សេចក្តីជូនដំណឹងដល់សារព័ត៌មាន៖ បរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងផ្តល់ដោយយន្តការកូវ៉ាក់ ជួយពង្រីកសមត្ថភាពកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព

01 វិច្ឆិកា 2021
© UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា៖ នៅថ្ងៃនេះ ​ក្រសួងសុខាភិបាលកម្ពុជាបានទទួលបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំង (UCC) ដែលមានតម្លៃជិត ៦០.០០០ដុល្លារ។ បរិក្ខារទាំងនេះ​បានទទួលពីយន្តការកូវ៉ាក់ និងក្រោមកម្មវិធី​ហិរញ្ញប្បទាន​ផ្គត់ផ្គង់សម្ភារ​របស់ខ្លួន ដែលយូនីសេហ្វ កំពុងផ្ដល់​ការគាំទ្របច្ចេកទេសដល់បណ្ដារដ្ឋាភិបាលនានា និងការសម្របសម្រួលធ្វើលទ្ធកម្ម​ និងភស្តុភារ ដើម្បីធានានូវការមកដល់របស់បរិក្ខារទាំងនេះប្រកបដោយសុវត្ថិភាព។ យន្តការកូវ៉ាក់ គឺជាសម្ព័ន្ធភាពសកល​ក្រោមកិច្ចដឹកនាំរបស់ សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធ
នវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ​ដើម្បីធានាការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌​នៅតាមប្រទេសកំពុងអភិវឌ្ឍ។

បរិក្ខារទាំងនេះ​រួមមាន​​ទូប្រព័ន្ធត្រជាក់​ដែលមានសីតុណ្ហភាពទាបខ្លាំង (ULT) ចំនួនប្រាំបួនគ្រឿង និងឧបករណ៍​រក្សាលំនឹងចរន្តអគ្គិសនីចំនួនប្រាំបួនគ្រឿង និងគ្រឿងបន្លាស់ទាំងអស់ ដែលចាំបាច់​ដើម្បីការថែទាំទូប្រព័ន្ធត្រជាក់ ULT សម្រាប់រយៈពេលវែង។ ទូប្រព័ន្ធត្រជាក់ទាំងអស់នេះរួមបញ្ចូលគ្នា​អាចរក្សាទុក​វ៉ាក់សាំងបានចំនួន ២,៤លានដូស។ ទូប្រព័ន្ធត្រជាក់ខ្លាំងបំផុត​ គឺចាំបាច់សម្រាប់វ៉ាក់សាំង ដែលត្រូវតែរក្សាទុក​នៅសីតុណ្ហ​ភាពដក ៧០ ទៅដក ៨០​អង្សារសេ ដូចជាវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យា Messenger RNA (mRNA)។

ការមកដល់នៃបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងទាំងនេះ គឺជាផ្នែកមួយនៃសេចក្ដីសម្រេចចិត្តរបស់រាជរដ្ឋាភិបាល​ក្នុងបង្កើតសមត្ថភាពបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំង នៅក្នុងសេវាសុខភាពសាធារណៈជាលើកដំបូង។ ការបង្កើតសមត្ថភាពបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងជួយ​កម្ពុជា​ក្នុងការធ្វើពិពិធភាព​វ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀត ដើម្បីបញ្ចូលវ៉ាក់សាំងប្រភេទ mRNA ។ បរិក្ខារប្រព័ន្ធត្រជាក់ខ្លាំង ​ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រ​សកម្មភាពមន្ទីរពិសោធន៍ និងសកម្មភាពស្រាវជ្រាវ និងអាចពង្រីកសមត្ថភាព​របស់មជ្ឈមណ្ឌលផ្តល់ និងរក្សាទុកឈាម​បានផងដែរ។ ការមានបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំង នឹងផ្តល់លទ្ធភាពប្រើប្រាស់​លើសពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គឺដើម្បីធ្វើឲ្យការផ្ដល់វ៉ាក់សាំងជាប្រចាំទូទៅ កាន់តែមានលក្ខណៈងាយស្រួល សម្រាប់ប្រជាជនកម្ពុជា។

ការផ្ដល់​នូវបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងទាំងប្រាំបួនគ្រឿងមកដល់កម្ពុជា គឺ​ជាផ្នែកមួយ​នៃគោលដៅសកលរបស់យូនីសេហ្វ ក្នុងការផ្ដល់​ទូប្រព័ន្ធត្រជាក់​ដែលមានសីតុណ្ហភាពទាបខ្លាំង ចំនួន ៣៥០គ្រឿង​ទៅដល់ប្រទេសជាង ៤៥ ជំនួស​មុខឲ្យយន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ គឺជាដៃគូចម្បងក្នុងការផ្ដល់​ការគាំទ្របច្ចេកទេស​ដល់រាជរដ្ឋាភិបាល​លើយុទ្ធសាស្រ្ត និងការត្រៀមខ្លួន​​​លើបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំង ហើយការមកដល់នៃបរិក្ខារនៅថ្ងៃនេះ គឺ​ជាផ្នែកមួយ​នៃ​កិច្ចខិតខំប្រឹងប្រែងរួម​នេះប៉ុណ្ណោះ។ យូនីសេហ្វ នឹងបន្ត​គាំទ្រកម្មវិធីផ្ដល់ថ្នាំបង្ការ​របស់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការរៀបចំផែនការ និងការរៀបចំយុទ្ធសាស្រ្ត ការគ្រប់គ្រងវ៉ាក់សាំង និងការបង្កើតតម្រូវការថ្នាំបង្ការ ការកសាងសមត្ថភាព និងការតាមដានត្រួតពិនិត្យ​ ដើម្បីធានានូវការបំពេញទៅតាមបទដ្ឋាននៃបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំង។

បរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងបន្ថែមទៀត ​នឹងត្រូវផ្ដល់ជូន​នៅក្នុងខែខាងមុខជាបន្តបន្ទាប់ ដែលជាផ្នែកមួយ​នៃ​ការបន្តពង្រឹងបរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងនៅកម្ពុជា។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook