ស្របពេលយូនីសេហ្វប្រារព្ធខួប៧៥ឆ្នាំ សិទ្ធិកុមារកំពុងជួបប្រទះបញ្ហាប្រឈមសកលដ៏ធំធេងមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងយូនីសេហ្វប្រចាំកម្ពុជា

10 ធ្នូ 2021
© UNICEF Cambodia
UNICEF Cambodia

កាលពី៧៥ឆ្នាំមុន យូនីសេហ្វ​ត្រូវ​បានបង្កើតឡើង​បន្ទាប់ពីសង្គ្រាមលោកលើកទី២ និង​សម្រាប់ឆ្លើយតបនឹងវិបត្តិដែលសង្គ្រាមលោក​នេះបង្កទ្បើង​ដល់កុមារ​នៅទូទាំងសកលលោក។ អាណត្តិរបស់យើងគឺដើម្បីជួយ​ដល់កុមារ ​ដែល​ជីវិត​ និង​អនាគត​របស់ពួកគេ កំពុងប្រឈម​នឹង​ហានិភ័យ និងក្រោយមកដើម្បីធានា​ឲ្យមានការ​លើកកម្ពស់ ​ការ​បំពេញ និងការ​ការពារ​សិទ្ធិ​ទាំងអស់របស់កុមារគ្រប់រូប។

ចាប់តាំង​ពីពេលនោះមក យើងសម្រេចបាននូវវឌ្ឍនភាព​ជាច្រើន ហើយបច្ចុប្បន្ននេះការយល់ដឹងពី​សិទ្ធិរបស់កុមារ​កាន់​តែទូលំទូលាយ​ជាង​ពេលណាៗទាំងអស់នៅតាម​តំបន់ភាគច្រើនក្នុងពិភព​លោក។ ទោះជាយ៉ាងនេះក្ដី ការអបអរសាទរ​ខួបនៅឆ្នាំនេះ ធ្វើឡើងស្រប​ពេលដែលជំងឺកូវីដ-១៩ កំពុងធ្វើឲ្យ​វឌ្ឍនភាព​ស្ទើរតែទាំងអស់​ដែលសម្រេច​បានកន្លងមកសម្រាប់កុមារនៅទូទាំង​សកលលោក​ ​ដើរថយក្រោយទៅវិញ ដូច​ដែលបង្ហាញនៅក្នុងរបាយការណ៍សកលថ្មី ​ដែលយូនីសេហ្វ​ប្រកាស​ផ្សព្វផ្សាយនៅថ្ងៃនេះ ក្រោម​ចំណងជើងថា “បង្ការ​ការបាត់បង់ទសវត្សរ៍មួយ (Preventing A Lost Decade)”។

របាយការណ៍នេះបង្ហាញពី​របកគំហើញ​គួរ​ឲ្យព្រួយបារម្ភដ៏សែនជ្រាលជ្រៅ និង​បង្ហាញពី​ការគំរាមកំហែងមកលើសិទ្ធិកុមារក្នុងកម្រិត​ដែលគេពុំធ្លាប់ឃើញពីមុនមក។ មានកុមារ ១០០លាននាក់បន្ថែមទៀត ត្រូវ​បានគេ​ប៉ាន់ប្រមាណថា កំពុង​រស់​នៅ​ក្នុងភាពក្រីក្រពហុសមាសភាគ។ សិស្សជាង ១,៥ពាន់លាននាក់ខកខានមិនបានរៀននៅពេលមានជំងឺរាតត្បាតខ្លាំង។ ក្មេង​ជំទង់ ១៣% កំពុង​មានបញ្ហា​សុខភាពផ្លូវចិត្ត​​នៅទូទាំង​សកលលោក។ កុមារ ៥០លាននាក់ មានបញ្ហា​ស្គមស្គាំង​ ដែលជាទម្រង់​មួយនៃ​បញ្ហាខ្វះអាហារូបត្ថម្ភដែល​គ្រោះថ្នាក់ដល់ជីវិត ហើយចំនួននេះអាចកើនទ្បើងចំនួន ៩លាននាក់បន្ថែមទៀត ដោយសារវិបត្តិនៃជំងឺរាតត្បាតបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជា បានសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ដោយសារចំណាត់ទាន់ពេលវេលាក្នុងការ​បង្ការ និងចាក់វ៉ាក់សាំងកូវីដ-១៩។ ទោះជាយ៉ាងនេះក្ដី វិធានការនេះពុំអាចការពារកុមារបានទាំងស្រុងពីផលប៉ះពាល់សង្គម​សេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតជាសកលនេះ រួមមានដូចជាការរំខានដល់ការអប់រំ ការធ្លាក់ចុះនូវស្ថានភាពអាហារូបត្ថម្ភ ការកើនឡើងនូវភាពក្រីក្រ និងការស្រុតចុះនៃសុខភាពផ្លូវចិត្តជាដើម។ ប្រសិនបើគ្មានសកម្មភាពឆ្លើយតបទេ អនាគតរបស់កុមារជាច្រើននាក់នឹងស្ថិតក្នុងភាពអាប់អួរជាអចិន្ត្រៃយ៍មិនខាន ហើយវាក៏ជាមហន្តរាយប៉ះពាល់ដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសផងដែរ។

ទោះជាយ៉ាងនេះក្ដី ស្ថានភាពនាពេលអនាគតគឺអាចស្តារទ្បើងវិញបាន។ គេអាច​បញ្ចៀស​ផលវិបាករយៈពេលវែងធ្ងន់ធ្ងរបំផុតនៃជំងឺរាតត្បាតនេះ ប្រសិនបើកុមារត្រូវបានចាត់ទុកថាជាអាទិភាពចម្បង ក្នុងកម្មវិធីស្តារប្រទេសឡើងវិញ។ កត្តានេះទាមទារនូវការប្ដេជ្ញាចិត្តយ៉ាងមោះម៉ុត ការវិនិយោគ និងការពង្រឹងកិច្ចសហការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅកម្រិតផ្សេងៗគ្នា ដូចជារាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រជាជាតិ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ខ្លួនឯងជាដើម។ វាគឺជាបញ្ហាប្រឈមដ៏ធំធេង ប៉ុន្តែអាចដោះស្រាយបាន។

យើងអាចផ្អែកលើបទពិសោធក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នៃកិច្ចសហការរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះវិបត្តិនេះ។ ចាប់តាំងពីពេលដែលជំងឺកូវីដបានកើតមានដំបូងក្នុងប្រទេសកម្ពុជា យូនីសេហ្វ រួមនឹងដៃគូដទៃទៀត បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសំខាន់ៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះ ដូចជាតាមរយៈការផ្សព្វផ្សាយសារអប់រំអំពីវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួន១០លាននាក់ និងផ្តល់សម្ភារលាងដៃ និងអនាម័យដល់សិស្សានុសិស្សជាងកន្លះលាននាក់។ យើងបានសហការជាមួយដៃគូដទៃទៀត រៀបចំនូវកញ្ចប់សម្ភារសិក្សាតាមផ្ទះ ដែលផ្តល់លទ្ធភាពឲ្យសិស្សអាចបន្តរៀនសូត្រតាមផ្ទះ និងនៅក្នុងថ្នាក់រៀន ហើយបានចែកចាយទៅដល់សិស្សានុសិស្សថ្នាក់ទី១ និងទី២ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នាផងដែរ យើងក៏បានធ្វើការរួមគ្នា ដើម្បីឈានទៅបើកសាលាឡើងវិញប្រកបដោយសុវត្ថិភាព។ រួមគ្នា យើងបានបន្តគាំទ្រទារកឲ្យនៅតែបន្តទទួលបានថ្នាំបង្ការជាប្រចាំ ស្របពេលដែលយើងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋផងដែរ។ យើងបានចូលរួមលើកកមុ្ពស់សេវាគាំពារសង្គម ដើម្បីឲ្យកុមារមកពីគ្រួសារក្រីក្របានទទួលការគាំទ្រចាំបាច់បំផុតសម្រាប់ជីវិតរស់នៅពួកគេ។ កម្មវិធីផ្តល់សាច់ប្រាក់ក្នុងអំទ្បុងពេលជំងឺរាតត្បាតកូវីដ-១៩ បានជួយគាំទ្រដល់ពលរដ្ឋកម្ពុជាចំនួន៣លាននាក់ ឲ្យទទួលបាននូវសន្តិសុខស្បៀង និងសេវាកម្មមូលដ្ឋានដទៃទៀត។

ឥឡូវនេះ ការស្ដារឡើងវិញកំពុងបន្តធ្វើ ហើយយើងត្រូវធានាថាកិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងឆ្ពោះទៅរកអនាគតប្រសើរជាងមុនសម្រាប់កុមារ។

យើងត្រូវវិនិយោគលើកិច្ចការពារសង្គម ដែលគាំទ្រដល់ភាពធន់របស់ស្រ្តី និងកុមារដែលងាយរងគ្រោះបំផុត ដោយផ្តល់នូវការផ្ទេរសាច់ប្រាក់ភ្ជាប់ជាមួយនឹងសេវាសង្គម និងដោយលើកកម្ពស់ការបញ្ចូលពួកគេទៅក្នុងសកម្មភាពស្តារសេដ្ឋកិច្ចទ្បើងវិញរបស់ប្រទេស។ យើងត្រូវបង្កើនការវិនិយោគលើថវិកាក្នុងវិស័យសង្គម ពង្រីកភ្នាក់ងារផ្តល់សេវាសង្គម និងលើកកម្ពស់គុណភាពសេវាដើម្បីការពារកុមារ និងគាំទ្រកុមារឲ្យមានទំនួលខុសត្រូវសម្រាប់បង្ការហានិភ័យដែលពួកគេជួបប្រទះនៅលើបណ្តាញអ៊ីនធឺណិត និងក្នុងជីវភាពប្រចាំថ្ងៃ។ យើងត្រូវបញ្ចប់ជំងឺរាតត្បាតដោយបន្តផ្តាល់វ៉ាក់សាំងជូនពលរដ្ឋ និងរួមគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីបញ្ឈប់ការចម្លងនៃមេរោគនេះ។ នៅពេលធនធានដែលផ្តោតលើការឆ្លើយតបនឹងជំងឺរាតត្បាតត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ យើងអាចធ្វើការជាមួយនឹងការតាំងចិត្តជាថ្មី ដើម្បីធ្វើឲ្យការធា្លក់ចុះគួរឲ្យបារម្ភនៃស្ថានភាពសុខភាពកុមារ និងអាហារូបត្ថម្ភ ត្រលប់ទៅរកភាពប្រសើរទ្បើងវិញ។ យើងត្រូវកសាងប្រព័ន្ធអប់រំប្រសើរជាងមុន ដោយធានាថាកុមារអាច​វិលត្រឡប់ទៅរៀនវិញបាន ទទួលបាន​ការ​គាំទ្រ​យ៉ាង​មានប្រសិទ្ធភាព​ដើម្បីឲ្យរៀនទាន់កម្មវិធីសិក្សា និងនៅតែបន្តរៀនសូត្រនៅសាលា។ យើងក៏ត្រូវធ្វើការរួមគ្នា ដើម្បីឲ្យមានភាពធន់ខ្លាំងជាងមុន​ទប់ទល់នឹងវិបត្តិផ្សេងៗទៀតនាពេលអនាគត រួមទាំងវិធីសាស្រ្តថ្មីៗក្នុងការឆ្លើយតបនឹងបញ្ហាសកលនានាដូចជាបម្រែបម្រួលអាកាសធាតុ។

រាល់សកម្មភាពឆ្លើយតបទាំងអស់នេះ ត្រូវតែកសាងអនាគតមួយដ៏ប្រសើរជាងមុនសម្រាប់កុមារ ពលរដ្ឋវ័យក្មេង និងប្រការសំខាន់បំផុតគឺត្រូវកសាងជាមួយនឹងការចូលរួមរបស់ពួកគេផ្ទាល់។

ការប្ដេជ្ញាចិត្ត ​ដើម្បីកសាង​អនាគត​​មួយដែលផ្ដោតការយកចិត្ត​ទុកដាក់លើកុមារ គឺជាការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​កសាង​ពិភព​លោកកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា ​​​   ហើយយើងទាំងអស់គ្នា​ត្រូវ​តែ​បំពេញ​ភារកិច្ច        ​រៀងៗខ្លួនរបស់យើង។ កុមារ​បាន​ឆ្លងកាត់ការលំបាកជាច្រើន​ក្នុងអំឡុងពេលនៃជំងឺរាតត្បាតជំងីកូវីដ-១៩ ដូចជាបាត់បង់​វ័យកុមារភាពជាច្រើនឆ្នាំរបស់ពួកគេ ដែលមិន​អាច​ជំនួស​មកវិញបាន។ ពេលនេះ វាអាស្រ័យលើយើងទាំងអស់គ្នាដែលត្រូវធ្វើសកម្មភាពយើងអាចធ្វើបាន ដើម្បីប៉ះប៉ូវសងពួកគេ និង​ប្រែក្លាយ​រយៈពេល ៧៥ឆ្នាំខាងមុខ ​ឲ្យក្លាយជាពេលវេលាមួយ​ពោរពេញដោយវឌ្ឍនភាព និងក្ដីសង្ឃឹមសម្រាប់កុមារគ្រប់រូប។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook