ហាជំងឺផ្លូវចិត្ត មិនឱ្យឈានដល់ចំណុចដែលអាចនាំឱ្យមានវិបត្តិកើតមានឡើង និងការពារជីវិតដ៏មានតម្លៃរបស់មនុស្សវ័យក្មេងមិនឱ្យទទួលរងការខូចខាត និងបាត់បង់។ ប៉ុន្តែជាញឹកញាប់ ឧបសគ្គរាំងស្ទះមិនឱ្យមនុស្សវ័យក្មេងស្វែងរកជំនួយនៅដំណាក់កាលដំបូង គឺការបន្តរងការមាក់ងាយ និងការមិនហ៊ាននិយាយអំពីបញ្ហានេះ ដែលជាកត្តាមិនឱ្យសហគមន៍ និយាយដោយចំហអំពីបញ្ហាសុខភាពផ្លូវចិត្ត។ អ្វីដែលល្អនោះ គឺការមិនហ៊ាននិយាយអំពីបញ្ហានេះ កំពុងចាប់ផ្ដើមថយចុះ ហើយជាថ្មីម្ដងទៀត មនុស្សវ័យក្មេង គឺជាអ្នកនាំមុខគេដើម្បីដោះស្រាយបញ្ហានេះ ដូចជាពួកគេបង្កើតអង្គការក្រៅរដ្ឋាភិបាល ការបង្កើត App​ ការបង្កើនការយល់ដឹង និងការហ៊ាននិយាយអំពីការតស៊ូផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងជំងឺផ្លូវចិត្ត និងការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយសង្ឃឹមថា អ្នកដទៃទៀតក៏នឹងមានភាពអង់អាចធ្វើបែបនេះផងដែរ។

“ការកំណត់រកឃើញឱ្យបានទាន់ពេលវេលា និងការព្យាបាល គឺជាគន្លឹះសម្រាប់ បង្ការបញ្ហាជំងឺផ្លូវចិត្ត មិនឱ្យឈានដល់ចំណុចដែលអាចនាំឱ្យមានវិបត្តិកើតមាន ឡើង និងការពារជីវិតដ៏មានតម្លៃរបស់មនុស្សវ័យក្មេងមិនឱ្យទទួលរងការខូចខាត និងបាត់បង់។  ”

យូនីសេហ្វ ប្រើប្រាស់យុទ្ធនាការតាមសាលារៀន ដើម្បីជំរុញឱ្យមានការពិភាក្សាដោយចំហអំពីបញ្ហាសុខភាពផ្លូវចិត្ត។ ឧទាហរណ៍ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសមានអត្រាធ្វើអត្តឃាតខ្ពស់ជាងគេរបស់ក្មេងជំទង់ បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងសកលលោក យូនីសេហ្វបានពន្លឿនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពផ្លូវចិត្តរបស់ក្មេងជំទង់ តាមរយៈការអនុវត្តកម្មវិធីសាកល្បងជាទ្រង់ទ្រាយធំនៅក្នុងសាលារៀនជាង ៤៥០កន្លែង។ កម្មវិធីនេះបានបង្កើនការយល់ដឹង បណ្ដុះបណ្ដាលបុគ្គលិកឱ្យចេះកំណត់រកករណីដែលមានហានិភ័យខ្ពស់ និងធានាឱ្យមានការបញ្ជូនក្មេងជំទង់ដែលងាយរងគ្រោះទៅរកអ្នកឯកទេសផ្នែកសុខភាព។ យុវជនជិត ៥០.០០០ នាក់ បានចូលរួមនៅក្នុងការសាកល្បងនេះ ដោយពួកគេទទួលបានភាពល្អប្រសើរខាងសុខុមាលភាពជាច្រើន។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះត្រូវបានពង្រីកការអនុវត្តនៅក្នុងសាលារៀនជាង ៣.០០០ កន្លែង។

ការដាក់អាទិភាពលើការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការទប់ស្កាត់ការធ្វើអត្តឃាតរបស់ក្មេងជំទង់ នាំឱ្យមានការថយចុះនូវអត្រាមរណភាពដោយសារការបង្កការរបួសលើខ្លួនឯង ក្នុងចំណោមក្រុមអាយុ ១៥-១៧ឆ្នាំ​ ៥១ភាគរយនៅថ្នាក់ជាតិ ហើយចំនួនករណីធ្វើអត្តឃាតថយចុះពី២១២ករណីក្នុងឆ្នាំ២០១៣ មកនៅ ១០៤ ករណីក្នុងឆ្នាំ២០១៨ សម្រាប់ក្រុមអាយុនេះ។ ហើយប្រហែលសំខាន់ជាងគេនោះ ឥឡូវនេះបញ្ហាសុខភាពផ្លូវចិត្តត្រូវបានបញ្ចូលទៅក្នុងសេវាថែទាំសុខភាពបឋម ដែលជួយជម្នះបញ្ហាមាក់ងាយដែលជារឿយៗធ្វើឱ្យយុវជនមិនហ៊ានស្វែងរកជំនួយ។

អ្នកទាំងអស់គ្នាជាង ៣០លាននាក់ បានធ្វើចំណាកស្រុកចេញពីកន្លែង​ កំណើត

ហេតុអ្វីខ្ញុំព្រួយបារម្ភ៖

ការធ្វើចំណាកស្រុក គឺជាផ្នែកមួយនៃបទពិសោធរបស់មនុស្សក្នុងប្រវត្តិសាស្រ្តកន្លងមក។ រាប់ពាន់ឆ្នាំមកហើយ កុមារ និងគ្រួសារបានចាកចេញពីស្រុកកំណើតរបស់ពួកគេទៅរស់នៅក្នុងសហគមន៍ថ្មី ដើម្បីស្វែងរកឱកាសអប់រំ ឬការងារ។ ស្ថានភាពបច្ចុប្បន្ននេះ ក៏មិនខុសប្លែកពីមុនដែរ។ យើងរស់នៅក្នុងពិភពលោកដែលពោរពេញដោយចល័តភាព ដែលក្នុងនោះមានកុមារយ៉ាងហោចណាស់ ៣០លាននាក់ បានផ្លាស់ទីឆ្លងព្រំដែន។

សម្រាប់កុមារជាច្រើននាក់ ការធ្វើចំណាកស្រុកកើតឡើងដោយសារតែកត្តាជំរុញចង់ទទួលបានជីវិតកាន់តែល្អប្រសើរជាងមុន។ ប៉ុន្តែសម្រាប់កុមារជាច្រើននាក់ទៀត ការធ្វើចំណាកស្រុកមិនមែនជាជម្រើសវិជ្ជមាននោះឡើយ ប៉ុន្តែជាកត្តាចាំបាច់បន្ទាន់ ពោលគឺដោយសារតែពួកគេពុំមានឱកាសកសាងជីវិតប្រកបដោយសុវត្ថិភាព សុខភាពមាំមួន និងវិបុលភាពនៅកន្លែងកំណើត។ នៅពេលធ្វើចំណាកស្រុកត្រូវបានជំរុញដោយសារតែការខ្វះខាតបែបនេះ វាអាចធ្វើឱ្យកុមារធ្វើចំណាកស្រុកដោយពុំមានការអនុញ្ញាតតាមផ្លូវច្បាប់ដែលពួកគេត្រូវការ ដែលធ្វើឱ្យពួកគេក្លាយជា “ជនចំណាកស្រុកខុសច្បាប់”។ ជារឿយៗ ពួកគេត្រូវធ្វើដំណើរទាំងលំបាកលំបិន ឆ្លងកាត់វាលខ្សាច់ សមុទ្រ និងព្រំដែនដែលយាមកាមដោយកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឱ្យពួកគេត្រូវជួបប្រទះនឹងអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ចនៅតាមផ្លូធ្វើដំណើរ។

ហើយការធ្វើចំណាកស្រុកមួយ ក្នុងចំណោមការធ្វើចំណាកស្រុកធំៗដែលពិភពលោកធ្លាប់មើលឃើញ កំពុងកើតឡើង មិនមែនឆ្លង ព្រំដែននោះឡើយ ប៉ុន្តែនៅក្នុងរង្វង់ ព្រំដែន ពោលគឺមានមនុស្សរាប់លាននាក់ធ្វើចំណាកស្រុកនៅក្នុងប្រទេសពីតំបន់ជនបទទៅទីប្រជុំជន។ នៅក្នុងឆ្នាំ១៩៨៩ នៅពេលដែលអនុសញ្ញាស្ដីពីសិទ្ធិកុមារត្រូវបានអនុវត្ត កុមារភាគច្រើននៅក្នុងពិភពលោករស់នៅក្នុងតំបន់ជនបទ។ បច្ចុប្បន្ននេះ ពួកគេភាគច្រើនរស់នៅក្នុងទីក្រុង ហើយអត្រានៃការអភិវឌ្ឍ និងការពង្រីកទីក្រុង បន្តកើនឡើង។ បើទោះបីជាគិតជាមធ្យមប្រជាពលរដ្ឋក្នុងទីក្រុងទទួលបានសេវា និងឱកាសល្អប្រសើរក៏ដោយ ក៏បញ្ហាវិសមភាពអាចមានទំហំធំធេង ដែលធ្វើឱ្យកុមារជួបការលំបាកជាងគេជាច្រើននាក់រស់នៅក្នុងតំបន់ប្រជុំជន ជួបនឹងស្ថានភាពយ៉ាប់យ៉ឺនជាងកុមារជនបទទៅទៀត។ ឧទាហរណ៍ កុមារជនរស់នៅក្នុងតំបន់ប្រជុំជនហើយមានជីវភាពក្រីក្រជាងគេក្នុងប្រទេស១ ក្នុងចំណោមប្រទេសចំនួន៤ ទំនងជាបាត់បង់ជីវិតមុនឈានដល់វ័យ៥ឆ្នាំ​ ជាងកុមារដែលមានជីវភាពក្រីក្រជាងគេនៅតំបន់ជនបទ។ ហើយកុមារដែលមានជីវភាពក្រីក្រជាងគេនៅតំបន់ប្រជុំជនក្នុងប្រទេសប្រទេស១ ​ក្នុងចំណោមប្រទេសចំនួន៦ ទំនងជាពុំបានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សា បើធៀបនឹងកុមារនៅតំបន់ជនបទ។

“ជារឿយៗ ពួកគេត្រូវធ្វើដំណើរទាំងលំបាកលំបិន ឆ្លងកាត់វាលខ្សាច់ សមុទ្រ  និងព្រំដែនដែលយាមកាមដោយកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឱ្យពួកគេត្រូវ ជួបប្រទះនឹងអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ចនៅតាមផ្លូធ្វើដំណើរ។ ”

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

 វាមិនគួរមានកុមារណាម្នាក់គិតថាខ្លួនត្រូវបានគេបង្ខំឱ្យធ្វើចំណាកស្រុកចេញពីផ្ទះសម្បែងរបស់ពួកគេឡើយ។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាគ្មានការឆ្លើយតបចំពោះមូលហេតុដែលនាំឱ្យមានបញ្ហាទាំងនេះនោះទេ ស្ថានភាពបែបនេះទំនងជាមិនមានការផ្លាស់ប្តូរឡើយ។ នេះមានន័យថា ត្រូវមានការឆ្លើយតបចំពោះអំពើហិង្សាដែលកើតមាន​នៅក្នុងសហគមន៍ និងអំពើហិង្សាដែលបង្កឡើងដោយក្រុមទំនើង ការពង្រឹងប្រព័ន្ធការពារដើម្បីឱ្យកុមារមានសុវត្ថិភាពនៅក្នុងសហគមន៍របស់ពួកគេ ការបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសការងារ និងធានាយ៉ាងណាឱ្យយុវជនមានឱកាសទទួលបានជំនាញដែលពួកគេត្រូវការ ដើម្បីកសាងអនាគតឱ្យកាន់តែល្អប្រសើរ និងកាន់តែមានសុវត្ថិភាពសម្រាប់ខ្លួនឯង និងសម្រាប់ប្រទេសកំណើតរបស់ពួកគេ។

យូនីសេហ្វប៉ាន់ប្រមាណថា មានកុមាររាប់ម៉ឺននាក់ដែលធ្វើចំណាកស្រុកដោយពុំមានការអនុញ្ញាតស្របច្បាប់ ដោយពួកគេមួយចំនួនធ្វើចំណាកស្រុកទៅជាមួយគ្រួសារ និងមួយចំនួនទៀតធ្វើចំណាកស្រុកតែឯកឯង ដែលធ្វើឱ្យពួកគេងាយរងគ្រោះបំផុត។ ជាការសំខាន់ណាស់កុមារធ្វើចំណាកស្រុក មិនថាស្របច្បាប់ ឬមិនស្របច្បាប់ បានទទួលសិទ្ធិរបស់ពួកគេ។ មិនថាពួកគេនៅទីណា និងជួបប្រទះនឹងរឿង​រ៉ាវបែបណានោះឡើយ កុមារធ្វើចំណាកស្រុក ក៏ជាកុមារដែរ។​ រដ្ឋាភិបាលអាចការពារកុមារធ្វើចំណាក​ស្រុក តាមរយៈការដាក់អាទិភាពលើឧត្តមប្រយោជន៍របស់កុមារនៅក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ហើយក្នុងករណីដែលអាចធ្វើទៅបាន រដ្ឋាភិបាលត្រូវរក្សាគ្រួសាររបស់ពួកគេឱ្យនៅជុំគ្នា និងប្រើប្រាស់ជម្រើសដែលមានប្រសិទ្ធភាពផ្សេងទៀត ជំនួសឱ្យការឃុំឃាំង ដូចជាការដាក់កុមារឱ្យរស់នៅជាមួយនឹងគ្រួសារចិញ្ចឹម ឬផ្ទះដែលស្នាក់នៅជាក្រុម ដែលរដ្ឋាភិបាលជាច្រើនបានទទួលជោគជ័យពីការសាកល្បងអនុវត្តន៍វិធីសាស្រ្តបែបនេះរួចទៅហើយ។

“ជាការសំខាន់ណាស់កុមារធ្វើចំណាកស្រុក មិនថាស្របច្បាប់  ឬមិនស្របច្បាប់ បានទទួលសិទ្ធិរបស់ពួកគេ។ ”

ប្រយោជន៍ដែលបានពីការរស់នៅក្នុងទីក្រុង លែងមានទៀត ប្រសិនបើយើងមើលលើសពីកម្រិតមធ្យម និងនៅពេលដែលយើងគិតពីកម្រិតទ្រព្យធន។ ដូច្នេះគោលនយោបាយ និងកម្មវិធីសង្គមនានាដែលត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ការរស់រាន និងការអភិវឌ្ឍរបស់កុមារ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់កុមាររស់នៅក្នុងតំបន់ប្រជុំជនដែលមានជីវភាពក្រីក្រជាងគេ និងជួបការលំបាកជាងគេ។ ជាទូទៅទីក្រុងទំនើប​ផ្ដល់លទ្ធភាពកាន់តែច្រើនជាងមុន ដើម្បីឱ្យកុមារទទួលបានទឹកស្អាត សេវាសុខភាព សេវាសង្គម និង​សេវា​អប់រំ។ ដូច្នេះប្រសិនបើរដ្ឋាភិបាលទីក្រុងអាចធ្វើការងារ ដើម្បីលើកកម្ពស់ការទទួលបានឱកាសប្រកប​ដោយ​បរិយាប័ន្ន និងសមភាពសម្រាប់កុមារក្នុងទីក្រុងរបស់ពួកគេបាន នោះការរស់នៅក្នុងទីក្រុងពិតជាអាចជួយលើកកម្ពស់ការរស់រាន និងការអភិវឌ្ឍរបស់កុមារជាមិនខាន។  

អ្នកទាំងអស់គ្នារាប់ពាន់នាក់ នឹង

ហេតុអ្វីខ្ញុំព្រួយបារម្ភ៖

កុមារគ្រប់រូបមានសិទ្ធិទទួលបានអត្តសញ្ញាណស្របច្បាប់ ពោលគឺទទួលបានសំបុត្រកំណើត និងសញ្ជាតិ។ ប៉ុន្តែអ្នកទាំងអស់គ្នា ១ភាគ៤ ដែលកើតនៅថ្ងៃនេះ ពោលគឺទារកជិត ១០០.០០០ នាក់ អាចពុំបានទទួលសំបុត្រកំណើតជាផ្លូវការ ឬមានសិទ្ធិទទួលបានលិខិតឆ្លងដែនឡើយ។ ប្រសិនបើឪពុកម្ដាយម្នាក់ៗ គឺជាជនដែលគ្មានរដ្ឋ មានប្រភពមកពីសហគមន៍ដែលគេតាមធ្វើបាប ឬសហគមន៍ដែលបាត់បង់ឱកាស ឬដោយគ្រាន់តែសហគមន៍រស់នៅតំបន់ដាច់ស្រយាលក្រីក្រ អ្នកអាចនឹងពុំទទួលបានអត្តសញ្ញាណ ឬសំបុត្រកំណើតឡើយ។ អ្នកប្រហែលជាមិនត្រូវគេផ្ដល់សញ្ជាតិ ឬត្រូវបានគេដកហូតសញ្ជាតិទៀតផង។ ការមិនទទួលស្គាល់ផ្លូវការពីរដ្ឋបែបនេះមានន័យថា អ្នកអាចត្រូវបានគេបដិសេធមិនផ្ដល់សេវាថែទាំសុខភាព  សេវាអប់រំ  ឬសេវាដទៃទៀត  ដែលផ្ដល់ដោយរដ្ឋាភិបាល​។​ នៅពេលអ្នកមានអាយុកាន់តែច្រើន ការខ្វះអត្តសញ្ញាណផ្លូវការបែបនេះអាចមានន័យថា អ្នកត្រូវរៀបអាពាហ៍ពិពាហ៍ ធ្វើការងារប្រកបដោយគ្រោះថ្នាក់ ឬត្រូវបានគេឱ្យចូលបំពេញកាតព្វកិច្ចយោធា មុនអាយុនីតិភាពរបស់អ្នក។ ក្នុងនាមជាកុមារដែលពុំបានចុះបញ្ជីត្រឹមត្រូវ ឬ “គ្មានរដ្ឋ” អ្នកគឺជាមនុស្សដែលអាជ្ញាធរមើលមិនឃើញ វាហាក់បីដូចជាអ្នកពុំមានវត្តមាននៅលើលោកនេះដូច្នោះដែរ។  

“ក្នុងនាមជាកុមារដែលពុំបានចុះបញ្ជីត្រឹមត្រូវ ឬ “គ្មានរដ្ឋ” អ្នកគឺជាមនុស្ស ដែលអាជ្ញាធរមើលមិនឃើញ វាហាក់បីដូចជាអ្នកពុំមានវត្តមាននៅលើលោក នេះដូច្នោះដែរ។ ”

ឧទាហរណ៍ នៅក្នុងជំរំជនភៀសខ្លួននៅក្នុងប្រទេសបង់ក្លាដែស ដែលមានគ្រួសារជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ កំពុងជ្រកកោន មានទារកកើតជារៀងរាល់ថ្ងៃ។ ទារកជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ មិនទំនងជាបានទទួលសំបុត្រកំណើត ឬទទួលបានសញ្ជាតិនោះឡើយ ដែលនេះជាការឆក់ប្លន់ពីពួកគេនូវលិខិត​ឆ្លងដែន ដើម្បីឱ្យពួកគេទទួលបានការពារជាមូលដ្ឋាន ចាប់ពីពេលដែលពួកគេចាប់បដិសន្ធិដំបូង។

ហើយមានកុមារមួយក្រុមទៀត ដែលបច្ចុប្បន្នកំពុងជួបប្រទះនឹងការគំរាមកំហែងនៅក្នុងជីវិត ប្រសិនបើពួកគេពុំបានទទួលអត្តសញ្ញាណស្របច្បាប់ឱ្យបានច្បាស់លាស់ និងត្រូវបានគេទុកឱ្យក្លាយជាជនដែលគ្មានរដ្ឋ ប្រសិនបើអ្នកជាកុមារគ្មានកំហុសដែលកើតពីឪពុកម្ដាយជាសកម្មជនប្រយុទ្ធបរទេសមកពីក្រុម ប្រដាប់អាវុធណាមួយ អ្នកប្រហែលជាគ្មានសញ្ជាតិឡើយ ហើយអ្នកអាចត្រូវបានគេដកហូតសញ្ជាតិទៀត
ផង។ នៅក្នុងប្រទេសសាធារណរដ្ឋអារ៉ាប់ស៊ីរីតែឯង យូនីសេហ្វបានប៉ាន់ប្រមាណថា មានកុមារបរទេសជិត ២៩.០០០ នាក់ដែលភាគច្រើនអាយុ១២ឆ្នាំ និងមានកុមារ ១.០០០ នាក់បន្ថែមទៀត ដែលគេជឿជាក់ថា កំពុងរស់នៅក្នុងប្រទេសអ៊ីរ៉ាក់ ពុំមានឯកសារអត្រានុកូលដ្ឋាននោះឡើយ។ ពួកគេអាចនឹងក្លាយជាជនដែលគ្មានរដ្ឋ និងជាជនដែលគេមើលមិនឃើញ។

ទារក១ ក្នុងចំណោម ៤នាក់់កើតនៅថ្អៃនេះអាចនឹងមិនបានទទួលសំបុត្រកំណើតជាផ្លូវការ ឬមានសិទ្ធិទទួល បានលិខិតឆ្លងដែនឡើយ។

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

ការចុះឈ្មោះកុមារនៅក្រោយសម្រាល គឺជាជំហានដំបូង ដើម្បីធានាឱ្យមានការទទួលស្គាល់ពួកគេនៅចំពោះមុខច្បាប់ ការពារសិទ្ធិរបស់ពួកគេ និងធានាថាការបំពានសិទ្ធិទាំងនេះនឹងមិនកើតឡើងដោយពុំមាននរណាដឹងឮនោះឡើយ។ អង្គការសហប្រជាជាតិ បានដាក់ចេញនូវគោលដៅសម្តៅឲ្យមនុស្សគ្រប់រូបនៅលើភពផែនដីនេះ ត្រូវមានអត្តសញ្ញាណ​ស្របច្បាប់ត្រឹមឆ្នាំ២០៣០។ យូនីសេហ្វកំពុងផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលនានា ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ​ ដោយចាប់ផ្ដើមចេញពីការចុះសំបុត្រកំណើតឱ្យកុមារគ្រប់រូបនៅក្រោយសម្រាល។

សម្រាប់កុមារមួយចំនួនដែលពុំបានទទួលអត្តសញ្ញាណជាផ្លូវការ ព្រោះតែការមិនឯកភាពគ្នាលើស្ថានភាពស្របច្បាប់របស់ពួកគេ  ដំណោស្រាយពិតប្រាកដតែមួយគត់​ គឺដំណោះស្រាយនៅកម្រិតនយោបាយ។ យូនី​សេហ្វជំរុញឱ្យរដ្ឋជាសមាជិកបំពេញទំនួលខុសត្រូវរបស់ខ្លួន ក្នុងការការពារមនុស្សគ្រប់រូបអាយុក្រោម១៨ឆ្នាំ​ ស្របតាមអនុញ្ញាស្ដីពីសិទ្ធិកុមារ។ កត្តានេះ​រួមមានកុមារដែលកើតពីពលរដ្ឋមកពីរដ្ឋផ្សេងទៀត ដែលអាចជាជនចំណាកស្រុក ជនភៀសខ្លួន ឬសកម្មជនប្រយុទ្ធបរទេសជាដើម ព្រោះថាកុមារនៅតែជាកុមារ។

 

“អង្គការសហប្រជាជាតិ បានដាក់ចេញ នូវគោលដៅសម្តៅឲ្យមនុស្សគ្រប់រូបនៅ លើភពផែនដីនេះត្រូវមានអត្តសញ្ញាណ ស្របច្បាប់ត្រឹមឆ្នាំ២០៣០។ ”
UNICEF Cambodia/2015/Giacomo Pirozz

នៅក្នុងកាលៈទេសៈផ្សេងទៀត បច្ចេកវិទ្យា និងភាពជាដៃគូដែលមានលក្ខណៈច្នៃប្រឌិតថ្មី បង្ហាញឱ្យឃើញពីជំហានបន្តបន្ទាប់ប្រកបដោយសក្តានុពល។​ ឧទាហរណ៍ នៅក្នុងរដ្ឋពហុជាតិបូលីវី ក្រុមហ៊ុន TIGO ដែលជាក្រុមហ៊ុនទូរគមនាគមន៍ប្រតិបត្តិការនៅទូទាំងប្រទេស Electoral High Tribunal និងយូនីសេហ្វបានខិតខំធ្វើការងារ ដើម្បីបង្កើនការចុះសំបុត្រកំណើតនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដែលនាំការចុះសំបុត្រកំណើតកើនឡើងជាង ៥០០ ភាគរយចន្លោះពីឆ្នាំ២០១៥ ដល់២០១៨។  ក្នុងប្រទេសរវ៉ាន់ដា ការចុះសំបុត្រកំណើតឱ្យកុមារដោយស្វ័យប្រវត្តិនៅមន្ទីរពេទ្យពេលសម្រាល នាំឱ្យការចុះសំបុត្រកំណើតកើតឡើងពី ៦៧ភាគរយក្នុងឆ្នាំ ២០១៧ រហូតដល់ ៨០,២ភាគរយក្នុងឆ្នាំ២០១៨។ យើងចាំបាច់ត្រូវពន្លឿនកម្មវិធីបែបនេះជាបន្ទាន់ ដើម្បីគ្របដណ្ដប់លើកុមារឱ្យកាន់តែច្រើននាក់បន្ថែមទៀត។ នេះមានន័យថា ត្រូវមានការពង្រីកលទ្ធភាពប្រើប្រាស់ប្រព័ន្ធឌីជីថលនៅតាមសហគមន៍ដាច់ស្រយាល និងងាយរងគ្រោះជាងគេឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យប្រព័ន្ធចុះសំបុត្រកំណើតអាចធ្វើបានភ្លាមៗ។

អ្នកត្រូវការជំនាញសតវត្សរ៍ទី២១  សម្រាប់សេដ្ឋកិច្ចសតវត្សរ៍ទី ២១

ហេតុអ្វីខ្ញុំព្រួយបារម្ភ៖

នៅក្នុងពិភពលោកនេះ យុវជនដែលមានអាយុចន្លោះពី១០ ទៅ២៤ឆ្នាំ មានចំនួនជាង ១,៨ ពាន់លាននាក់ ដែលជាក្រុមមនុស្សមានចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្រ្តមនុស្ស។ ជាញឹកញាប់ យុវជនទាំងនេះខ្វះលទ្ធភាពទទួលបានការអប់រំសម្រាប់ត្រៀមខ្លួនសម្រាប់ឱកាសការងារ និងឱកាសប្រកបអាជីវកម្មនាពេលបច្ចុប្បន្ន ពោលគឺការអប់រំដែលផ្ដល់ឱ្យពួកគេនូវជំនាញ និងទស្សនៈវិស័យដែលពួកគេត្រូវការសម្រាប់សេដ្ឋកិច្ចសតវត្សរ៍ទី២១។ ក្នុងពេលជាមួយគ្នា នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ វិសមភាពចំណូលធៀបរវាងប្រទេសមួយ នឹងប្រទេសមួយទៀត មានការថយចុះ ប៉ុន្តែវិសមភាពចំណូលដាច់ខាត មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះកុមារ និងគ្រួសារដែលមានប្រាក់ចំណូលទាបមួយចំនួន ត្រូវនៅក្រោយគេ និងខកខានឱកាសដែល​កុមារមកពីគ្រួសារមានជីវភាពធូរធារជាង កំពុងទទួលបាន។ លើសពីនេះ ការកើនឡើងជំនាញនៅកម្រិតបន្ទាប់ទៀត បានជាប់គាំងនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ដែលមានន័យថាការជាប់គាំងរបស់មនុស្សមួយជំនាន់ទៀតក្នុងភាពក្រីក្រ ត្រូវបានកំណត់ទាំងស្រុង ដោយសារកត្តាគ្រួសារ ដែលពួកគេកើតក្នុង។

“លើសពីនេះ ការកើនឡើងជំនាញនៅកម្រិតបន្ទាប់ទៀត បានជាប់គាំងនៅ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ដែលមានន័យថាការជាប់គាំងរបស់មនុស្ស មួយជំនាន់ទៀតក្នុងភាពក្រីក្រ ត្រូវបានកំណត់ទាំងស្រុង ដោយសារកត្តាគ្រួសារ  ដែលពួកគេកើតក្នុង។”

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

យូនីសេហ្វ និងដៃគូសកលរបស់យើង បានប្រកាសចាប់ផ្ដើមគម្រោងថ្មីមួយ ដើម្បីត្រៀមរៀបចំយុវជនឱ្យក្លាយជាពលរដ្ឋមានផលិតភាព និងមានការចូលរួមយ៉ាងសកម្ម។ ជំនាន់​គ្មានដែនកំណត់ (Generation Unlimited) គឺជាគំនិតផ្តួចផ្តើមដែលមានគោលបំណងធានាយ៉ាងណាឱ្យយុវជនគ្រប់រូប បានទៅរៀនសូត្រនៅក្នុងសាលារៀន ទទួលបានចំណេះដឹង និងការបណ្ដុះបណ្ដាល និងមានការងារធ្វើត្រឹមឆ្នាំ២០៣០។ កម្មវិធីមួយនៅក្នុងប្រទេសអាហ្សង់ទីន ភ្ជាប់ទំនាក់ទំនងសិស្សជនបទនៅក្នុងតំបន់ដាច់ស្រយាលជាមួយនឹងគ្រូកម្រិតមធ្យមសិក្សា តាមរយៈការជួបផ្ទាល់ផង និងតាមរយៈអ៊ីនធឺណិតផង។ គំនិតផ្តួចផ្តើមមួយនៅអាហ្វ្រិកខាងត្បូងដែលមានឈ្មោះ TechnoGirl ផ្ដល់ឱ្យស្រ្តីវ័យក្មេងដែលមានការលំបាក ឲ្យទទួលបាន​ឱកាសទទួលការបង្រៀនធ្វើការពីអ្នកជំនាញនៅក្នុងវិស័យ STEM។ លើសពីនេះ ក្នុងប្រទេសបង់ក្លាដែស យុវជនរាប់ម៉ឺននាក់កំពុងទទួលបានការបណ្ដុះបណ្ដាលខាងជំនាញនានា ដូចជាជំនាញជួសជុលទូរស័ព្ទដៃជាដើម។ តាមរយៈគំនិតផ្ដួចផ្តើម Youth Challenge របស់យើង យើងកំពុងប្រមូលផ្ដុំយុវជនដែលមានខួរក្បាលពូកែឱ្យចូលរួមដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ ព្រោះថាយុវជនគឺជាអ្នកជំនាញខាងជីវិត និងបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ។ កម្មវិធី Generation Unlimited Youth Challenge បានធ្វើការងារជាមួយអ្នកមានគំនិតច្នៃប្រឌិតថ្មីជាង ៨០០នាក់ក្នុងប្រទេសចំនួន១៦ និងបានបង្កើតនូវដំណោះស្រាយដែលមានលក្ខណៈនវានុវត្តន៍ ដូចជាកម្មវិធី SpeakOut mobile app ជាកម្មវិធីតាមទូរស័ព្ទដៃ ដែលបង្កើតឡើងដោយយុវជននៅភាគខាងជើងនៃប្រទេសម៉ាសេដូនៀខាងជើង ដែលជាមធ្យោបាយមួយសម្រាប់ស្វែងរកយុវជនដែលត្រូវការជំនួយពាក់ព័ន្ធនឹងការរករឿងឈ្លោះ ដោយមិនចាំបាច់បង្ហាញអត្តសញ្ញាណ និងកម្មវិធី Red Code ដែលជាកម្មវិធីសហគ្រិនខ្នាតតូច ដែលអាចបន្តនិរន្តរភាពដោយខ្លួនឯងបានក្នុងប្រទេសប៉ាគីស្ថាន ដោយជួយស្រ្តីវ័យក្មេងក្នុងការគ្រប់គ្រងអនាម័យពេលមករដូវផង និងអាចរកចំណូលបានផង។

“ជំនាន់គ្មានដែនកំណត់ គឺជាគំនិតផ្តួច
UNICEF Cambodia/2018/Todd Brown
ទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក  ត្រូវទទួលបានការការពារ

ហេតុអ្វីខ្ញុំព្រួយបារម្ភ៖

ប្រព័ន្ធអ៊ីនធឺណិត ចាប់បដិសន្ធិក្នុងឆ្នាំតែមួយនឹងអនុសញ្ញាស្ដីពីសិទ្ធិកុមារដែរ ពោលគឺកាលពី៣០ឆ្នាំមុន។ បច្ចុប្បន្ននេះបណ្ដាញនេះបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងពិភពលោក ហើយក៏ជាកត្តាកំណត់ បទពិសោធក្នុងវ័យ​កុមារ​ភាព និងមជ្ឈិមវ័យផងដែរ។ គេគិតថានៅក្នុង សកលលោកទាំងមូល ក្នុងចំណោមកុមារ ៣នាក់ មានលើសពីម្នាក់ ជាអ្នកប្រើប្រាស់អ៊ីនធឺណិតជាប់ជាប្រចាំ ហើយខណៈពេលមនុស្សជំនាន់នេះមានការកើនឡើង ភាគរយនេះនឹងបន្តកើនឡើង។

កុមារច្រើនជាង១នាក់ ក្នុង ៣នាក់ជាអ្នកប្រើប្រាស់អុ៊ីនធឺណិតជាប់ជាប្រចាំ ហើយខណៈពេលមនុស្សជំនាន់នេះមានការកើន ឡើង ភាគរយនេះនឹងបន្តកើនឡើង។

ការជជែកពិភាក្សាអំពីអត្ថប្រយោជន៍​ និងបណ្ដាញទំនាក់ទំនងសង្គមសម្រាប់កុមារ កាន់តែក្លាយជាប្រធានបទដែលគេដឹងជាទូទៅ ដូច្នេះគេចាំបាច់ត្រូវអនុវត្តសកម្មភាពបន្ថែម ដើម្បីការពារកុមារពីការរករឿងឈ្លោះ និងការមើលឃើញរូបភាព ឬវីដេអូដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ។ ឪពុកម្ដាយ និងកុមារកាន់តែដឹងពីហានិភ័យដែលកើតឡើង ចេញពីការចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនពេកក្នុងបណ្ដាញសង្គម​។ ប៉ុន្តែអ្វីដែលជាការពិតនោះ គឺទិន្នន័យដែលមាននៅក្នុងប្រូហ្វាលបណ្ដាញទំនាក់ទំនងសង្គមបង្កើតឡើងដោយកុមារ គឺគ្រាន់តែជាទិន្នន័យតិច តួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយនឹងទិន្នន័យដ៏សែនច្រើនផ្សេងទៀត។ អ្វីដែលគេមិនសូវយល់ប៉ុន្តែមានសារៈសំខាន់ផងដែរនោះ គឺការប្រមូលទិន្នន័យដ៏ច្រើនសន្ធឹក​សន្ធាប់អំពីកុមារ។ ខណៈពេលកុមារចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិតជារៀងរាល់ថ្ងៃ ដូចជាការបើកមើលបណ្ដាញទំនាក់ទំនងសង្គម ការប្រើប្រាស់ប្រព័ន្ធស្វែងរកព័ត៌មាន ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និង​វេទិការបស់រដ្ឋាភិបាល លេងហ្គេម ទាញយកកម្មវិធី និងប្រើប្រាស់សេវាបង្ហាញពីទីតាំងភូមិសាស្រ្តតាមទូរស័ព្ទចល័ត ទិន្នន័យ ឌីជីថលរបស់ពួកគេរាប់ពាន់ទាំងនេះត្រូវបានប្រមូលផ្ដុំជុំវិញពួកគេ។ ទិន្នន័យមួយចំនួនថែមទាំងអាចត្រូវបានគេប្រមូលមុនពេលដែលកុមារចាប់បដិសន្ធិទៅទៀត ពោលគឺមុនពេលដែលកុមារអាចផ្ដល់ការយល់ព្រមដោយខ្លួនឯងឱ្យគេប្រមូល និងប្រើប្រាស់ទិន្នន័យរបស់ពួកគេបែបនេះ។

“ខណៈពេលកុមារចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិតជារៀងរាល់ថ្ងៃ ដូចជាការបើកមើល បណ្ដាញទំនាក់ទំនងសង្គម ការប្រើប្រាស់ប្រព័ន្ធស្វែងរកព័ត៌មាន ពាណិជ្ជកម្មតាម ប្រព័ន្ធអ៊ីនធឺណិត និងវេទិការបស់រដ្ឋាភិបាល លេងហ្គេម ទាញយកកម្មវិធី  និងប្រើប្រាស់សេវាបង្ហាញពីទីតាំងភូមិសាស្រ្តតាមទូរស័ព្ទចល័ត ទិន្នន័យឌីជីថល របស់ពួកគេរាប់ពាន់ទាំងនេះត្រូវបានប្រមូលផ្ដុំជុំវិញពួកគេ។”

យុគសម័យដែលគេហៅថាទិន្នន័យច្រើន ឬ “big data” មានសក្តានុពលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីភាពប្រសើរជាងមុន ពោលគឺការផ្ដល់សេវាដែលមានប្រសិទ្ធភាព ឆ្លើយតប និងស្របតាមស្ថានភាពរបស់កុមារម្នាក់ៗ។ ប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់ជាអវិជ្ជមានលើសុវត្ថិភាព ភាពជាឯកជន ស្វ័យភាព និងជម្រើសក្នុងជីវិតនាពេលអនាគតផងដែរ។ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានបង្កើតឡើងក្នុងវ័យកុមារភាព អាចត្រូវបានគេផ្ដល់ទៅឱ្យភាគីទី៣ យកទៅជួញដូរដើម្បីប្រាក់ចំណេញ ឬប្រើប្រាស់ដើម្បីកេងប្រវ័ញ្ចលើយុវជន ជាពិសេសក្រុមដែលងាយរងគ្រោះ និងមានឱកាស​តិចជាងគេ។ ក្នុងពេលជាមួយគ្នា ក្រុមចោរចូលលួចអត្តសញ្ញាណ និងចោរលួចទិន្នន័យ បានទាញចំណេញ​ពីភាពចន្លោះប្រហោងនៃវេទិកាធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីកេងបន្លំ ឬកេងប្រវ័ញ្ចពីមនុស្សពេញវ័យ និងកុមារ។ វេបសាយសម្រាប់ស្វែងរកព័ត៌មាន បានកត់ត្រាឥរិយាបថរបស់អ្នកប្រើប្រាស់ ដោយមិនគិតពីអាយុរបស់ពួកគេឡើយ ហើយការឃ្លាំមើលរបស់រដ្ឋាភិបាល​លើសកម្មភាពអនឡាយកាន់តែមានលក្ខណៈទំនើបទៅៗនៅជុំវិញពិភពលលោក។ លើសពីនេះ ទិន្នន័យដែលប្រមូលក្នុងវ័យកុមារភាព អាចមានឥទ្ធិពលលើឱកាសនាពេលអនាគត ដូចជាការទទួលបានសេវាហិរញ្ញវត្ថុ ការអប់រំ សេវាធានារ៉ាប់រង និងសេវាថែទាំសុខភាពជាដើម។ ទំនាក់ទំនងរវាងការប្រមូល និងការប្រើប្រាស់ទិន្នន័យ ការយល់ព្រម និងការរក្សាភាពជាឯកជនសម្រាប់មនុស្សពេញវ័យ គឺមានលក្ខណៈស្មុគស្មាញគ្រប់គ្រាន់​រួចទៅហើយ ដូច្នេះវាពិតជាកាន់តែមានលក្ខណៈស្មុគស្មាញទៅទៀតសម្រាប់កុមារ ព្រោះថាគេពុំបានបង្កើត​អ៊ីនធឺណិត ដោយពិចារណាពីសិទ្ធិ និងតម្រូវការរបស់កុមារនោះឡើយ ហើយមានកុមារតិចអ្នកតែប៉ុណ្ណោះ ដែលមានលទ្ធភាពស្វែងយល់ពីភាពស្មុគស្មាញដែលពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យ និងការគ្រប់គ្រងព័ត៌មានឯកជន។

ជាញឹកញាប់ កុមារមិនដឹងពីសិទ្ធិពួកគេមានលើទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេនោះឡើយ ហើយមិនយល់ពីផលវិបាកដែលកើតឡើងចេញពីការប្រើប្រាស់ទិន្នន័យរបស់ពួកគេ និងភាពងាយរងគ្រោះដែលពួកគេអាចទទួលរងនោះដែរ។ ជារឿយៗ លក្ខខណ្ឌពាក់ព័ន្ធនឹងការរក្សាភាពជាឯកជនតាមបណ្ដាញទំនាក់ទំនងសង្គម កម្រនឹងយល់បានដោយមនុស្សពេញវ័យដែលមានកម្រិតអប់រំខ្ពស់នោះណាស់ ចុះទម្រាំកុមារទៀត។ ការវិភាគមួយដែលធ្វើឡើងដោយសារព័ត៌មាន The New York Times បានបង្ហាញថា គោលនយោបាយស្ដីពីការរក្សាភាពជាឯកជនតាមបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ត្រូវការកម្រិតនៃការយល់អំណានលើសពីកម្រិតរបស់និស្សិតមហាវិទ្យាល័យធម្មតាម្នាក់ មានន័យថាអ្នកប្រើប្រាស់ជាច្រើននាក់ ជាពិសេសមនុស្សមានអាយុតិច ប្រហែលជាផ្ដល់ការយល់ព្រមទៅតាមខ្លឹមសារដែលពួកគេពុំអាចយល់ទាំងស្រុងបាននោះឡើយ។

 

Innovation
UNICEF Cambodia/2014/Issabelle Lesser

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

បញ្ហាប្រឈមដែលយើងជួបប្រទះនៅពេលបច្ចុប្បន្ននេះ គឺត្រូវធានាថា យើងបានរៀបចំនូវប្រព័ន្ធមួយដែលអាចឱ្យយើងទាញប្រយោជន៍វិជ្ជមានពី big data និងបញ្ញាសិប្បនិម្មិត (artificial intelligence) ឱ្យបានច្រើនបំផុត ហើយក្នុងពេលជាមួយគ្នានៅតែអាចរក្សាបាននូវភាពជាឯកជន ផ្ដល់ការការពារពីគ្រោះថ្នាក់នានា និងផ្ដល់ភាពអង់អាចដល់មនុស្ស រាប់បញ្ចូលទាំងកុមារ ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិរបស់ពួកគេ។ ហើយយើងបានចាប់ផ្ដើមមើលឃើញពីការធ្វើសកម្មភាពជាបណ្ដើរៗរួចទៅហើយ៖ រដ្ឋា​ភិបាលកំពុងពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្ត អ្នកផ្ដល់សេវាក្នុងវិស័យឯកជនកំពុងទទួលស្គាល់ពីតួនាទីរបស់ពួកគេ ហើយអ្នកអប់រំកំពុងគិតពីរបៀបផ្ដល់ឱ្យកុមារនូវឧបករណ៍ ដើម្បីឱ្យពួកគេអាចធ្វើចរាចរណ៍នៅក្នុងពិភពអ៊ីនធឺណិតដោយសុវត្ថិភាព។ នេះគឺជាចំណុចចាប់ផ្ដើម។

អនុសញ្ញាស្ដីពីសិទ្ធិកុមារបញ្ជាក់យ៉ាងច្បាស់ថា កុមារមានសិទ្ធិជាក់លាក់ក្នុងការរក្សាភាពជាឯកជនរបស់ខ្លួន។ គ្មានមូលហេតុណាមួយដែលចំណុចនេះ មិនគួរយកមកអនុវត្តក្នុងប្រព័ន្ធអ៊ីនធឺណិតនោះឡើយ។ បើគេគិតពិចារណាពីបរិបទនៃសិទ្ធិទទួលបានជាឯកជនរបស់កុមារ នៅក្នុងក្របខណ្ឌសិទ្ធិផ្សេងទៀតរបស់ពួកគេ ឧត្តមប្រយោជន៍របស់ពួកគេ ព្រមទាំងសមត្ថភាពដែលកំពុងបន្តវិវត្តរបស់ពួកគេ មានការបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ភាពជាឯកជនរបស់កុមារមានលក្ខណៈខុសប្លែកទាំងវិសាលភាព ទាំងក្នុងការអនុវត្តពីភាពជាឯកជនរបស់មនុស្សពេញវ័យ ហើយក៏មានការលើកឡើងនូវអំណះអំណាងយ៉ាងជាក់ច្បាស់ផងដែរថា កុមារគួរទទួលបានការការពារឱ្យកាន់តែរឹងមាំបន្ថែមទៀត

ក្នុងករណីកុមារប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ពួកគេត្រូវតែមានឱកាសចូលរួម (opt-in) ឬចាកចេញ (opt-out) ពាក់ព័ន្ធនឹងការដែលទិន្នន័យរបស់ពួកគេត្រូវបានប្រើប្រាស់ដោយអ្នកផ្ដល់សេវា ឬដើម្បីផលប្រយោជន៍ពាណិជ្ជកម្មផ្សេងទៀត ហើយលក្ខខណ្ឌនៃការប្រើប្រាស់ទិន្នន័យចាំបាច់ត្រូវតែបង្ហាញឱ្យបានច្បាស់លាស់ និងងាយស្រួលយល់សម្រាប់កុមារ។ ខណៈពេលដែលកុមារមួយចំនួនអាចដឹងដោយខ្លួនឯង ការដឹងបែបនេះ អាចធ្វើឱ្យពួកគេបានត្រឹមតែលុបចោលប្រវត្តិរបស់ពួកគេក្នុងបណ្ដាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះ។ ក្នុងករណីដែលមានការប្រមូលទិន្នន័យពីកុមារតាមរយៈការតាមមើលឥរិយាបថអនឡាញរបស់ពួកគេ ជាការសំខាន់ណាស់ដែលត្រូវមានការរៀបចំគោលនយោបាយស្ដីពីការរក្សាភាពជាឯកជនឱ្យបានច្បាស់​លាស់ មានតម្លាភាព និងងាយស្រួលយល់ ដើម្បីឱ្យកុមារកាន់តែមានឱកាសផ្ដល់ការយល់ព្រមផ្អែកតាមព័ត៌មាន​ត្រឹមត្រូវ អាចយល់ពីសិទ្ធិរបស់ពួកគេ និងដឹងថាតើទិន្នន័យន័យដែលប្រមូលបានទាំងនេះ ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់គោលបំណងអ្វីខ្លះ។ ការផ្ដល់ឱ្យយុវជននូវចំណេះដឹង និងជំនាញ ដើម្បីទាមទារសិទ្ធិឌីជីថលរបស់ពួកគេ មានសារៈសំខាន់យ៉ាងខ្លាំង។

ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតក្នុងវិស័យឯកជន និងវេទិកាបណ្ដាញទំនាក់ទំនងសង្គម មានតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងការការពារកុមារ។ តួអង្គទាំងនេះត្រូវរៀបចំនូវស្ដង់ដារក្រមសីលធម៌ដែលមានតម្លាភាព និងត្រូវពង្រឹងការត្រួតពិនិត្យ និងការពារទិន្នន័យគ្រប់ប្រភពទាំងអស់ដែលពាក់ព័ន្ធនឹងកុមារ ដូចជា ព័ត៌មានមានអំពីទីតាំងរបស់កុមារ និងទម្លាប់ចូលមើល browser និងជាពិសេសពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ។

“អនុសញ្ញាស្ដីពីសិទ្ធិកុមារបញ្ជាក់យ៉ាងច្បាស់ថា កុមារមានសិទ្ធិជាក់លាក់ក្នុងការ រក្សាភាពជាឯកជនរបស់ខ្លួន។ គ្មានមូលហេតុណាមួយដែលចំណុចនេះ មិនគួរ យកមកអនុវត្តក្នុងប្រព័ន្ធអ៊ីនធឺណិតនោះឡើយ។ ”

លើសពីនេះ ក្របខណ្ឌគតិយុត្តថ្មីៗមួយចំនួន ដូចជាបទបញ្ជាស្ដីពីការការពារទិន្នន័យទូទៅរបស់អឺរ៉ុប (GDPR) គឺជាការប៉ុនប៉ងដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវវឌ្ឍនភាពក្នុងផ្នែកនេះ។ បទបញ្ជា GDPR របស់សហភាពអឺរ៉ុប ចែងថា អ្នកប្រើប្រាស់អ៊ីនធឺណិត រួមទាំងកុមារផងដែរ មានសិទ្ធិទទួលបានការជូនដំណឹង អំពីការការពារភាពជាឯកជន ដែលមានលក្ខណៈច្បាស់លាស់ និងមានតម្លាភាព ដែលពន្យល់ពីរបៀបដែលទិន្នន័យ​របស់ពួកគេនឹងត្រូវបានគេយកទៅប្រើប្រាស់ ហើយពួកគេគួរទទួលបានសំណៅចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ និងមានការកែតម្រូវព័ត៌មានមិនត្រឹមត្រូវអំពីពួកគេ។

កម្មវិធី Global Pulse គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការសហប្រជាជាតិ ដែលពិនិត្យមើលថាតើប្រភពទិន្នន័យឌីជីថលថ្មីៗ និងបច្ចេកវិទ្យាវិភាគទិន្នន័យភ្លាមៗ អាចបង្កើនការយល់ដឹងអំពីការផ្លាស់ប្តូរសុខុមាលភាព និងភាពងាយរងគ្រោះថ្មីៗរបស់មនុស្ស ហើយគំនិតផ្ដួចផ្តើមនេះមានសក្តានុពលសម្រាប់គាំទ្រដល់ការអភិវឌ្ឍផងដែរ។ ជាការឆ្លើយតបចំពោះការព្រួយបារម្ភសមស្របជុំវិញការការពារភាពជាឯកជន និងការការពារទិន្នន័យដោយមានការពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញខាងការការពារភាពជាឯកជន កម្មវិធី Global Pulse បានរៀបចំនូវគោលការណ៍ស្ដីពីការរក្សាភាពជាឯកជនមួយចំនួន ដែលធានាបាននូវតម្លាភាពជុំវិញគោលបំណងនៃការប្រើប្រាស់ទិន្នន័យ ការពារភាពជាឯកជនរបស់បុគ្គលម្នាក់ៗ ទទួលស្គាល់ពីតម្រូវការក្នុងការផ្ដល់ការយល់ព្រមសមស្របអំពីការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន​ និងគោរពការរំពឹងទុកសមស្របពាក់ព័ន្ធនឹងការរក្សាភាពជាឯកជន ហើយក្នុងពេលជាមួយគ្នាធ្វើការខិតខំប្រឹងប្រែងសមស្របគ្រប់បែបយ៉ាង ដើម្បីបង្ការការកំណត់អត្តសញ្ញាណបុគ្គលម្នាក់ៗឡើងវិញដោយខុសច្បាប់ និងគ្មានមូលហេតុសមស្រប។ 

អ្នកប្រហែលជាឋិតក្នុងជំនាន់ដែល ជឿជាក់តិចបំផុត មិនធ្លាប់មានកន្លងមក

ហេតុអ្វីខ្ញុំព្រួយបារម្ភ៖

កុមារគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងសង្គមរបស់ពួកគេ ហើយចំពោះអ្នកទាំងអស់គ្នាជាច្រើននាក់ បទពិសោធដំបូងដើម្បីចូលរួមក្នុងនាមជាប្រជាពលរដ្ឋ គឺធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នាភាគច្រើននឹងចម្រើនវ័យនៅក្នុងបរិយាកាសឌីជីថលដែលពោរពេញដោយព័ត៌មាន “ព័ត៌មានមានក្លែងក្លាយ” ដែលបំផ្លាញការជឿទុកចិត្ត និងកាត់បន្ថយការចូលរួមជាមួយនឹងស្ថាប័ន និងប្រភពព័ត៌មាននានា។ ការសិក្សានានាបានបង្ហាញថា កុមារ និងយុវជនជាច្រើននាក់នាពេលបច្ចុប្បន្ននេះ ពិបាកបែងចែកការការពារពីព័ត៌មានមិនពិតតាមប្រព័ន្ធអនឡាញណាស់ ហើយជាលទ្ធផលមនុស្សជំនាន់អ្នក​នឹងជួបប្រទះការលំបាកកាន់តែច្រើន ក្នុងការកំណត់ថពីមនុស្ស និងពីអ្វីដែលអ្នកត្រូវជឿទុកចិត្ត។

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលទទួលបានការគាំទ្រពីសភារបស់ចក្រភពអង់គ្លេស តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Facebook First News និង The Day បានរកឃើញថា កុមារដែលអានព័ត៌មានតាមប្រព័ន្ធអនឡាញមានត្រឹមតែ ១ភាគ៤ ប៉ុណ្ណោះ ជឿជាក់លើប្រភពព័ត៌មានដែលពួកគេកំពុងអាន។ គេអាចចាត់ទុកថា ការដឹងបែបនេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីជំនាញគិតពិចារណាបានល្អិតល្អន់ ប៉ុន្តែការសិក្សាដូចគ្នានេះក៏បានរកឃើញផងដែរថា មានកុមារ និងមនុស្សវ័យក្មេងនៅចក្រភពអង់គ្លេសមានត្រឹមតែ ២ភាគរយប៉ុណ្ណោះដែលមានជំនាញអក្ខរកម្មសំខាន់ៗ ដែលពួកគេត្រូវការ ដើម្បីកំណត់ឱ្យដឹងថាតើព័ត៌មានមួយគឺជាព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយ។ អ្វីដែលគួរព្រួយបារម្ភនោះគឺគ្រូបង្រៀនជិត ២ ភាគ៣ បាននិយាយថាពួកគេជឿថាព័ត៌មានក្លែងក្លាយកំពុងបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់កុមារ ព្រោះវាបានបង្កើនកម្រិតនៃភាពតានតឹងផ្លូវចិត្តរបស់ពួកគេ និងធ្វើឱ្យកុមារយល់ខុសពីទិដ្ឋភាពពិតប្រាកដនៅក្នុងពិភពលោក។ ហើយការសិក្សាមួយនៅសហរដ្ឋអាមេរិកដែលផ្ដោតលើសាលារៀនក្នុងរដ្ឋចំនួន១២ នៅសហរដ្ឋអាមេរិកដែលបានធ្វើការវាយតម្លៃ “ការលើកហេតុផលតាមប្រព័ន្ធអនឡាញរបស់ប្រជាពលរដ្ឋ” ឬលទ្ធភាពវិនិច្ឆ័យលើភាពអាចជឿទុកចិត្តបាននៃព័ត៌មានអនឡាញបានរកឃើញថា នៅពេលធ្វើការវាយតម្លៃព័ត៌មាន​តាមបណ្ដាញទំនាក់ទំនងសង្គម កុមារ និងយុវជនគឺជាមនុស្សដែលគេងាយស្រួលបោកប្រាស់។

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ព័ត៌មានក្លែងក្លាយបង្កផលប៉ះពាល់បន្តិចម្ដងៗទាំងមិនដឹងខ្លួន ហើយបានបង្កផលប៉ះពាល់ដល់ជីវិតពិតផងដែរ។ ឧទាហរណ៍ឪពុកម្ដាយជំនាន់នេះ រាប់ពាន់នាក់ត្រូវភាន់ច្រឡំដោយសារតែព័ត៌មានក្លែងក្លាយ ដែលសាយភាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីផ្ញើសារតាមទូរស័ព្ទអំពីសុវត្ថិភាពនៃថ្នាំបង្ការ ដែលនាំឱ្យមានមនុស្សជាច្រើនស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការ  និងនាំឱ្យមានការកើតឡើងឡើងវិញនូវជំងឺកញ្ជ្រិលក្នុងប្រទេសដែលមានចំណូលខ្ពស់ និងចំណូលទាប ដូចជា បារាំង ឥណ្ឌា និងហ្វីលីពីន ដែលជាការព្រួយបារម្ភ។

យុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានបោកប្រាស់ឱ្យកុមារផ្ដល់ប្រាក់ ផ្ដល់ទិន្នន័យរបស់ពួកគេ និងត្រូវបានគេល្បួង និងធ្វើអាជីវកម្មផ្លូវភេទជាដើម។ នៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញថា ព័ត៌មានក្លែងក្លាយអាចធ្វើឱ្យប៉ះពាល់ដល់ការជជែកវែកញែកជាលក្ខណៈប្រជាធិបតេយ្យ ឆន្ទៈរបស់អ្នកបោះឆ្នោត និងបណ្ដុះមន្ទិលសង្ស័យអំពីក្រុមជាតិពន្ធុ ជាតិសាសនា ឬក្រុមសង្គមផ្សេងទៀត ដែលនាំឱ្យមានការបែកបាក់ និងការបះបោរជាដើម។ នេះគឺជាបញ្ហាសកលមួយ ដោយរបាយការណ៍នានាពីប្រទេសជាច្រើន ដូចជា ប្រេស៊ីល អ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលយុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលមានលក្ខណៈទំនើប នាំឱ្យគេចាំបាច់ត្រូវបង្រៀនមុខវិជ្ជា “រៀនពិចារណា (Learn to Discern)” នៅតាមសាលា
រៀន។ នៅក្នុងប្រទេសមីយ៉ាន់មា មានការរាយការណ៍ថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ បំពេញតួនាទីក្នុងការញុះញុងឱ្យមានអំពើហិង្សាដ៏សែនព្រៃផ្សៃចំពោះជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

“ក្នុងនាមជាសង្គម យើងត្រូវតែកសាងភាពធន់ទប់ទល់នឹងការផ្សព្វផ្សាយព័ត៌មាន

បញ្ហាទាំងនេះគ្រាន់តែជាផ្នែកតូចមួយនៃបញ្ហាដ៏សែនធំ ក្រោយពេលដែលការពិតត្រូវបានរកឃើញតែប៉ុណ្ណោះ។ ខណៈពេលបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់បោកប្រាស់កាន់តែជឿនលឿនជាងមុន ការ​ផ្ទៀងផ្ទាត់ខ្លឹមសារព័ត៌មានកាន់តែលំបាក ដែលនាំឱ្យមានការថយចុះនូវការជឿទុកចិត្តលើស្ថាប័ន​នានា និងមានការកើនឡើងនូវការមិនចុះសម្រុងគ្នានៅក្នុងសង្គមក្នុងកម្រិតមួយខ្លាំង។ ឧទាហរណ៍ ជាមួយនឹងបច្ចេកវិទ្យាបន្លំ
វីដេអូ ដោយប្រើប្រាស់ប្រព័ន្ធសំយោគដែលដើរដោយបញ្ញាសិប្បនិម្មិត (AI) គេកាន់តែងាយស្រួលក្នុងការបំប្លែង និងកែប្រែតក្កភាពជាក់ស្ដែង ដែលធ្វើទៅហាក់បី ដូចជាមនុស្សនៅក្នុងវីដេអូនោះ បាននិយាយពីអ្វីដែលពួកគេពុំបាននិយាយសោះ ដែលនេះគេហៅថា “ព័ត៌មានក្លែងក្លាយស៊ីជម្រៅ”។ ប្រសិនបើបច្ចេកវិទ្យាទាំងនេះ បន្តកើនទ្បើងដោយពុំមានសកម្មភាពកាត់បន្ថយ ដើម្បីជួយឱ្យមនុស្សជំនាន់ក្រោយស្វែងយល់ពីព័ត៌មានក្លែងក្លាយនោះទេ បច្ចេកវិទ្យាទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់វិស័យវិទ្យាសាស្រ្ត និងវិស័យវេជ្ជសាស្រ្ត ធ្វើឱ្យគេលែងមានជំនឿទុកចិត្តលើស្ថាប័នសំខាន់ៗ ធ្វើឱ្យសង្គមបែកបាក់គ្នា និងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់លទ្ធិ
ប្រជាធិបតេយ្យរបស់យើងជាមិនខាន។

យើងមិនអាចពឹងអាស្រ័យតែលើការធានាធម្មតាៗថាការពិតតែងតែឈ្នះភាពក្លែងក្លាយនៅក្នុងយុគសម័យឌីជីថលបានឡើយ។ ដូច្នេះក្នុងនាមជាសង្គម យើងត្រូវតែកសាងភាពធន់ទប់ទល់នឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅតាមអនឡាញ ដែលមានជារៀងរាល់ថ្ងៃនាពេលបច្ចុប្បន្ននេះ។ យើងគួរចាប់ផ្ដើមបំពាក់បំប៉នយុវជននូវសមត្ថភាពស្វែងយល់ពីមនុស្ស និងពីអ្វីដែលគេអាចជឿទុកចិត្តតាម​ប្រព័ន្ធអនឡាញ ដើម្បីឱ្យពួកគេក្លាយជាប្រជាជនដែលចូលរួមកាន់តែសកម្ម។

EN_ED_Letter_Assets_32_Photo_FakeNews_UN0120662.jpg
UNICEF/UN0120662/Brazier

ហេតុអ្វីយើងមានក្ដីសង្ឃឹម៖

មានភស្តុតាងមួយចំនួនដែលបង្ហាញថា មនុស្សពេញវ័យគួរដាក់ការជឿជាក់របស់ខ្លួនលើកុមារ និងយុវជន ដើម្បីកុំឱ្យពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់នៃការជឿជាក់លើព័ត៌មានក្លែងក្លាយ​។ ការសិក្សាដែលធ្វើឡើងកាលពីពេលថ្មីៗនេះ និងដែលត្រូវបានបោះពុម្ពផ្សាយដោយសមាគម ដើម្បីលើកកម្ពស់វិទ្យាសាស្រ្តរបស់អាមេរិក បានរកឃើញថា អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដែលមានអាយុលើសពី ៦៥ឆ្នាំ ចែករំលែកអត្ថបទដែលមានព័ត៌មានក្លែងក្លាយ ច្រើនជាងក្រុមដែលមានអាយុតិចជាងគេជិត ៧ដង។ ខណៈដែលគេមិនទាន់អាចពន្យល់បានពីមូលហេតុ ដែលនាំឱ្យមានការចែករំលែកព័ត៌មានក្លែងក្លាយដ៏ច្រើនបែបនេះ វាអាចបង្ហាញឱ្យយើងដឹងថា កម្រិតចំណេះដឹងអំពីប្រព័ន្ធឌីជីថល និងបណ្ដាញផ្សព្វផ្សាយ ក្នុងចំណោម “មនុស្សវ័យក្មេងដែលដឹងច្រើនអំពីឌីជីថល” អាចជាកត្តាការពារពួកគេមិនឱ្យជឿព័ត៌មានក្លែងក្លាយ។ ទោះជាយ៉ាងណាក៏ដោយ វាបង្ហាញយ៉ាងច្បាស់ថា យើងចាំបាច់ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមរៀបចំយុវជនវ័យក្មេងដែលចូលចិត្តប្រើប្រាស់បច្ចេកវិទ្យារបស់យើងឱ្យចេះទប់ទល់នឹងការបំភាន់ ព្រមទាំងរក្សាទំនាក់ទំនងជឿទុកចិត្តគ្នាជាមួយនឹងស្ថាប័ន និងប្រភពព័ត៌មាន និងចំណេះដឹងដែលអាចជឿទុកចិត្តបាន និងអាចផ្ទៀងផ្ទាត់បាន។

“យើងត្រូវធ្វើការសកម្មជាងមុន ដើម្បីត្រៀមរៀបចំពលរដ្ឋវ័យក្មេងដ៏មានចំណេះ ដឹងរបស់យើង ឲ្យមានលទ្ធភាពប្រឆាំងនឹងការក្លែងបន្លំ។ ”

ខណៈដែលវេទិកាបណ្ដាញទំនាក់ទំនងសង្គម ហាក់បីដូចជា យកចិត្តទុកដាក់ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបានសហការជាមួយនឹងស្ថាប័នសារព័ត៌មាន ដើម្បីបង្ហាញឱ្យច្បាស់ពីប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន យើងមិនអាចពឹងអាស្រ័យ តែលើខាងផ្នែកផ្គត់ផ្គង់ ដើម្បីផ្ដល់ជាដំណោះស្រាយនោះឡើយ។ កុមារមានសិទ្ធិទទួលបានការអប់រំ ដើម្បីត្រៀមរៀបចំពួកគេសម្រាប់ពិភពលោកដែលពួកគេនឹងរស់នៅ ហើយបច្ចុប្បន្ននេះការអប់រំនេះត្រូវបញ្ចូលចំណេះដឹងអំពីប្រព័ន្ធឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ ការគិតពិចារណាល្អិតល្អន់ និងការថ្លឹងថ្លែងភស្តុតាងឱ្យបានកាន់តែច្រើនជាងមុន។ ប្រធានអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ កំពុងបញ្ចូលសំណួរអំពីការបែងចែកព័ត៌មានពិត ពីព័ត៌មានមិនពិត ទៅក្នុងជួរបន្ទាប់នៃតេស្ត PISA ដែលជាតេស្តអន្តរជាតិដ៏មានឥទ្ធិពល ដោយចាត់ទុកថាការវិនិច្ឆ័យបែបល្អិតល្អន់នេះ គឺជាសមត្ថភាពសកលមួយ ហើយគំនិតផ្តួចផ្តើមស្រដៀងគ្នាបែបនេះ អាចជួយបញ្ជ្រាបការអប់រំ និងការបណ្ដុះបណ្ដាលអំពីជំនាញយល់ដឹងអំពីប្រព័ន្ធឌីជីថល ដែលអាចជាជំនាញមួយក្នុងចំណោមជំនាញដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្សជំនាន់ក្រោយ។ លើសពីនេះ យើងត្រូវប្រឹងប្រែងធ្វើការងារដើម្បីកសាងទំនាក់ទំនងប្រកបអត្ថន័យរវាងយុវជន និងស្ថាប័ននានា កសាងការជឿទុកចិត្តគ្នាឡើងវិញ ប្រសិនបើយើងចង់បន្តរក្សាសង្គមប្រជាធិបតេយ្យរបស់យើងឱ្យនៅរស់រានបន្តទៀតនាពេលអនាគត។   

ពាក្យចុងក្រោយ …

ជាចុងក្រោយ មូលហេតុធំបំផុតដែលនាំឱ្យខ្ញុំមានក្ដីសង្ឃឹម គឺដោយសារតែអ្នកទាំងអស់គ្នា​ ពោលគឺកុមារ និងយុវជន​នាពេលបច្ចុប្បន្ននេះកំពុងដឹកនាំទាមទារឱ្យមានការចាត់វិធានការជាបន្ទាន់ និងផ្ដល់ភាពអង់អាចដល់ខ្លួនឯង ឱ្យចេះស្វែងយល់ និងរៀបចំពិភពលោកនៅជុំវិញអ្នក។ អ្នកកំពុងឈរនាំមុខគេ ហើយយើងកំពុងស្ដាប់អ្នក​។

ខណៈដែលកុមារកាលពីឆ្នាំ១៩៨៥ បានក្លាយជាអ្នកដឹកនាំនាពេលបច្ចុប្បន្ន អ្នកទាំងអស់គ្នាដែលជាកុមារ និងយុវជនឆ្នាំ២០១៩ គឺជាអ្នកដឹកនាំអនាគត។ អ្នកទាំងអស់គ្នា គឺជាអ្នកផ្ដល់កម្លាំងចិត្តដល់យើងទាំងអស់គ្នា។

យើងចង់ធ្វើការងាររួមគ្នាជាមួយអ្នក ដើម្បីស្វែងរកដំណោះស្រាយដែលអ្នកត្រូវការ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន កសាងអនាគតឱ្យកាន់តែល្អប្រសើរសម្រាប់ខ្លួនអ្នក និងពិភពលោកដែលអ្នកនឹងបន្តវេន។

 

EN_ED_Letter_Assets_34_ED_Signature_0_0.png

លោកស្រី ហិនរីតា ហ្វ័រ
នាយិកាប្រតិបត្តិយូនីសេហ្វ