USAID និងយូនីសេហ្វ គាំទ្រដល់ការបើកសាលារៀនឡើងវិញ ដោយផ្គត់ផ្គង់សម្ភារចាំបាច់សំខាន់ៗ និងផ្ដល់ព័ត៌មាន

11 កញ្ញា 2020
©UNICEF Cambodia/2020/Bunsak But
UNICEF Cambodia/2020/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០៖ នៅថ្ងៃនេះ​ ឯកឧត្តមអភិបាលរង​រាជធានីភ្នំពេញ​ នាយិកា ​យូនីសេហ្វ និងតំណាង USAID បានចូលរួមក្នុងពិធីចែក​សម្ភារអនាម័យ​សំខាន់ៗ​មានដូចជា សាប៊ូ ជែលលាងដៃ និង​ឧបករណ៍វាស់សីតុណ្ហភាពជូនដល់សាលារៀនចំនួន ៤១៧ នៅក្នុងខេត្ត​ចំនួន ៥ និងក្នុងរាជធានីភ្នំពេញ។ ពិធីនេះជាព្រឹត្តិការណ៍បង្ហាញថាពីជំនួយដ៏មានសារសំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបើកសាលា រៀនទ្បើងវិញប្រកបដោយសុវត្ថិភាព តាមរយៈការគាំទ្ររបស់ USAID ដល់យូនីសេហ្វ។  ពិធីនេះត្រូវបានរៀបចំឡើងក្នុងសប្ដាហ៍នេះ​ ក្នុងពេលដែល​សាលា​រៀននៅកម្ពុជាបាន​ចាប់ផ្ដើមអនុញ្ញាតឱ្យសិស្សានុសិស្សចូលរៀនទ្បើងវិញ។ សម្ភារអនាម័យចាំបាច់សំខាន់ៗទាំងនេះនឹងបានទៅដល់​កុមារចំនួន ​២៩០.០០០ នាក់ ដែលផ្ដល់លទ្ធភាពឱ្យពួកគេ​បន្ត​ការអប់រំ​សាជាថ្មីប្រកបដោយ​សុវត្ថិភាព។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក Benjamin Wohlauer អនុប្រធាន​​បេសកកម្មរបស់​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានវត្ត​មានចូលរួម​ក្នុងពិធីនេះ។ ពួកគាត់ក៏បាន​ចូលរួមសង្កេតការលើការទទួល​សម្ភារផ្គត់ផ្គង់ថ្មីៗរបស់សាលារៀន​មធ្យមសិក្សា បន្ថែមលើសម្ភារដែល​បាន​ផ្ដល់ជូន​កន្លងមក។

ដៃគូទាំងអស់​សុទ្ធ​តែយល់ស្រប​ដូចៗគ្នា​ថា ការ​បើក​សាលារៀន​សាជាថ្មីត្រូវតែធ្វើទ្បើងប្រកបសុវត្ថិភាព និងគោរព​ទៅតាម​សេចក្ដីណែនាំ​ស្ដីពីការ​បើកសាលារៀន​សាជាថ្មី​ដោយបង្ការ​ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ផ្អែក​តាមការអនុវត្តល្អៗជាសកល។ ​វិធានការ​សមស្រប​គ្រប់បែបយ៉ាង​ គួរត្រូវបានអនុវត្ត ដើម្បី​ការពារ​សិស្សានុសិស្ស​ បុគ្គលិកសិក្សា គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ។ វិធានការបង្ការសមស្របដូចជា ការ​វាស់សីតុណ្ហភាព ការលាង​សម្អាត​ដៃឱ្យបានទៀងទាត់ និង​ពាក់ម៉ាស់ គឺជា​វិធានការ​ដែលចាំបាច់​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺកូវីដ-១៩​ នៅតាមសាលារៀន។

ឯកឧត្តមអភិបាល​រងរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្ដីសោមនស្សរីករាយដោយបានដឹងថាសាលារៀនបានទទួលសម្ភារទាំងនេះ ដើម្បីជួយដល់ការចូលរៀនវិញប្រកបដោយ​សុវត្ថិភាព។ ខ្ញុំសូមថ្លែងអំណរគុណដល់​ស្ថានទូតសហរដ្ឋអាមេរិក និងយូនីសេហ្វ ដែលបាន​ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយ​រាជរដ្ឋាភិបាលកម្ពុជា និង​ជាពិសេសសាលារាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ និងទប់ស្កាត់​ការឆ្លងរាលដាលនៅក្នុងសហគមន៍។ ពេលនេះគឺជា​ពេល​ដ៏សំខាន់​ជាងពេលណាៗទាំងអស់ ដែលសហគមន៍ សាលារៀនត្រូវ​រួមគ្នាធានា​យ៉ាងណាឱ្យសាលារៀននៅតែ “មានសុវត្ថិភាពពីជំងឺកូវីដ-១៩” ដើម្បីឱ្យសិស្សានុសិស្សរបស់យើងអាច​បន្ត​ការ​សិក្សា​របស់ពួកគេ​នៅក្នុង​បរិយាកាសដែលទទួលបានការគាំទ្រ​ និងមានសុវត្ថិភាព”។

បន្ថែមលើសម្ភារអនាម័យទាំងនេះ យូនីសេហ្វក៏បាន​ចែក​សម្ភារអប់រំ​ផ្សព្វផ្សាយ​ទៅកាន់​សាលារៀនទាំងនេះ​ផងដែរ។ សម្ភារអប់រំផ្សព្វផ្សាយទាំងនេះ មានសារៈសំខាន់ សម្រាប់លើកកម្ពស់ការអនុវត្តទម្លាប់អនាម័យឱ្យបានល្អប្រសើរ នៅពេលសាលារៀនបើក​ដំណើរការ​សាជាថ្មី ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​ស្ដារឡើងវិញពីជំងឺ     កូវីដ-១៩ របស់យូនីសេហ្វ។ សម្ភារទាំងនេះផ្ដល់នូវ​ព័ត៌មាន​សុក្រឹតដល់​បុគ្គលិកសិក្សា និងកុមារ អំពីរបៀបការពារ​ខ្លួន និងការពារ​អ្នក​ដទៃទៀតពីជំងឺកូវីដ-១៩។ កុមារគ្រប់រូបគួរអាច​ត្រឡប់​ចូល​រៀនវិញក្នុង​បរិយាកាស​ប្រកបដោយសុវត្ថិភាព មានអនាម័យ និងទទួលបានការគាំទ្រ​ ក្នុងនោះមានការផ្ដល់អាទិភាព​ និង​មានការ​យកចិត្តទុក​ដាក់ខ្ពស់បំផុត​លើសុខុមាលភាព និងឱកាសសិក្សារៀនសូត្ររបស់ពួកគេ។

លោក Benjamin Wohlauer អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “ការបើកសាលារៀនទ្បើងវិញនេះគឺជាការវិវត្តមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញពីជំងឺកូវីដ-១៩។ យើងមានមោទនភាពក្នុងការសហការជាមួយក្រសួងអប់រំ និងយូនីសេហ្វ ដើម្បីគាំទ្រសិស្សានុសិស្សកម្ពុជាឲ្យអាចចូលរៀនវិញបាន។”    

ជំងឺកូវីដ-១៩ មិនត្រឹមតែជា​វិបត្តិ​សុខភាព​ប៉ុណ្ណោះទេ។ បញ្ហាមួយ​ក្នុងចំណោម​បញ្ហា​ធំៗ ដែលជំងឺនេះ​បង្កទ្បើង​ គឺការ​បិទសាលារៀននៅទូទាំង​ពិភព​លោក និងការ​រំខានដល់ការរៀនសូត្ររបស់សិស្ស។ ចាប់ពីពេលដែលសាលារៀនបិទទ្វារ យូនីសេហ្វ ដោយមានការ​គាំទ្រពី USAID និងដៃគូដទៃទៀត បានសហការយ៉ាងជិតស្និទ្ធជាមួយនឹង​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ផ្ដល់​​ឱកាសអប់រំតាមវិធីផ្សេងទៀតដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេ​នៅតែ​អាចបន្ត​ការរៀនសូត្រ។ បច្ចុប្បន្ននេះ ភាព​ជា​ដៃគូរវាងស្ថាប័នទាំងនេះកំពុង​ជួយគាំទ្រ​ដល់ការ​បើក​ដំណើរការ​សាលារៀនទ្បើងវិញ និងការ​អនុវត្ត​គោលវិធី​ចម្រុះសម្រាប់ផ្ដល់ការអប់រំ ពោលគឺការ​បន្ត​ការអប់រំ​ផ្ទាល់ រួមជាមួយនឹង​ការ​សិក្សាពីចម្ងាយ។

លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាន៍ថា “យើងអាចទទួល​បានជោគជ័យ និងជំនះឧបសគ្គដ៏ធំសម្បើមដែលបង្កឡើងដោយជំងឺ​កូវីដ-១៩ តែនៅពេលដែលយើងធ្វើការងារជិតស្និទ្ធ​ជាមួយនឹងដៃគូរបស់យើង។ យើងចាំបាច់ត្រូវ​ធ្វើការងារ​ជាមួយនឹង​លោកគ្រូ អ្នកគ្រូ ជួយ​កសាង​ជំនាញរបស់ពួកគេ​ក្នុងការ​ប្រើប្រាស់គោលវិធីចម្រុះ សម្រាប់​ការរៀនសូត្របស់សិស្ស ដែលមានសារៈសំខាន់សម្រាប់ការស្ដារប្រព័ន្ធអប់រំឡើងវិញ។ យើងត្រូវ​ការ​ដៃគូនានា​ដូចជា USAID ជាដើម ដែលបាន​គាំទ្រ​ដល់​កា​របន្ត​ការ​សិក្សា​របស់កុមារនៅកម្ពុជា ក្នុងអំឡុងពេលដែលសាលាបិទទ្វារ ហើយបច្ចុប្បន្ននេះ ក៏កំពុង​ជួយឱ្យពួកគេ​វិលត្រឡប់​ទៅសាលារៀនប្រកបដោយ​សុវត្ថិភាពផងដែរ។ លទ្ធផលទាំងនេះមិនអាច​ធ្វើទៅ​បានឡើយ ប្រសិនបើពុំមានការគាំទ្រ​ពីរាជរដ្ឋាភិបាល​កម្ពុជា ដែលជាថ្មីម្ដងទៀតបានបង្ហាញឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាល​ផ្ដល់សារៈសំខាន់ដល់ការអប់រំ ដើម្បី​ជួយឱ្យប្រទេសនេះ ​មិនត្រឹមតែធូរស្បើយពី​ជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងកាន់តែរីកចម្រើន​បន្ថែមទៀតនាពេលអនាគត”។

កំណត់សម្គាល់ចំពោះនិពន្ធនាយក៖ 

អំពី USAID

USAID ត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy ហើយបានដើរតួនាទីជាភ្នាក់ងារនាំមុខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ជំនួយបរទេស។ ចាប់តាំងពីឆ្នាំ១៩៩២មក USAID បានគាំទ្រថវិកាជាង ១ប៊ីលានដុល្លារអាមេរិកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook