អាហារព្យាបាលប្រភេទថ្មី ធ្វើពីត្រី សម្រាប់ព្យាបាលកុមារ ជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ

នៅកម្ពុជា មានកុមារប្រមាណ ២,៦ ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។

20 មីនា 2019
A child eating therapeutic snack
UNICEF Cambodia/2018/

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨៖ នំបំពង់ធ្វើពីត្រីឈ្មោះថានូទ្រីក (Nutrix) ត្រូវបានផលិត រួមគ្នាដោយយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវបារាំងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព (IRD) សកលវិទ្យាល័យកូផេនហេហ្គិន (Copenhagen University (CU)) និងក្រមហ៊ុន Danish Care Foods (DCF) ដាណឺម៉ាក សហកាជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងររបស់កុមារ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការទីតាំងផលិតនំនូទ្រីក (Nutrix) ក្នុងរាជធានីភ្នំពេញ ដៃគូទាំងអស់ បានប្រកាសថា នំសម្រាប់ព្យាបាលដែលផលិតសម្រាប់ញ៉ាំបានភ្លាមៗនេះ នឹងត្រូវផលិតក្នុងទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបចំពោះបញ្ហា
កង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា “ការប្រកាសចាប់ផ្តើមផលិតអាហារព្យាបាលក្នុងស្រុកប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាការបោះជំហានមួយដ៏សំខាន់ ដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការព្យាបាលកុមារយ៉ាងហោចណាស់ឲ្យបាន ២៥.០០០ នាក់ក្នុង១ឆ្នាំ ដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ”។

ឯកឧត្តមបានបន្ថែមទៀតថា “ការចាប់ផ្តើមផលិតអាហារព្យាបាលនេះ នឹងជួយធានាឱ្យមានផលិតផលក្នុងស្រុក សម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានដៃគូជាច្រើនបានជួយយើងក្នុងការអភិវឌ្ឍផលិតផលនេះ ហើយយើងសង្ឃឹមថា ភាពជាដៃគូថ្មីនេះនឹងជួយឱ្យយើងអាចពង្រីកការព្យាបាលបន្ថែមទៀត ដល់កុមារដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ”។

នៅកម្ពុជា មានកុមារប្រមាណ ២,៦ ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ដើម្បីព្យាបាលដល់កុមារទាំងនេះ អាហារព្យាបាលដែលអាចញ៉ាំបានភ្លាមៗ ត្រូវបានផ្តល់ឲ្យកុមារយកទៅញ៉ាំនៅតាមផ្ទះ ហើយប្រសិន​បើពុំមានអាហារបែបនេះទេ កុមារជាច្រើននាក់ប្រហែលជាចាំបាច់ត្រូវនៅទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក៏ដោយការស្រាវជ្រាវបង្ហាញថា កុមារដែលត្រូវការការព្យាបាលអាចទទួលបានអាហារព្យាបាលនេះនៅក្នុងកម្រិតមួយទាបប៉ុណ្ណោះពីស្ថាប័នសុខាភិបាលក្នុងប្រទេសកម្ពុជា។

លោកស្រី វីវៀនណា ប៊េលម៉ុងតេ (Wivina Belmonte) នាយកស្តីទីអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ី និង​ប៉ាស៊ីហ្វិចបានមាន​ប្រសាសន៍ថា “នៅតំបន់អាស៊ី និង​ប៉ាស៊ីហ្វិក មាន​កុមារ​អាយុ​ក្រោម៥ឆ្នាំ ជាង ៥លាន​នាក់ កំពុងរងគ្រោះពី បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំ ហើយវាមូលហេតុដ៏ចម្បងមួយដែលនាំឱ្យកុមារអាយុ​ក្រោម៥ ឆ្នាំមានការបាត់បង់ជីវិត។ ការបញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ គឺជារឿងដ៏ពិបាកមួយ ដែលទាមទារឱ្យមានឆន្ទៈ​សង្គម និង​នយោបាយ។ យើងសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់អាទិភាពដល់ការឆ្លើយតបនឹងបញ្ហានេះ ដោយ​ពង្រឹងនូវ​សេវាព្យាបាលនៅ​គ្រប់បរិបទទាំងអស់។ ប្រទេសកម្ពុជា ជាប្រទេសទី២នៅក្នុងតំបន់ដែលកំពុងផលិតដោយខ្លួនឯងនូវអាហារសម្រាប់ព្យាបាលដែលអាចប្រើប្រាស់បានភ្លាមៗនេះ”។

រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់នំត្រីនូទ្រីក (Nutrix) ដែលជាអាហារព្យាបាលបែបអាហារសម្រន់ និង​មានតម្លៃសមរម្យនេះសម្រាប់ព្យាបាលកុមារអាយុក្រោមប្រាំឆ្នាំដែលកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរនៅតាមសហគមន៍ ដាច់ស្រយាល និងសហគមន៍ក្រីក្រ តាមរយៈមណ្ឌលសុខភាពមូលដ្ឋាន។ នៅកម្ពុជាគេប៉ាន់ប្រមាណថា មានកុមារចន្លោះពី ៦០.០០០ ដល់ ៩០.០០០ នាក់ក្នុង១ឆ្នាំៗ ត្រូវការការព្យាបាលពិសេស ដូចជាការព្យាបាលតាមរយៈអាហារព្យាបាលបែបនេះជាដើម។

អាហារព្យាបាលល្បីឈ្មោះប្រើប្រាស់បានភ្លាមៗជាច្រើន ដែលផលិតពីសណ្តែកដី និងផលិតផលទឹកដោះគោ ជាទូទៅត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ សម្រាប់គ្រឿងផ្សំរបស់នំនូទ្រីកនេះ គឺអាចរកបាននៅក្នុងស្រុក ដែលនាំឱ្យការផលិតនំព្យាបាលនេះ មានតម្លៃថោកជាងការនាំចូល ២០%។

លោកបណ្ឌិត ហ្វ្រេង វៀរីងហ្កា (Frank Wieringa) នៃ IRD ដែលជាស្ថាប័នកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ
អង្គការយូនីសេហ្វ CU និង DCF​ ក្នុងការអភិវឌ្ឍនំនូទ្រីកនេះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ បានមានប្រសាសន៍ថា “តាមរយៈការប្រើប្រាស់នំ ដែលបានកែសម្រួលឲ្យស្របទៅនឹងរសជាតិ​ និងចំណង់ចំណូលចិត្តរបស់ពលរដ្ឋក្នុងស្រុក យើងអាចសម្រេចបាននូវលទ្ធផលពិតប្រាកដមួយឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ នេះជារឿងដែលសំខាន់ ព្រោះថាក្រៅតែពីកុមារ ២,៦ ភាគរយដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ក៏នៅមានកុមារ ៨% ដទៃទៀត កំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភក្នុងកម្រិតមធ្យមផងដែរ ដែលនេះគឺជាតួលេខមួយគួរឱ្យព្រួយបារម្ភ។ នំនូទ្រីក ក៏អាចផ្តល់ជាឧទាហរណ៍ដល់ប្រទេសដទៃទៀតក្នុងតំបន់ផងដែរ ដោយសារមិនមែនតែកម្ពុជាទេនៅអាស៊ី
អាគ្នេយ៍ ដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភកុមារលើកុមារ ក្នុងប្រេវ៉ាឡង់មួយដ៏ខ្ពស់បែបនេះ”។

ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាល អង្គការយូនីសេហ្វ ​បាននឹងកំពុងសហការជាមួយក្រុមហ៊ុន Danish Care Foods ដែលជាក្រុមហ៊ុនឯកជនផលិតនំនូទ្រីកនេះ ក្នុងទីក្រុងភ្នំពេញ។

លោក លីនដុន ផូល (Lyndon Paul) នាយកចាត់ការទូទៅនៃក្រុមហ៊ុន Danish Care Foods បានមាប្រសាសន៍ថា៖ “វាជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់យើង ដែលឃើញថា ដៃគូយ៉ាងច្រើនសហការគ្នាផលិតនំសម្រាប់ព្យាបាលដែលអាចប្រើប្រាស់បានភ្លាមៗនេះ។ Danish Care Foods គឺជាសហគ្រាសសង្គម ដែលថវិការបស់ខ្លួនមានកំណត់ ហើយយើងភ្ញាក់ផ្អើលចំពោះគម្រោងផលិតនំនូទ្រីកដ៏តូចមួយនេះ ដែលចាប់ផ្តើមកាលពីប្រាំឆ្នាំមុន នឹងអាចយកទៅព្យាបាលកុមារយ៉ាងច្រើននាក់ក្នុងពេលឆាប់ៗនេះ។ ជាមួយនឹងថវិកាក្នុងបរិមាណដូចគ្នារបស់រាជរដ្ឋាភិបាល ក្រសួង
សុខាភិបាល អាចផ្តល់ការព្យាបាលដល់កុមារ ២០% បន្ថែមទៀត ដោយសារលទ្ធកម្មនៃផលិតផលព្យាបាលនេះចំណាយអស់តិចតួចជាងមុន។”

###

កំណត់សម្គាល់

នំនូទ្រីក (Nutrix) ត្រូវផលិតទ្បើងដោយតម្រូវទៅតាមរសជាតិដែលកុមារកម្ពុជាចូលចិត្ត ដើម្បីបង្កើនភាពអាចទទួលយកបានក្នុងការទទួលការព្យាបាល និងការបន្តទទួលការព្យាបាល។ បុគ្គលិកសុខាភិបាលជួបជាមួយកុមារដែលទទួលបាននំសម្រាប់ព្យាបាលប្រភេទថ្មីនេះជារៀងរាល់ខែ ដើម្បីតាមដានការអភិវឌ្ឍ និងការលូតលាស់របស់ពួកគេ។ ជាមួយការគាំទ្រពីអង្គការយូនីសេហ្វ ចំនួនកុមារទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៣៦ និងមណ្ឌល
សុខភាពជាង១០០ កន្លែងទូទាំងប្រទេស បានកើនឡើងពី ១.៦០៤ នាក់ក្នុងឆ្នាំ២០១១ ដល់ ៥.៥៧៦ នាក់ក្នុងឆ្នាំ ២០១៧។ កុមារកាន់តែច្រើននាក់នៅកម្ពុជា អាចទទួលបានការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងររបស់ពួកគេ តាមរយៈនំនូទ្រីកនេះ។

លោកអ្នកអាចទាញយករូបថត នៅទីនេះ និងវីដេអូ នៅទីនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមអានឯកសារពាក់ព័ន្ធខាងក្រោម៖

-     ការអភិវឌ្ឍ និងភាពអាចទទួលយកបាននៃផលិតផលធ្វើពីត្រីនៅក្នុងស្រុកដែលអាចញុំាបានភ្លាមៗ សម្រាប់ទប់ស្កាត់ និងព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ សូមទាញយក នៅត្រង់នេះ

-     ប្រសិទ្ធភាពនៃផលិតផលអាហារក្នុងស្រុកធ្វើពីត្រីលើការឡើងទម្ងន់ក្នុងចំណោមកុមារនៅកម្ពុជាក្នុងការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ៖ ការសាកល្បងដោយមានការត្រួតពិនិត្យតាមបែប
ចៃដន្យ។ សូមទាញយក នៅទីនេះ

 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda

Chief of Communication

UNICEF Cambodia

ទូរស័ព្ទ: +85523260204;ext=434

លោក​ មាស ប៊ុនលី

មន្ត្រីជំនាញផ្នែកទំនាក់ទំនង

យូនីសេហ្វកម្ពុជា

ទូរស័ព្ទ: +85523260204;ext=435

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook

ច្រើនទៀតដើម្បីស្វែងយល់